Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូហាន 11 - ព្រះគម្ពីរខ្មែរសាកល


មរណភាពរបស់ឡាសារ

1 មាន​បុរស​ម្នាក់​មានជំងឺ គាត់​ឈ្មោះ​ឡាសារ នៅ​បេថានី​ជា​ភូមិ​របស់​ម៉ារា និង​ម៉ាថា​បងស្រី​របស់​នាង​។

2 ម៉ារា​នេះហើយ ជា​ម្នាក់​ដែល​លាប​ប្រេងក្រអូប​លើ​ព្រះអម្ចាស់ ហើយ​ជូត​ព្រះបាទា​ព្រះអង្គ​ដោយ​សក់​របស់​នាង គឺ​ឡាសារ​ប្អូនប្រុស​របស់​នាង​ដែល​កំពុង​ឈឺ​។

3 ដូច្នេះ បងប្អូនស្រី​ទាំងពីរ​នាក់​ក៏​បញ្ជូន​ដំណឹង​ទៅ​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​អើយ មើល៍! អ្នកដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​កំពុង​ឈឺ”។

4 ព្រះយេស៊ូវ​ទ្រង់​ឮ​ដូច្នេះ ក៏​មានបន្ទូលថា​៖“ជំងឺ​នេះ​មិន​ដល់​សេចក្ដីស្លាប់​ទេ គឺ​សម្រាប់​សិរីរុងរឿង​របស់​ព្រះ​វិញ ដើម្បីឲ្យ​ព្រះបុត្រារបស់ព្រះ​បាន​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​តាមរយៈ​ការនេះ”។

5 ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់​ម៉ាថា និង​ប្អូនស្រី​របស់​នាង ព្រមទាំង​ឡាសារ​។

6 ដូច្នេះ នៅពេល​ព្រះអង្គ​ទ្រង់​ឮ​ថា​ឡាសារ​កំពុង​ឈឺ ព្រះអង្គ​ក៏​នៅតែគង់​នៅ​កន្លែងដដែល​នោះ​ពីរ​ថ្ងៃ​ទៀត​។

7 បន្ទាប់ពីការនេះ ព្រះអង្គ​មានបន្ទូល​នឹង​ពួក​សិស្ស​ថា​៖“យើង​នាំគ្នា​ទៅ​យូឌា​ម្ដងទៀត”។

8 ពួក​សិស្ស​ទូលថា​៖ “រ៉ាប៊ី ពួកយូដា​ទើបតែ​ចង់​គប់ដុំថ្មសម្លាប់​លោក តើ​លោក​ទៅ​ទីនោះ​ម្ដងទៀត​ឬ​?”។

9 ព្រះយេស៊ូវ​ទ្រង់​តបថា​៖“តើ​ក្នុង​មួយ​ថ្ងៃ​មិន​មាន​ដប់ពីរ​ម៉ោង​ទេ​ឬ​? ប្រសិនបើ​អ្នកណា​ដើរ​នៅ​ពេលថ្ងៃ អ្នកនោះ​មិន​ជំពប់​ឡើយ ពីព្រោះ​គេ​ឃើញ​ពន្លឺ​របស់​ពិភពលោកនេះ​។

10 ប៉ុន្តែ​ប្រសិនបើ​អ្នកណា​ដើរ​នៅ​ពេលយប់ អ្នកនោះ​ជំពប់​វិញ ពីព្រោះ​ពន្លឺ​មិន​នៅ​ក្នុង​អ្នកនោះ​ទេ”។

11 បន្ទាប់ពី​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ឡាសារ​មិត្តសម្លាញ់​របស់យើង​បាន​ដេកលក់​ហើយ ខ្ញុំ​នឹង​ទៅ​ដាស់​គាត់”។

12 ពួក​សិស្ស​ទូល​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់ ប្រសិនបើ​គាត់​បាន​ដេកលក់​ហើយ គាត់​មុខជា​ជាសះស្បើយ​មិនខាន”។

13 តាមពិត ព្រះយេស៊ូវ​មានបន្ទូល​អំពី​ការស្លាប់​របស់​ឡាសារ​ទេ ប៉ុន្តែ​ពួកគេ​គិត​ថា ព្រះអង្គ​មានបន្ទូល​អំពី​ការដេក​សម្រាក​។

14 ដូច្នេះ ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​យ៉ាងច្បាស់​ថា​៖“ឡាសារ​ស្លាប់​ហើយ​។

15 ខ្ញុំ​អរសប្បាយ​ជំនួស​អ្នករាល់គ្នា ដែល​ខ្ញុំ​មិន​បាន​នៅ​ទីនោះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជឿ​។ មក៍! យើង​នាំគ្នា​ទៅរក​គាត់”។

16 ថូម៉ាស​ដែល​គេ​ហៅថា​ឌីឌីម និយាយ​នឹង​សិស្សគ្នាឯង​ថា​៖ “មក៍! យើង​នាំគ្នា​ទៅ​ដែរ ដើម្បី​ស្លាប់​ជាមួយ​ព្រះអង្គ”។


សេចក្ដីរស់ឡើងវិញ និងជីវិត

17 នៅពេល​យាង​មក​ដល់ ព្រះយេស៊ូវ​ទ្រង់​ជ្រាបថា ឡាសារ​នៅ​ក្នុង​រូងផ្នូរ​បួន​ថ្ងៃ​ហើយ​។

18 បេថានី​នៅ​ជិត​យេរូសាឡិម ចម្ងាយ​ប្រមាណ​បីគីឡូម៉ែត្រ​។

19 មាន​ជនជាតិយូដា​ជាច្រើន​មករក​ម៉ាថា និង​ម៉ារា ដើម្បី​សម្រាលទុក្ខ​ពួកនាង​អំពី​ប្អូនប្រុស​។

20 នៅពេល​ម៉ាថា​ឮ​ថា​ព្រះយេស៊ូវ​យាង​មក នាង​ក៏​ទៅជួប​ព្រះអង្គ រីឯ​ម៉ារា​នៅតែ​អង្គុយ​ក្នុង​ផ្ទះ​។

21 ម៉ាថា​ទូល​ព្រះយេស៊ូវ​ថា​៖ “ព្រះអម្ចាស់​អើយ ប្រសិនបើ​ព្រះអង្គ​បាន​គង់នៅ​ទីនេះ ម្ល៉េះសម​ប្អូនប្រុស​របស់ខ្ញុំម្ចាស់​មិន​បាន​ស្លាប់​ទេ​។

22 ប៉ុន្តែ​ទោះបីជា​ឥឡូវនេះ​ក៏ដោយ ខ្ញុំម្ចាស់​ដឹង​ថា អ្វីៗក៏ដោយដែល​ព្រះអង្គ​សុំ​ពី​ព្រះ ព្រះ​នឹង​ប្រទាន​ឲ្យ​ព្រះអង្គ”។

23 ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖“ប្អូនប្រុស​របស់នាង​នឹង​រស់ឡើងវិញ”។

24 ម៉ាថា​ទូលថា​៖ “ខ្ញុំម្ចាស់​ដឹង​ហើយ​ថា ឡាសារ​នឹង​រស់ឡើងវិញ ក្នុង​ការរស់ឡើងវិញ​នៅ​ថ្ងៃចុងបញ្ចប់”។

25 ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖“គឺ​ខ្ញុំ​ជា​សេចក្ដីរស់ឡើងវិញ ហើយ​ជា​ជីវិត​។ អ្នក​ដែល​ជឿលើ​ខ្ញុំ​នឹង​រស់ ទោះបីជា​អ្នកនោះ​ស្លាប់​ហើយ​ក៏ដោយ

26 រីឯ​អស់អ្នក​ដែល​នៅរស់ ហើយ​ជឿលើ​ខ្ញុំ មិន​ស្លាប់​សោះឡើយ គឺ​ជារៀងរហូត​។ តើ​នាង​ជឿ​សេចក្ដីនេះ​ឬទេ​?”។

27 ម៉ាថា​ទូលថា​៖ “ច៎ា ព្រះអម្ចាស់ ខ្ញុំម្ចាស់​ជឿ​ហើយ​ថា​ព្រះអង្គ​ជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ ជា​ព្រះអង្គ​ដែល​យាង​មក​ក្នុង​ពិភពលោក”។


ព្រះយេស៊ូវទ្រង់បង្ហូរទឹកព្រះនេត្រ

28 នៅពេល​ម៉ាថា​ទូល​ដូច្នេះ​ហើយ នាង​ក៏​ចេញទៅ​ហៅ​ម៉ារា​ប្អូនស្រី​របស់​នាង ដោយស្ងាត់ៗ​ថា​៖ “លោកគ្រូ​មកដល់​ហើយ លោក​ហៅ​ប្អូនឯង”។

29 ពេល​ម៉ារា​ឮ​ដូច្នេះ ក៏​ក្រោកឡើង​ភ្លាម​ទៅរក​ព្រះអង្គ​។

30 រីឯ​ព្រះយេស៊ូវ​មិនទាន់​យាង​មក​ក្នុង​ភូមិ​នៅឡើយទេ គឺ​ព្រះអង្គ​នៅតែ​គង់នៅ​កន្លែង​ដែល​ម៉ាថា​បាន​ជួប​ព្រះអង្គ​។

31 ពួក​ជនជាតិយូដា​ដែល​កំពុង​នៅ​ជាមួយ​ម៉ារា​ក្នុង​ផ្ទះ​ដើម្បី​សម្រាលទុក្ខ​នាង ឃើញ​ថា​នាង​ក្រោកឡើង​ភ្លាម​ហើយ​ចេញទៅ ក៏​ទៅតាម​នាង​ដោយ​ស្មាន​ថា នាង​ទៅ​យំ​នៅ​រូងផ្នូរ​។

32 លុះ​ម៉ារា​មក​ដល់​កន្លែងដែល​ព្រះយេស៊ូវ​គង់នៅ ហើយ​ឃើញ​ព្រះអង្គ នាង​ក៏​ក្រាប​ទៀប​ព្រះបាទា​របស់​ព្រះអង្គ ទូលថា​៖ “ព្រះអម្ចាស់​អើយ ប្រសិនបើ​ព្រះអង្គ​បាន​គង់នៅ​ទីនេះ ម្ល៉េះសម​ប្អូនប្រុស​របស់ខ្ញុំម្ចាស់​មិន​បាន​ស្លាប់​ទេ”។

33 នៅពេល​ព្រះយេស៊ូវ​ទត​ឃើញ​ម៉ារា​យំ និង​ពួក​ជនជាតិយូដា​ដែល​មកជាមួយ​នាង​យំ ព្រះអង្គ​ក៏​រំជួល​ក្នុង​វិញ្ញាណ ហើយ​មានអំពល់​ក្នុង​អង្គទ្រង់

34 រួច​មានបន្ទូលថា​៖“តើ​អ្នករាល់គ្នា​ដាក់​ឡាសារ​នៅ​ឯណា​?”។ ពួកគេ​ទូលថា​៖ “ព្រះអម្ចាស់​អើយ សូមអញ្ជើញ​មក​មើល​ចុះ”។

35 ព្រះយេស៊ូវ​ទ្រង់​បង្ហូរទឹកព្រះនេត្រ​។

36 ដូច្នេះ ពួក​ជនជាតិយូដា​ក៏​និយាយថា​៖ “មើល៍! លោក​ស្រឡាញ់​គាត់​យ៉ាងណា​!”។

37 ប៉ុន្តែ​អ្នកខ្លះ​ក្នុង​ពួកគេ​និយាយថា​៖ “តើ​អ្នកនេះ​ដែល​បើក​ភ្នែក​របស់​មនុស្ស​ខ្វាក់ភ្នែក មិនអាច​ធ្វើ​ឲ្យ​ឡាសារ​មិន​ស្លាប់​បាន​ដែរ​ឬ​?”។


ការលើកឡាសារឲ្យរស់ឡើងវិញ

38 ព្រះយេស៊ូវ​ទ្រង់​រំជួល​ក្នុង​អង្គទ្រង់​ម្ដងទៀត ហើយក៏​យាង​ទៅដល់​រូងផ្នូរ​។ រូងផ្នូរនោះ​ជា​រអាងភ្នំ មាន​ថ្ម​មួយ​បិទ​នៅ​មាត់រូង​។

39 ព្រះយេស៊ូវ​មានបន្ទូលថា​៖“ចូរ​យក​ថ្ម​ចេញ”។ ម៉ាថា​បងស្រី​របស់​អ្នក​ដែល​ស្លាប់ ទូល​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់ សពនេះ​ធុំក្លិន​ហើយ ពីព្រោះ​ជា​ថ្ងៃទីបួន​ហើយ”។

40 ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖“តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា ប្រសិនបើ​នាង​ជឿ នាង​នឹង​ឃើញ​សិរីរុងរឿង​របស់​ព្រះ​ទេ​ឬ​?”។

41 ដូច្នេះ ពួកគេ​ក៏​យក​ថ្ម​ចេញ​។ ព្រះយេស៊ូវ​ទ្រង់​ងើបព្រះនេត្រ​ទៅលើ ហើយ​មានបន្ទូលថា​៖“ព្រះ​បិតា​អើយ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ​ដែល​ព្រះអង្គ​ទ្រង់​សណ្ដាប់​ទូលបង្គំ​។

42 ទូលបង្គំ​ដឹង​រួចហើយ​ថា ព្រះអង្គ​ទ្រង់​សណ្ដាប់​ទូលបង្គំ​ជានិច្ច ប៉ុន្តែ​ដោយសារតែ​ហ្វូងមនុស្ស​ដែល​ឈរនៅជុំវិញ បានជា​ទូលបង្គំ​ទូល​ដូច្នេះ ដើម្បីឲ្យ​ពួកគេ​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក”។

43 នៅពេល​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះអង្គ​ទ្រង់​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖“ឡាសារ​អើយ ចេញ​មក​!”។

44 អ្នក​ដែល​ស្លាប់​នោះ​ក៏​ចេញមក ទាំងមាន​សំពត់ស្នប​រុំ​ដៃ និង​ជើង ហើយ​មុខ​គាត់​ក៏​មាន​កន្សែង​រុំ​ដែរ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ចូរ​ស្រាយ​គាត់ ហើយ​ឲ្យ​គាត់​ទៅ​ចុះ”។


ផែនការធ្វើគុតព្រះយេស៊ូវ

45 មនុស្ស​ជាច្រើន​ក្នុង​ពួក​ជនជាតិយូដា​ដែល​មករក​ម៉ារា ហើយ​ឃើញ​អ្វីៗដែល​ព្រះអង្គ​បាន​ធ្វើ ក៏​ជឿលើ​ព្រះអង្គ​។

46 ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុង​ពួកគេ​ទៅរក​ពួកផារិស៊ី ហើយ​ប្រាប់​អំពី​អ្វីៗដែល​ព្រះយេស៊ូវ​បាន​ធ្វើ​។

47 ដូច្នេះ ពួក​នាយកបូជាចារ្យ និង​ពួកផារិស៊ី​ក៏​កោះប្រជុំ​ក្រុមប្រឹក្សា ហើយ​និយាយថា​៖ “តើ​យើង​កំពុង​ធ្វើ​អ្វី​? ពីព្រោះ​មនុស្ស​នេះ​កំពុង​ធ្វើ​ទីសម្គាល់​ជាច្រើន​។

