ព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីស្លាប់ ព្រះអង្គជូតទឹកភ្នែកខ្ញុំ ហើយការពារខ្ញុំមិនឲ្យជំពប់ដួលឡើយ។
អេសាយ 25:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនឹងបំបាត់សេចក្ដីស្លាប់រហូតតទៅ ព្រះជាអម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខ របស់មនុស្សទាំងអស់។ ព្រះអង្គក៏ដកការអាម៉ាស់នៃប្រជារាស្ត្រ របស់ព្រះអង្គ ចេញពីទឹកដីទាំងមូលដែរ។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គនឹងលេបសេចក្ដីស្លាប់ទៅជារៀងរហូត។ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ារបស់ខ្ញុំនឹងជូតទឹកភ្នែកចេញពីមុខមនុស្សទាំងអស់ ហើយដកសេចក្ដីត្មះតិះដៀលរបស់ប្រជារាស្ត្រព្រះអង្គចេញពីផែនដីទាំងមូល។ ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ានឹងជូតទឹកភ្នែក ពីមុខមនុស្សទាំងអស់ ហើយព្រះអង្គនឹងដកសេចក្ដីត្មះតិះដៀល ចំពោះប្រជារាស្ត្រព្រះអង្គ ពីផែនដីទាំងមូលចេញ ដ្បិតព្រះយេហូវ៉ាបានព្រះបន្ទូលដូច្នេះហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់ ហើយទ្រង់នឹងដកសេចក្ដីត្មះតិះដៀលចំពោះរាស្ត្រទ្រង់ពីផែនដីទាំងមូលចេញ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលដូច្នេះហើយ។ អាល់គីតាប ទ្រង់នឹងបំបាត់សេចក្ដីស្លាប់រហូតតទៅ អុលឡោះតាអាឡាជាម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខ របស់មនុស្សទាំងអស់។ ទ្រង់ក៏ដកការអាម៉ាស់នៃប្រជារាស្ត្រ របស់ទ្រង់ ចេញពីទឹកដីទាំងមូលដែរ។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
ព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីស្លាប់ ព្រះអង្គជូតទឹកភ្នែកខ្ញុំ ហើយការពារខ្ញុំមិនឲ្យជំពប់ដួលឡើយ។
មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូលបង្គំ ពាក្យត្មះតិះដៀលរបស់អស់អ្នក ដែលតិះដៀលព្រះអង្គបានធ្លាក់មកលើទូលបង្គំ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលស្លាប់ទៅហើយនឹងរស់ឡើងវិញ! សាកសពរបស់គេនឹងក្រោកឡើង! អស់អ្នកដែលដេកក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង! ចូរនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយរីករាយទៅ! ទឹកសន្សើមធ្លាក់ចុះមកស្រោចស្រពផែនដី ធ្វើឲ្យដំណាំដុះឡើងយ៉ាងណា ព្រះអម្ចាស់នឹងប្រទានពន្លឺមក ប្រោសអស់អ្នកដែលចែកស្ថានទៅហើយ ឲ្យចេញពីដី មានជីវិតឡើងវិញយ៉ាងនោះដែរ។
ប្រជាជនក្រុងស៊ីយ៉ូន អ្នកដែលរស់នៅក្នុងក្រុងយេរូសាឡឹមអើយ អ្នកនឹងលែងយំសោកទៀតហើយ! ពេលណាអ្នកស្រែកហៅរកព្រះអង្គ ព្រះអង្គនឹងប្រណីសន្ដោស ពេលណាព្រះអង្គឮសំឡេងអ្នក ព្រះអង្គនឹងឆ្លើយតបមកអ្នកជាមិនខាន។
នៅថ្ងៃព្រះអម្ចាស់រុំរបួសឲ្យ ប្រជារាស្ត្ររបស់ព្រះអង្គ នៅពេលព្រះអង្គព្យាបាលគេ ឲ្យជាពីមុខរបួសទាំងអស់ ព្រះច័ន្ទនឹងបញ្ចេញពន្លឺភ្លឺដូចព្រះអាទិត្យ ហើយព្រះអាទិត្យនឹងភ្លឺជាងធម្មតាប្រាំពីរដង គឺប្រៀបដូចជាមានពន្លឺថ្ងៃចំនួនប្រាំពីររួមគ្នា។
ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះ នឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូន ដោយស្រែកហ៊ោយ៉ាងសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណរ រកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរ លែងមានទៀតហើយ។
ពួកគេជម្រាបលោកដូចតទៅ៖ «ព្រះបាទហេសេគាមានរាជឱង្ការថា: ថ្ងៃនេះជាថ្ងៃមានអាសន្ន ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្ដាយគ្មានកម្លាំងបង្កើតវាទេ។
ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះ នឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូន ទាំងស្រែកហ៊ោយ៉ាងសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញដោយអំណរ រកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរ លែងមានទៀតហើយ។
អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ប្រជាជនដែលគោរពក្រឹត្យវិន័យរបស់យើង ដោយចិត្តស្មោះអើយ ចូរនាំគ្នាស្ដាប់យើង! មិនត្រូវខ្លាចមនុស្សលោកចំអកឲ្យឡើយ ហើយក៏មិនត្រូវចុះចាញ់ ព្រោះតែគេបន្ទាបបន្ថោកអ្នករាល់គ្នាដែរ។
កុំភ័យខ្លាចអ្វី អ្នកនឹងមិនត្រូវអាម៉ាស់ទៀតឡើយ កុំព្រួយចិត្តឲ្យសោះ ដ្បិតអ្នកនឹងលែងបាត់បង់កិត្តិយសទៀតហើយ អ្នកនឹងភ្លេចភាពអាម៉ាស់ ដែលអ្នកធ្លាប់ជួបប្រទះកាលនៅពីក្មេង អ្នកនឹងឈប់នឹកនាពីការត្មះតិះដៀល នៅគ្រាដែលយើងបោះបង់ចោលអ្នក ។
ពីមុន គេបានបោះបង់ចោលអ្នក គេស្អប់អ្នក ហើយគ្មាននរណាដើរកាត់ តែយើងនឹងធ្វើឲ្យអ្នកប្រែទៅជាក្រុងមួយដ៏ថ្លៃថ្នូរ ជាក្រុងដ៏សប្បាយរហូតអស់កល្ប ជាអង្វែងតរៀងទៅ។
អ្នករាល់គ្នាលែងអាម៉ាស់ និងលែងបាក់មុខទៀតហើយ អ្នករាល់គ្នានឹងទទួលទឹកដីរបស់គេ មួយទ្វេជាពីរទុកជាមត៌ក អ្នករាល់គ្នានឹងមានអំណរសប្បាយ អស់កល្បជានិច្ច។
ក្រុងយេរូសាឡឹមនឹងធ្វើឲ្យយើង សប្បាយរីករាយ ប្រជាជនរបស់យើងក៏ធ្វើឲ្យយើងរីករាយ ក្នុងទីក្រុង គេលែងឮសូរសម្រែកយំសោកទៀតហើយ
អ្នករាល់គ្នាដែលស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ដោយញាប់ញ័រ ចូរនាំគ្នាស្ដាប់ព្រះអង្គ។ បងប្អូនរបស់អ្នករាល់គ្នា ស្អប់ និងកាត់កាល់អ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាគោរពព្រះអង្គ។ ពួកគេពោលថា “សូមព្រះអម្ចាស់សម្តែង សិរីរុងរឿង ដើម្បីឲ្យយើងឃើញអំណរ របស់អ្នករាល់គ្នាផង!”។ អ្នកទាំងនោះមុខជាត្រូវអាម៉ាស់។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឈប់យំសោក និងឈប់បង្ហូរទឹកភ្នែកទៅ! ដ្បិតនាងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្ត កូនចៅរបស់នាងនឹងវិលត្រឡប់ពីស្រុក របស់ខ្មាំងសត្រូវមកវិញ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
តើយើងគួររំដោះពួកគេពីស្ថានមច្ចុរាជឬ? តើយើងគួរលោះពួកគេឲ្យរួចពីស្លាប់ឬ? មច្ចុរាជអើយ មហន្តរាយរបស់ឯងនៅឯណា? ស្ថានមច្ចុរាជអើយ អំណាចប្រហារជីវិតរបស់ឯងនៅឯណា? យើងលែងមានចិត្តអាណិតមេត្តាទៀតហើយ។
«ឥឡូវនេះ ព្រះអម្ចាស់បានប្រោសប្រណីដល់រូបខ្ញុំ ព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំលែងខ្មាសមនុស្សលោកទៀតហើយ!»។
នៅពេលរូបកាយដែលតែងតែរលួយនេះ បានទទួលភាពមិនចេះរលួយ ហើយនៅពេលរូបកាយដែលតែងតែស្លាប់នេះ បានទទួលភាពអមតៈហើយនោះ ព្រះបន្ទូលដែលមានចែងទុកក្នុងគម្ពីរនឹងបានសម្រេចគឺថា: «ជ័យជម្នះបានបំបាត់មច្ចុរាជចោលហើយ!
ឥឡូវនេះ ព្រះអង្គបានសម្តែងឲ្យយើងស្គាល់ព្រះគុណរបស់ព្រះអង្គ ដោយព្រះគ្រិស្តយេស៊ូជាព្រះសង្គ្រោះរបស់យើងយាងមកក្នុងលោកនេះ ។ ព្រះគ្រិស្តបានបំបាត់អំណាចនៃសេចក្ដីស្លាប់ ព្រមទាំងបំភ្លឺយើងឲ្យស្គាល់ជីវិតអមតៈដោយសារដំណឹងល្អ*។
ប្រសិនបើមានគេត្មះតិះដៀលបងប្អូន ព្រោះតែព្រះនាមរបស់ព្រះគ្រិស្ត* នោះបងប្អូនមានសុភមង្គល*ហើយ ដ្បិតព្រះវិញ្ញាណប្រកបដោយសិរីរុងរឿង គឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ស្ថិតនៅលើបងប្អូន។
សេចក្ដីស្លាប់ និងស្ថានមច្ចុរាជត្រូវគេបោះទៅក្នុងបឹងភ្លើង។ បឹងភ្លើងនេះហើយជាសេចក្ដីស្លាប់ទីពីរ។
ព្រះអង្គនឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ សេចក្ដីស្លាប់លែងមានទៀតហើយ ការកាន់ទុក្ខ ការសោកសង្រេង និងទុក្ខលំបាក ក៏លែងមានទៀតដែរ ដ្បិតអ្វីៗដែលកើតមានកាលពីមុននោះ បាត់អស់ទៅហើយ»។
ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ ព្រះអង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្ដល់ជីវិត ហើយព្រះជាម្ចាស់នឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ »។