Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 9:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 លោក​ម៉ូសេ​លើក​ដំបង​តម្រង់​ទៅ​លើ​មេឃ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់ និង​ព្រឹល ហើយ​មាន​រន្ទះ​បាញ់​មក​លើ​ផែនដី។ ព្រះ‌អម្ចាស់​ក៏​បង្អុរ​ព្រឹល​ឲ្យ​ធ្លាក់​មក​លើ​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 លោក​ម៉ូសេ​ក៏​លើក​ដំបង​ទៅ​លើ​មេឃ ហើយ​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​មាន​ផ្គរ​លាន់ និង​ព្រឹល​មក ក៏​មាន​រន្ទះ​ភ្លើង​មក​លើ​ផែន​ដី។ ព្រះ‌យេហូវ៉ា​ក៏​បង្អុរ​ព្រឹល​ឲ្យ​ធ្លាក់​មក​លើ​ស្រុក​អេស៊ីព្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ម៉ូសេ​ក៏​លើក​ដំបង​ទៅ​លើ​មេឃ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ឲ្យ​មាន​ផ្គរ​ហើយ​នឹង​ព្រិល​មក ក៏​មាន​រន្ទះ​បាញ់​ផ្សាយ​ជា​ភ្លើង​នៅ​លើ​ដី ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្អុរ​ព្រឹល​មក​លើ​ស្រុក​អេស៊ីព្ទ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ម៉ូសា​លើក​ដំបង​តម្រង់​ទៅ​លើ​មេឃ អុលឡោះ‌តាអាឡា ធ្វើ​ឲ្យ​មាន​ផ្គរ​លាន់ និង​ព្រឹល ហើយ​មាន​រន្ទះ​បាញ់​មក​លើ​ផែនដី។ អុលឡោះ‌តាអាឡា​ក៏​បង្អុរ​ព្រឹល​ឲ្យ​ធ្លាក់ មក​លើ​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង




និក្ខមនំ 9:23
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ស្ពាន់‌ធ័រ និង​មាន​ភ្លើង​បង្អុរ​ចុះ​ពី​មេឃ គឺ​ចុះ​មក​ពី​ព្រះ‌អម្ចាស់ ធ្លាក់​លើ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា។


ធ្វើ​ដូច្នេះ ដើម្បី​ព្រះអង្គ​ដាក់​ទោស​មនុស្ស នៅ​លើ​ផែនដី ឬ​សម្តែង ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះអង្គ។


ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ព្រឹល​ធ្លាក់​ចុះ​មក​ទាំង​ដុំៗ តើ​នរណា​អាច​ទ្រាំ​នឹង​ធាតុ​អាកាស​ត្រជាក់ ដែល​ព្រះអង្គ​បាន​បង្កើត​មក​នេះ?


ភ្លើង ព្រឹល ទឹក​កក និង​អ័ព្ទ ព្រម​ទាំង​ខ្យល់​ព្យុះ ដែល​តែងតែ​ធ្វើ​តាម​បញ្ជា​របស់​ព្រះអង្គ


ព្រះ‌អម្ចាស់ធ្វើ​ឲ្យ​មាន​ស្នូរ​ផ្គរ‌លាន់​នៅ​លើ​មេឃ ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បន្លឺ​ព្រះ‌សូរសៀង ។


ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ លាន់​ឮ​ឡើង​នៅ​ពី​លើ​ផ្ទៃ​ទឹក ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សិរី‌រុងរឿង ធ្វើ​ឲ្យ​ផ្គរ‌លាន់​ឮ​ឡើង ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​មហា​សាគរ។


នៅ​ពេល​ផ្គរ‌លាន់​បន្លឺ​សំឡេង​យ៉ាង​គគ្រឹក‌គគ្រេង ផ្លេក​បន្ទោរ​របស់​ព្រះអង្គ​ភ្លឺ​ចាំង​មក​លើ​ពិភព​លោក ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ​ញាប់‌ញ័រ។


នៅ​ថ្ងៃ​ទី​បី ពេល​ព្រលឹម​ស្រាងៗ មាន​ផ្គរ‌លាន់ ផ្លេក​បន្ទោរ និង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ហើយ​មាន​សំឡេង​ត្រែ​លាន់​ឮ​ឡើង​យ៉ាង​រំពង​ទៀត​ផង។ ប្រជា‌ជន​ទាំង​អស់​នៅ​ក្នុង​ជំរំ​ភ័យ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង។


