ទំនុកតម្កើង 46 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ព្រះជាម្ចាស់គង់ជាមួយយើង ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទចម្រៀងរបស់កូនចៅលោកកូរេ។ បទសម្រាប់នារី។ 1 ព្រះជាម្ចាស់ទ្រង់ជាជម្រក និងជាបង្អែកដ៏រឹងមាំរបស់យើង នៅពេលមានអាសន្ន ព្រះអង្គតែងតែប្រុងប្រៀបចាំជួយយើងជានិច្ច។ 2 ហេតុនេះហើយបានជាយើង មិនភ័យខ្លាចអ្វីឡើយ គឺទោះបីមានរញ្ជួយផែនដី ទោះបីភ្នំនានារលំធ្លាក់ទៅក្នុងមហាសាគរ 3 ឬទោះបីឮសូរសន្ធឹកសមុទ្របក់បោក បែកពពុះទឹកធ្វើឲ្យកក្រើកភ្នំ នានាយ៉ាងណាក្ដី ក៏យើងមិនភ័យខ្លាចអ្វីដែរ។ - សម្រាក 4 មានទន្លេមួយហូរនាំយកអំណរមកស្រោចស្រព បុរីរបស់ព្រះជាម្ចាស់ ដែលជាព្រះដំណាក់ ដ៏សក្ការៈនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត ។ 5 ព្រះជាម្ចាស់គង់នៅក្នុងបុរី ហើយបុរីនោះនឹងមិនរង្គើសោះឡើយ។ ព្រះអង្គនឹងសង្គ្រោះបុរីនោះ តាំងពីពេលថ្ងៃរះ។ 6 ប្រជាជាតិនានាត្រូវញ័ររន្ធត់ នគរនានាត្រូវរង្គើ ព្រះជាម្ចាស់បន្លឺព្រះសូរសៀងដូចផ្គរលាន់ ផែនដីក៏រលាយអស់ទៅ 7 ព្រះអម្ចាស់នៃពិភពទាំងមូល* ទ្រង់គង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុបជាជម្រក ដ៏រឹងមាំសម្រាប់យើង។ - សម្រាក 8 ចូរនាំគ្នាមកមើលស្នាព្រះហស្ដរបស់ព្រះអម្ចាស់ ព្រះអង្គបានធ្វើការដ៏អស្ចារ្យក្រៃលែង នៅលើផែនដីនេះ! 9 គឺព្រះអង្គបញ្ឈប់សង្គ្រាមនៅលើ សកលលោកទាំងមូល ព្រះអង្គកាច់បំបាក់ធ្នូ និងលំពែង ហើយដុតរទេះចម្បាំងចោលអស់។ 10 ព្រះអម្ចាស់មានព្រះបន្ទូលថា «ចូរឈប់ច្បាំង ចូរដឹងថា យើងនេះហើយជាព្រះជាម្ចាស់ យើងគ្រប់គ្រងលើប្រជាជាតិនានា ហើយគ្រប់គ្រងលើផែនដីទាំងមូល»។ 11 ព្រះអម្ចាស់នៃពិភពទាំងមូល* ទ្រង់គង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុបជាជម្រក ដ៏រឹងមាំសម្រាប់យើង។ - សម្រាក |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies