ពីទុក្ខវេទនារហូតដល់ការសរសើរបទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងតាមទំនុកភ្លេងក្ដាន់ញីនៅពេលព្រឹក។ 1 ព្រះរបស់ទូលបង្គំ! ព្រះរបស់ទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោល? ហេតុអ្វីបានជាព្រះអង្គនៅឆ្ងាយពីការសង្គ្រោះទូលបង្គំ ហើយនៅឆ្ងាយពីពាក្យថ្ងូររបស់ទូលបង្គំដូច្នេះ? 2 ព្រះនៃទូលបង្គំអើយ ទូលបង្គំស្រែកហៅនៅពេលថ្ងៃ ប៉ុន្តែព្រះអង្គមិនឆ្លើយសោះ ហើយនៅពេលយប់ ក៏ទូលបង្គំគ្មានភាពធូរស្បើយដែរ! 3 ប៉ុន្តែព្រះអង្គជាអង្គដ៏វិសុទ្ធ ដែលគង់លើបល្ល័ង្កនៃពាក្យសរសើរតម្កើងរបស់អ៊ីស្រាអែល។ 4 ដូនតារបស់យើងខ្ញុំបានជឿទុកចិត្តលើព្រះអង្គ; ពួកគាត់បានជឿទុកចិត្ត នោះព្រះអង្គក៏រំដោះពួកគាត់ 5 ពួកគាត់បានស្រែកយំទៅកាន់ព្រះអង្គ នោះពួកគាត់ត្រូវបានរំដោះ ពួកគាត់បានជឿទុកចិត្តលើព្រះអង្គ នោះពួកគាត់មិនបានអាម៉ាស់មុខឡើយ។ 6 រីឯទូលបង្គំវិញ ទូលបង្គំជាដង្កូវ គឺមិនមែនជាមនុស្សទេ; ទូលបង្គំជាទីត្មះតិះដៀលរបស់មនុស្សជាតិ ហើយត្រូវបណ្ដាជនមើលងាយ។ 7 អស់អ្នកដែលឃើញទូលបង្គំ សើចចំអកដាក់ទូលបង្គំ; ពួកគេពេបមាត់ ហើយគ្រវីក្បាល ទាំងនិយាយថា៖ 8 “វាបានទុកចិត្តលើព្រះយេហូវ៉ា ទុកឲ្យព្រះអង្គស្រោចស្រង់វាទៅ! ដោយសារព្រះអង្គសព្វព្រះហឫទ័យនឹងវា ដូច្នេះទុកឲ្យព្រះអង្គរំដោះវាទៅ!”។ 9 យ៉ាងណាមិញ គឺព្រះអង្គហើយ ដែលយកទូលបង្គំចេញពីផ្ទៃម្ដាយមក គឺព្រះអង្គហើយ ដែលធ្វើឲ្យទូលបង្គំមានការទុកចិត្ត នៅទ្រូងម្ដាយរបស់ទូលបង្គំ។ 10 ទូលបង្គំត្រូវបានផ្ទុកផ្ដាក់នឹងព្រះអង្គតាំងពីកំណើត; ព្រះអង្គជាព្រះរបស់ទូលបង្គំតាំងពីទូលបង្គំនៅក្នុងផ្ទៃម្ដាយមកម៉្លេះ។ 11 សូមកុំគង់នៅឆ្ងាយពីទូលបង្គំ ដ្បិតទុក្ខវេទនាមកជិតទូលបង្គំ ហើយគ្មានអ្នកណាជួយឡើយ! 12 គោឈ្មោលជាច្រើនបានព័ទ្ធជុំវិញទូលបង្គំ គោបានៃបាសានបានឡោមព័ទ្ធទូលបង្គំ។ 13 ពួកវាហាមាត់ដាក់ទូលបង្គំ ដូចសិង្ហដែលហែកស៊ី ទាំងគ្រហឹម។ 14 ទូលបង្គំត្រូវបានច្រូចចេញដូចជាទឹក ហើយឆ្អឹងទាំងអស់របស់ទូលបង្គំក៏សណ្ដកចេញ; ចិត្តរបស់ទូលបង្គំដូចក្រមួន វារលាយនៅក្នុងខ្លួនទូលបង្គំ។ 15 កម្លាំងរបស់ទូលបង្គំបានរីងស្ងួតដូចអំបែង អណ្ដាតទូលបង្គំនៅជាប់នឹងក្រអូមមាត់; ព្រះអង្គបានដាក់ទូលបង្គំនៅក្នុងធូលីនៃសេចក្ដីស្លាប់។ 16 ដ្បិតហ្វូងឆ្កែបានព័ទ្ធជុំវិញទូលបង្គំ ហ្វូងមនុស្សដែលធ្វើអាក្រក់បានឡោមព័ទ្ធទូលបង្គំ ហើយចាក់ទម្លុះដៃ និងជើងរបស់ទូលបង្គំ។ 17 ទូលបង្គំអាចរាប់ឆ្អឹងទាំងអស់របស់ទូលបង្គំបាន; ពួកគេចេះតែសម្លឹង និងមើលទូលបង្គំ។ 18 ពួកគេចែកសម្លៀកបំពាក់របស់ទូលបង្គំក្នុងចំណោមពួកគេ ហើយចាប់ឆ្នោតយកអាវរបស់ទូលបង្គំ។ 19 រីឯព្រះអង្គវិញ ព្រះយេហូវ៉ាអើយ សូមកុំគង់នៅឆ្ងាយឡើយ! ឱកម្លាំងនៃទូលបង្គំអើយ សូមប្រញាប់យាងមកជួយទូលបង្គំផង! 20 សូមរំដោះព្រលឹងរបស់ទូលបង្គំពីដាវ សូមរំដោះដួងជីវិតរបស់ទូលបង្គំពីកណ្ដាប់ដៃពួកឆ្កែ 21 សូមសង្គ្រោះទូលបង្គំពីមាត់សិង្ហ និងពីស្នែងគោព្រៃផង។ ព្រះអង្គបានឆ្លើយតបនឹងទូលបង្គំហើយ។ 22 ទូលបង្គំនឹងប្រកាសព្រះនាមរបស់ព្រះអង្គដល់បងប្អូនរបស់ទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ នៅកណ្ដាលចំណោមអង្គប្រជុំ។ 23 អស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ាអើយ ចូរសរសើរតម្កើងព្រះអង្គ! ពូជពង្សទាំងអស់របស់យ៉ាកុបអើយ ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ! ពូជពង្សទាំងអស់របស់អ៊ីស្រាអែលអើយ ចូរភិតភ័យនៅចំពោះព្រះអង្គ! 24 ដ្បិតព្រះអង្គមិនបានមើលងាយ មិនបានស្អប់ខ្ពើមទុក្ខវេទនារបស់មនុស្សរងទុក្ខ ហើយក៏មិនបានលាក់ព្រះភក្ត្ររបស់ព្រះអង្គពីពួកគេឡើយ ផ្ទុយទៅវិញ នៅពេលពួកគេស្រែករកជំនួយពីព្រះអង្គ ព្រះអង្គក៏សណ្ដាប់ពួកគេ។ 25 ពាក្យសរសើរតម្កើងរបស់ទូលបង្គំនៅក្នុងអង្គប្រជុំដ៏ធំ គឺមកពីព្រះអង្គ; ទូលបង្គំនឹងលាបំណន់ដែលទូលបង្គំបានបន់ នៅចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ។ 26 មនុស្សតូចទាបនឹងហូបឆ្អែត មនុស្សដែលស្វែងរកព្រះយេហូវ៉ានឹងសរសើរតម្កើងព្រះអង្គ។ សូមឲ្យចិត្តរបស់អ្នករាល់គ្នាមានជីវិតរស់ជារៀងរហូត! 27 អស់ទាំងចុងបំផុតនៃផែនដីនឹងនឹកចាំអំពីព្រះយេហូវ៉ា ហើយត្រឡប់មករកព្រះអង្គវិញ អស់ទាំងពូជសាសន៍នៃប្រជាជាតិនានានឹងថ្វាយបង្គំនៅចំពោះព្រះអង្គ។ 28 ដ្បិតព្រះរាជ្យគឺជារបស់ព្រះយេហូវ៉ា ហើយព្រះអង្គទ្រង់គ្រប់គ្រងលើប្រជាជាតិនានា។ 29 អស់អ្នកដែលចម្រុងចម្រើននៅលើផែនដីនឹងបានហូប ព្រមទាំងថ្វាយបង្គំផង អស់អ្នកដែលចុះទៅក្នុងធូលីដី គឺអស់អ្នកដែលមិនអាចរក្សាព្រលឹងរបស់ខ្លួន នឹងលុតជង្គង់នៅចំពោះព្រះអង្គ។ 30 ពូជពង្សជំនាន់ក្រោយនឹងបម្រើព្រះអង្គ សេចក្ដីអំពីព្រះអម្ចាស់នឹងត្រូវបានថ្លែងដល់ជំនាន់ក្រោយ។ 31 ពួកគេនឹងមកប្រកាសសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គដល់ប្រជាជនដែលមិនទាន់កើតមកថា ព្រះអង្គបានធ្វើការនេះ៕ |