រ៉ូម 14:19 - ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ចូរឲ្យយើងស្វែងរកអ្វីៗដែលនាំឲ្យមានសេចក្ដីសុខសាន្ត និងអ្វីៗដែលនាំឲ្យមានការស្អាងទឹកចិត្តដល់គ្នាទៅវិញទៅមក។ Khmer Christian Bible ដូច្នេះហើយ យើងត្រូវដេញតាមសេចក្ដីទាំងឡាយ ដែលនាំឲ្យមានសេចក្ដីសុខសាន្ដ និងការស្អាងចិត្ដដល់គ្នាទៅវិញទៅមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុដូច្នេះ យើងត្រូវដេញតាមអ្វីដែលនាំឲ្យមានសេចក្ដីសុខសាន្ត និងអ្វីដែលស្អាងចិត្តគ្នាទៅវិញទៅមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ យើងត្រូវស្វែងរកអ្វីដែលនាំឲ្យមានសេចក្ដីសុខ និងឲ្យមានការអប់រំគ្នាទៅវិញទៅមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុដូច្នេះ ត្រូវឲ្យយើងដេញតាមអស់ទាំងសេចក្ដី ដែលនាំឲ្យមេត្រីគ្នា នឹងសេចក្ដីទាំងប៉ុន្មានដែលជួយស្អាងចិត្តគ្នាទៅវិញទៅមកវិញ អាល់គីតាប ដូច្នេះ យើងត្រូវស្វែងរកអ្វីដែលនាំឲ្យមានសេចក្ដីសុខ និងឲ្យមានការអប់រំគ្នាទៅវិញទៅមក។ |
ចូរបែរចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អវិញ ចូរស្វែងរកសន្តិភាព ហើយដេញតាមវា។
អំបិលជារបស់ល្អ ប៉ុន្តែប្រសិនបើអំបិលបាត់ជាតិប្រៃ តើអ្នករាល់គ្នានឹងធ្វើឲ្យវាប្រៃឡើងវិញដោយអ្វី? ចូរឲ្យមានអំបិលនៅក្នុងខ្លួនអ្នករាល់គ្នា ហើយនៅសុខជាមួយគ្នាចុះ”៕
ត្រូវឲ្យយើងម្នាក់ៗបំពេញចិត្តអ្នកជិតខាងឲ្យបានប្រយោជន៍ដល់គេ ដើម្បីជាការស្អាងទឹកចិត្ត។
“មានច្បាប់ឲ្យធ្វើអ្វីៗទាំងអស់” ប៉ុន្តែមិនមែនអ្វីៗទាំងអស់មានប្រយោជន៍ទេ; “មានច្បាប់ឲ្យធ្វើអ្វីៗទាំងអស់” ប៉ុន្តែមិនមែនអ្វីៗទាំងអស់ស្អាងទឹកចិត្តទេ។
ដូចដែលខ្ញុំបំពេញចិត្តមនុស្សទាំងអស់ក្នុងគ្រប់ការទាំងអស់ដែរ ដោយមិនស្វែងរកប្រយោជន៍សម្រាប់ខ្លួនឯងឡើយ គឺស្វែងរកប្រយោជន៍សម្រាប់មនុស្សជាច្រើនវិញ ដើម្បីឲ្យពួកគេបានសង្គ្រោះ។
បងប្អូនអើយ ដូច្នេះតើត្រូវធ្វើដូចម្ដេច? កាលណាអ្នករាល់គ្នាមកជួបជុំគ្នា ម្នាក់ៗមានទំនុកតម្កើង មានការបង្រៀន មានការបើកសម្ដែង មានភាសាដទៃ មានការបកប្រែ; ចូរធ្វើការទាំងអស់ដើម្បីស្អាងទឹកចិត្ត។
ផ្ទុយទៅវិញ អ្នកដែលថ្លែងព្រះបន្ទូល និយាយទៅកាន់មនុស្ស ដើម្បីស្អាងទឹកចិត្ត លើកទឹកចិត្ត និងកម្សាន្តចិត្ត។
អ្នកដែលនិយាយភាសាដទៃ ស្អាងទឹកចិត្តខ្លួនឯង រីឯអ្នកដែលថ្លែងព្រះបន្ទូលវិញ ស្អាងទឹកចិត្តក្រុមជំនុំ។
ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នានិយាយភាសាដទៃដែរ ក៏ប៉ុន្តែចង់ឲ្យថ្លែងព្រះបន្ទូលជាជាង ដ្បិតអ្នកដែលថ្លែងព្រះបន្ទូល ប្រសើរជាងអ្នកដែលនិយាយភាសាដទៃ លើកលែងតែអ្នកនោះចេះបកប្រែ ដើម្បីឲ្យក្រុមជំនុំបានទទួលការស្អាងទឹកចិត្ត។
ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនជឿចង់ចាកចោលទៅ នោះចូរឲ្យអ្នកនោះចាកចោលទៅចុះ។ បងប្អូនប្រុស ឬបងប្អូនស្រី មិនត្រូវជាប់ចំណងនឹងរឿងបែបនេះឡើយ ដ្បិតព្រះបានត្រាស់ហៅអ្នករាល់គ្នាឲ្យមកក្នុងសេចក្ដីសុខសាន្ត។
ចំពោះអាហារដែលសែនដល់រូបបដិមាករ យើងដឹងហើយថា “យើងទាំងអស់គ្នាមានចំណេះដឹង”។ ចំណេះដឹងធ្វើឲ្យមានឫកធំ រីឯសេចក្ដីស្រឡាញ់ស្អាងទឹកចិត្តវិញ។
តើអ្នករាល់គ្នានឹកស្មានរហូតមកថា យើងកំពុងដោះសានឹងអ្នករាល់គ្នាឬ? យើងបាននិយាយក្នុងព្រះគ្រីស្ទ នៅចំពោះព្រះទេតើ! អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ សេចក្ដីទាំងអស់នេះ គឺដើម្បីស្អាងទឹកចិត្តអ្នករាល់គ្នាទេ។
ជាទីបញ្ចប់ បងប្អូនអើយ ចូរអ្នករាល់គ្នាអរសប្បាយ! ចូរឲ្យបានគ្រប់លក្ខណ៍ ចូរទទួលការកម្សាន្តចិត្ត ចូរមានចិត្តតែមួយ ចូរនៅសុខជាមួយគ្នា នោះព្រះនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត នឹងគង់នៅជាមួយអ្នករាល់គ្នា។
ដើម្បីត្រៀមវិសុទ្ធជនឲ្យពេញលេញក្នុងការងារនៃការបម្រើ សម្រាប់ស្អាងព្រះកាយរបស់ព្រះគ្រីស្ទ
កុំឲ្យមានសម្ដីថោកទាបណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ចូរនិយាយពាក្យល្អសម្រាប់ការស្អាងទឹកចិត្តតាមដែលគេត្រូវការ ដើម្បីផ្ដល់ប្រយោជន៍ដល់អ្នកដែលស្ដាប់។
កុំឲ្យផ្ដោតចិត្តលើទេវកថា និងវង្សត្រកូលដែលមិនចេះចប់មិនចេះហើយ ដែលរឿងទាំងនេះបង្កភាពចម្រូងចម្រាសជាជាងចម្រើនកិច្ចការរបស់ព្រះ ដែលធ្វើដោយជំនឿ។
ដូច្នេះ ចូរគេចឲ្យផុតពីតណ្ហានៃយុវវ័យ ហើយស្វែងរកសេចក្ដីសុចរិតយុត្តិធម៌ ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ជាមួយនឹងពួកអ្នកដែលហៅរកព្រះអម្ចាស់ ចេញពីចិត្តបរិសុទ្ធ។
ចូរស្វែងរកសេចក្ដីសុខសាន្ត និងភាពវិសុទ្ធជាមួយមនុស្សទាំងអស់ ដ្បិតបើអ្នកណាគ្មានភាពវិសុទ្ធ អ្នកនោះនឹងមិនឃើញព្រះអម្ចាស់ឡើយ។
ចូរបែរចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អវិញ ចូរស្វែងរកសន្តិភាព ហើយដេញតាមវា;