ទំនុកតម្កើង 98 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ព្រះអម្ចាស់យាងមកជំនុំជម្រះផែនដី ទំនុកតម្កើង ។ 1 ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! ដ្បិតព្រះអង្គបានធ្វើការអស្ចារ្យ ព្រះអង្គយកជ័យជម្នះដោយឫទ្ធិបារមី និងព្រះចេស្ដាដ៏វិសុទ្ធរបស់ព្រះអង្គ។ 2 ព្រះអម្ចាស់បានបង្ហាញការសង្គ្រោះរបស់ព្រះអង្គ ព្រះអង្គបានសម្តែងឲ្យប្រជាជាតិនានា ឃើញសេចក្ដីសុចរិតរបស់ព្រះអង្គ។ 3 ព្រះអង្គតែងតែសម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្រ ចំពោះកូនចៅអ៊ីស្រាអែលជានិច្ច។ មនុស្សម្នាដែលរស់នៅគ្រប់ទី ដាច់ស្រយាលនៃផែនដី បានឃើញការសង្គ្រោះនៃព្រះរបស់យើង។ 4 មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់ដោយអំណរ! ចូរស្រែកហ៊ោយ៉ាងសប្បាយ ព្រមទាំងស្មូត្រទំនុកតម្កើង! 5 ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់ ដោយដេញពិណ គឺដេញពិណលើកទំនុកយ៉ាងពីរោះ 6 ចូរលើកតម្កើងព្រះអង្គដោយផ្លុំត្រែ និងផ្លុំស្នែង ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់ ជាព្រះមហាក្សត្រ! 7 សមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ ហើយផែនដី និងអ្វីៗដែលរស់នៅលើផែនដី ចូរនាំគ្នាបន្លឺសំឡេងយ៉ាងអឺងកង! 8 ទន្លេទាំងឡាយ ចូរអបអរសាទរ ភ្នំទាំងឡាយ ចូរស្រែកហ៊ោព្រមៗគ្នាឡើង 9 នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដី ព្រះអង្គគ្រប់គ្រងផែនដីដោយយុត្តិធម៌ ព្រះអង្គគ្រប់គ្រងប្រជាជនទាំងឡាយ ដោយទៀងត្រង់។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies