ដំណាក់កាលចុងក្រោយនៃរាជ្យរបស់ណាពីទត សម្តេចអដូនីយ៉ាចង់ឡើងគ្រងរាជ្យ1 ស្តេចទតមានអាយុកាន់តែជរាណាស់ហើយ ទោះបីគេគ្រងអាវឲ្យគាត់ច្រើនជាន់យ៉ាងណាក្តី ក៏គាត់ពុំអាចកក់ក្តៅដែរ។ 2 ពេលនោះ ពួកនាម៉ឺនមន្ត្រីជម្រាបគាត់ថា៖ «សូមជម្រាបស្តេច! យើងខ្ញុំនឹងរកស្រីក្រមុំម្នាក់មកជូនស្តេច។ នាងនៅបម្រើ និងមើលថែទាំស្តេច ហើយនាងដេកនៅក្បែរស្តេច ដើម្បីឲ្យស្តេចបានកក់ក្តៅ»។ 3 ក្នុងទឹកដីអ៊ីស្រអែលទាំងមូល គេស្វែងរកបានស្រីក្រមុំដ៏ស្រស់ស្អាតម្នាក់ឈ្មោះនាងអប៊ីសាក នៅភូមិស៊ូណែម រួចនាំមកជូនទត។ 4 ស្រីក្រមុំនេះមានរូបឆោមល្អដាច់គេ នាងនៅថែទាំ និងជួបបម្រើស្តេចទត តែគាត់ពុំបានរួមរស់ជាមួយនាងទេ។ 5 នៅគ្រានោះ សម្តេចអដូនីយ៉ា ព្រមទាំងពលទាហានហាសិបនាក់ សម្រាប់រត់ពីមុខ។ 6 តាំងពីកើតមក បិតាមិនដែលស្តីបន្ទោស ឬក៏សួរថា “ហេតុអ្វីបានជាកូនប្រព្រឹត្តដូច្នេះ?”ឡើយ។ សម្តេចអដូនីយ៉ាមានរូបសម្បត្តិល្អស្អាត ហើយជាកូនម្នាក់ ដែលប្រសូតបន្ទាប់ពីសម្តេចអាប់សាឡុម។ 7 សម្តេចអដូនីយ៉ាបានពិភាក្សាជាមួយលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាមួយអ៊ីមុាំអបៀថើរ។ គេទាំងពីរក៏រួមគំនិតជាមួយសម្តេចអដូនីយ៉ា។ 8 ផ្ទុយទៅវិញ អ៊ីមុាំសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាណាពីណាថាន ព្រមទាំងលោកស៊ីម៉ៃ លោករេអ៊ី និងនាយទាហានដ៏អង់អាចរបស់ទត មិនបានចូលរួមជាមួយសម្តេចអដូនីយ៉ាទេ។ ណាពីណាថាន និងនាងបាតសេបាគាំទ្រណាពីស៊ូឡៃម៉ាន9 ថ្ងៃមួយ សម្តេចអដូនីយ៉ាបានរៀបចំពិធីបុណ្យមួយនៅ “ថ្មសូហេលែត” ជិតអេនរូកែលដោយសម្លាប់ចៀម និងគោ ព្រមទាំងកូនគោបំប៉នធ្វើគូរបាននៅទីនោះ។ សម្តេចអញ្ជើញបុត្រាទាំងប៉ុន្មានរបស់ស្តេចទត និងអញ្ជើញមេទ័ពទាំងអស់នៅស្រុកយូដា ដែលជាអ្នកបម្រើរបស់ទត មកចូលរួមក្នុងពិធីបុណ្យនោះ។ 10 ប៉ុន្តែ សម្តេចមិនអញ្ជើញណាពីណាថាន លោកបេណាយ៉ា ពួកនាយទាហានដ៏អង់អាច និងអញ្ជើញសម្តេចស៊ូឡៃម៉ាន ជាប្អូនមកចូលរួមទេ។ 11 ពេលនោះណាពីណាថាន ពោលទៅកាន់នាងបាតសេបា ជាម្តាយរបស់សម្តេចស៊ូឡៃម៉ានថា៖ «តើនាងមិនជ្រាបទេថា សម្តេចអដូនីយ៉ាជាកូនរបស់នាងហាគីតបានតាំងខ្លួនធ្វើជាស្តេច ប៉ុន្តែ ស្តេចទតជាអម្ចាស់មិនបានជ្រាបទេ។ 12 ឥឡូវនេះ ខ្ញុំសូមជូនយោបល់ដល់នាង ដើម្បីសង្គ្រោះជីវិតនាង និងជីវិតសម្តេចស៊ូឡៃម៉ាន ជាកូនរបស់នាង។ 13 សូមអញ្ជើញចូលទៅជួបស្តេចទត ហើយជម្រាបដូចតទៅ: “សូមជម្រាបស្តេច ស្តេចបានស្បថនឹងខ្ញុំថា ស៊ូឡៃម៉ាន ជាកូនរបស់ខ្ញុំនឹងឡើងគ្រងរាជ្យបន្តពីស្តេច គឺកូននេះហើយដែលនឹងនៅលើបល្ល័ង្ករបស់ស្តេច។ ហេតុអ្វីបានជាអដូនីយ៉ា ឡើងគ្រងរាជ្យទៅវិញ?”»។ 14 ណាពីណាថានពោលទៀតថា៖ «ពេលនាងជម្រាបទតចប់ហើយ ខ្ញុំក៏នឹងចូលទៅជួបគាត់តាមក្រោយដែរ ខ្ញុំនឹងបញ្ជាក់ពាក្យសំដីទាំងប៉ុន្មានដែលនាងបានជម្រាបនោះ»។ 15 នាងបាតសេបាក៏ចូលទៅជួបទត នៅក្នុងបន្ទប់គេង។ ពេលនោះគាត់មានអាយុជរាណាស់ហើយ ហើយនាងអប៊ីសាកជាអ្នកភូមិស៊ូណែមកំពុងតែនៅបម្រើទត។ 16 នាងបាតសេបាលុតជង្គង់គោរពទត ហើយទតសួរនាងថា៖ «តើនាងមានការអ្វី?»។ 17 នាងឆ្លើយថា៖ «ស្តេចបានស្បថនឹងខ្ញុំ ក្នុងនាមអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចថា ស៊ូឡៃម៉ានជាកូនរបស់ខ្ញុំ នឹងឡើងគ្រងរាជ្យបន្តពីស្តេច គឺកូននេះហើយដែលនឹងនៅលើបល្ល័ង្ករបស់ស្តេច។ 18 ប៉ុន្តែ ឥឡូវនេះ ម្តេចក៏អដូនីយ៉ាឡើងគ្រងរាជ្យទៅវិញ តើស្តេចពុំជ្រាបទេឬ? 19 អដូនីយ៉ាបានសម្លាប់គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើនធ្វើគូរបាន។ អដូនីយ៉ាបានអញ្ជើញបុត្រាទាំងប៉ុន្មានរបស់ស្តេច ព្រមទាំងអញ្ជើញអ៊ីមុាំអបៀថើរ និងលោកមេទ័ពយ៉ូអាប់ តែពុំបានអញ្ជើញស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចឲ្យទៅចូលរួមទេ។ 20 សូមជម្រាបស្តេច! ឥឡូវនេះ ប្រជាជនអ៊ីស្រអែលរង់ចាំតែស្តេចប្រកាសថា តើនរណានឹងឡើងស្នងរាជ្យបន្តពីស្តេច។ 21 បើមិនដូច្នោះទេ កាលណាស្តេចលាចាកលោកនេះទៅ នោះគេមុខជាចាត់ទុកខ្ញុំ និងស៊ូឡៃម៉ានជាកូនរបស់ខ្ញុំថាជាអ្នកទោសមិនខាន»។ 22 កាលនាងបាតសេបាកំពុងតែជម្រាបស្តេច នោះណាពីណាថាន ចូលមកដល់។ 23 គេទៅជម្រាបទតថា ណាពីណាថានអញ្ជើញមកដល់ហើយ។ ណាពីណាថានចូលជួបគាត់ដោយក្រាបគោរពអោនមុខដល់ដី។ 24 បន្ទាប់មក លោកមានប្រសាសន៍ថា៖ «សូមជម្រាបស្តេច! តើស្តេចឬដែលបានសម្រេចឲ្យសម្តេចអដូនីយ៉ា ឡើងគ្រងរាជ្យបន្តពីស្តេច ហើយនៅលើបល្ល័ង្ករបស់ស្តេច? 25 ដ្បិតថ្ងៃនេះ សម្តេចអដូនីយ៉ាទៅ “ថ្មសូហេលែត” ហើយសម្លាប់គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើន ធ្វើគូរបាន។ សម្តេចបានអញ្ជើញបុត្រាទាំងប៉ុន្មានរបស់ស្តេច ព្រមទាំងអញ្ជើញពួកមេទ័ព និងអ៊ីមុាំអបៀថើរទៅចូលរួមផង។ ឥឡូវនេះ ពួកគេកំពុងតែជប់លៀងជាមួយសម្តេចអដូនីយ៉ាទាំងស្រែកថា “ជយោស្តេចអដូនីយ៉ា!”។ 26 ប៉ុន្តែ សម្តេចមិនបានអញ្ជើញខ្ញុំ ជាអ្នកបម្រើរបស់ស្តេច ឬអ៊ីមុាំសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ហើយក៏មិនបានអញ្ជើញសម្តេចស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចទៅចូលរួមដែរ។ 27 តើស្តេចឬដែលបានសម្រេចតែងតាំងកូនឲ្យឡើងគ្រងរាជ្យបន្តពីស្តេច ដោយមិនឲ្យខ្ញុំទាំងអស់គ្នា ដែលជាអ្នកបម្រើដឹង?»។ ណាពីទតតែងតាំងណាពីស៊ូឡៃម៉ានឲ្យឡើងគ្រងរាជ្យ28 ស្តេចទតមានប្រសាសន៍ថា៖ «សូមអញ្ជើញនាងបាតសេបាមក!»។ នាងបាតសេបាចូលមកជួបគាត់។ 29 ពេលនោះ ស្តេចប្រាប់ថា៖ «យើងសូមស្បថ ក្នុងនាមអុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្បនៅ ហើយបានរំដោះយើងឲ្យរួចផុតពីគ្រោះអាសន្នគ្រប់យ៉ាង! 30 ថ្ងៃនេះ យើងសម្រេចតែងតាំងស៊ូឡៃម៉ាន ជាកូនរបស់នាងឲ្យឡើងគ្រងរាជ្យបន្តពីយើង គឺកូននេះហើយដែលនឹងនៅលើបល្ល័ង្ករបស់យើង ដូចយើងបានសន្យាជាមួយនាង ក្នុងនាមអុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែល»។ 31 នាងបាតសេបាក្រាបគោរពស្តេចទត អោនមុខដល់ដីទាំងជម្រាបថា៖ «សូមស្តេចទត ជាអម្ចាស់ ប្រកបដោយអាយុយឺនយូរ!»។ 32 បន្ទាប់មក ស្តេចទតមានប្រសាសន៍ថា៖ «សូមអញ្ជើញអ៊ីមុាំសាដុកណាពីណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាចូលមក»។ អស់អ្នកទាំងនោះក៏ចូលមកជួបគាត់។ 33 ទតបញ្ជាថា៖ «សូមប្រមូលអ្នកបម្រើរបស់យើងមក ហើយលើកស៊ូឡៃម៉ាន ជាកូនយើងឲ្យឡើងជិះលារបស់យើង រួចដង្ហែទៅប្រភពទឹកគីហុន។ 34 នៅទីនោះ អ៊ីមុាំសាដុក និងណាពីណាថាន ត្រូវតែងតាំងស៊ូឡៃម៉ាន ជាស្តេចស្រុកអ៊ីស្រអែល ហើយឲ្យគេផ្លុំត្រែឡើង ទាំងស្រែកថា “ជយោស្តេចស៊ូឡៃម៉ាន!” 35 ចូរដង្ហែស៊ូឡៃម៉ានចូលមកក្នុងក្រុងវិញ ឲ្យនៅលើបល្ល័ង្ករបស់យើង។ ស៊ូឡៃម៉ាននឹងគ្រងរាជ្យបន្តពីយើង គឺយើងតែងតាំងកូននេះ ឲ្យធ្វើជាមគ្គទេសក៍លើស្រុកអ៊ីស្រអែល និងស្រុកយូដា»។ 36 លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាជម្រាបស្តេចថា៖ «អាមីន! អុលឡោះតាអាឡាជាម្ចាស់របស់ស្តេច ទ្រង់មានបន្ទូលទុកដូច្នេះមែន។ 37 សូមអុលឡោះតាអាឡានៅជាមួយស្តេចស៊ូឡៃម៉ាន ដូចទ្រង់បាននៅជាមួយស្តេចដែរ! សូមទ្រង់ប្រទានឲ្យរាជ្យរបស់ស្តេចស៊ូឡៃម៉ានបានរុងរឿង លើសរាជ្យរបស់ស្តេចទតជាអម្ចាស់ទៅទៀត!»។ 38 អ៊ីមុាំសាដុក ណាពីណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពួកពេលេធីម នាំគ្នាលើកស្តេចស៊ូឡៃម៉ាន ឲ្យឡើងនៅលើខ្នងលារបស់ស្តេចទត ហើយដង្ហែទៅកាន់ប្រភពទឹកគីហុន។ 39 អ៊ីមុាំសាដុកយកស្នែងដាក់ប្រេងពីក្នុងជំរំសក្ការៈមក រួចតែងតាំងសម្តេចស៊ូឡៃម៉ាន ជាស្តេច។ ពេលនោះ គេក៏ផ្លុំត្រែ ហើយប្រជាជនទាំងមូលស្រែកឡើងថា៖ «ជយោ! ស្តេចស៊ូឡៃម៉ាន!»។ 40 ប្រជាជនទាំងមូលដង្ហែស្តេចចូលមកក្នុងក្រុងវិញ ទាំងផ្លុំខ្លុយ ហើយនាំគ្នាអបអរសាទរសប្បាយរីករាយក្រៃលែង។ សូរស័ព្ទរបស់ពួកគេបានលាន់ឮរំពងកក្រើកផែនដី។ ណាពីស៊ូឡៃម៉ានលើកលែងទោសសម្តេចអដូនីយ៉ា41 ពេលសម្តេចអដូនីយ៉ា ព្រមទាំងភ្ញៀវទាំងប៉ុន្មានដែលនៅជាមួយ ជប់លៀងរួចហើយ ក៏បានឮសូរស័ព្ទ។ លោកយ៉ូអាប់ឮស្នូរសំឡេងត្រែច្បាស់ ហើយសួរថា៖ «ហេតុអ្វីបានជាមានសំឡេងត្រែលាន់រំពងនៅក្នុងទីក្រុងដូច្នេះ?»។ 42 លោកយ៉ូអាប់កំពុងតែនិយាយនៅឡើយ ស្រាប់តែលោកយ៉ូណាថាន ជាកូនរបស់លោកអបៀថើរមកដល់។ សម្តេចអដូនីយ៉ាពោលថា៖ «សូមអញ្ជើញចូលមក មនុស្សគួរគោរពដូចលោកនេះ ពិតជានាំដំណឹងល្អមិនខាន»។ 43 លោកយ៉ូណាថានជម្រាបសម្តេចអដូនីយ៉ាវិញថា៖ «មិនមែនដូច្នេះទេ! ស្តេចទតបានតែងតាំងសម្តេចស៊ូឡៃម៉ាន ជាស្តេចហើយ។ 44 ទតចាត់អ៊ីមុាំសាដុក ណាពីណាថាន និងលោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពេលេធីមឲ្យលើកសម្តេចស៊ូឡៃម៉ាន ឡើងនៅលើខ្នងលារបស់គាត់ ហើយដង្ហែចេញទៅ។ 45 អ៊ីមុាំសាដុក និងណាពីណាថាន បានតែងតាំងសម្តេចស៊ូឡៃម៉ាន ជាស្តេច នៅត្រង់ប្រភពទឹកគីហុន។ ពួកគេឡើងពីទីនោះមកវិញ ដោយអំណរសប្បាយ ហើយប្រជាជននៅក្នុងទីក្រុងបន្លឺសំឡេងលាន់ឮរំពងដូចអស់អ្នកបានឮស្រាប់។ 46 លើសពីនេះ សម្តេចស៊ូឡៃម៉ានឡើងនៅលើរាជបល្ល័ង្ក 47 ហើយពួកនាម៉ឺនមន្ត្រីនាំគ្នាមកជូនពរស្តេចទត ដោយជម្រាបថា“សូមអុលឡោះជាម្ចាស់របស់ស្តេចប្រទានឲ្យសម្តេចស៊ូឡៃម៉ាន មានឈ្មោះល្បីល្បាញ ជាងឈ្មោះរបស់ស្តេចទៅទៀត។ សូមឲ្យរាជ្យរបស់សម្តេចស៊ូឡៃម៉ានបានរុងរឿង ជាងរាជ្យរបស់ស្តេច!”។ ពេលនោះស្តេចក៏ក្រាបគោរពនៅក្នុងបន្ទប់គេង 48 ហើយមានប្រសាសន៍ថា: “សូមអរគុណអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ដែលប្រោសប្រទានឲ្យមានអ្នកស្នងរាជ្យបន្តពីខ្ញុំ ហើយឲ្យខ្ញុំបានឃើញព្រឹត្តិការណ៍នេះ ផ្ទាល់នឹងភ្នែក”»។ 49 ឮដូច្នេះ ភ្ញៀវទាំងប៉ុន្មានរបស់សម្តេចអដូនីយ៉ា នាំគ្នាភ័យញ័រ ហើយប្រញាប់ប្រញាល់បែកខ្ញែកគ្នាអស់ទៅ។ 50 សម្តេចអដូនីយ៉ាភ័យខ្លាចស្តេចស៊ូឡៃម៉ានយ៉ាងខ្លាំង គាត់ក៏ប្រញាប់រត់ទៅតោងស្នែងអាសនៈ។ 51 មានគេមកជម្រាបស្តេចស៊ូឡៃម៉ានថា៖ «សម្តេចអដូនីយ៉ាភ័យខ្លាចណាស់ សម្តេចបានរត់ទៅតោងស្នែងអាសនៈទាំងពោលថា: សូមស្តេចស៊ូឡៃម៉ានស្បថឲ្យខ្ញុំនៅថ្ងៃនេះ ស្តេចនឹងមិនសម្លាប់ខ្ញុំដោយមុខដាវទេ!»។ 52 ស្តេចស៊ូឡៃម៉ានប្រាប់ថា៖ «ប្រសិនបើគេប្រព្រឹត្តដូចមនុស្សដែលគួរឲ្យគោរពមែន សូម្បីតែសក់មួយសរសៃ ក៏មិនជ្រុះពីក្បាលគេដែរ។ ប៉ុន្តែ ប្រសិនបើគេមានចិត្តអាក្រក់នោះគេនឹងត្រូវស្លាប់!»។ 53 ស្តេចស៊ូឡៃម៉ានចាត់គេ ឲ្យទៅអញ្ចើញសម្តេចអដូនីយ៉ាចុះពីអាសនៈ។ សម្តេចក៏ចូលទៅក្រាបគោរពស្តេចស៊ូឡៃម៉ាន ហើយស្តេចស៊ូឡៃម៉ានមានប្រសាសន៍ថា៖ «សូមបងត្រឡប់ទៅផ្ទះវិញចុះ»។ |
© 2014 United Bible Societies, UK.
United Bible Societies