ទំនាយទាស់នឹងអេហ្ស៊ីប1 នេះជាទំនាយស្ដីអំពីអេហ្ស៊ីប: មើល៍! ព្រះយេហូវ៉ានឹងគង់លើពពកដ៏លឿន យាងមកអេហ្ស៊ីប។ បណ្ដារូបបដិមាករឥតប្រយោជន៍របស់អេហ្ស៊ីបនឹងញាប់ញ័រនៅចំពោះព្រះអង្គ ហើយចិត្តរបស់ជនជាតិអេហ្ស៊ីបនឹងរលាយនៅក្នុងខ្លួនគេ។ 2 “យើងនឹងពន្យុះជនជាតិអេហ្ស៊ីបឲ្យទាស់នឹងជនជាតិអេហ្ស៊ីប ម្នាក់ៗនឹងច្បាំងនឹងបងប្អូនរបស់ខ្លួន ម្នាក់ៗនឹងប្រឆាំងនឹងអ្នកជិតខាងរបស់ខ្លួន ទីក្រុងមួយនឹងតទល់នឹងទីក្រុងមួយទៀត អាណាចក្រមួយនឹងតទល់នឹងអាណាចក្រមួយទៀត។ 3 ជនជាតិអេហ្ស៊ីបនឹងបាត់ស្មារតី ហើយយើងនឹងបំភាន់ផែនការរបស់ពួកគេ។ ពួកគេនឹងសួររករូបបដិមាករឥតប្រយោជន៍ ព្រលឹងខ្មោច គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹង។ 4 យើងនឹងប្រគល់ជនជាតិអេហ្ស៊ីបទៅក្នុងកណ្ដាប់ដៃរបស់ចៅហ្វាយដ៏ឃោរឃៅ ហើយស្ដេចដ៏កាចសាហាវនឹងគ្រងរាជ្យលើពួកគេ”។ នេះជាសេចក្ដីប្រកាសរបស់ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារ។ 5 ទឹកសមុទ្រនឹងរីង ទន្លេនឹងស្ងួត ហើយហួតហែងទៅ 6 ស្ទឹងនានានឹងស្អុយ ព្រែកទាំងឡាយរបស់អេហ្ស៊ីបនឹងថយចុះ ហើយស្ងួតទៅ រីឯដើមបបុស និងដើមត្រែងនឹងក្រៀមស្វិត។ 7 ដើមកក់តាមទន្លេនីល ដែលនៅមាត់ទន្លេនីល និងគ្រប់ទាំងស្រែពង្រោះតាមទន្លេនីល នឹងក្រៀមស្វិត ក៏នឹងត្រូវបានផាត់បាត់ទៅ ហើយគ្មានវាទៀតឡើយ។ 8 ពួកអ្នកនេសាទនឹងទួញសោក អស់អ្នកដែលបោះសន្ទូចក្នុងទន្លេនីលនឹងសោកស្ដាយ ពួកអ្នកដែលបង់សំណាញ់នៅលើផ្ទៃទឹកនឹងអន់ថយ។ 9 អ្នកដែលធ្វើការខាងផាឌិបដ៏ប្រណិត និងអ្នកដែលត្បាញសំពត់ស នឹងអាម៉ាស់មុខ 10 សសរទ្រូងរបស់អេហ្ស៊ីបនឹងត្រូវបានជាន់កម្ទេច អស់ទាំងឈ្នួលនឹងព្រួយចិត្ត។ 11 ពួកមេដឹកនាំនៃសូអានជាមនុស្សល្ងីល្ងើយ៉ាងខ្លាំង ទីប្រឹក្សាដ៏មានបញ្ញារបស់ផារ៉ោនផ្ដល់សេចក្ដីប្រឹក្សាល្ងង់ខ្លៅ។ តើអ្នករាល់គ្នាអាចទូលទៅផារ៉ោនយ៉ាងដូចម្ដេចថា៖ “ខ្ញុំព្រះបាទជាកូនចៅអ្នកប្រាជ្ញ គឺជាកូនចៅស្ដេចពីបុរាណ”? 12 ចុះអ្នកប្រាជ្ញរបស់ព្រះករុណានៅឯណា? សូមឲ្យពួកគេជម្រាបព្រះករុណា សូមឲ្យពួកគេដឹងអ្វីដែលព្រះយេហូវ៉ានៃពលបរិវារបានគ្រោងទុកទាស់នឹងអេហ្ស៊ីបចុះ! 13 ពួកមេដឹកនាំនៃសូអានបានត្រឡប់ជាល្ងីល្ងើ ពួកមេដឹកនាំនៃណូពត្រូវគេបញ្ឆោត ពួកប្រមុខនៃកុលសម្ព័ន្ធអេហ្ស៊ីបបាននាំជនជាតិអេហ្ស៊ីបឲ្យវង្វេង។ 14 ព្រះយេហូវ៉ាបានលាយវិញ្ញាណនៃការវៀចវេរទៅក្នុងអេហ្ស៊ីប ដូច្នេះពួកគេនាំអេហ្ស៊ីបឲ្យវង្វេងក្នុងគ្រប់ទាំងកិច្ចការរបស់គេ ដូចជាមនុស្សស្រវឹងដើរទ្រេតទ្រោតក្នុងកម្អួតរបស់ខ្លួន។ 15 គ្មានអ្វីដែលអាចធ្វើបានសម្រាប់អេហ្ស៊ីបឡើយ ទោះបីជាក្បាល ឬកន្ទុយ ធាងលម៉ើ ឬដើមត្រែងក៏ដោយ។ អេហ្ស៊ីបនឹងស្គាល់ព្រះយេហូវ៉ា16 នៅថ្ងៃនោះ ជនជាតិអេហ្ស៊ីបនឹងបានដូចជាមនុស្សស្រី ហើយញ័ររន្ធត់ ព្រមទាំងភ័យខ្លាច ដោយព្រោះការលើកព្រះហស្តរបស់ព្រះយេហូវ៉ានៃពលបរិវារ ដែលព្រះអង្គបានលើកទាស់នឹងពួកគេ។ 17 ដែនដីយូដានឹងទៅជាការភិតភ័យដល់អេហ្ស៊ីប អស់អ្នកដែលត្រូវគេរំលឹកអំពីដែនដីយូដានឹងភ័យខ្លាច ដោយព្រោះផែនការរបស់ព្រះយេហូវ៉ានៃពលបរិវារ ដែលព្រះអង្គបានគ្រោងទុកទាស់នឹងពួកគេ។ 18 នៅថ្ងៃនោះ នឹងមានទីក្រុងប្រាំនៅក្នុងដែនដីអេហ្ស៊ីប ដែលនិយាយភាសារបស់កាណាន ព្រមទាំងស្បថដល់ព្រះយេហូវ៉ានៃពលបរិវារ។ ទីក្រុងមួយក្នុងទីក្រុងទាំងនោះ នឹងត្រូវបានហៅថា “ទីក្រុងនៃព្រះអាទិត្យ”។ 19 នៅថ្ងៃនោះ នឹងមានអាសនាមួយសម្រាប់ព្រះយេហូវ៉ា នៅកណ្ដាលដែនដីអេហ្ស៊ីប ក៏នឹងមានបង្គោលមួយសម្រាប់ព្រះយេហូវ៉ានៅព្រំដែននៃដែនដីអេហ្ស៊ីប។ 20 បង្គោលនោះនឹងទៅជាទីសម្គាល់ និងជាបន្ទាល់អំពីព្រះយេហូវ៉ានៃពលបរិវារ នៅក្នុងដែនដីអេហ្ស៊ីប។ នៅពេលពួកគេស្រែកឡើងទៅកាន់ព្រះយេហូវ៉ាដោយព្រោះអ្នកសង្កត់សង្កិន ព្រះអង្គនឹងចាត់អ្នកសង្គ្រោះ និងអ្នកការពារម្នាក់ឲ្យទៅរកពួកគេ ដើម្បីរំដោះពួកគេ។ 21 ដូច្នេះ ព្រះយេហូវ៉ានឹងធ្វើឲ្យជនជាតិអេហ្ស៊ីបស្គាល់អង្គទ្រង់ ហើយជនជាតិអេហ្ស៊ីបនឹងស្គាល់ព្រះយេហូវ៉ានៅថ្ងៃនោះ។ ពួកគេនឹងថ្វាយបង្គំព្រះអង្គដោយយញ្ញបូជា និងតង្វាយ ហើយបន់បំណន់ដល់ព្រះយេហូវ៉ា ព្រមទាំងលាបំណន់ផង។ 22 ព្រះយេហូវ៉ានឹងវាយអេហ្ស៊ីប គឺទាំងវាយ ទាំងប្រោសឲ្យជា នោះពួកគេនឹងត្រឡប់មករកព្រះយេហូវ៉ាវិញ ហើយព្រះអង្គនឹងប្រទានឲ្យតាមសេចក្ដីអធិស្ឋានរបស់ពួកគេ ក៏នឹងប្រោសពួកគេឲ្យជាដែរ។ 23 នៅថ្ងៃនោះ នឹងមានផ្លូវធំមួយពីអេហ្ស៊ីបទៅអាស្ស៊ីរី ហើយជនជាតិអាស្ស៊ីរីនឹងមកអេហ្ស៊ីប រីឯជនជាតិអេហ្ស៊ីបនឹងទៅអាស្ស៊ីរីដែរ; ជនជាតិអេហ្ស៊ីបនឹងថ្វាយបង្គំជាមួយជនជាតិអាស្ស៊ីរី។ 24 នៅថ្ងៃនោះ អ៊ីស្រាអែលនឹងទៅជាទីបីជាមួយអេហ្ស៊ីប និងអាស្ស៊ីរី គឺជាពរនៅកណ្ដាលផែនដី; 25 ព្រះយេហូវ៉ានៃពលបរិវារនឹងប្រទានពរពួកគេ ដោយមានបន្ទូលថា៖ “ចូរឲ្យមានពរដល់អេហ្ស៊ីបជាប្រជារាស្ត្ររបស់យើង ដល់អាស្ស៊ីរីជាស្នាដៃរបស់យើង និងដល់អ៊ីស្រាអែលជាមរតករបស់យើង!”៕ |