ទំនុកតម្កើង 75 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ព្រះជាម្ចាស់ជាចៅក្រម ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់លោកអេសាភ។ ចម្រៀងតម្កើងព្រះជាម្ចាស់។ 1 ឱព្រះជាម្ចាស់អើយ យើងខ្ញុំសរសើរតម្កើងព្រះអង្គ! យើងខ្ញុំសរសើរតម្កើងព្រះនាមព្រះអង្គ ដែលគង់នៅជិតយើងខ្ញុំ ហើយយើងខ្ញុំរៀបរាប់អំពីស្នាព្រះហស្ដ ដ៏ស្ញប់ស្ញែងរបស់ព្រះអង្គ! 2 ព្រះអង្គមានព្រះបន្ទូលថា «ដល់គ្រាដែលយើងបានកំណត់ទុក យើងនឹងវិនិច្ឆ័យទោស ដោយយុត្តិធម៌! 3 ផែនដី និងអ្វីៗទាំងអស់ ដែលរស់នៅលើផែនដីនឹងត្រូវរលាយ ក៏ប៉ុន្តែ យើងនឹងធ្វើឲ្យផែនដីនៅតែរឹងមាំ!»។ - សម្រាក 4 ខ្ញុំនិយាយប្រាប់មនុស្សអួតបំប៉ោងថា កុំអួតបំប៉ោងឲ្យសោះ! ហើយប្រាប់មនុស្សអាក្រក់ថាកុំវាយឫកខ្ពស់! 5 កុំប្រកាន់ឫកខ្ពស់ពេក ឈប់និយាយព្រហើនទៅ 6 ដ្បិតអ្នកដែលវិនិច្ឆ័យទោសមិនមែន មកពីខាងកើត ឬខាងលិច ហើយក៏មិនមែនមកពីខាងត្បូង ឬខាងជើងដែរ 7 គឺព្រះជាម្ចាស់ទេតើ ដែលជាចៅក្រមវិនិច្ឆ័យទោស ព្រះអង្គដាក់ទោសអ្នកនេះ ហើយលើកលែងទោសអ្នកនោះ។ 8 ព្រះអម្ចាស់កាន់ពែងមួយនៅក្នុងព្រះហស្ដ គឺពែងដែលមានពេញទៅដោយព្រះពិរោធ ពេលព្រះអង្គចាក់ពែងនោះទៅលើផែនដី មនុស្សអាក្រក់ទាំងប៉ុន្មានត្រូវតែទទួលទោស ចៀសមិនផុតឡើយ។ 9 រីឯខ្ញុំវិញ ខ្ញុំនឹងប្រកាសអំពីព្រះ របស់លោកយ៉ាកុបរហូតតទៅ ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ។ 10 ព្រះអង្គនឹងបំបាក់អំនួតរបស់មនុស្សពាល តែព្រះអង្គនឹងលើកមុខមនុស្សសុចរិតឡើង ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies