Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ហូសេ 13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


ការ​វិនាស​របស់​ប្រជា‌ជន​ដែល​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់

1 ពេល​អេប្រាអ៊ីម​ហា​មាត់​និយាយ ប្រជា‌ជន​ញ័រ​រន្ធត់​គ្រប់ៗ​គ្នា អេប្រាអ៊ីម​ជា​មេ​ដឹក​នាំ​របស់​ស្រុក​អ៊ីស្រា‌អែល ប៉ុន្តែ គេ​មាន​ទោស ព្រោះ​តែ​គោរព​ព្រះ​បាល ហើយ​គេ​ក៏​បាត់​បង់​ជីវិត។

2 ឥឡូវ​នេះ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប ដោយ​យក​ប្រាក់​មក​សូន​ធ្វើ​រូប​បដិមា តាម​ទេព‌កោសល្យ​របស់​ខ្លួន សម្រាប់​ថ្វាយ‌បង្គំ។ រូប​ទាំង​នោះ​សុទ្ធ​តែ​ជា​ស្នាដៃ​របស់​ជាង ប៉ុន្តែ ពួក​គេ​នាំ​គ្នា​ពោល​ថា “យើង​ត្រូវ​ធ្វើ​យញ្ញ‌បូជា​មនុស្ស​ថ្វាយ​ព្រះ​នេះ!” តើ​មនុស្ស​អាច​ថើប​រូប​គោ​ដូច្នេះ​កើត​ឬ?

3 ហេតុ​នេះ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​អ័ព្ទ នៅ​ពេល​ព្រលឹម ដូច​ទឹក​សន្សើម​នៅ​ពេល​ព្រឹក ដែល​បាត់​ទៅ​វិញ​យ៉ាង​ឆាប់ៗ ដូច​កម្ទេច​ចំបើង​ប៉ើង​ចេញ​ពី​លាន​បោក​ស្រូវ និង​ដូច​ផ្សែង​ហុយ​ចេញ​ពី​រោង​បាយ។

4 ចំណែក​ឯ​យើង​វិញ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក តាំង​ពី​ស្រុក​អេស៊ីប អ្នក​មិន​ស្គាល់​ព្រះ​ណា​ផ្សេង ទៀត​ក្រៅ​ពី​យើង​ទេ ក្រៅ​ពី​យើង ក៏​គ្មាន​ព្រះ‌សង្គ្រោះ​ណា​ដែរ។

5 យើង​បាន​ថែ​ទាំ​អ្នក​នៅ​វាល​រហោ‌ស្ថាន នៅ​លើ​ទឹក​ដី​ហួត‌ហែង។

6 ពេល​ពួក​គេ​មក​ដល់​កន្លែង​សម្បូណ៌‌សប្បាយ ពួក​គេ​បរិភោគ​យ៉ាង​ឆ្អែត‌ឆ្អន់។ ពេល​ពួក​គេ​បរិភោគ​យ៉ាង​ឆ្អែត‌ឆ្អន់ ពួក​គេ​វាយ‌ឫក​ខ្ពស់ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​បំភ្លេច​យើង។

7 យើង​នឹង​ប្រែ​ក្លាយ​ដូច​ជា​សិង្ហ និង​ដូច​ខ្លា‌រខិន​នៅ​តាម​ផ្លូវ យើង​ឃ្លាំ​មើល ដើម្បី​សង្គ្រុប​លើ​ពួក​គេ។

8 យើង​នឹង​ប្រហារ​ពួក​គេ​យ៉ាង​សាហាវ ដូច​ខ្លា‌ឃ្មុំ​ញី​បាត់​កូន។ យើង​នឹង​ហែក​ទ្រូង​ពួក​គេ យើង​ហែក​ពួក​គេ​ស៊ី ដូច​សិង្ហ​ញី​ត្របាក់​លេប ហើយ​សត្វ​ព្រៃ​នឹង​មក​ហែក​ស៊ី​សាក‌សព របស់​ពួក​គេ។

9 អ៊ីស្រា‌អែល​អើយ ដោយ​អ្នក​ប្រឆាំង​នឹង​យើង អ្នក​នឹង​ត្រូវ​វិនាស​ពុំ‌ខាន! គ្មាន​នរណា​អាច​ជួយ​អ្នក​បាន​ទេ!

10 តើ​ស្ដេច​របស់​អ្នក​នៅ​ឯ​ណា ម្ដេច​ក៏​មិន​ឃើញ​មក​ជួយ​សង្គ្រោះ​អ្នក នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន? រីឯ​ពួក​ចៅហ្វាយ ដែល​អ្នក​ធ្លាប់​ពោល​ទៅ​គេ​ថា “សូម​តែង​តាំង​ស្ដេច និង​មេ​ដឹក​នាំ ឲ្យ​គ្រប់‌គ្រង​លើ​យើង” តើ​អ្នក​ទាំង​នោះ​ទៅ​ណា​អស់​ហើយ។

11 យើង​បាន​ប្រគល់​ស្ដេច​ឲ្យ​អ្នក ទាំង​ខឹង យើង​ដក​ស្ដេច​នោះ​វិញ ទាំង​ក្រេវ‌ក្រោធ។

12 កំហុស និង​អំពើ​បាប​របស់​អេប្រាអ៊ីម មាន​កត់‌ត្រា​ទុក​យ៉ាង​ច្បាស់​លាស់​ណាស់។

13 ពួក​គេ​នឹង​ឈឺ​ចុក​ចាប់ ដូច​នៅ​ពេល​សម្រាល​កូន ពួក​គេ​ជា​កូន​ល្ងី‌ល្ងើ ដ្បិត​ដល់​ពេល​កើត វា​ពុំ​ព្រម​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ទេ។

14 តើ​យើង​គួរ​រំដោះ​ពួក​គេ​ពី​ស្ថាន‌មច្ចុរាជ​ឬ? តើ​យើង​គួរ​លោះ​ពួក​គេ​ឲ្យ​រួច​ពី​ស្លាប់​ឬ? មច្ចុរាជ​អើយ មហន្ត‌រាយ​របស់​ឯង​នៅ​ឯ​ណា? ស្ថាន​មច្ចុរាជ​អើយ អំណាច​ប្រហារ​ជីវិត​របស់​ឯង​នៅ​ឯ​ណា? យើង​លែង​មាន​ចិត្ត​អាណិត​មេត្តា​ទៀត​ហើយ។

15 ទោះ​បី​អេប្រាអ៊ីម​រីក​ចម្រើន​ឡើង នៅ​ក្នុង​ចំណោម​បងប្អូន​របស់​ខ្លួន​ក្ដី គង់​តែ​នឹង​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត គឺ​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​ពី​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ប្រភព​ទឹក​របស់​អេប្រាអ៊ីម​រីង​ស្ងួត ហើយ​អណ្ដូង​របស់​គេ​ក៏​រីង​អស់​ដែរ។ សត្រូវ​នឹង​រឹប​អូស​យក​ទ្រព្យ​ដ៏​មាន​តម្លៃ ទាំង​ប៉ុន្មាន​ពី​ក្នុង​ឃ្លាំង។

16 អ្នក​ក្រុង​សាម៉ារី​នឹង​ទទួល​ទោស ព្រោះ​គេ​បាន​បះ‌បោរ ប្រឆាំង​នឹង​ព្រះ​របស់​ខ្លួន។ ពួក​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ ខ្មាំង​នឹង​ជាន់​កម្ទេច​កូន​ក្មេង ហើយ​វះ​ពោះ​ស្ត្រី​មាន​គភ៌។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម