ទំនុកតម្កើង 68:8 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ផែនដីបានរញ្ជួយ ផ្ទៃមេឃបានបង្អុរភ្លៀង នៅចំពោះព្រះ គឺព្រះអង្គនៃភ្នំស៊ីណាយ នៅចំពោះព្រះ គឺព្រះនៃអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះផែនដីរញ្ជួយ ហើយមេឃក៏បង្អុរភ្លៀង នៅចំពោះព្រះ គឺព្រះនៃភ្នំស៊ីណាយ នៅចំពោះព្រះ ជាព្រះនៃសាសន៍អ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផែនដីរញ្ជួយ ផ្ទៃមេឃក៏បង្អុរភ្លៀង ចុះមកយ៉ាងខ្លាំងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល ដូចគ្រានៅភ្នំស៊ីណៃដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះផែនដីក៏ញ័រ ហើយមេឃក៏ធ្លាក់មកជាភ្លៀង នៅចំពោះទ្រង់ ភ្នំស៊ីណាយក៏កក្រើកញ័រ នៅចំពោះព្រះ គឺជាព្រះ នៃសាសន៍អ៊ីស្រាអែល អាល់គីតាប ផែនដីរញ្ជួយ ផ្ទៃមេឃក៏បង្អុរភ្លៀង ចុះមកយ៉ាងខ្លាំងនៅចំពោះអុលឡោះ ជាម្ចាស់របស់អ៊ីស្រអែល ដូចគ្រានៅភ្នំស៊ីណៃដែរ។ |
សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះនៃអ៊ីស្រាអែល ចាប់ពីអស់កល្បរហូតដល់អស់កល្ប។ អាម៉ែន! អាម៉ែន!៕
ឱព្រះអើយ ព្រះអង្គគួរឲ្យស្ញែងខ្លាចពីទីវិសុទ្ធរបស់ព្រះអង្គ! គឺព្រះនៃអ៊ីស្រាអែលហើយ ដែលប្រទានកម្លាំង និងអំណាចដល់ប្រជារាស្ត្រ។ សូមឲ្យមានព្រះពរដល់ព្រះ!៕
សំឡេងផ្គរលាន់របស់ព្រះអង្គនៅក្នុងខ្យល់កួច ផ្លេកបន្ទោរបានបំភ្លឺពិភពលោក ហើយផែនដីបានញ័រ ព្រមទាំងរញ្ជួយផង។
យើងនឹងឲ្យទ្រព្យសម្បត្តិដែលនៅទីងងឹត និងកំណប់ដែលនៅទីស្ងាត់កំបាំងដល់អ្នក ដើម្បីឲ្យអ្នកបានដឹងថា យើងជាយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល ដែលហៅអ្នកចំឈ្មោះ។
កាលព្រះអង្គបានធ្វើការគួរឲ្យស្ញែងខ្លាចដែលយើងខ្ញុំមិនបានរំពឹងសោះ នោះព្រះអង្គបានយាងចុះមក ហើយភ្នំទាំងឡាយបានរញ្ជួយនៅចំពោះព្រះអង្គ។
កាលនោះ ព្រះសូរសៀងព្រះអង្គបានធ្វើឲ្យផែនដីរញ្ជួយ ប៉ុន្តែឥឡូវនេះ ព្រះអង្គបានសន្យាថា:“យើងនឹងធ្វើឲ្យរញ្ជួយម្ដងទៀត មិនគ្រាន់តែផែនដីប៉ុណ្ណោះទេ គឺទាំងផ្ទៃមេឃដែរ”។
ពេលនោះ ព្រះវិហាររបស់ព្រះនៅស្ថានសួគ៌បានបើកឡើង ហើយឃើញមានហិបនៃសម្ពន្ធមេត្រីរបស់ព្រះអង្គនៅក្នុងព្រះវិហារ។ បន្ទាប់មក មានផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ រញ្ជួយផែនដី និងមានធ្លាក់ដុំទឹកកកធំ៕