ប្រជា‌ជន​ទាំង​មូល​បាន​ឮ​ស្នូរ​ផ្គរ‌លាន់ និង​សំឡេង​ត្រែ ព្រម​ទាំង​ឃើញ​ផ្លេក​បន្ទោរ និង​ផ្សែង​ហុយ​ឡើង​ពី​ភ្នំ។ ពួក​គេ​ភ័យ​ញ័រ​រន្ធត់ ហើយ​ឈរ​ពី​ចម្ងាយ។


ដូច្នេះ ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង គឺ​តាំង​ពី​ស្រុក​អេស៊ីប​កកើត​រហូត​មក​ទល់​សព្វ​ថ្ងៃ គេ​មិន​ដែល​ជួប​ប្រទះ​បែប​នេះ​ទេ។


ពេល​នោះ មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង លាយឡំ​នឹង​រន្ទះ​យ៉ាង​សាហាវ ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល គឺ​តាំង​ពី​ប្រជា‌ជាតិ​អេស៊ីប​កកើត​មក មិន​ដែល​មាន​ដូច្នេះ​ទេ។


ពេល​នោះ ព្រះ‌អម្ចាស់​នឹង​បន្លឺ​ព្រះ​សូរសៀង ប្រកប​ដោយ​តេជ‌បារមី ព្រះអង្គ​នឹង​បង្ហាញ​ព្រះ‌ចេស្ដា និង​ព្រះ‌ពិរោធ​របស់​ព្រះអង្គ តាម​រយៈ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ តាម​រយៈ​ព្យុះ​សង្ឃរា ដែល​ធ្វើ​ឲ្យ​ភ្លៀង និង​ព្រឹល​ដែល​បង្អុរ​ចុះ​មក។


យើង​នឹង​ប្រើ​ជំងឺ​រាត‌ត្បាត និង​ការ​បង្ហូរ​ឈាម​ដាក់​ទោស​ស្ដេច​នេះ។ យើង​ធ្វើ​ឲ្យ​មាន​ព្រឹល និង​ភ្លៀង​ធ្លាក់​ចុះ​មក​យ៉ាង​ខ្លាំង ហើយ​ធ្វើ​ឲ្យ​មាន​ភ្លើង និង​ស្ពាន់ធ័រ​ធ្លាក់​មក​លើ​ស្ដេច​នោះ ព្រម​ទាំង​កង‌ទ័ព និង​ជាតិ​សាសន៍​ដ៏​ច្រើន​ដែល​នៅ​ជា​មួយ។


ពេល​ជន‌ជាតិ​អាម៉ូរី​បាក់​ទ័ព​រត់​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​នៅ​ពេល​ដែល​គេ​កំពុង​តែ​ចុះ​ពី​ភូមិ​បេត‌ហូរ៉ូន​ទៅ​នោះ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​គ្រាប់​ព្រឹល​ធំៗ​ធ្លាក់​ពី​លើ​មេឃ​មក​លើ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អា‌សេកា អ្នក​ដែល​ស្លាប់​ដោយ‌សារ​គ្រាប់​ព្រឹល​មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​ស្លាប់ ដោយ​មុខ​ដាវ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​ទៀត។


ពេល​នោះ មាន​ផ្លេក​បន្ទោរ មាន​ឮ​សំឡេង មាន​ផ្គរ‌លាន់ និង​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​មាន​មនុស្ស​រស់​នៅ​លើ​ផែនដី​មក មិន​ដែល​មាន​រញ្ជួយ​ផែនដី​ខ្លាំង​យ៉ាង​នេះ​ទេ។


ពេល​នោះ មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង គ្រាប់​ព្រឹល​នីមួយៗ​មាន​ទម្ងន់​ប្រមាណ​ជាង​មួយ​ចុង​ ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​លើ​មនុស្ស​លោក។ គេ​ក៏​នាំ​គ្នា​ជេរ​ប្រមាថ​ព្រះ‌ជា‌ម្ចាស់ ព្រោះ​តែ​គ្រោះ​កាច​ដែល​កើត​មាន​ពី​ព្រឹល​នោះ ជា​គ្រោះ​កាច​ដ៏​ខ្លាំង​បំផុត។


ទេវតា​ទី​មួយ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​ព្រឹល និង​ភ្លើង លាយ​ជា​មួយ​ឈាម ធ្លាក់​មក​លើ​ផែនដី ផែនដី​ក៏​ឆេះ​អស់​មួយ​ភាគ​បី ដើម​ឈើ​ក៏​ឆេះ​អស់​មួយ​ភាគ​បី ហើយ​ស្មៅ​ខៀវ​ខ្ចី​ទាំង​ប៉ុន្មាន​ក៏​ឆេះ​អស់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម