ទំនុកតម្កើង 30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ព្រះអង្គប្រោសទូលបង្គំឲ្យជា ទំនុកតម្កើង ។ បទសម្រាប់ច្រៀងនៅពេលសម្ពោធព្រះវិហារ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះអម្ចាស់អើយ! ទូលបង្គំសូមលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គបានជួយស្រោចស្រង់ទូលបង្គំ ព្រះអង្គពុំបានទុកឲ្យខ្មាំងសត្រូវ យករឿងទូលបង្គំទៅលេងសើចឡើយ។ 2 ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ទូលបង្គំបានស្រែកអង្វរព្រះអង្គ ហើយព្រះអង្គប្រោសទូលបង្គំឲ្យបានជា។ 3 ឱព្រះអម្ចាស់អើយ ព្រះអង្គបានស្រង់ព្រលឹងទូលបង្គំ ចេញពីចំណោមមនុស្សស្លាប់ ទូលបង្គំបានធ្លាក់ទៅក្នុងរណ្ដៅមច្ចុរាជ តែព្រះអង្គប្រោសទូលបង្គំឲ្យរស់ឡើងវិញ។ 4 អ្នករាល់គ្នាដែលជាប្រជារាស្ត្រ របស់ព្រះអង្គអើយ ចូរស្មូត្រទំនុកតម្កើង ព្រះអម្ចាស់! ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធ*របស់ព្រះអង្គ! 5 ដ្បិតព្រះអង្គទ្រង់ព្រះពិរោធតែមួយស្របក់ តែព្រះអង្គប្រណីសន្ដោសយើងអស់មួយជីវិត។ ពេលយប់ យើងបង្ហូរទឹកភ្នែក តែព្រលឹមឡើង យើងនឹងអរសប្បាយវិញ។ 6 នៅពេលទូលបង្គំបានសុខសាន្ត ទូលបង្គំពោលថា ទូលបង្គំនឹងមិនត្រូវរលំឡើយ!។ 7 ឱព្រះអម្ចាស់អើយ! ព្រះអង្គបានប្រោសឲ្យទូលបង្គំរឹងប៉ឹងដូចភ្នំ តែប្រសិនបើព្រះអង្គមិនគង់ជាមួយទូលបង្គំទេនោះ ទូលបង្គំនឹងភ័យខ្លាចក្រៃលែង។ 8 ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកអង្វរព្រះអង្គ ទូលបង្គំទទូចអង្វរព្រះអម្ចាស់។ 9 បើព្រះអង្គទុកឲ្យទូលបង្គំស្លាប់ តើបានប្រយោជន៍អ្វី? បើព្រះអង្គឲ្យទូលបង្គំធ្លាក់ទៅ ក្នុងរណ្ដៅមច្ចុរាជ តើបានប្រយោជន៍អ្វី? តើមនុស្សស្លាប់អាចសរសើរព្រះអង្គកើតឬ? តើគេអាចថ្លែងពីព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គកើតឬ? 10 ឱព្រះអម្ចាស់អើយ សូមប្រោសមេត្តាស្ដាប់ពាក្យទូលបង្គំ! ឱព្រះអម្ចាស់អើយ សូមយាងមកសង្គ្រោះទូលបង្គំផង!។ 11 ព្រះអង្គបានធ្វើឲ្យការសោកសង្រេង របស់ទូលបង្គំប្រែទៅជាអំណរសប្បាយ ព្រះអង្គបានយកសម្លៀកបំពាក់កាន់ទុក្ខចេញ ហើយប្រទានសម្លៀកបំពាក់ សម្រាប់ពិធីបុណ្យឲ្យទូលបង្គំវិញ។ 12 ដូច្នេះ ទូលបង្គំនៅស្ងៀមមិនបានឡើយ ទូលបង្គំស្មូត្រទំនុកតម្កើង ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ទូលបង្គំសរសើរតម្កើងព្រះអង្គរហូតតទៅ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies