បុណ្យថ្ងៃទីហាសិប1 លុះបុណ្យថ្ងៃទីហាសិបបានមកដល់ ពួកគេទាំងអស់គ្នាកំពុងជួបជុំគ្នានៅកន្លែងតែមួយ។ 2 រំពេចនោះ មានសូរសន្ធឹកមកពីលើមេឃ ដូចជាខ្យល់បក់បោកយ៉ាងខ្លាំង ឮពេញផ្ទះដែលពួកគេកំពុងអង្គុយ 3 ហើយមានអណ្ដាតដូចជាភ្លើងបែកចេញពីគ្នាលេចមកដល់ពួកគេ រួចស្ថិតនៅលើពួកគេម្នាក់ៗ 4 នោះពួកគេទាំងអស់គ្នាក៏ពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យពួកគេនិយាយ។ 5 ពេលនោះ មានជនជាតិយូដាដែលមកពីគ្រប់ប្រជាជាតិនៅក្រោមមេឃ ជាអ្នកមានជំនឿស៊ប់ ស្នាក់នៅយេរូសាឡិម។ 6 នៅពេលសំឡេងនេះបានលាន់ឮដូច្នេះ ក៏មានហ្វូងមនុស្សមកផ្ដុំគ្នា ហើយពួកគេស្រឡាំងកាំង ពីព្រោះពួកគេម្នាក់ៗបានឮអ្នកទាំងនោះនិយាយភាសារបស់ពួកគេ។ 7 ពួកគេក៏ភ្ញាក់ផ្អើលផង ងឿងឆ្ងល់ផង ទាំងពោលថា៖ “មើល៍! អ្នកទាំងអស់នេះដែលកំពុងនិយាយ មិនមែនជាអ្នកកាលីឡេទេឬ? 8 ម្ដេចក៏យើងឮភាសាកំណើតរបស់យើងរៀងៗខ្លួនដូច្នេះ? 9 ក្នុងចំណោមយើងមានជនជាតិផារថុស ជនជាតិមេឌី ជនជាតិអេឡាំ និងអ្នកដែលរស់នៅមេសូប៉ូតាមា យូឌា កាប៉ាដូគា ប៉ុនតុស អាស៊ី 10 ព្រីគា ប៉ាមភីលា អេហ្ស៊ីប និងតំបន់ក្នុងលីប៊ី ដែលនៅក្បែរគីរេន ព្រមទាំងមានអ្នកដំណើរពីរ៉ូម 11 មានទាំងជនជាតិយូដា និងអ្នកចូលសាសនាយូដា ជនជាតិក្រែត និងជនជាតិអារ៉ាប់ផង។ យើងឮពួកគេនិយាយអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះ ជាភាសារបស់យើង!”។ 12 ពួកគេទាំងអស់គ្នាក៏ភ្ញាក់ផ្អើលផង វល់គំនិតផង ទាំងសួរគ្នាទៅវិញទៅមកថា៖ “តើការនេះមានន័យដូចម្ដេច?”។ 13 ប៉ុន្តែអ្នកខ្លះទៀតនិយាយចំអកថា៖ “ពួកគេស្រវឹងស្រាថ្មីហើយ!”។ សេចក្ដីអធិប្បាយរបស់ពេត្រុស14 ពេលនោះ ពេត្រុសក្រោកឈរជាមួយសាវ័កទាំងដប់មួយនាក់ ហើយបន្លឺសំឡេងនិយាយទៅបណ្ដាជនថា៖ “អស់លោកដែលជាជនជាតិយូដា និងអស់លោកដែលរស់នៅយេរូសាឡិមអើយ! ចូរឲ្យអ្នករាល់គ្នាដឹងការនេះ ហើយចូរស្ដាប់ពាក្យរបស់ខ្ញុំចុះ 15 ដ្បិតអ្នកទាំងនេះមិនមែនស្រវឹងដូចដែលអ្នករាល់គ្នាគិតស្មាននោះទេ ពីព្រោះទើបតែម៉ោងប្រាំបួនព្រឹកប៉ុណ្ណោះ! 16 តាមពិត នេះជាអ្វីដែលត្រូវបានថ្លែងតាមរយៈព្យាការីយ៉ូអែលថា: 17 ‘ព្រះមានបន្ទូលថា នៅថ្ងៃចុងបញ្ចប់នឹងកើតមានដូច្នេះ: យើងនឹងចាក់បង្ហូរវិញ្ញាណរបស់យើងលើមនុស្ស គ្រប់គ្នា កូនប្រុសកូនស្រីរបស់អ្នករាល់គ្នានឹងព្យាករ ពួកកំលោះរបស់អ្នករាល់គ្នានឹងឃើញនិមិត្ត ពួកចាស់ៗរបស់អ្នករាល់គ្នានឹងយល់សប្តិ។ 18 មែនហើយ នៅគ្រានោះ យើងនឹងចាក់បង្ហូរវិញ្ញាណរបស់យើង លើបាវបម្រើរបស់យើងទាំងប្រុសទាំងស្រី ហើយពួកគេនឹងព្យាករ។ 19 យើងនឹងសម្ដែងការអស្ចារ្យនៅមេឃខាងលើ យើងនឹងសម្ដែងទីសម្គាល់នៅផែនដីខាងក្រោម គឺឈាម ភ្លើង និងផ្សែងខ្មួលខ្មាញ់។ 20 ព្រះអាទិត្យនឹងប្រែជាសេចក្ដីងងឹត ព្រះចន្ទនឹងប្រែជាឈាម មុនថ្ងៃដ៏ធំឧត្ដមរុងរឿងរបស់ព្រះអម្ចាស់មកដល់។ 21 ពេលនោះ អស់អ្នកណាដែលហៅរកព្រះនាមរបស់ព្រះអម្ចាស់ នឹងបានសង្គ្រោះ’។ 22 “អស់លោកដែលជាជនជាតិអ៊ីស្រាអែលអើយ! ចូរស្ដាប់ពាក្យទាំងនេះ: ព្រះយេស៊ូវអ្នកណាសារ៉ែត ជាអ្នកដែលព្រះបានបញ្ជាក់ដល់អ្នករាល់គ្នា ដោយព្រះចេស្ដា ការអស្ចារ្យ និងទីសម្គាល់នានា ដែលព្រះទ្រង់ធ្វើក្នុងចំណោមអ្នករាល់គ្នាតាមរយៈព្រះអង្គនេះ ដូចដែលខ្លួនអ្នករាល់គ្នាដឹងស្រាប់ហើយ។ 23 ព្រះអង្គនេះហើយ ដែលត្រូវគេបញ្ជូនទៅ តាមគម្រោងដែលមានកំណត់ទុក និងការជ្រាបជាមុនរបស់ព្រះ; អ្នករាល់គ្នាបានសម្លាប់ដោយឆ្កាងព្រះអង្គ តាមរយៈដៃរបស់មនុស្សឥតច្បាប់។ 24 ព្រះបានលើកព្រះអង្គឲ្យរស់ឡើងវិញ ដោយស្រាយចំណងការឈឺចាប់នៃសេចក្ដីស្លាប់ ដ្បិតសេចក្ដីស្លាប់មិនអាចឃុំឃាំងព្រះអង្គបានឡើយ។ 25 ជាការពិត ដាវីឌបានថ្លែងអំពីព្រះអង្គថា: ‘ទូលបង្គំតែងតែឃើញព្រះអម្ចាស់នៅមុខទូលបង្គំជានិច្ច; ដោយសារព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ ទូលបង្គំមិនរង្គើឡើយ។ 26 ហេតុនេះហើយបានជាចិត្តរបស់ទូលបង្គំអរសប្បាយ អណ្ដាតរបស់ទូលបង្គំត្រេកអរ ហើយលើសពីនេះទៅទៀត រូបកាយរបស់ទូលបង្គំក៏នឹងរស់នៅក្នុងសេចក្ដីសង្ឃឹមដែរ។ 27 ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងរបស់ទូលបង្គំចោលនៅស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏នឹងមិនបណ្ដោយឲ្យអង្គដ៏វិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។ 28 ព្រះអង្គបានឲ្យទូលបង្គំស្គាល់ផ្លូវនៃជីវិត ហើយព្រះអង្គនឹងបំពេញទូលបង្គំដោយអំណរ ដោយព្រះវត្តមានរបស់ព្រះអង្គ’។ 29 “បងប្អូនអើយ! ទាក់ទងនឹងដាវីឌបុព្វបុរសរបស់យើង ខ្ញុំអាចនិយាយនឹងអ្នករាល់គ្នាយ៉ាងច្បាស់លាស់ថា លោកបានស្លាប់ ហើយត្រូវគេបញ្ចុះ រីឯរូងផ្នូររបស់លោកក៏នៅជាមួយយើងរហូតមកដល់សព្វថ្ងៃនេះដែរ។ 30 ដោយព្រោះលោកជាព្យាការី ព្រមទាំងជ្រាបថា ព្រះបានស្បថនឹងលោកដោយពាក្យសម្បថថាម្នាក់ពីពូជពង្សរបស់លោកនឹងអង្គុយលើបល្ល័ង្ករបស់លោក 31 បានជាលោកដឹងជាមុន ក៏និយាយអំពីការរស់ឡើងវិញរបស់ព្រះគ្រីស្ទថា: ‘ព្រះអង្គ នឹងមិនត្រូវបោះបង់ចោលនៅស្ថានមនុស្សស្លាប់ឡើយ ហើយរូបកាយរបស់ព្រះអង្គក៏មិនជួបការរលួយដែរ’។ 32 “ព្រះយេស៊ូវនេះហើយ ដែលព្រះបានលើកឲ្យរស់ឡើងវិញ។ យើងទាំងអស់គ្នាជាសាក្សីអំពីការនេះ។ 33 ព្រះអង្គត្រូវបានលើកឡើងទៅខាងស្ដាំព្រះ ហើយទទួលសេចក្ដីសន្យាអំពីព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតា រួចព្រះអង្គក៏ចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធនេះមក ដូចដែលអ្នករាល់គ្នាកំពុងតែឃើញ និងឮដែរ។ 34 ដាវីឌមិនបានឡើងទៅលើមេឃទេ ប៉ុន្តែលោកនិយាយថា: ‘ព្រះអម្ចាស់មានបន្ទូលនឹងព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើង 35 រហូតដល់យើងធ្វើឲ្យពួកខ្មាំងសត្រូវរបស់អ្នក ទៅជាកំណល់ជើងរបស់អ្នក’។ 36 “ដូច្នេះ ចូរឲ្យពូជពង្សអ៊ីស្រាអែលទាំងមូលដឹងជាប្រាកដថា ព្រះបានតាំងព្រះយេស៊ូវនេះដែលអ្នករាល់គ្នាបានឆ្កាង ឲ្យទៅជាព្រះអម្ចាស់ផង និងជាព្រះគ្រីស្ទផង”។ ការលើកលែងទោសតាមរយៈព្រះមែស៊ី37 នៅពេលប្រជាជនបានឮដូច្នេះ ពួកគេក៏ត្រូវបានចាក់ទម្លុះដល់ចិត្ត ហើយសួរពេត្រុស និងសាវ័កឯទៀតថា៖ “បងប្អូនអើយ តើយើងគួរធ្វើដូចម្ដេច?”។ 38 ពេត្រុសតបនឹងពួកគេថា៖ “ចូរកែប្រែចិត្ត ហើយឲ្យអ្នករាល់គ្នាម្នាក់ៗទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សម្រាប់ការលើកលែងទោសបាបរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទទួលបានព្រះវិញ្ញាណដ៏វិសុទ្ធជាអំណោយទាន។ 39 ដ្បិតសេចក្ដីសន្យានេះ គឺសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា ព្រមទាំងមនុស្សទាំងអស់ដែលនៅឆ្ងាយផង គឺអ្នកណាក៏ដោយដែលព្រះអម្ចាស់ជាព្រះនៃយើងបានត្រាស់ហៅ”។ 40 ពេត្រុសបានធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ដោយពាក្យសម្ដីផ្សេងៗជាច្រើនទៀត ហើយដាស់តឿនពួកគេថា៖ “ចូរឲ្យអ្នករាល់គ្នាត្រូវបានសង្គ្រោះចេញពីជំនាន់វៀចវេរនេះទៅ!”។ ក្រុមជំនុំរស់នៅរួមគ្នា41 ដូច្នេះ អ្នកដែលទទួលយកពាក្យរបស់គាត់ក៏ទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះមានមនុស្សប្រមាណបីពាន់នាក់ត្រូវបានបន្ថែមដល់ពួកគេ។ 42 អ្នកទាំងនោះតែងតែផ្ចង់ស្មារតីក្នុងសេចក្ដីបង្រៀនរបស់ពួកសាវ័ក ក្នុងការប្រកបគ្នា ការកាច់នំប៉័ង និងការអធិស្ឋាន។ 43 ពេលនោះ សេចក្ដីភ័យខ្លាចបានកើតមានដល់មនុស្សគ្រប់គ្នា ហើយមានការអស្ចារ្យ និងទីសម្គាល់ជាច្រើនត្រូវបានធ្វើតាមរយៈពួកសាវ័ក។ 44 អស់អ្នកដែលជឿបាននៅជាមួយគ្នា ហើយដាក់អ្វីៗទាំងអស់ជារបស់រួម។ 45 ពួកគេបានលក់ទ្រព្យសម្បត្តិ និងអ្វីៗដែលពួកគេមាន ហើយចែករបស់ទាំងនោះដល់ទាំងអស់គ្នា តាមដែលម្នាក់ៗត្រូវការ។ 46 ពួកគេផ្ចង់ស្មារតីជួបជុំគ្នាដោយមានចិត្តតែមួយនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ ព្រមទាំងកាច់នំប៉័ងនៅតាមផ្ទះផង ហើយហូបអាហារជាមួយគ្នាដោយអំណរ និងចិត្តស្មោះ 47 ទាំងសរសើរតម្កើងព្រះ ហើយពួកគេមានការរាប់អានពីប្រជាជនទាំងអស់។ ព្រះអម្ចាស់ក៏បន្តបន្ថែមអ្នកដែលបានសង្គ្រោះដល់ពួកគេជារៀងរាល់ថ្ងៃ៕ |