48 ប្រសិនបើ​យើង​បណ្ដោយ​គាត់​ដូច្នេះ​ទៀត មនុស្ស​ទាំងអស់​នឹង​ជឿលើ​គាត់ ហើយ​ពួក​ជនជាតិរ៉ូម៉ាំង​នឹង​មក​យក​ទាំង​ទឹកដី​វិសុទ្ធ ទាំង​ប្រជាជាតិ​របស់យើង”។

49 ប៉ុន្តែ​ម្នាក់​ក្នុង​ពួកគេ ឈ្មោះ​កៃផាស ជា​មហាបូជាចារ្យ​នៅ​ឆ្នាំ​នោះ មានប្រសាសន៍​នឹង​ពួកគេ​ថា​៖ “អស់លោក​មិន​យល់​អ្វី​សោះ

50 ក៏មិន​ពិចារណា​ដែរ​ថា ដែល​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​ប្រជាជន ហើយ​ប្រជាជាតិ​ទាំងមូល​មិន​វិនាស ជាប្រយោជន៍​ដល់​អស់លោក”។

51 លោក​មានប្រសាសន៍​ដូច្នេះ មិនមែន​ចេញពី​ខ្លួនលោក​ទេ ប៉ុន្តែ​លោក​ជា​មហាបូជាចារ្យ​នៅ​ឆ្នាំ​នោះ បានជា​លោក​ព្យាករ​ថា ព្រះយេស៊ូវ​រៀបនឹង​សុគត​ជំនួស​ប្រជាជាតិ​នេះ

52 ហើយ​មិនគ្រាន់តែ​ជំនួស​ប្រជាជាតិ​នេះ​ប៉ុណ្ណោះទេ គឺ​ដើម្បី​ប្រមូល​កូន​របស់​ព្រះ​ដែល​ត្រូវបាន​កម្ចាត់កម្ចាយ ឲ្យ​រួមគ្នាតែមួយ​ផង​។

53 តាំងពី​ថ្ងៃ​នោះ​មក ពួកគេ​បាន​ពិគ្រោះគ្នា​ដើម្បី​ធ្វើគុត​ព្រះអង្គ​។

54 ដូច្នេះ ព្រះយេស៊ូវ​លែង​យាង​ដោយ​បើកចំហ​នៅក្នុងចំណោម​ជនជាតិយូដា​ទៀតឡើយ ប៉ុន្តែ​យាង​ចាកចេញ​ពីទីនោះ​ទៅ​ជនបទ​ជិត​ទីរហោស្ថាន ដល់​ទីក្រុង​មួយ​ដែល​គេ​ហៅថា​អេប្រាអិម ហើយ​ស្នាក់នៅ​ទីនោះ​ជាមួយ​ពួក​សិស្ស​។

55 បុណ្យរំលង​របស់​ជនជាតិយូដា​ជិត​មក​ដល់ហើយ​។ មាន​មនុស្ស​ជាច្រើន​ឡើង​ពី​ជនបទ​ទៅ​យេរូសាឡិម​មុន​ថ្ងៃបុណ្យ ដើម្បី​ជម្រះ​កាយ​ឲ្យបរិសុទ្ធ​។

56 ពួកគេ​រក​ព្រះយេស៊ូវ ហើយ​ពេល​ឈរ​នៅក្នុង​ព្រះវិហារ ពួកគេ​ក៏​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “អ្នករាល់គ្នា​គិត​ដូចម្ដេច​? លោក​ពិតជា​មិន​មក​ពិធីបុណ្យ​នេះ​ទេដឹង​?”។

57 រីឯ​ពួក​នាយកបូជាចារ្យ និង​ពួកផារិស៊ី​ចេញ​សេចក្ដីបង្គាប់​រួចហើយ​ថា ប្រសិនបើ​អ្នកណា​ដឹង​ថា​ព្រះអង្គ​គង់នៅ​ឯណា អ្នកនោះ​ត្រូវ​រាយការណ៍ ដើម្បីឲ្យ​ពួកគេ​ចាប់​ព្រះអង្គ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម