បពិត្រព្រះនៃយើងខ្ញុំអើយ! ឥឡូវនេះ យើងខ្ញុំសូមអរព្រះគុណ និងកោតសរសើរព្រះនាមដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។
ទំនុកតម្កើង 145:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះនៃទូលបង្គំ ឱព្រះមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំសូមលើកតម្កើងព្រះអង្គ! ទូលបង្គំសូមសរសើរតម្កើងព្រះនាម របស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! ព្រះគម្ពីរខ្មែរសាកល ព្រះមហាក្សត្រដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ទូលបង្គំនឹងថ្វាយពរព្រះនាមរបស់ព្រះអង្គជារៀងរហូតអស់កល្បជានិច្ច! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះដ៏ជាមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ហើយសូមថ្វាយព្រះពរព្រះនាមព្រះអង្គ អស់កល្បជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះដ៏ជាមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំនឹងលើកដំកើងទ្រង់ ហើយនឹងសូមឲ្យព្រះនាមទ្រង់បានពរអស់កល្បជានិច្ច អាល់គីតាប ឱអុលឡោះជាម្ចាស់នៃខ្ញុំ ឱម្ចាស់នៃខ្ញុំអើយ ខ្ញុំសូមលើកតម្កើងទ្រង់! ខ្ញុំសូមសរសើរតម្កើងនាម របស់ទ្រង់អស់កល្បជាអង្វែងតរៀងទៅ! |
បពិត្រព្រះនៃយើងខ្ញុំអើយ! ឥឡូវនេះ យើងខ្ញុំសូមអរព្រះគុណ និងកោតសរសើរព្រះនាមដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។
ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំសូមលើកតម្កើងព្រះអង្គ!
ខ្ញុំសូមថ្លែងពាក្យសរសើរតម្កើងព្រះអម្ចាស់ សូមឲ្យសត្វលោកទាំងអស់លើកតម្កើង ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ រហូតដល់អស់កល្បជាអង្វែងតរៀងទៅ!
ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះកិត្តិនាម ព្រះរបស់ខ្ញុំក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ។
ចូរឲ្យជនជាតិអ៊ីស្រាអែល រីករាយនឹងព្រះអង្គដែលបានបង្កើតគេមក សូមឲ្យប្រជាជនក្រុងស៊ីយ៉ូន មានអំណរសប្បាយនឹងព្រះមហាក្សត្ររបស់ខ្លួន!
ឱព្រះអម្ចាស់អើយ! ទូលបង្គំសូមលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គបានជួយស្រោចស្រង់ទូលបង្គំ ព្រះអង្គពុំបានទុកឲ្យខ្មាំងសត្រូវ យករឿងទូលបង្គំទៅលេងសើចឡើយ។
ដូច្នេះ ទូលបង្គំនៅស្ងៀមមិនបានឡើយ ទូលបង្គំស្មូត្រទំនុកតម្កើង ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ទូលបង្គំសរសើរតម្កើងព្រះអង្គរហូតតទៅ។
ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ទូលបង្គំបានស្រែកអង្វរព្រះអង្គ ហើយព្រះអង្គប្រោសទូលបង្គំឲ្យបានជា។
ខ្ញុំនឹងអរព្រះគុណព្រះអម្ចាស់ គ្រប់ពេលវេលា ខ្ញុំនឹងសរសើរតម្កើងព្រះអង្គឥតឈប់សោះឡើយ។
ឱព្រះជាម្ចាស់អើយ ព្រះអង្គជាព្រះមហាក្សត្ររបស់ទូលបង្គំ! មានតែព្រះអង្គទេដែលប្រទានជ័យជម្នះ ដល់ប្រជារាស្ដ្ររបស់ព្រះអង្គ។
