មីកា 1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកមីកា ជាអ្នកស្រុកម៉ូរ៉ាស៊ីត តាមរយៈនិមិត្តហេតុអស្ចារ្យស្ដីអំពីក្រុងសាម៉ារី និងក្រុងយេរូសាឡឹម ក្នុងរជ្ជកាលព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគា ជាស្ដេចស្រុកយូដា។ ព្រះបន្ទូលព្រមានស្រុកអ៊ីស្រាអែល និងស្រុកយូដា 2 ជាតិសាសន៍ទាំងអស់អើយ ចូរនាំគ្នាស្ដាប់! ផែនដី និងអ្វីៗដែលរស់នៅលើផែនដីអើយ ចូរយកចិត្តទុកដាក់ស្ដាប់! ព្រះជាអម្ចាស់ចោទប្រកាន់អ្នករាល់គ្នា ពីទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។ 3 ព្រះអម្ចាស់យាងចេញពីព្រះដំណាក់ចុះមក ព្រះអង្គយាងនៅតាមទីខ្ពស់នៃផែនដី។ 4 ភ្នំទាំងឡាយស្រុតចុះនៅក្រោមព្រះបាទា ហើយជ្រលងភ្នំទាំងឡាយក៏ត្រូវរលាយ ដូចក្រមួនរលាយនៅមុខភ្លើង ឬដូចទឹកហូរចុះតាមជម្រាលភ្នំដែរ។ 5 ហេតុការណ៍ទាំងនេះកើតមាន ព្រោះតែអំពើទុច្ចរិតរបស់ពូជពង្សលោកយ៉ាកុប និងអំពើបាបរបស់ពូជពង្សអ៊ីស្រាអែល។ តើនរណានាំឲ្យកូនចៅ របស់លោកយ៉ាកុបប្រព្រឹត្តអំពើទុច្ចរិត? គឺក្រុងសាម៉ារី! តើនរណានាំឲ្យយូដាគោរព ព្រះក្លែងក្លាយនៅតាមទីខ្ពស់? គឺក្រុងយេរូសាឡឹម! 6 យើងនឹងធ្វើឲ្យសាម៉ារីក្លាយទៅជាគំនរឥដ្ឋ ជាចម្ការមួយដែលគេដាំទំពាំងបាយជូរ យើងនឹងរុញគំនរឥដ្ឋរបស់ក្រុងនេះ ទម្លាក់ទៅក្នុងជ្រោះ ហើយបំផ្លាញទីក្រុងឲ្យនៅសល់តែគ្រឹះ។ 7 រូបបដិមាទាំងប៉ុន្មាននឹងត្រូវបាក់បែក គ្រឿងសក្ការៈបូជាទាំងប៉ុន្មានដែលគេយក មកសែនរូបទាំងនោះ នឹងត្រូវដុតក្នុងភ្លើង។ យើងនឹងកម្ទេចព្រះក្លែងក្លាយទាំងអស់ រូបព្រះទាំងនោះជាផលនៃអំពើពេស្យាចារ ដូច្នេះ គេនឹងយករូបទាំងនោះទៅបង់ថ្លៃ ស្រីពេស្យា។ 8 ហេតុនេះហើយបានជាខ្ញុំយំសោកសង្រេង ខ្ញុំដើរជើងទទេ និងខ្លួនទទេ ខ្ញុំស្រែកលូដូចឆ្កែចចក ហើយថ្ងូរដូចព្រាប 9 ដ្បិតដំបៅរបស់សាម៉ារីមិនអាចមើលជាបានទេ ដំបៅនេះស៊ីរហូតដល់ស្រុកយូដា និងដល់ទ្វារក្រុងយេរូសាឡឹម ជាទីលំនៅនៃប្រជាជនរបស់ខ្ញុំ។ 10 កុំប្រកាសដំណឹងនេះនៅក្រុងកាថឡើយ ហើយក៏កុំបង្ហូរទឹកភ្នែកដែរ។ កុំដេកននៀលលើដីនៅក្រុងបេត-លេ-អាប្រា ឲ្យសោះ។ 11 អ្នកស្រុកសាភៀរអើយ ចូររត់គេចខ្លួនទាំងអាក្រាត និងអាម៉ាស់ទៅ! អ្នកក្រុងសាណានមិនហ៊ានចេញពីទីក្រុងទេ។ អ្នកក្រុងបេត-អេតសែលនាំគ្នាកាន់ទុក្ខ ពួកគេមិនអាចធ្វើជាបង្អែករបស់ អ្នករាល់គ្នាបានទេ។ 12 អ្នកក្រុងម៉ារ៉ូតភ័យខ្លាចបាត់បង់សុភមង្គល ដ្បិតទុក្ខវេទនាដែលព្រះអម្ចាស់បញ្ជូនមកនោះ មកដល់មាត់ទ្វារក្រុងយេរូសាឡឹមហើយ។ 13 អ្នកក្រុងឡាគីសអើយ ចូរទឹមរទេះសេះទៅ! អ្នកបាននាំអាទិ៍ប្រជាជនក្រុងស៊ីយ៉ូន ឲ្យប្រព្រឹត្តអំពើបាប ដ្បិតអំពើទុច្ចរិតរបស់អ៊ីស្រាអែល ចាប់ផ្ដើមឡើងនៅក្នុងក្រុងរបស់អ្នក។ 14 ហេតុនេះហើយបានជាអ្នកត្រូវបែកចេញពី ប្រជាជននៅក្រុងម៉ូរ៉ាស៊ីត-កាថ។ ចំណែកឯអ្នកក្រុងអាក់ស៊ីបវិញ គេនឹងធ្វើឲ្យស្ដេចស្រុកអ៊ីស្រាអែលខកចិត្ត។ 15 អ្នកស្រុកម៉ារីសាអើយ ព្រះអម្ចាស់នឹងនាំសត្រូវមកឈ្លានពានអ្នក មេដឹកនាំដ៏រុងរឿងរបស់អ៊ីស្រាអែល នឹងរត់ភៀសខ្លួនទៅដល់រូងភ្នំអាឌូឡាំ។ 16 អ្នកក្រុងយេរូសាឡឹមអើយ ចូរកោរសក់ យំសោកស្រណោះកូនប្រុសៗ ដ៏ជាទីស្រឡាញ់របស់អ្នក ចូរទុកក្បាលឲ្យនៅត្រងោលដូចក្បាលត្មាត ដ្បិតកូនប្រុសៗរបស់អ្នកត្រូវខ្មាំងកៀរយក ទៅជាឈ្លើយឆ្ងាយពីអ្នកហើយ!។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies