យ៉ូហាន 14:10 - ព្រះគម្ពីរខ្មែរសាកល តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំទេឬ? ពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នានេះ ខ្ញុំនិយាយមិនមែនចេញពីខ្លួនខ្ញុំទេ គឺព្រះបិតាដែលស្ថិតនៅក្នុងខ្ញុំបានធ្វើកិច្ចការរបស់ព្រះអង្គ។ Khmer Christian Bible តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំទេឬ? ពាក្យសំដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នានោះ មិនមែនមកពីខ្លួនខ្ញុំទេ គឺព្រះវរបិតាដែលនៅក្នុងខ្ញុំ ព្រះអង្គបានធ្វើកិច្ចការរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងខ្ញុំទេឬ? អស់ទាំងពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នា ខ្ញុំមិនមែនប្រាប់ដោយអាងខ្លួនខ្ញុំទេ ប៉ុន្តែ ព្រះវរបិតាដែលគង់ក្នុងខ្ញុំ ព្រះអង្គធ្វើកិច្ចការរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតាគង់នៅក្នុងខ្ញុំទេឬ? សេចក្ដីដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា មិនមែនចេញមកពីខ្ញុំផ្ទាល់ទេ គឺព្រះបិតាដែលស្ថិតនៅជាប់នឹងខ្ញុំ ទ្រង់បំពេញកិច្ចការរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងខ្ញុំទេឬអី អស់ទាំងពាក្យដែលខ្ញុំប្រាប់ដល់អ្នករាល់គ្នា នោះខ្ញុំមិនមែនប្រាប់ ដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតាដែលគង់ក្នុងខ្ញុំ ទ្រង់ធ្វើការទាំងនោះវិញ អាល់គីតាប តើអ្នកមិនជឿថា ខ្ញុំនៅក្នុងអុលឡោះជាបិតាហើយអុលឡោះជាបិតានៅក្នុងខ្ញុំទេឬ? សេចក្ដីដែលខ្ញុំប្រាប់អ្នករាល់គ្នា មិនមែនចេញមកពីខ្ញុំផ្ទាល់ទេ គឺអុលឡោះជាបិតាដែលស្ថិតនៅជាប់នឹងខ្ញុំ ទ្រង់បំពេញកិច្ចការរបស់ទ្រង់។ |
ប៉ុន្តែប្រសិនបើខ្ញុំធ្វើ ទោះបីជាអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយ ក៏ចូរជឿកិច្ចការទាំងនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយយល់ថា ព្រះបិតានៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងព្រះបិតាដែរ”។
រីឯអស់អ្នកដែលនៅរស់ ហើយជឿលើខ្ញុំ មិនស្លាប់សោះឡើយ គឺជារៀងរហូត។ តើនាងជឿសេចក្ដីនេះឬទេ?”។
ដ្បិតខ្ញុំនិយាយមិនមែនចេញពីខ្លួនខ្ញុំទេ គឺព្រះបិតាដែលចាត់ខ្ញុំឲ្យមក ព្រះអង្គផ្ទាល់បានប្រទានសេចក្ដីបង្គាប់ដល់ខ្ញុំឲ្យខ្ញុំត្រូវប្រាប់អ្វី និងនិយាយអ្វី។
ចូរជឿខ្ញុំថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំ ប្រសិនបើមិនជឿដូច្នោះទេ ចូរជឿព្រោះតែកិច្ចការទាំងនេះចុះ។
នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថាខ្ញុំនៅក្នុងព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ រីឯខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។
អ្នកដែលមិនស្រឡាញ់ខ្ញុំ មិនកាន់តាមពាក្យរបស់ខ្ញុំឡើយ។ ពាក្យដែលអ្នករាល់គ្នាឮ មិនមែនជាពាក្យរបស់ខ្ញុំទេ ប៉ុន្តែជារបស់ព្រះបិតាដែលចាត់ខ្ញុំឲ្យមក។
ដ្បិតព្រះបន្ទូលដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំបានផ្ដល់ឲ្យពួកគេហើយ ពួកគេក៏ទទួលយក ហើយដឹងពិតប្រាកដថា ទូលបង្គំមកពីព្រះអង្គ ព្រមទាំងជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក។
គាត់មករកព្រះយេស៊ូវនៅពេលយប់ ហើយទូលព្រះអង្គថា៖ “រ៉ាប៊ី យើងខ្ញុំដឹងហើយថា លោកជាគ្រូដែលមកពីព្រះ ពីព្រោះគ្មានអ្នកណាអាចធ្វើទីសម្គាល់ទាំងនេះដែលលោកកំពុងធ្វើបានឡើយ លុះត្រាតែព្រះគង់នៅជាមួយអ្នកនោះប៉ុណ្ណោះ”។
ប៉ុន្តែព្រះយេស៊ូវទ្រង់តបនឹងពួកគេថា៖“រហូតមកដល់ពេលនេះ ព្រះបិតារបស់ខ្ញុំធ្វើការ ហើយខ្ញុំក៏ធ្វើការដែរ”។
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះបុត្រាមិនអាចធ្វើអ្វីដោយអង្គទ្រង់បានឡើយ លើកលែងតែព្រះបុត្រាឃើញព្រះបិតាធ្វើ ពីព្រោះអ្វីៗដែលព្រះបិតាធ្វើ ព្រះបុត្រាក៏ធ្វើការទាំងនោះដូចគ្នាដែរ។
ព្រះយេស៊ូវមានបន្ទូលឆ្លើយនឹងពួកគេថា៖“សេចក្ដីបង្រៀនរបស់ខ្ញុំមិនមែនជារបស់ខ្ញុំទេ ប៉ុន្តែជារបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក។
ដូច្នេះ ព្រះយេស៊ូវក៏មានបន្ទូលថា៖“ពេលអ្នករាល់គ្នាលើកកូនមនុស្សឡើង នោះអ្នករាល់គ្នានឹងយល់ថា គឺខ្ញុំហ្នឹងហើយជាព្រះអង្គនោះ ហើយខ្ញុំមិនធ្វើអ្វីមួយដោយខ្លួនខ្ញុំឡើយ ប៉ុន្តែខ្ញុំប្រាប់សេចក្ដីទាំងនេះ តាមដែលព្រះបិតាបានបង្រៀនខ្ញុំ។
ខ្ញុំនិយាយអ្វីៗដែលខ្ញុំបានឃើញនៅឯព្រះបិតារបស់ខ្ញុំរីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាធ្វើអ្វីៗដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា”។
ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាចង់សម្លាប់ខ្ញុំ ជាអ្នកដែលប្រាប់សេចក្ដីពិតដល់អ្នករាល់គ្នា ជាសេចក្ដីពិតដែលខ្ញុំបានឮពីព្រះ។ អ័ប្រាហាំមិនបានធ្វើដូច្នេះទេ។
គឺរបៀបដែលព្រះបានចាក់ប្រេងអភិសេកលើព្រះយេស៊ូវអ្នកណាសារ៉ែត ដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយព្រះចេស្ដា ព្រមទាំងរបៀបដែលព្រះអង្គបានយាងចុះឡើងប្រព្រឹត្តការល្អ និងប្រោសអស់អ្នកដែលត្រូវមារសង្កត់សង្កិនឲ្យជា ដោយសារព្រះគង់នៅជាមួយព្រះអង្គ។
នេះមានន័យថា ព្រះកំពុងផ្សះផ្សាមនុស្សលោកនឹងអង្គទ្រង់នៅក្នុងព្រះគ្រីស្ទ ដោយមិនប្រកាន់ទោសពួកគេអំពីការបំពានរបស់ពួកគេ ថែមទាំងផ្ទុកផ្ដាក់ព្រះបន្ទូលនៃការផ្សះផ្សានេះដល់យើងទៀតផង។