Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 18 - ព្រះគម្ពីរខ្មែរសាកល


សារទៅកាន់អេត្យូពី

1 វេទនា​ហើយ​! ទឹកដី​នៃ​ស្លាប​ដែលមាន​សូរវឹបៗ ដែល​នៅ​ខាងនាយ​ទន្លេ​នៃ​អេត្យូពី​!

2 ពួកគេ​ចាត់​ទូត​ឲ្យទៅ​តាម​សមុទ្រ គឺ​ជិះ​នាវា​ធ្វើពី​ដើមកក់​នៅលើ​ផ្ទៃ​ទឹក​។ ពួក​អ្នកនាំសារ​ដ៏រហ័ស​អើយ ចូរ​ទៅ​ចុះ​! ចូរ​ទៅរក​ប្រជាជាតិ​មួយ​ដែល​មានមាឌខ្ពស់ ហើយ​មានស្បែករលោង ជា​ជាតិសាសន៍​ដ៏​គួរឲ្យខ្លាច​ទាំងជិតទាំងឆ្ងាយ ជា​ប្រជាជាតិ​ខ្លាំងពូកែ ហើយ​ជាន់ឈ្លី​គ្រប់កន្លែង ដែល​ទឹកដី​របស់ពួកគេ​មាន​ទន្លេ​ហូរកាត់​!

3 អស់អ្នក​ដែល​រស់នៅ​ពិភពលោក និង​ពួកអ្នកដែល​រស់នៅ​ផែនដី​អើយ កាលណា​មាន​លើក​ទង់សញ្ញា​ឡើង​នៅលើ​ភ្នំ នោះ​អ្នករាល់គ្នា​នឹង​ឃើញ​! កាលណា​មាន​ផ្លុំ​ស្នែង​ឡើង នោះ​អ្នករាល់គ្នា​នឹង​ឮ​!

4 ដ្បិត​ព្រះយេហូវ៉ា​មានបន្ទូល​នឹង​ខ្ញុំ​ដូច្នេះ​ថា​៖ “យើង​នឹង​សង្កេតមើល​យ៉ាងស្ងៀមស្ងាត់​ពី​លំនៅ​របស់យើង ដូចជា​កម្ដៅ​ដែល​ចែងចាំង​ក្នុង​ពន្លឺព្រះអាទិត្យ និង​ដូចជា​ពពក​នៃ​ទឹកសន្សើម​នៅ​ពេលក្ដៅ​នៃ​រដូវច្រូតកាត់”។

5 មុន​រដូវច្រូតកាត់ កាល​ផ្ការីក​រុះរោយ ហើយ​ផ្កា​ក្លាយទៅជា​ផ្លែទំពាំងបាយជូរ​ទុំ ព្រះអង្គ​នឹង​កាប់​មែក​ដោយ​កណ្ដៀវ ក៏​នឹង​លះ​ខ្នែង​ចេញ​។

6 មែកទាំងនោះ​នឹង​ត្រូវបាន​បោះបង់ចោល​ជាមួយគ្នា ដល់​សត្វហើរចាប់រំពា​នៅលើ​ភ្នំ និង​ដល់​សត្វព្រៃនៅលើផែនដី នោះ​សត្វហើរចាប់រំពា​នឹង​មកលើ​វា​នៅ​រដូវក្ដៅ ហើយ​អស់ទាំង​សត្វព្រៃនៅលើផែនដី​នឹង​មកលើ​វា​នៅ​រដូវរងា​។

7 នៅ​គ្រា​នោះ នឹង​មាន​តង្វាយ​ត្រូវបាន​នាំមក​ថ្វាយ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ពី​ជាតិសាសន៍​ដែល​មានមាឌខ្ពស់ ហើយ​មានស្បែករលោង និង​ពី​ជាតិសាសន៍​ដ៏​គួរឲ្យខ្លាច​ទាំងជិតទាំងឆ្ងាយ ជា​ប្រជាជាតិ​ខ្លាំងពូកែ ហើយ​ជាន់ឈ្លី​គ្រប់កន្លែង ដែល​ទឹកដី​របស់ពួកគេ​មាន​ទន្លេ​ហូរកាត់ គឺ​មកដល់​ភ្នំ​ស៊ីយ៉ូន​ជា​កន្លែង​របស់​ព្រះនាម​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម