Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ យ៉ូហាន 5 - ព្រះគម្ពីរខ្មែរសាកល

1 អស់អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ អ្នកនោះ​បាន​កើតមក​ពី​ព្រះ​។ អស់អ្នក​ដែល​ស្រឡាញ់​ព្រះបិតា​ដែល​បង្កើត​ខ្លួន​មក ក៏​ស្រឡាញ់​អ្នក​ដែល​កើតមក​ពី​ព្រះបិតា​ដែរ។

2 យើង​ដឹង​ថា យើង​ស្រឡាញ់​កូន​របស់​ព្រះ ដោយសារតែការនេះ​ឯង គឺ​កាលណា​យើង​ស្រឡាញ់​ព្រះ ហើយ​ប្រព្រឹត្តតាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ​។

3 ជាការពិត នេះ​ជា​សេចក្ដីស្រឡាញ់របស់ព្រះ គឺឲ្យ​យើង​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ​។ រីឯ​សេចក្ដីបង្គាប់​របស់​ព្រះអង្គ​មិនមែន​ជា​បន្ទុកធ្ងន់​ទេ

4 ដ្បិត​អស់អ្នក​ដែល​កើតមក​ពី​ព្រះ សុទ្ធតែ​ឈ្នះ​លើ​ពិភពលោក​។ នេះ​ហើយ ជា​ជ័យជម្នះ​ដែល​ឈ្នះ​លើ​ពិភពលោក គឺ​ជំនឿ​របស់យើង​។

5 តើ​នរណា​ជា​អ្នក​ដែល​ឈ្នះ​លើ​ពិភពលោក​? មិនមែន​អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះបុត្រារបស់ព្រះ​ទេឬ​?


ទីបន្ទាល់ដែលមកពីព្រះ

6 នេះ​ហើយ ជា​ព្រះអង្គ​ដែល​យាង​មក​ដោយ​ទឹក និង​ឈាម គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។ ព្រះអង្គ​បាន​យាង​មក​មិនគ្រាន់តែ​ដោយ​ទឹក​ប៉ុណ្ណោះទេ គឺ​ដោយ​ទឹក និង​ឈាម រីឯ‍ព្រះវិញ្ញាណ​ជា​អ្នក​ដែល​ធ្វើបន្ទាល់ ដ្បិត​ព្រះវិញ្ញាណ​ជា​សេចក្ដីពិត​។

7 ជាការពិត មាន​បី​ដែល​ធ្វើបន្ទាល់

8 គឺ​ព្រះវិញ្ញាណ ទឹក និង​ឈាម ហើយ‍ទាំង​បី​នេះ​គឺ​ស្របគ្នា​។

9 ប្រសិនបើ​យើង​ទទួលយក​ទីបន្ទាល់​របស់​មនុស្ស​ទៅហើយ នោះ​ទីបន្ទាល់​របស់​ព្រះ​រឹតតែប្រសើរជាងទៅទៀត ដ្បិត​នេះ​ជា​ទីបន្ទាល់​របស់​ព្រះ ដែល​ព្រះអង្គ​បាន​ធ្វើបន្ទាល់​អំពី​ព្រះបុត្រា​របស់​ព្រះអង្គ។

10 អ្នក​ដែល​ជឿលើ​ព្រះបុត្រារបស់ព្រះ មាន​ទីបន្ទាល់​នេះ​នៅក្នុង​ខ្លួន រីឯ​អ្នក​ដែល​មិន​ជឿ​ព្រះ បាន​ធ្វើឲ្យ​ព្រះអង្គ​ទៅជា​អ្នកភូតភរ ពីព្រោះ​អ្នកនោះ​មិន​បាន​ជឿលើ​ទីបន្ទាល់ដែល​ព្រះ​បាន​ធ្វើបន្ទាល់​អំពី​ព្រះបុត្រា​របស់​ព្រះអង្គ។

11 ទីបន្ទាល់​នោះ​គឺ​ថា ព្រះ​បាន​ប្រទាន​ជីវិតអស់កល្បជានិច្ច​ដល់​យើង ហើយ​ជីវិត​នេះ​ស្ថិតនៅ​ក្នុង​ព្រះបុត្រា​របស់​ព្រះអង្គ។

12 អ្នក​ដែល​មាន​ព្រះបុត្រា ក៏​មាន​ជីវិត​ដែរ រីឯ​អ្នក​ដែល​គ្មាន​ព្រះបុត្រារបស់ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ។

13 ខ្ញុំ​បាន​សរសេរ​សេចក្ដីទាំងនេះ​មក​អ្នករាល់គ្នា ដែល​ជឿលើ​ព្រះនាម​ព្រះបុត្រារបស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា អ្នករាល់គ្នា​មាន​ជីវិតអស់កល្បជានិច្ច‍។


ការអធិស្ឋានដ៏មានប្រសិទ្ធភាព

14 នេះ​ជា​ទំនុកចិត្ត​ដែល​យើង​មាន​ចំពោះ​ព្រះ គឺថា​ប្រសិនបើ​យើង​ទូល​សុំ​អ្វី​ស្របតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​សណ្ដាប់​យើង‍។

15 ប្រសិនបើ​យើង​បាន​ដឹង​ថា ព្រះអង្គ​សណ្ដាប់​យើង​នូវ​អ្វីក៏ដោយដែល​យើង​ទូល​សុំ នោះ​យើង​ក៏​ដឹង​ថា យើង​ទទួលបាន​អ្វីដែល​យើង​បាន​ទូល​សុំ​ពី​ព្រះអង្គ​រួចស្រេច​ទៅហើយ។

16 ប្រសិនបើ​អ្នកណា​ឃើញ​បងប្អូន​របស់​ខ្លួន​ប្រព្រឹត្តបាប​ដែល​មិន​នាំទៅ​សេចក្ដីស្លាប់ អ្នកនោះ​ត្រូវ​ទូល​សុំ នោះ​ព្រះ​នឹង​ប្រទាន​ជីវិត​ឲ្យ​គាត់ គឺ​ប្រទាន​ឲ្យ​អ្នក​ដែល​ប្រព្រឹត្តបាប​ដែល​មិន​នាំទៅ​សេចក្ដីស្លាប់​។ មាន​បាប​ដែល​នាំទៅ​សេចក្ដីស្លាប់​; ចំពោះ​បាប​នោះ ខ្ញុំ​មិន​ប្រាប់​អ្នករាល់គ្នា​ឲ្យ​ទូល​សុំ​ទេ‍។

17 គ្រប់ទាំង​សេចក្ដីទុច្ចរិត​ជា​បាប ប៉ុន្តែ​មាន​បាប​ដែល​មិន​នាំទៅ​សេចក្ដីស្លាប់​ដែរ​។


សរុបសេចក្ដី

18 យើង​ដឹង​ហើយ​ថា អស់អ្នក​ដែល​កើតមក​ពី​ព្រះ មិន​ប្រព្រឹត្តបាប​ទេ គឺ​ព្រះអង្គ​ដែល​ប្រសូត​ពី​ព្រះ រក្សា​អ្នកនោះ ហើយ​មេអាក្រក់​ក៏​មិន​ប៉ះ​អ្នកនោះ​ឡើយ​។

19 យើង​ដឹង​ហើយ​ថា យើង​ជារបស់​ព្រះ រីឯ​ពិភពលោក​ទាំងមូល​ចុះចូល​នៅក្រោម​មេអាក្រក់​។

20 យើង​ក៏​ដឹង​ដែរ​ថា ព្រះបុត្រារបស់ព្រះ​បាន​យាង​មក ព្រមទាំង​ប្រទាន​ការយល់ដឹង​ដល់​យើង ដើម្បីឲ្យ​យើង​ស្គាល់​ព្រះអង្គ​ដ៏ពិត​។ យើង​ស្ថិតនៅក្នុង​ព្រះអង្គ​ដ៏ពិត គឺ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ‍។ ព្រះអង្គនេះ​ហើយ ជា​ព្រះ​ពិត និង​ជា​ជីវិតអស់កល្បជានិច្ច​។

21 កូន​រាល់គ្នា​អើយ ចូរ​រក្សា​ខ្លួន​ឲ្យផុត​ពី​រូបបដិមាករ​៕​៚

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម