អេសាយ 62 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ព្រះអម្ចាស់នឹងសង់ក្រុងយេរូសាឡឹមឡើងវិញ 1 យើងគិតដល់ក្រុងស៊ីយ៉ូន យើងនឹងមិននៅស្ងៀមឡើយ ដោយយើងគិតដល់ក្រុងយេរូសាឡឹម យើងនឹងមិននៅសម្ងំឥតធ្វើអ្វីនោះឡើយ ដរាបណាទាល់តែសេចក្ដីសុចរិតចាំងចេញ ពីក្រុងនេះដូចថ្ងៃរះ ហើយការសង្គ្រោះកើតមានដល់ក្រុងនេះ យ៉ាងច្បាស់ដូចពន្លឺភ្លើង។ 2 ពេលនោះ ប្រជាជាតិនានានឹងឃើញ សេចក្ដីសុចរិតរបស់អ្នក ហើយស្ដេចទាំងប៉ុន្មាននឹងឃើញសិរីរុងរឿង របស់អ្នកដែរ។ គេនឹងហៅអ្នកតាមឈ្មោះថ្មី ជាឈ្មោះដែលព្រះអម្ចាស់ប្រទានឲ្យ។ 3 អ្នកនឹងប្រៀបដូចជាភួងជ័យដ៏ល្អប្រណីត នៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ និងជាមកុដរាជ្យក្នុងព្រះហស្ដព្រះរបស់អ្នក។ 4 គេនឹងលែងហៅអ្នកថា “ស្ត្រីដែលស្វាមីលះបង់ចោល”ទៀតហើយ គេក៏នឹងលែងហៅទឹកដីរបស់អ្នកថា “ដីដែលគេបោះបង់ចោលដែរ”។ ផ្ទុយទៅវិញ គេនឹងហៅអ្នកថា “ព្រលឹងមាសបង!” ហើយគេនឹងហៅទឹកដីរបស់អ្នកថា “ភរិយាសម្លាញ់ចិត្ត” ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នក ហើយទឹកដីរបស់អ្នកនឹងបានដូចជា ស្ត្រីដែលជានានឹងប្ដីឡើងវិញ។ 5 ព្រះអង្គដែលបានសង់អ្នក នឹងរៀបការជាមួយអ្នក ដូចកំលោះម្នាក់រៀបការនឹងស្រីក្រមុំ។ ភរិយាថ្មោងថ្មីផ្ដល់អំណរសប្បាយ ឲ្យស្វាមីយ៉ាងណា អ្នកក៏ផ្ដល់អំណរសប្បាយ ដល់ព្រះរបស់អ្នកយ៉ាងនោះដែរ។ 6 យេរូសាឡឹមអើយ យើងនឹងដាក់អ្នកយាម នៅតាមកំពែងរបស់អ្នក ទោះបីថ្ងៃក្ដីយប់ក្ដី អ្នកទាំងនោះមិនត្រូវនៅស្ងៀមឡើយ គឺត្រូវរំឭកព្រះអម្ចាស់ពីក្រុងយេរូសាឡឹម អ្នកទាំងនោះមិនត្រូវសម្រាកឡើយ!។ 7 អ្នកត្រូវទទូចអង្វរ ឥតឈប់ឈរ រហូតទាល់តែព្រះអង្គស្ដារក្រុងយេរូសាឡឹម ឲ្យមានកេរ្តិ៍ឈ្មោះល្បីលើផែនដីឡើងវិញ 8 ព្រះអម្ចាស់បានសន្យាយ៉ាងម៉ឹងម៉ាត់ ដោយយក ឫទ្ធិបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គធ្វើជាសាក្សីថា យើងមិនប្រគល់ស្រូវរបស់អ្នក ទៅឲ្យខ្មាំងសត្រូវទៀតឡើយ កូនចៅរបស់សាសន៍ដទៃក៏លែងផឹក ស្រាទំពាំងបាយជូរថ្មីដែលអ្នកបាននឿយហត់ នោះទៀតដែរ។ 9 ផ្ទុយទៅវិញ អស់អ្នកដែលច្រូតកាត់ នឹងបានស្រូវបានអង្ករបរិភោគ ហើយនាំគ្នាសរសើរតម្កើងព្រះអម្ចាស់។ រីឯអស់អ្នកដែលបេះផ្លែទំពាំងបាយជូរ នឹងបានស្រាទំពាំងបាយជូរផឹកនៅ ក្នុងទីធ្លាសក្ការៈរបស់យើង។ 10 ចូរនាំគ្នាចាកចេញ ចូរនាំគ្នាចេញតាមទ្វារ! ចូររៀបចំផ្លូវសម្រាប់ប្រជារាស្ត្ររបស់យើង! ចូរត្រួសត្រាយ ចូរត្រួសត្រាយផ្លូវ ចូរយកដុំថ្មចេញ ហើយលើកទង់សញ្ញាមួយឲ្យ ប្រជាជនទាំងឡាយឃើញ! 11 ព្រះអម្ចាស់ប្រកាសប្រាប់មនុស្សម្នាដែល នៅទីដាច់ស្រយាលនៃផែនដី ដូចតទៅ: ចូរប្រាប់ប្រជាជននៅក្រុងស៊ីយ៉ូនថា មើលហ្ន៎! ព្រះសង្គ្រោះរបស់អ្នក ទ្រង់យាងមកដល់ ទាំងនាំយកអស់អ្នក ដែលព្រះអង្គបានលោះមកជាមួយផង ពួកគេនាំគ្នាដើរនៅមុខព្រះអង្គ។ 12 គេនឹងហៅអ្នកទាំងនោះថា ប្រជារាស្ត្រដ៏វិសុទ្ធ ប្រជារាស្ត្រដែលព្រះអម្ចាស់បានលោះ។ រីឯអ្នកវិញ មនុស្សម្នានឹងហៅអ្នកថា ទីក្រុងបណ្ដូលចិត្ត ក្រុងដែលគេមិនបោះបង់ចោល។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies