ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


កាឡាទី 4 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
កាឡាទី 4

1 ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា ដរាបណា​អ្នកទទួលមរតក​នៅ​ក្មេង ទោះបី​គាត់​ជា​ម្ចាស់​លើ​ទ្រព្យសម្បត្តិ​ទាំងអស់​ក៏ដោយ ក៏​គាត់​មិន​ខុសពី​ទាសករ​ទេ

2 គឺ​គាត់​នៅ​ក្រោម​អ្នកមើលថែ និង​អ្នកគ្រប់គ្រង រហូតដល់​ពេលវេលាដែល​ឪពុក​បាន​កំណត់ទុកមុន​។

3 យើង​ក៏​ដូច្នោះ​ដែរ កាល​យើង​នៅ​ក្មេង យើង​បាន​ជាប់ជាទាសករ​នៅ​ក្រោម​គោលការណ៍បឋម​ខាង​លោកីយ៍​។

4 ប៉ុន្តែ​នៅពេល​ការបំពេញ​នៃ​ពេលកំណត់​បាន​មក​ដល់ ព្រះ​បាន​ចាត់​ព្រះបុត្រា​របស់​ព្រះអង្គ​ឲ្យមក​ប្រសូត​ចេញពី​ស្ត្រី គឺឲ្យ​ប្រសូត​នៅ​ក្រោម​ក្រឹត្យវិន័យ

5 ដើម្បី​ប្រោសលោះ​អ្នក​ដែល​នៅ​ក្រោម​ក្រឹត្យវិន័យ ហើយ​ឲ្យ​យើង​ទទួល​ឋានៈជាកូន​។

6 ហើយ​ដោយព្រោះ​អ្នករាល់គ្នា​ជា​កូន ព្រះ​បាន​ចាត់​ព្រះវិញ្ញាណ​នៃ​ព្រះបុត្រា​របស់​ព្រះអង្គ​ដែល​ស្រែកថា​: “អ័ប្បា​! ព្រះ​បិតា​អើយ!” ឲ្យមក​ក្នុង​ចិត្ត​របស់អ្នករាល់គ្នា​។

7 ដូច្នេះ អ្នករាល់គ្នា​មិនមែន​ជា​ទាសករ​ទៀតទេ គឺ​ជា​កូន​វិញ​; ហើយ​ប្រសិនបើ​អ្នក​រាល់គ្នា​ជា​កូន នោះ​អ្នករាល់គ្នា​ជា​អ្នកទទួលមរតក​ដោយសារតែ​ព្រះ​ដែរ​។

កង្វល់ចំពោះអ្នកកាឡាទី

8 ពីមុន កាល​អ្នករាល់គ្នា​មិនទាន់​ស្គាល់​ព្រះ អ្នករាល់គ្នា​បាន​ធ្វើជាទាសករ​ដល់​របស់​ដែល​មិនមែន​ជា​ព្រះ​តាំងពីដើមមក

9 ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ស្គាល់​ព្រះ​ហើយ​——​ឬ​ស៊ូ​និយាយថា​អ្នករាល់គ្នា​ត្រូវ​ព្រះ​ស្គាល់​វិញ​——​ចុះម្ដេចក៏​អ្នករាល់គ្នា​ត្រឡប់ទៅ​រក​គោលការណ៍បឋម​ដ៏ខ្សោយ និង​គ្មានតម្លៃ​ម្ដងទៀត​ដូច្នេះ​? តើ​អ្នករាល់គ្នា​ចង់​ធ្វើជាទាសករ​ដល់​របស់ទាំងនោះ​សាជាថ្មី​ឬ​?

10 អ្នករាល់គ្នា​ប្រកាន់យក​ថ្ងៃ ខែ រដូវ និង​ឆ្នាំ​!

11 ខ្ញុំ​បារម្ភ​អំពី​អ្នករាល់គ្នា ថា​ប្រហែល​ខ្ញុំ​បាន​ធ្វើការនឿយហត់​សម្រាប់​អ្នករាល់គ្នា​ដោយ​ឥតប្រយោជន៍​ហើយ​។

12 បងប្អូន​អើយ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ឲ្យ​បាន​ដូច​ខ្ញុំ ដ្បិត​ខ្ញុំក៏​បាន​ដូច​អ្នករាល់គ្នា​ដែរ​។ អ្នករាល់គ្នា​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ខ្ញុំ​ឡើយ​។

13 អ្នករាល់គ្នា​ដឹង​ហើយ​ថា កាលពីដើម ខ្ញុំ​បាន​ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា ព្រោះតែ​ជំងឺ​ក្នុង​រូបកាយ

14 ហើយ​ទោះបីជា​មាន​ការសាកល្បង​ចំពោះ​អ្នករាល់គ្នា​ដោយសារតែ​ស្ថានភាពខាងរូបកាយ​របស់ខ្ញុំ​ក៏ដោយ ក៏​អ្នករាល់គ្នា​មិន​បាន​មើលងាយ ឬ​ស្អប់ខ្ពើម​ខ្ញុំ​ឡើយ ផ្ទុយទៅវិញ អ្នករាល់គ្នា​បាន​ទទួល​ខ្ញុំ​ដូចជា​ទទួល​ទូតសួគ៌​របស់​ព្រះ ‍គឺ​ដូចជា​ទទួល​ព្រះ​គ្រីស្ទ​យេស៊ូវ​ផ្ទាល់​។

15 ចុះ​ភាពមានពរ​របស់អ្នករាល់គ្នា​នៅ​ឯណា​? ដ្បិត​ខ្ញុំ​ធ្វើបន្ទាល់​អំពី​អ្នករាល់គ្នា​ថា ប្រសិនបើ​អាច ម្ល៉េះសម​អ្នករាល់គ្នា​បាន​ខ្វេះ​ភ្នែក​របស់អ្នករាល់គ្នា​ចេញ ហើយ​ឲ្យ​ខ្ញុំ​!

16 ដោយសារ​ខ្ញុំ​ប្រាប់សេចក្ដីពិត​ដល់​អ្នករាល់គ្នា ធ្វើឲ្យ​ខ្ញុំ​ក្លាយជា​សត្រូវ​របស់អ្នករាល់គ្នា​ឬ?

17 អ្នកទាំងនោះ​យកចិត្តទុកដាក់​នឹង​អ្នករាល់គ្នា មិនមែន​ដោយបំណងល្អ​ទេ គឺ​ដោយ​ចង់​បំបែក​អ្នករាល់គ្នា​ចេញ ដើម្បីឲ្យ​អ្នករាល់គ្នា​យកចិត្តទុកដាក់​នឹង​ពួកគេ​វិញ​។

18 ជា​ការល្អ​ហើយ ដែល​យកចិត្តទុកដាក់​ចំពោះ​ការល្អ​ជានិច្ច គឺ​មិនគ្រាន់តែ​ពេល​ខ្ញុំ​នៅជាមួយ​អ្នករាល់គ្នា​ប៉ុណ្ណោះទេ​។

19 កូន​រាល់គ្នា​របស់ខ្ញុំ​អើយ ខ្ញុំ​កំពុង​ឈឺពោះឆ្លងទន្លេ​ម្ដងទៀត​ដើម្បី​អ្នករាល់គ្នា រហូតទាល់តែ​ព្រះ​គ្រីស្ទ​មានរូបរាងឡើង​ក្នុង​អ្នករាល់គ្នា​!

20 ខ្ញុំ​ចង់​នៅជាមួយ​អ្នករាល់គ្នា​ពេល​ឥឡូវនេះ ហើយ​ផ្លាស់ប្ដូរ​របៀបនិយាយ​របស់ខ្ញុំ ដ្បិត​ខ្ញុំ​វល់គំនិត​អំពី​អ្នករាល់គ្នា​។

និមិត្តរូបនៃស្ត្រីពីរនាក់

21 អ្នក​ដែល​ចង់​នៅក្រោម​ក្រឹត្យវិន័យ​អើយ ចូរ​ប្រាប់​ខ្ញុំ​មើល៍ តើ​អ្នករាល់គ្នា​មិន​បាន​ឮ​អ្វី​ដែល​ក្រឹត្យវិន័យ​ចែងមក​ទេ​ឬ​?

22 ដ្បិត​មាន​សរសេរ​ទុកមក​ថា អ័ប្រាហាំ​មាន​កូនប្រុស​ពីរ​នាក់ ម្នាក់​ពី​ស្ត្រីដែលជាបាវបម្រើ ម្នាក់ទៀត​ពី​ស្ត្រីដែលមានសេរីភាព​។

23 កូន​ពី​ស្ត្រីដែលជាបាវបម្រើ​បាន​កើតមក​តាមសាច់ឈាម រីឯ​កូន​ពី​ស្ត្រីដែលមានសេរីភាព​បាន​កើតមក​តាម​សេចក្ដីសន្យា​។

24 សេចក្ដីទាំងនេះ​ចាត់ទុកជានិមិត្តរូប ពោលគឺ ស្ត្រីទាំងនេះ​ជា​សម្ពន្ធមេត្រី​ពីរ​។ មួយ​មកពី​ភ្នំ​ស៊ីណាយ ទាំង​បង្កើត​កូន​សម្រាប់​ភាពជាទាសករ​; នោះ​គឺ​ហាការ​។

25 ហាការ​នេះ គឺ​ភ្នំ​ស៊ីណាយ​នៅ​អារ៉ាប៊ី ហើយ​ត្រូវជា​យេរូសាឡិម​នៅសព្វថ្ងៃនេះ ដ្បិត​យេរូសាឡិម​នៅ​ធ្វើជាទាសករ​ជាមួយ​កូនចៅ​របស់​នាង​។

26 រីឯ​យេរូសាឡិម​ដែល​នៅ​ស្ថានលើ​គឺ​ស្ត្រីដែលមានសេរីភាព ដែល​ជា​ម្ដាយ​របស់យើង​។

27 ដ្បិត​មាន​សរសេរ​ទុកមក​ថា​: “ស្ត្រី​អារ​ដែល​មិន​សម្រាល​កូន​អើយ ចូរ​អរសប្បាយ​! ស្ត្រី​ដែល​មិន​ឈឺពោះឆ្លងទន្លេ​អើយ ចូរ​បន្លឺសំឡេង ហើយ​ស្រែកឡើង​! ដ្បិត​កូន​ៗ​របស់​ស្ត្រី​ដែលគ្មានប្ដី មាន​ច្រើន​ជាង​កូន​ៗ​របស់​ស្ត្រី​ដែល​មាន​ប្ដី​ទៅទៀត”។

28 បងប្អូន​អើយ ចំណែកឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ជា​កូន​នៃ​សេចក្ដីសន្យា​ដូច​អ៊ីសាក​ដែរ​។

29 ប៉ុន្តែ​ដូចដែល​កាលនោះ កូន​ដែល​កើតមក​តាមសាច់ឈាម​បាន​បៀតបៀន​កូន​ដែល​កើតមក​តាម​ព្រះវិញ្ញាណ​យ៉ាងណា ឥឡូវនេះ​ក៏​មាន​យ៉ាងនោះ​ដែរ​។

30 យ៉ាងណាមិញ តើ​ព្រះគម្ពីរ​ចែង​ដូចម្ដេច​? “ចូរ​បណ្ដេញ​ស្ត្រីដែលជាបាវបម្រើ និង​កូន​របស់​នាង​ចេញ​ទៅ​! ដ្បិត​កូន​របស់​ស្ត្រីដែលជាបាវបម្រើ មិន​ត្រូវ​ទទួលមរតក​ជាមួយ​កូន​របស់​ស្ត្រីដែលមានសេរីភាព​ទាល់តែសោះ”។

31 ដូច្នេះ បងប្អូន​អើយ យើង​មិនមែន​ជា​កូន​របស់​ស្ត្រីដែលជាបាវបម្រើ​ទេ គឺ​ជា​កូន​របស់​ស្ត្រីដែលមានសេរីភាព​វិញ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative