ព្រះជាកម្លាំង និងជាថ្មដារបស់ខ្ញុំបទតម្កើង របស់ដាវីឌបាវបម្រើរបស់ព្រះយេហូវ៉ា សម្រាប់អ្នកដឹកនាំចម្រៀង។ គាត់បានទូលពាក្យនៃចម្រៀងនេះដល់ព្រះយេហូវ៉ា នៅគ្រាដែលព្រះយេហូវ៉ាបានរំដោះគាត់ពីកណ្ដាប់ដៃរបស់សត្រូវទាំងអស់ និងពីកណ្ដាប់ដៃរបស់សូល។ គាត់ទូលថា៖ 1 ព្រះយេហូវ៉ាដ៏ជាកម្លាំងនៃទូលបង្គំអើយ ទូលបង្គំស្រឡាញ់ព្រះអង្គ! 2 ព្រះយេហូវ៉ាជាថ្មដារបស់ខ្ញុំ ជាបន្ទាយរបស់ខ្ញុំ និងជាព្រះរំដោះរបស់ខ្ញុំ។ ព្រះរបស់ខ្ញុំជាថ្មដារបស់ខ្ញុំ ខ្ញុំជ្រកកោនក្នុងព្រះអង្គ! ព្រះអង្គជាខែលរបស់ខ្ញុំ ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ខ្ញុំ និងជាទីពឹងជ្រករបស់ខ្ញុំ។ 3 ខ្ញុំស្រែកហៅព្រះយេហូវ៉ាដែលស័ក្ដិសមនឹងសរសើរតម្កើង នោះខ្ញុំក៏ត្រូវបានសង្គ្រោះចេញពីសត្រូវរបស់ខ្ញុំ។ 4 ចំណងនៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ ហើយជំនន់នៃសេចក្ដីចង្រៃក៏បំភ័យខ្ញុំ; 5 ចំណងនៃស្ថានមនុស្សស្លាប់បានព័ទ្ធជុំវិញខ្ញុំ អន្ទាក់នៃសេចក្ដីស្លាប់បានប្រឈមមុខនឹងខ្ញុំ។ 6 ក្នុងទុក្ខវេទនារបស់ខ្ញុំ ខ្ញុំបានស្រែកហៅព្រះយេហូវ៉ា ខ្ញុំបានស្រែករកជំនួយពីព្រះរបស់ខ្ញុំ នោះព្រះអង្គបានសណ្ដាប់សំឡេងរបស់ខ្ញុំពីព្រះវិហាររបស់ព្រះអង្គ ហើយសម្រែករបស់ខ្ញុំក៏ចូលទៅក្នុងព្រះកាណ៌របស់ព្រះអង្គ។ 7 ពេលនោះ ផែនដីក៏រង្គើ ហើយរញ្ជួយ រីឯគ្រឹះនៃភ្នំនានាក៏ញ័រ ហើយកក្រើក ដោយសារព្រះអង្គទ្រង់ព្រះពិរោធ។ 8 ផ្សែងបានហុយចេញមកពីព្រះនាសារបស់ព្រះអង្គ ភ្លើងដែលស៊ីបំផ្លាញចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ ហើយរងើកភ្លើងដែលឆេះឡើងក៏ចេញមកពីព្រះអង្គ។ 9 ព្រះអង្គបង្អោនផ្ទៃមេឃ ហើយយាងចុះមក ដោយមានភាពងងឹតដ៏ក្រាស់នៅក្រោមព្រះបាទារបស់ព្រះអង្គ។ 10 ព្រះអង្គហោះដោយជិះលើចេរ៉ូប ហើយសំកាំងឡើងដោយស្លាបនៃខ្យល់។ 11 ព្រះអង្គទ្រង់យកភាពងងឹតធ្វើជាទីលាក់កំបាំងរបស់ព្រះអង្គ ព្រះអង្គទ្រង់យកភាពងងឹតនៃទឹក គឺពពកដ៏ក្រាស់ធ្វើជាពន្លានៅជុំវិញព្រះអង្គ។ 12 មានដុំទឹកកក និងរងើកភ្លើងចេញពីរស្មីនៅចំពោះព្រះអង្គ ធ្លាយកាត់ពពកដ៏ក្រាស់។ 13 ព្រះយេហូវ៉ាបញ្ចេញផ្គរលាន់នៅលើមេឃ ព្រះដ៏ខ្ពស់បំផុតបញ្ចេញព្រះសូរសៀងរបស់ព្រះអង្គ ព្រមទាំងដុំទឹកកក និងរងើកភ្លើង។ 14 ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គ ហើយកម្ចាត់កម្ចាយពួកសត្រូវ ព្រះអង្គបាញ់ផ្លេកបន្ទោរ ហើយធ្វើឲ្យពួកគេជ្រួលច្របល់។ 15 ព្រះយេហូវ៉ាអើយ បាតផ្លូវទឹកបានលេចឡើង ហើយគ្រឹះនៃផែនដីត្រូវបានលាតត្រដាង ដោយសារតែការស្ដីបន្ទោសរបស់ព្រះអង្គ និងសន្ទុះដង្ហើមនៃព្រះនាសារបស់ព្រះអង្គ។ 16 ព្រះអង្គលូកព្រះហស្តពីស្ថានដ៏ខ្ពស់ ហើយចាប់ខ្ញុំ ព្រះអង្គស្រង់ខ្ញុំចេញពីទឹកដ៏ច្រើន។ 17 ព្រះអង្គបានរំដោះខ្ញុំពីសត្រូវដ៏ខ្លាំងពូកែ និងពីពួកដែលស្អប់ខ្ញុំ ដ្បិតពួកគេខ្លាំងជាងខ្ញុំ។ 18 ពួកគេប្រឈមមុខនឹងខ្ញុំនៅថ្ងៃនៃសេចក្ដីអន្តរាយរបស់ខ្ញុំ ប៉ុន្តែព្រះយេហូវ៉ាជាពំនឹងរបស់ខ្ញុំ។ 19 ព្រះអង្គទ្រង់នាំខ្ញុំចេញមកទីធំទូលាយ ព្រះអង្គរំដោះខ្ញុំ ដោយព្រោះព្រះអង្គសព្វព្រះហឫទ័យនឹងខ្ញុំ។ 20 ព្រះយេហូវ៉ាបានប្រព្រឹត្តដល់ខ្ញុំតាមសេចក្ដីសុចរិតរបស់ខ្ញុំ ព្រះអង្គបានតបស្នងដល់ខ្ញុំតាមភាពបរិសុទ្ធនៃដៃរបស់ខ្ញុំ។ 21 ដ្បិតខ្ញុំបានកាន់តាមមាគ៌ារបស់ព្រះយេហូវ៉ា ហើយមិនបានចាកចោលព្រះរបស់ខ្ញុំដោយធ្វើអាក្រក់ឡើយ។ 22 ជាការពិត អស់ទាំងច្បាប់របស់ព្រះអង្គនៅចំពោះខ្ញុំ ហើយខ្ញុំមិនបានបង្វែរបទបញ្ញត្តិរបស់ព្រះអង្គចេញពីខ្ញុំឡើយ។ 23 ខ្ញុំបានគ្រប់លក្ខណ៍នៅចំពោះព្រះអង្គ ហើយបានរក្សាខ្លួនពីអំពើទុច្ចរិតរបស់ខ្ញុំ។ 24 ដោយហេតុនេះ ព្រះយេហូវ៉ាបានតបស្នងដល់ខ្ញុំតាមសេចក្ដីសុចរិតរបស់ខ្ញុំ តាមភាពបរិសុទ្ធនៃដៃរបស់ខ្ញុំនៅចំពោះព្រះនេត្ររបស់ព្រះអង្គ។ 25 ចំពោះមនុស្សស្មោះត្រង់ ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកស្មោះត្រង់ ចំពោះមនុស្សគ្រប់លក្ខណ៍ ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកគ្រប់លក្ខណ៍ 26 ចំពោះមនុស្សបរិសុទ្ធ ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកបរិសុទ្ធ រីឯចំពោះមនុស្សវៀចវេរ ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកវៀចវេរ។ 27 ដ្បិតគឺព្រះអង្គហើយ ដែលសង្គ្រោះប្រជារាស្ត្រដែលបន្ទាបខ្លួន ប៉ុន្តែព្រះអង្គបន្ទាបអស់ទាំងភ្នែកដែលឆ្មើងឆ្មៃ។ 28 គឺព្រះអង្គហើយ ដែលអុជចង្កៀងរបស់ទូលបង្គំ គឺព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំហើយ ដែលបំភ្លឺសេចក្ដីងងឹតរបស់ទូលបង្គំ។ 29 មែនហើយ ដោយនូវព្រះអង្គ ទូលបង្គំអាចវាយលុកទ័ពខ្មាំងសត្រូវ ដោយនូវព្រះនៃទូលបង្គំ ទូលបង្គំអាចលោតរំលងកំពែងក្រុងបាន។ 30 រីឯព្រះមួយអង្គនេះ មាគ៌ារបស់ព្រះអង្គគ្រប់លក្ខណ៍ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាត្រូវបានពិសោធ ព្រះអង្គជាខែលដល់អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ។ 31 ដ្បិតតើនរណាជាព្រះ ក្រៅពីព្រះយេហូវ៉ា? តើនរណាជាថ្មដា ក្រៅពីព្រះរបស់យើង? 32 គឺព្រះមួយអង្គនេះ ដែលក្រវាត់ខ្ញុំដោយកម្លាំង ហើយធ្វើឲ្យផ្លូវរបស់ខ្ញុំបានគ្រប់លក្ខណ៍ 33 ដែលធ្វើឲ្យជើងរបស់ខ្ញុំបានដូចជើងក្ដាន់ញី ហើយធ្វើឲ្យខ្ញុំឈរនៅលើកន្លែងខ្ពស់ 34 ដែលបង្វឹកដៃរបស់ខ្ញុំសម្រាប់ចម្បាំង ហើយធ្វើឲ្យដើមដៃរបស់ខ្ញុំអាចយឹតធ្នូលង្ហិនបាន។ 35 ព្រះអង្គអើយ ព្រះអង្គបានប្រទានខែលនៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គដល់ទូលបង្គំ ព្រះហស្តស្ដាំរបស់ព្រះអង្គទ្រទូលបង្គំ ហើយភាពរាបសារបស់ព្រះអង្គធ្វើឲ្យទូលបង្គំបានចម្រើនឡើង។ 36 ព្រះអង្គពង្រីកដីនៅក្រោមទូលបង្គំ សម្រាប់ជំហានរបស់ទូលបង្គំ ដូច្នេះកជើងរបស់ទូលបង្គំមិនបានញញីញញ័រឡើយ។ 37 ទូលបង្គំដេញតាមខ្មាំងសត្រូវរបស់ទូលបង្គំ ហើយទាន់ពួកគេ ទូលបង្គំមិនត្រឡប់មកវិញឡើយ រហូតទាល់តែបានបំផ្លាញពួកគេអស់។ 38 ទូលបង្គំចាក់ទម្លុះពួកគេ ធ្វើឲ្យពួកគេក្រោកឡើងមិនបានឡើយ ពួកគេដួលនៅក្រោមជើងរបស់ទូលបង្គំ។ 39 ព្រះអង្គបានក្រវាត់ទូលបង្គំដោយកម្លាំងសម្រាប់ចម្បាំង ព្រះអង្គធ្វើឲ្យពួកអ្នកតតាំងនឹងទូលបង្គំលុតចុះនៅក្រោមទូលបង្គំ។ 40 ព្រះអង្គបានធ្វើឲ្យខ្មាំងសត្រូវរបស់ទូលបង្គំបែរខ្នងមកទូលបង្គំ នោះទូលបង្គំក៏បំផ្លាញជីវិតពួកអ្នកដែលស្អប់ទូលបង្គំ។ 41 ពួកគេស្រែករកជំនួយ ប៉ុន្តែគ្មានអ្នកណាសង្គ្រោះពួកគេសោះ ពួកគេស្រែករកជំនួយទៅកាន់ព្រះយេហូវ៉ា ប៉ុន្តែព្រះអង្គមិនឆ្លើយតបនឹងពួកគេឡើយ។ 42 ទូលបង្គំកម្ទេចពួកគេដូចធូលីនៅមុខខ្យល់ ទូលបង្គំចាក់ពួកគេចោលដូចភក់តាមផ្លូវ។ 43 ព្រះអង្គបានរំដោះទូលបង្គំពីជម្លោះរបស់បណ្ដាជន ព្រះអង្គបានតែងតាំងទូលបង្គំជាមេនៃប្រជាជាតិនានា ជាតិសាសន៍ដែលទូលបង្គំមិនបានស្គាល់ បម្រើទូលបង្គំ។ 44 កាលណាពួកគេឮ ពួកគេក៏ស្ដាប់តាមទូលបង្គំ; ជនបរទេសខ្លាចរួញខ្លួននៅចំពោះទូលបង្គំ។ 45 ជនបរទេសបាក់ទឹកចិត្ត ហើយចេញមកពីជំរំការពាររបស់ខ្លួនទាំងភ័យញ័រ។ 46 ព្រះយេហូវ៉ាមានព្រះជន្មរស់! សូមឲ្យមានព្រះពរដល់ថ្មដារបស់ខ្ញុំ! សូមឲ្យព្រះនៃសេចក្ដីសង្គ្រោះរបស់ខ្ញុំត្រូវបានលើកតម្កើង! 47 គឺព្រះមួយអង្គនេះ ដែលសងសឹកជំនួសខ្ញុំ ហើយបង្ក្រាបប្រជាជាតិនានាឲ្យនៅក្រោមខ្ញុំ។ 48 ព្រះអង្គបានរំដោះខ្ញុំពីសត្រូវរបស់ខ្ញុំ។ ពិតមែនហើយ ព្រះអង្គបានលើកទូលបង្គំឡើងឲ្យខ្ពស់ជាងអ្នកតតាំងនឹងទូលបង្គំ ក៏បានរំដោះទូលបង្គំពីមនុស្សហិង្សា។ 49 ព្រះយេហូវ៉ាអើយ ដោយហេតុនេះ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គនៅក្នុងចំណោមសាសន៍ដទៃ ហើយច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ! 50 ព្រះអង្គប្រទានសេចក្ដីសង្គ្រោះដ៏ធំដល់ស្ដេចរបស់ព្រះអង្គ ហើយសម្ដែងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដល់អ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គ គឺដល់ដាវីឌ និងពូជពង្សរបស់គាត់ជារៀងរហូត៕ |