ចិត្តរបស់ខ្ញុំពោរពេញ ទៅដោយពាក្យពេចន៍ដ៏សែនពីរោះ ខ្ញុំតែងបទចម្រៀងនេះថ្វាយព្រះមហាក្សត្រ ។ សូមឲ្យសម្ដីខ្ញុំចាប់ចុងជួន ដូចបទកំណាព្យរបស់កវីនិពន្ធមួយរូបដ៏ចំណាន។
បពិត្រព្រះជាម្ចាស់ បល្ល័ង្ករបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌
ឱព្រះជាម្ចាស់ ជាព្រះមហាក្សត្រនៃទូលបង្គំអើយ សូមយកព្រះហឫទ័យទុកដាក់នឹងសូរសម្រែក របស់ទូលបង្គំផង ដ្បិតទូលបង្គំអធិស្ឋានរកព្រះអង្គ។
ឱព្រះអម្ចាស់អើយ! នៅពេលព្រឹក ព្រះអង្គព្រះសណ្ដាប់សំឡេង របស់ទូលបង្គំ ទូលបង្គំចូលមកគាល់ ហើយនៅរង់ចាំព្រះអង្គ តាំងពីព្រលឹម។
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គជានិច្ច ចំពោះកិច្ចការដែលព្រះអង្គបានធ្វើ ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះនាមព្រះអង្គ នៅចំពោះមុខអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យល្អសប្បុរស។
ចូរច្រៀងតម្កើងព្រះជាម្ចាស់ ចូរស្មូត្រទំនុកតម្កើង ព្រះនាមព្រះអង្គ! ចូរត្រួសត្រាយផ្លូវថ្វាយព្រះអង្គ ដែលជិះសេះកាត់អាកាសវេហាស៍! ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។ ចូរនាំគ្នាអរសប្បាយឥតឧបមា នៅចំពោះព្រះភ័ក្ត្រព្រះអង្គ!
រីឯខ្ញុំវិញ ខ្ញុំនឹងប្រកាសអំពីព្រះ របស់លោកយ៉ាកុបរហូតតទៅ ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ។
ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម ព្រះអង្គជាព្រះមហាក្សត្រ ដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
ចូរច្រៀងថ្វាយព្រះអម្ចាស់ និងសរសើរតម្កើងព្រះនាមព្រះអង្គ ចូរប្រកាសជារៀងរាល់ថ្ងៃ អំពីការសង្គ្រោះរបស់ព្រះអង្គ។
ព្រះអម្ចាស់គ្រប់គ្រងលើយើង ព្រះអង្គប្រទានច្បាប់ទម្លាប់មកយើង ព្រះអង្គជាព្រះមហាក្សត្ររបស់យើង មានតែព្រះអង្គទេដែលសង្គ្រោះយើង។
ឱព្រះអម្ចាស់អើយ ព្រះអង្គបានសង្គ្រោះទូលបង្គំ យើងខ្ញុំនឹងប្រគំតូរ្យតន្ត្រី នៅក្នុងព្រះដំណាក់របស់ព្រះអង្គ ជារៀងរាល់ថ្ងៃ អស់មួយជីវិតយើងខ្ញុំ»។
ឥឡូវនេះ យើងនេប៊ូក្នេសា សូមសរសើរ កោតស្ញប់ស្ញែង និងលើកតម្កើងសិរីរុងរឿងព្រះមហាក្សត្រនៃស្ថានបរមសុខ ដ្បិតស្នាព្រះហស្ដរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត ហើយព្រះអង្គអាចបន្ទាបអស់អ្នកដែលវាយឫកខ្ពស់»។
ជនបោកប្រាស់មុខជាត្រូវវេទនាពុំខាន! ដ្បិតគេទុកសត្វល្អៗក្នុងហ្វូងសត្វរបស់ខ្លួន ហើយបែរជាយកសត្វពិការ មកធ្វើជាយញ្ញបូជាថ្វាយព្រះអម្ចាស់ទៅវិញ! យើងជាព្រះមហាក្សត្រដ៏ឧត្ដម ប្រជាជាតិនានាស្ញែងខ្លាចនាមរបស់យើង» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។
ពេលនោះ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកនៅខាងស្ដាំព្រះអង្គថា “អស់អ្នកដែលព្រះបិតាខ្ញុំបានប្រទានពរអើយ! ចូរនាំគ្នាមកទទួលព្រះរាជ្យដែលព្រះអង្គបានរៀបទុកឲ្យអ្នករាល់គ្នា តាំងពីកំណើតពិភពលោកមក
នៅលើព្រះភូសា និងលើភ្លៅរបស់ព្រះអង្គ មានសរសេរព្រះនាមថា «ព្រះមហាក្សត្រលើមហាក្សត្រនានា និងព្រះអម្ចាស់លើអម្ចាស់នានា»។