ព្រះយេហូវ៉ាផ្ចាញ់ផ្ចាលបណ្ដាព្រះក្លែងក្លាយ1 “កោះទាំងឡាយអើយ ចូរនៅស្ងៀមនៅមុខយើងចុះ! ជាតិសាសន៍នានាអើយ ចូរមានកម្លាំងជាថ្មី! ចូរឲ្យគេចូលមកជិត រួចឲ្យគេនិយាយចុះ! ចូរឲ្យពួកយើងចូលទៅជាមួយគ្នាសម្រាប់ការកាត់ក្ដី។ 2 តើនរណាបានដាស់ម្នាក់ឡើងពីទិសខាងកើត ជាអ្នកដែលព្រះអង្គហៅដោយសេចក្ដីសុចរិតមកទៀបព្រះបាទារបស់ព្រះអង្គ? ព្រះអង្គទ្រង់ប្រគល់ប្រជាជាតិទាំងឡាយនៅចំពោះអ្នកនោះ ក៏ឲ្យបង្ក្រាបស្ដេចនានាផង។ អ្នកនោះធ្វើឲ្យពួកគេបានដូចជាធូលីដោយដាវរបស់ខ្លួន ហើយធ្វើឲ្យពួកគេបានដូចជាចំបើងដែលផាត់បាត់ទៅដោយធ្នូរបស់ខ្លួន។ 3 អ្នកនោះដេញចាប់ពួកគេ ក៏ទៅហួសដោយសុវត្ថិភាព តាមផ្លូវដែលជើងរបស់ខ្លួនមិនដែលជាន់។ 4 តើនរណាបានប្រព្រឹត្ត និងបានធ្វើការនេះ ទាំងហៅទៅកាន់ជំនាន់ទាំងឡាយតាំងពីដើមដំបូង? គឺយើងជាយេហូវ៉ាដែលជាដើម ហើយក៏នៅជាមួយនឹងចុងដែរ គឺយើងហ្នឹងហើយជាព្រះអង្គនោះ”។ 5 កោះទាំងឡាយបានឃើញ ក៏ភ័យខ្លាច ចុងបំផុតនៃផែនដីក៏ញ័ររន្ធត់; ពួកវាចូលមកជិត ក៏មកដល់។ 6 ម្នាក់ៗជួយអ្នកជិតខាងរបស់ខ្លួន ហើយនិយាយនឹងបងប្អូនរបស់ខ្លួនថា៖ “ចូរមានកម្លាំងឡើង!”។ 7 សិប្បករក៏លើកទឹកចិត្តជាងទង អ្នកដែលផែដោយញញួរ ក៏លើកទឹកចិត្តអ្នកដែលដំដែកទ្រនាប់ ដោយនិយាយអំពីការផ្សារថា៖ “នេះល្អហើយ!” ព្រមទាំងវាយភ្ជាប់ដោយដែកគោលមិនឲ្យរង្គើចេញឡើយ។ 8 រីឯអ្នកវិញ អ៊ីស្រាអែលអ្នកបម្រើរបស់យើងអើយ! យ៉ាកុបដែលយើងបានជ្រើសរើស ជាពូជពង្សរបស់អ័ប្រាហាំមិត្តសម្លាញ់របស់យើងអើយ! 9 គឺអ្នកហើយ ដែលយើងបានយកពីចុងបំផុតនៃផែនដី ជាអ្នកដែលយើងបានហៅមកពីទីឆ្ងាយបំផុត ដោយនិយាយនឹងអ្នកថា៖ “អ្នកជាអ្នកបម្រើរបស់យើង យើងបានជ្រើសរើសអ្នក ហើយមិនបានបោះបង់ចោលអ្នកទេ”។ 10 កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក; កុំស្រយុតចិត្តឡើយ ដ្បិតយើងជាព្រះរបស់អ្នក។ យើងនឹងធ្វើឲ្យអ្នកមាំមួនឡើងជាប្រាកដ យើងនឹងជួយអ្នកជាប្រាកដ យើងនឹងទ្រទ្រង់អ្នកដោយដៃស្ដាំដ៏សុចរិតរបស់យើង។ 11 មើល៍! អស់អ្នកដែលក្ដៅក្រហាយទាស់នឹងអ្នក នឹងអាម៉ាស់មុខ ហើយអៀនខ្មាស មនុស្សដែលតតាំងនឹងអ្នក នឹងបានដូចជាភាពទទេ ហើយវិនាសទៅ។ 12 អ្នកនឹងស្វែងរកពួកគេ គឺពួកមនុស្សដែលតតាំងនឹងអ្នក ប៉ុន្តែរកពួកគេមិនឃើញឡើយ ពួកមនុស្សដែលច្បាំងនឹងអ្នក នឹងបានដូចជាភាពទទេ ហើយដូចជាគ្មានផង។ 13 ដ្បិតយើងគឺយេហូវ៉ា ជាព្រះរបស់អ្នក យើងនឹងកាន់ដៃស្ដាំរបស់អ្នក ទាំងនិយាយនឹងអ្នកថា៖ “កុំខ្លាចឡើយ យើងនឹងជួយអ្នក”។ 14 យ៉ាកុបជាដង្កូវអើយ មនុស្សនៃអ៊ីស្រាអែលអើយ កុំខ្លាចឡើយ យើងនឹងជួយអ្នក! ព្រះប្រោសលោះរបស់អ្នកជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល! នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ 15 មើល៍! យើងបានធ្វើឲ្យអ្នកទៅជាក្ដារបញ្ជាន់ដ៏ថ្មី ហើយមុត ដែលមានធ្មេញច្រើន។ អ្នកនឹងបញ្ជាន់ភ្នំទាំងឡាយ ហើយកិនពួកវាម៉ដ្ដ ក៏នឹងធ្វើឲ្យទីទួលនានាបានដូចជាអង្កាមផង។ 16 អ្នកនឹងអុំពួកវាចេញ ហើយខ្យល់នឹងផាត់ពួកវាទៅ ខ្យល់ព្យុះក៏នឹងកម្ចាត់កម្ចាយពួកវាទៅដែរ រីឯអ្នកវិញ អ្នកនឹងត្រេកអរក្នុងព្រះយេហូវ៉ា អ្នកនឹងអួតក្នុងអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។ 17 មនុស្សទ័លក្រ និងមនុស្សខ្វះខាតនឹងស្វែងរកទឹក ប៉ុន្តែគ្មានសោះ អណ្ដាតរបស់ពួកគេស្ងួតទៅដោយព្រោះការស្រេកទឹក។ យើងជាយេហូវ៉ា យើងនឹងឆ្លើយតបនឹងពួកគេ យើងជាព្រះនៃអ៊ីស្រាអែល យើងនឹងមិនបោះបង់ចោលពួកគេឡើយ។ 18 យើងនឹងបើកឲ្យមានទន្លេនៅលើទីទួលត្រងិល ក៏នឹងបើកឲ្យមានរន្ធទឹកនៅកណ្ដាលជ្រលងភ្នំ យើងនឹងធ្វើឲ្យទីរហោស្ថានទៅជាស្រះទឹក ក៏នឹងធ្វើឲ្យដីហួតហែងទៅជាប្រភពទឹក។ 19 យើងនឹងដាក់ដើមស៊ីដា ដើមអាកាស្យា ដើមមឺថល និងដើមអូលីវនៅទីរហោស្ថាន យើងនឹងដាក់ដើមស្រល់ ដើមស្រល់ក្រហម និងដើមស្រល់ធំជាមួយគ្នានៅវាលខ្សាច់ 20 ដើម្បីឲ្យគេបានឃើញ និងដឹង ព្រមទាំងពិចារណា ហើយចាប់ភ្លឹកជាមួយគ្នាថា ព្រះហស្តរបស់ព្រះយេហូវ៉ាបានធ្វើការនេះ ហើយថា អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលបាននិម្មិតបង្កើតការនេះ។ 21 ព្រះយេហូវ៉ាមានបន្ទូលថា៖ “ចូរបង្ហាញរឿងក្ដីរបស់អ្នករាល់គ្នាមក៍!”។ ព្រះមហាក្សត្រនៃយ៉ាកុបមានបន្ទូលថា៖ “ចូរនាំភស្តុតាងរបស់អ្នករាល់គ្នាមក៍!”។ 22 ចូរឲ្យពួកគេនាំសេចក្ដីទាំងនោះមក ហើយប្រាប់ពួកយើងអំពីអ្វីដែលនឹងកើតឡើង។ ចូរប្រាប់អំពីការពីមុនថាតើវាជាយ៉ាងណា ដើម្បីឲ្យពួកយើងបានពិចារណា ឲ្យដឹងចុងបញ្ចប់នៃការទាំងនោះ ឬចូរប្រកាសដល់ពួកយើងនូវអ្វីដែលនឹងមកដល់ចុះ។ 23 ចូរប្រាប់អំពីអ្វីដែលនឹងមកដល់នៅពេលក្រោយ ដើម្បីឲ្យពួកយើងដឹងថាអ្នករាល់គ្នាជាព្រះ! មែនហើយ ចូរធ្វើល្អ ឬធ្វើអាក្រក់ ដើម្បីឲ្យពួកយើងភ្ញាក់ផ្អើល ហើយស្រឡាំងកាំងជាមួយគ្នា។ 24 មើល៍! អ្នករាល់គ្នាគ្មានតម្លៃសោះ ហើយកិច្ចការរបស់អ្នករាល់គ្នាក៏អន់ជាងគ្មានតម្លៃទៅទៀត; អ្នកណាក៏ដោយដែលជ្រើសរើសអ្នករាល់គ្នា គឺជាទីស្អប់ខ្ពើម! 25 យើងបានដាស់ម្នាក់ឡើងពីទិសខាងជើង ហើយអ្នកនោះក៏មក។ អ្នកនោះស្រែកហៅនាមរបស់យើងពីតំបន់ថ្ងៃរះ ហើយជាន់ពួកអ្នកដឹកនាំដូចជាន់ភក់ ក៏ដូចជាជាងស្មូនជាន់ដីឥដ្ឋ។ 26 តើនរណាបានប្រកាសតាំងពីដើមដំបូង ដើម្បីឲ្យពួកយើងបានដឹង ក៏ប្រកាសតាំងពីមុន ដើម្បីឲ្យពួកយើងបាននិយាយថា៖ “ត្រឹមត្រូវហើយ”? គ្មានអ្នកណាប្រកាសសោះ គ្មានអ្នកណាផ្សព្វផ្សាយសោះ គ្មានអ្នកណាឮពាក្យសម្ដីរបស់អ្នករាល់គ្នាសោះ! 27 គឺយើងទេតើ ដែលប្រាប់ស៊ីយ៉ូនមុនគេថា៖ “មើល៍! ន៏ ពួកគេ!” ហើយផ្ដល់អ្នកប្រកាសដំណឹងល្អម្នាក់ដល់យេរូសាឡិម។ 28 ប៉ុន្តែនៅពេលយើងសង្កេតមើល គ្មាននរណាឡើយ; ក្នុងចំណោមពួកវា គ្មានទីប្រឹក្សាដែលអាចផ្ដល់ចម្លើយមកវិញបានឡើយ នៅពេលយើងសួរពួកវា។ 29 មើល៍! ពួកវាសុទ្ធតែឥតប្រយោជន៍ កិច្ចការរបស់ពួកវាឥតន័យ រូបសិតរបស់ពួកវាជាខ្យល់ និងជាភាពទទេ៕ |