យ៉ូហាន 8 - ព្រះគម្ពីរខ្មែរសាកល1 រីឯព្រះយេស៊ូវយាងទៅភ្នំដើមអូលីវ។ ស្ត្រីផិតក្បត់ត្រូវបានលើកលែងទោស 2 ព្រលឹមឡើង ព្រះយេស៊ូវយាងមកដល់ព្រះវិហារម្ដងទៀត ប្រជាជនទាំងមូលក៏មករកព្រះអង្គ ដូច្នេះព្រះអង្គគង់ចុះ ហើយចាប់ផ្ដើមបង្រៀនពួកគេ។ 3 ពេលនោះ ពួកគ្រូវិន័យ និងពួកផារិស៊ីនាំស្ត្រីម្នាក់ដែលគេចាប់បានក្នុងការផិតក្បត់មក ហើយឲ្យនាងឈរនៅកណ្ដាលចំណោម 4 រួចទូលព្រះអង្គថា៖ “លោកគ្រូ ស្ត្រីនេះគេចាប់បាន នៅពេលកំពុងប្រព្រឹត្តអំពើផិតក្បត់។ 5 តាមក្រឹត្យវិន័យ ម៉ូសេបានបង្គាប់យើងឲ្យគប់ដុំថ្មសម្លាប់ស្ត្រីបែបនេះ។ ដូច្នេះ តើលោកថាដូចម្ដេច?”។ 6 ពួកគេនិយាយល្បងលព្រះអង្គដូច្នេះ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ។ ប៉ុន្តែព្រះយេស៊ូវវិញ ព្រះអង្គឱនចុះ ហើយចាប់ផ្ដើមសរសេរនៅលើដីដោយព្រះអង្គុលី។ 7 នៅពេលពួកគេបន្តសួរព្រះអង្គ នោះព្រះអង្គក៏ងើបឡើង ហើយមានបន្ទូលនឹងពួកគេថា៖“ចូរឲ្យអ្នកដែលគ្មានបាបក្នុងចំណោមអ្នករាល់គ្នា គប់នាងនឹងដុំថ្មមុនគេចុះ!”។ 8 រួចព្រះអង្គទ្រង់ឱនម្ដងទៀត ហើយសរសេរនៅលើដី។ 9 ពួកគេឮដូច្នេះ ក៏ចេញទៅម្នាក់ម្ដងៗចាប់ពីមនុស្សចាស់ជាងគេ ហើយសល់តែព្រះអង្គ និងស្ត្រីដែលនៅកណ្ដាលនោះប៉ុណ្ណោះ។ 10 ព្រះយេស៊ូវទ្រង់ងើបឡើង ហើយមានបន្ទូលនឹងនាងថា៖“ស្ត្រីអើយ តើពួកគេនៅឯណា? គ្មានអ្នកណាផ្ដន្ទាទោសនាងទេឬ?”។ 11 នាងទូលថា៖ “គ្មានទេ ព្រះអម្ចាស់”។ ព្រះយេស៊ូវមានបន្ទូលថា៖“ខ្ញុំក៏មិនផ្ដន្ទាទោសនាងដែរ។ ចូរទៅចុះ ចាប់ពីឥឡូវនេះទៅ កុំប្រព្រឹត្តបាបទៀតឡើយ”។ ពន្លឺរបស់ពិភពលោក 12 ព្រះយេស៊ូវមានបន្ទូលនឹងហ្វូងមនុស្សសាជាថ្មីថា៖“គឺខ្ញុំជាពន្លឺនៃពិភពលោក។ អ្នកដែលមកតាមខ្ញុំ មិនដើរក្នុងសេចក្ដីងងឹតសោះឡើយ ប៉ុន្តែនឹងមានពន្លឺនៃជីវិតវិញ”។ 13 ពួកផារិស៊ីនិយាយថា៖ “អ្នកកំពុងធ្វើបន្ទាល់អំពីខ្លួនអ្នក ពាក្យបន្ទាល់របស់អ្នកមិនពិតទេ”។ 14 ព្រះយេស៊ូវមានបន្ទូលតបថា៖“ទោះបីជាខ្ញុំធ្វើបន្ទាល់អំពីខ្លួនខ្ញុំក៏ដោយ ក៏ពាក្យបន្ទាល់របស់ខ្ញុំគឺពិត ពីព្រោះខ្ញុំដឹងថា ខ្ញុំមកពីទីណា ហើយទៅទីណា រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនដឹងថា ខ្ញុំមកពីទីណា ឬទៅទីណាទេ។ 15 អ្នករាល់គ្នាវិនិច្ឆ័យតាមសាច់ឈាម រីឯខ្ញុំវិញ ខ្ញុំមិនវិនិច្ឆ័យអ្នកណាឡើយ។ 16 ប៉ុន្តែទោះបើខ្ញុំវិនិច្ឆ័យក៏ដោយ ក៏ការវិនិច្ឆ័យរបស់ខ្ញុំគឺពិត ពីព្រោះខ្ញុំមិនមែននៅតែម្នាក់ឯងទេ គឺមានខ្ញុំ និងព្រះបិតាដែលចាត់ខ្ញុំឲ្យមក។ 17 សូម្បីតែនៅក្នុងក្រឹត្យវិន័យរបស់អ្នករាល់គ្នា ក៏មានសរសេរទុកមកថា ពាក្យបន្ទាល់របស់មនុស្សពីរនាក់គឺពិតហើយ។ 18 គឺខ្ញុំជាអ្នកដែលធ្វើបន្ទាល់អំពីខ្លួនខ្ញុំ ហើយព្រះបិតាដែលចាត់ខ្ញុំឲ្យមកក៏ធ្វើបន្ទាល់អំពីខ្ញុំដែរ”។ 19 ពួកគេសួរព្រះអង្គថា៖ “តើបិតារបស់អ្នកនៅឯណា?”។ ព្រះយេស៊ូវទ្រង់តបថា៖“អ្នករាល់គ្នាមិនស្គាល់ខ្ញុំទេ ហើយក៏មិនស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ ប្រសិនបើអ្នករាល់គ្នាបានស្គាល់ខ្ញុំ ម្ល៉េះសមអ្នករាល់គ្នាក៏បានស្គាល់ព្រះបិតារបស់ខ្ញុំដែរ”។ 20 ព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះនៅទីដាក់តង្វាយ ពេលព្រះអង្គកំពុងបង្រៀននៅក្នុងព្រះវិហារ ប៉ុន្តែគ្មានអ្នកណាចាប់ព្រះអង្គទេ ពីព្រោះពេលវេលារបស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។ ប្រាប់ជាមុនអំពីការចាកចេញរបស់ព្រះអង្គ 21 បន្ទាប់មក ព្រះអង្គមានបន្ទូលនឹងពួកគេទៀតថា៖“ខ្ញុំនឹងចាកចេញទៅ ហើយអ្នករាល់គ្នានឹងរកខ្ញុំ ប៉ុន្តែអ្នករាល់គ្នានឹងស្លាប់ក្នុងបាបរបស់ខ្លួន។ អ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំទៅបានឡើយ”។ 22 ពួកយូដាក៏និយាយថា៖ “គាត់នឹងសម្លាប់ខ្លួនទេដឹង? ពីព្រោះគាត់ថា:‘អ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំទៅបានឡើយ’”។ 23 ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នាមកពីខាងក្រោម រីឯខ្ញុំវិញ ខ្ញុំមកពីខាងលើ។ អ្នករាល់គ្នាជារបស់ពិភពលោកនេះ រីឯខ្ញុំវិញ ខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ។ 24 ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាហើយថា: ‘អ្នករាល់គ្នានឹងស្លាប់ក្នុងបាបរបស់ខ្លួន’។ ជាការពិត ប្រសិនបើអ្នករាល់គ្នាមិនជឿថា គឺខ្ញុំហ្នឹងហើយជាព្រះអង្គនោះទេ អ្នករាល់គ្នានឹងស្លាប់ក្នុងបាបរបស់ខ្លួន ”។ 25 ពួកគេក៏សួរថា៖ “តើអ្នកជានរណា?”។ ព្រះយេស៊ូវមានបន្ទូលថា៖“គឺអ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នាតាំងពីដំបូងមកម្ល៉េះ។ 26 ទាក់ទងនឹងអ្នករាល់គ្នា ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវនិយាយ និងត្រូវវិនិច្ឆ័យ ប៉ុន្តែព្រះអង្គដែលចាត់ខ្ញុំឲ្យមកគឺពិតត្រង់ ហើយអ្វីៗដែលខ្ញុំឮពីព្រះអង្គ ខ្ញុំក៏ប្រាប់សេចក្ដីទាំងនោះដល់មនុស្សលោក”។ 27 ពួកគេមិនយល់ថា ព្រះអង្គមានបន្ទូលនឹងពួកគេអំពីព្រះបិតាទេ។ 28 ដូច្នេះ ព្រះយេស៊ូវក៏មានបន្ទូលថា៖“ពេលអ្នករាល់គ្នាលើកកូនមនុស្សឡើង នោះអ្នករាល់គ្នានឹងយល់ថា គឺខ្ញុំហ្នឹងហើយជាព្រះអង្គនោះ ហើយខ្ញុំមិនធ្វើអ្វីមួយដោយខ្លួនខ្ញុំឡើយ ប៉ុន្តែខ្ញុំប្រាប់សេចក្ដីទាំងនេះ តាមដែលព្រះបិតាបានបង្រៀនខ្ញុំ។ 29 ព្រះអង្គដែលចាត់ខ្ញុំឲ្យមក គង់នៅជាមួយខ្ញុំ ព្រះអង្គមិនទុកខ្ញុំចោលតែម្នាក់ឯងឡើយ ពីព្រោះខ្ញុំធ្វើអ្វីដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច”។ សេចក្ដីពិត និងសេរីភាព 30 នៅពេលព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះ មានមនុស្សជាច្រើនបានជឿលើព្រះអង្គ។ 31 បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកយូដាដែលជឿលើព្រះអង្គថា៖“ប្រសិនបើអ្នករាល់គ្នាស្ថិតនៅក្នុងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំ។ 32 អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព”។ 33 ពួកគេទូលតបថា៖ “យើងខ្ញុំជាពូជពង្សរបស់អ័ប្រាហាំ ហើយមិនដែលធ្វើជាទាសកររបស់អ្នកណាទេ ម្ដេចក៏លោកនិយាយថា: ‘អ្នករាល់គ្នានឹងមានសេរីភាព’ ដូច្នេះ?”។ 34 ព្រះយេស៊ូវទ្រង់តបថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលប្រព្រឹត្តបាប ជាទាសកររបស់បាប។ 35 ទាសករមិនរស់នៅក្នុងផ្ទះជារៀងរហូតទេ គឺកូនវិញ ដែលរស់នៅជារៀងរហូត។ 36 ដូច្នេះ ប្រសិនបើព្រះបុត្រាបានរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព អ្នករាល់គ្នាប្រាកដជានឹងមានសេរីភាព។ 37 ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាពូជពង្សរបស់អ័ប្រាហាំ។ ប៉ុន្តែអ្នករាល់គ្នាចង់សម្លាប់ខ្ញុំ ពីព្រោះក្នុងអ្នករាល់គ្នា គ្មានកន្លែងសម្រាប់ពាក្យរបស់ខ្ញុំឡើយ។ 38 ខ្ញុំនិយាយអ្វីៗដែលខ្ញុំបានឃើញនៅឯព្រះបិតារបស់ខ្ញុំរីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាធ្វើអ្វីៗដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា”។ 39 ពួកគេទូលតបថា៖ “ឪពុករបស់យើងខ្ញុំគឺអ័ប្រាហាំ!”។ ព្រះយេស៊ូវមានបន្ទូលថា៖“ប្រសិនបើអ្នករាល់គ្នាជាកូនចៅរបស់អ័ប្រាហាំមែន អ្នករាល់គ្នាមុខជាធ្វើកិច្ចការដែលអ័ប្រាហាំបានធ្វើនោះមិនខាន។ 40 ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាចង់សម្លាប់ខ្ញុំ ជាអ្នកដែលប្រាប់សេចក្ដីពិតដល់អ្នករាល់គ្នា ជាសេចក្ដីពិតដែលខ្ញុំបានឮពីព្រះ។ អ័ប្រាហាំមិនបានធ្វើដូច្នេះទេ។ 41 អ្នករាល់គ្នាកំពុងធ្វើកិច្ចការដែលឪពុករបស់អ្នករាល់គ្នាបានធ្វើ”។ ពួកគេទូលថា៖ “យើងខ្ញុំមិនមែនកើតមកពីអំពើអសីលធម៌ខាងផ្លូវភេទទេ យើងខ្ញុំមានឪពុកម្នាក់ គឺព្រះ”។ 42 ព្រះយេស៊ូវមានបន្ទូលថា៖“ប្រសិនបើព្រះជាឪពុករបស់អ្នករាល់គ្នាមែន ម្ល៉េះសមអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ពីព្រោះខ្ញុំបានចេញពីព្រះ ហើយក៏មកដល់ទីនេះ។ ជាការពិត ខ្ញុំមិនមែនមកដោយខ្លួនខ្ញុំទេ គឺព្រះអង្គនោះបានចាត់ខ្ញុំឲ្យមក។ 43 ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់សម្ដីរបស់ខ្ញុំ? គឺដោយព្រោះអ្នករាល់គ្នាមិនអាចស្ដាប់ពាក្យរបស់ខ្ញុំបាន។ 44 អ្នករាល់គ្នាមានឪពុកជាមារ ហើយអ្នករាល់គ្នាចង់ប្រព្រឹត្តតាមចំណង់របស់ឪពុកអ្នករាល់គ្នា។ វាជាឃាតករតាំងពីដើមមក ហើយវាមិនឈរនៅក្នុងសេចក្ដីពិតទេ ពីព្រោះសេចក្ដីពិតមិននៅក្នុងវាឡើយ។ នៅពេលវានិយាយកុហក វានិយាយចេញពីចរិតខ្លួនវា ពីព្រោះវាជាអ្នកភូតភរ ហើយជាឪពុកនៃសេចក្ដីភូតភរ។ 45 ប៉ុន្តែដោយសារខ្ញុំនិយាយសេចក្ដីពិត អ្នករាល់គ្នាមិនជឿខ្ញុំទេ។ 46 តើនរណាក្នុងអ្នករាល់គ្នាអាចថ្កោលទោសខ្ញុំអំពីបាបបាន? ប្រសិនបើខ្ញុំនិយាយសេចក្ដីពិត ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? 47 អ្នកដែលជារបស់ព្រះ ស្ដាប់ព្រះបន្ទូលរបស់ព្រះ។ នេះជាហេតុដែលអ្នករាល់គ្នាមិនស្ដាប់ព្រះបន្ទូលរបស់ព្រះ គឺដោយសារអ្នករាល់គ្នាមិនមែនជារបស់ព្រះ”។ ព្រះយេស៊ូវ និងអ័ប្រាហាំ 48 ពួកយូដាតបនឹងព្រះអង្គថា៖ “ដែលយើងនិយាយថា អ្នកជាជនជាតិសាម៉ារី ហើយមានអារក្សចូល តើមិនត្រូវទេឬ?”។ 49 ព្រះយេស៊ូវទ្រង់តបថា៖“ខ្ញុំគ្មានអារក្សចូលទេ។ ខ្ញុំគោរពព្រះបិតារបស់ខ្ញុំ ប៉ុន្តែអ្នករាល់គ្នាបង្អាប់បង្អោនខ្ញុំ។ 50 ខ្ញុំមិនស្វែងរកសិរីរុងរឿងសម្រាប់ខ្លួនខ្ញុំទេ គឺមានព្រះអង្គដែលស្វែងរក និងវិនិច្ឆ័យឲ្យ។ 51 ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះមិនឃើញសេចក្ដីស្លាប់សោះឡើយ គឺជារៀងរហូត”។ 52 ពួកយូដានិយាយថា៖ “ឥឡូវនេះយើងដឹងហើយថា អ្នកមានអារក្សចូលមែន។ អ័ប្រាហាំ និងបណ្ដាព្យាការីបានស្លាប់ហើយ ប៉ុន្តែអ្នកថា:‘ប្រសិនបើអ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះមិនភ្លក់សេចក្ដីស្លាប់សោះឡើយ គឺជារៀងរហូត’។ 53 អ្នកមិនធំជាងអ័ប្រាហាំដូនតារបស់យើងទេ មែនទេ? អ័ប្រាហាំបានស្លាប់ ហើយបណ្ដាព្យាការីក៏ស្លាប់ដែរ។ តើអ្នកតាំងខ្លួនជានរណា?”។ 54 ព្រះយេស៊ូវទ្រង់តបថា៖“ប្រសិនបើខ្ញុំលើកតម្កើងសិរីរុងរឿងឲ្យខ្លួនខ្ញុំ សិរីរុងរឿងរបស់ខ្ញុំគ្មានតម្លៃទេ គឺព្រះបិតារបស់ខ្ញុំទេតើ ដែលលើកតម្កើងសិរីរុងរឿងដល់ខ្ញុំ ហើយជាព្រះអង្គដែលអ្នករាល់គ្នាថា: ‘ជាព្រះនៃយើង’។ 55 អ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ រីឯខ្ញុំវិញ ខ្ញុំស្គាល់ព្រះអង្គ។ ប្រសិនបើខ្ញុំថាខ្ញុំមិនស្គាល់ព្រះអង្គ ខ្ញុំនឹងក្លាយជាអ្នកភូតភរដូចអ្នករាល់គ្នាដែរ ប៉ុន្តែខ្ញុំស្គាល់ព្រះអង្គ ហើយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។ 56 អ័ប្រាហាំដូនតារបស់អ្នករាល់គ្នាបានត្រេកអរ ដែលលោកនឹងឃើញថ្ងៃរបស់ខ្ញុំ។ លោកបានឃើញ ហើយក៏អរសប្បាយ”។ 57 ពួកយូដាតបនឹងព្រះអង្គថា៖ “អ្នកមិនទាន់មានអាយុហាសិបឆ្នាំផង តើអ្នកធ្លាប់ឃើញអ័ប្រាហាំឬ?”។ 58 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មុនអ័ប្រាហាំបានកើតមក គឺមានខ្ញុំហើយ”។ 59 ដូច្នេះ ពួកគេរើសដុំថ្មដើម្បីគប់ព្រះអង្គ ប៉ុន្តែព្រះយេស៊ូវត្រូវបានបំបាំងព្រះកាយ ហើយយាងចេញពីព្រះវិហារបាត់ទៅ៕ |