Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 52 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


អ្នក​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់ និង​អ្នក​ទុក​ចិត្ត​លើ​ទ្រព្យ‌សម្បត្តិ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។ នៅ​គ្រា​ដែល​លោក​ដូអេក ជា​ជន‌ជាតិ​អេដុម ទៅ​ទូល​ស្ដេច​សូល​ថា ស្ដេច​ដាវីឌ​បាន​រត់​ទៅ​ជ្រក​កោន​នឹង​ស្ដេច​អហ៊ី‌ម៉ាឡេក។

1 អ្នក​ខ្លាំង​ពូកែ​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ចេះ​តែ​អួត ពី​អំពើ​អាក្រក់​របស់​ខ្លួន​ដូច្នេះ? ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ ស្មោះ‌ស្ម័គ្រ​ជានិច្ច!។

2 រៀង​រាល់​ថ្ងៃ អ្នក​តែងតែ​គិត‌គូរ ចង់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ពាក្យ​សម្ដី​របស់​អ្នក​មុត​ជាង​កាំបិត​កោរ​ទៅ​ទៀត គឺ​ប៉ិន‌ប្រសប់​ខាង​បោក​បញ្ឆោត​ណាស់។

3 អ្នក​ចូល​ចិត្ត​ការ​អាក្រក់​ជាង​ការ​ល្អ ហើយ​ចូល​ចិត្ត​កុហក​ជាង​និយាយ​ការ​ពិត។

4 អ្នក​ចូល​ចិត្ត​ប្រើ​ពាក្យ​សម្ដី​វាយ​ប្រហារ​គេ អ្វីៗ​ដែល​អ្នក​ពោល​ចេញ​មក សុទ្ធ​តែ​អាស្រូវ​ទាំង​អស់។

5 ហេតុ​នេះ ព្រះ‌ជាម្ចាស់​នឹង​បំផ្លាញ អ្នក​រហូត​ត​ទៅ​ជា​មិន​ខាន ព្រះអង្គ​នឹង​ដក​ហូត​អ្នក​ចេញ​ពី​ផ្ទះ​សំបែង​របស់​ខ្លួន ហើយ​ព្រះអង្គ​នឹង​យក​អ្នក​ចេញ ពី​ពិភព​លោក​ដែល​យើង​រស់​នៅ​នេះ។ - សម្រាក

6 មនុស្ស​សុចរិត​នឹង​ឃើញ ហើយ​កោត​ខ្លាច​ទៀត​ផង គេ​នាំ​គ្នា​សើច ទាំង​ពោល​ថា:

7 «មើល​អ្នក​នុ៎ះ! គាត់​ពុំ​បាន​យក​ព្រះ‌ជាម្ចាស់​ជា​ទី​ពឹង​ទេ គាត់​ទុក​ចិត្ត​លើ​ទ្រព្យ‌សម្បត្តិ​ស្តុក‌ស្តម្ភ​របស់​ខ្លួន ហើយ​ស្មាន​ថា​ខ្លួន​ខ្លាំង​ពូកែ មក​ពី​មាន​ល្បិច»។

8 រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់ របស់​ព្រះ‌ជាម្ចាស់ ប្រៀប​ដូច​ជា​ដើម​អូលីវ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ខ្ញុំ​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា របស់​ព្រះ‌ជាម្ចាស់​រហូត​ត​ទៅ។

9 ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​ជានិច្ច ចំពោះ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ ទូលបង្គំ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌នាម​ព្រះអង្គ នៅ​ចំពោះ​មុខ​អស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ ព្រោះ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ល្អ​សប្បុរស។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម