អេម៉ុស 9:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយឲ្យមកវិញ គេនឹងសង់ទីក្រុងដែលខូចបង់ទាំងប៉ុន្មានឡើងវិញ ដើម្បីរស់នៅ គេនឹងដាំទំពាំងបាយជូរ ហើយផឹកស្រាពីផលទំពាំងបាយជូរនោះ គេនឹងធ្វើចម្ការ ហើយបរិភោគផលពីចម្ការនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ យើងនឹងនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយ ឲ្យត្រឡប់មកវិញ។ ពួកគេនឹងសង់ក្រុងទាំងប៉ុន្មានដែលខូចខាត ដើម្បីស្នាក់នៅ។ ពួកគេនឹងដាំទំពាំងបាយជូរ ហើយផឹកស្រាពីចម្ការទំពាំងបាយជូរនោះ។ ពួកគេនឹងធ្វើចម្ការ ហើយបរិភោគ ផលផ្លែពីចម្ការនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងនាំពួកអ៊ីស្រាអែល ជារាស្ត្រអញ ដែលជាប់ជាឈ្លើយឲ្យមកវិញ គេនឹងសង់អស់ទាំងទីក្រុងខូចបង់ឡើង ព្រមទាំងអាស្រ័យនៅផង គេនឹងដាំចំការទំពាំងបាយជូរ ក៏នឹងផឹកស្រាទំពាំងបាយជូរជាផលពីចំការនោះ គេនឹងដាំច្បារ ហើយស៊ីផលនោះដែរ អាល់គីតាប ពេលនោះ យើងនឹងនាំអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយ ឲ្យត្រឡប់មកវិញ។ ពួកគេនឹងសង់ក្រុងទាំងប៉ុន្មានដែលខូចខាត ដើម្បីស្នាក់នៅ។ ពួកគេនឹងដាំទំពាំងបាយជូរ ហើយផឹកស្រាពីចម្ការទំពាំងបាយជូរនោះ។ ពួកគេនឹងធ្វើចម្ការ ហើយបរិភោគ ផលផ្លែពីចម្ការនោះដែរ។ |
ឱ សូមឲ្យការសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ចេញពីក្រុងស៊ីយ៉ូនមកទៅអេះ! ពេលព្រះប្រោសឲ្យប្រជារាស្ត្រព្រះអង្គ ងើបមុខឡើងវិញ នោះសូមឲ្យយ៉ាកុបបានត្រេកអរ ហើយសូមឲ្យអ៊ីស្រាអែលរីករាយឡើង។
ចូរងើបភ្នែកអ្នកមើលជុំវិញ គេមូលគ្នាមកឯអ្នក ពួកកូនប្រុសៗរបស់អ្នកទាំងអស់នឹងមកពីឆ្ងាយ ហើយនឹងមានគេបីពួកកូនស្រីៗរបស់អ្នកមកដែរ។
គេនឹងសង់អស់ទាំងទីក្រុង ដែលខូចបង់ពីដើមឡើងវិញ ហើយរៀបកន្លែងចោលស្ងាត់ពីកាលមុនឡើងជាថ្មី គេនឹងជួសជុលអស់ទាំងទីក្រុងដែលខូចបង់ និងទីកន្លែងដែលចោលស្ងាត់ជាច្រើនជំនាន់នោះឡើងវិញ។
គ្រានោះ មនុស្សនឹងសង់ផ្ទះ ហើយអាស្រ័យនៅ ក៏នឹងដាំចម្ការទំពាំងបាយជូរ ហើយបរិភោគផលដែរ។
ក្រោយដែលយើងបានដករំលើងគេទៅហើយ នោះយើងនឹងត្រឡប់មកអាណិតមេត្តាដល់គេ ព្រមទាំងនាំគេឲ្យវិលត្រឡប់មកវិញ គឺគ្រប់គ្នាមករកមត៌ករបស់គេ ហើយមកស្រុករបស់គេរៀងខ្លួនផង។
គេនឹងស្បថយ៉ាងនេះវិញថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ដែលព្រះអង្គបាននាំពួកកូនចៅអ៊ីស្រាអែល ចេញពីស្រុកខាងជើងមក ហើយពីអស់ទាំងប្រទេស ដែលព្រះអង្គបានបណ្តេញគេនោះផង យើងនឹងនាំគេឲ្យវិលមកក្នុងស្រុករបស់គេ ជាស្រុកដែលយើងបានឲ្យដល់បុព្វបុរសគេ។
គឺគេនឹងថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ដែលព្រះអង្គបាននាំពូជពង្សនៃអ៊ីស្រាអែល ហើយនាំគេចេញពីស្រុកខាងជើង និងពីគ្រប់ទាំងស្រុកដែលព្រះអង្គបានបណ្តេញគេនោះវិញ។ ពេលនោះ គេនឹងនៅក្នុងស្រុករបស់ខ្លួន។
ដ្បិតយើងនឹងតាមមើលគេ ឲ្យបានសេចក្ដីល្អ ហើយនឹងនាំគេមកក្នុងស្រុកនេះវិញ យើងនឹងស្អាងគេឡើង មិនរុះវិញឡើយ ក៏ដាំគេចុះ ឥតរំលើងចេញដែរ។
យើងនឹងឲ្យអ្នករាល់គ្នារកយើងឃើញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា យើងនឹងដោះអ្នករាល់គ្នាឲ្យរួចពីសណ្ឋានជាឈ្លើយ ហើយប្រមូលអ្នកពីគ្រប់សាសន៍ និងពីគ្រប់កន្លែងដែលយើងបានបណ្តេញអ្នក នាំវិលត្រឡប់មកកន្លែងដែលយើងបានឲ្យគេចាប់ទៅជាឈ្លើយនោះវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងនាំពួកឈ្លើយ ដែលចាប់ពីត្រសាលរបស់យ៉ាកុបឲ្យត្រឡប់មកវិញ យើងនឹងមានសេចក្ដីអាសូរដល់ទីលំនៅរបស់គេ ហើយទីក្រុងនឹងបានសង់ឡើងវិញនៅលើគំនរចាស់ ហើយដំណាក់នឹងមាននៅដូចពីដើម។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា នឹងមានគ្រាមកដល់ ដែលយើងនឹងនាំប្រជារាស្ត្រយើង ជាពួកឈ្លើយ គឺពួកអ៊ីស្រាអែល និងពួកយូដា ត្រឡប់មកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា យើងនឹងធ្វើឲ្យគេវិលទៅស្រុកដែលយើងបានឲ្យដល់បុព្វបុរសគេ ហើយគេនឹងបានស្រុកនោះជារបស់ខ្លួន។
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ កាលណាយើងនាំពួកគេ ដែលជាឈ្លើយមកវិញ នៅក្នុងស្រុកយូដា ហើយអស់ទាំងទីក្រុងនៅស្រុកនោះ គេនឹងនិយាយពាក្យនេះឡើងជាថ្មីទៀត គឺថា ឱទីលំនៅនៃសេចក្ដីសុចរិត ហើយភ្នំនៃសេចក្ដីបរិសុទ្ធអើយ សូមព្រះយេហូវ៉ាប្រទានពរដល់អ្នក
ដែលយើងបានមើលគេ ដើម្បីនឹងដករំលើង កាច់បំបាក់ រំលំ បំផ្លាញ ហើយធ្វើទុក្ខជាយ៉ាងណា នោះយើងនឹងមើលគេ ដើម្បីនឹងសង់គេឡើង ហើយដាំគេយ៉ាងនោះដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
អ្នកនឹងដាំដំណាំទំពាំងបាយជូរ នៅលើភ្នំស្រុកសាម៉ារីទៀត ម្ចាស់ដំណាំនឹងដាំទៅ ហើយទទួលផលផង។
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ នឹងមានគេទិញទាំងផ្ទះ និងចម្ការ ហើយនឹងដំណាំទំពាំងបាយជូរនៅក្នុងស្រុកនេះទៀត។
មើល៍! យើងនឹងប្រមូលគេចេញពីអស់ទាំងស្រុក ដែលយើងបានបណ្តេញគេទៅនោះ ដោយកំហឹង សេចក្ដីឃោរឃៅ និងសេចក្ដីគ្នាន់ក្នាញ់ជាខ្លាំងរបស់យើង ក៏នឹងនាំគេមកទីនេះវិញ ព្រមទាំងឲ្យគេនៅដោយសុខសាន្ត។
ជាសំឡេងអរសប្បាយ និងសំឡេងរីករាយ គឺសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី និងសំឡេងពួកអ្នកដែលពោលថា៖ ចូរលើកសរសើរព្រះយេហូវ៉ានៃពួកពលបរិវារ ដ្បិតព្រះយេហូវ៉ាល្អ ពីព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គស្ថិតស្ថេរនៅអស់កល្ប ហើយសំឡេងរបស់ពួកដែលនាំយកតង្វាយអរព្រះគុណចូលក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ ដ្បិតយើងនឹងធ្វើឲ្យពួកអ្នកស្រុកនេះ ដែលនៅជាឈ្លើយ បានវិលមកវិញដូចកាលពីដើម នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
យើងនឹងធ្វើឲ្យពួកយូដា និងពួកអ៊ីស្រាអែល ដែលជាឈ្លើយវិលមកវិញ ហើយនឹងសង់គេឡើងដូចកាលដើម
យើងនឹងនាំពួកគេដែលនៅជាឈ្លើយឲ្យមកវិញ គឺសូដុម ព្រមទាំងកូនដែលនៅជាឈ្លើយ សាម៉ារី ព្រមទាំងកូនដែលនៅជាឈ្លើយ និងពួកអ្នកទាំងប៉ុន្មានដែលនៅជាឈ្លើយ ឲ្យមកកណ្ដាលគេផង
គេក៏នៅក្នុងស្រុកនោះដោយសុខសាន្ត គេនឹងសង់ផ្ទះ ព្រមទាំងដាំដំណាំទំពាំងបាយជូរ និងអាស្រ័យនៅដោយសុខសាន្តផង ក្នុងកាលដែលយើងសម្រេចសេចក្ដីយុត្តិធម៌ដល់ពួកអ្នកនៅជុំវិញដែលបានប្រព្រឹត្តនឹងគេដោយសេចក្ដីមើលងាយ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេពិត»។
ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងនឹងយកពួកកូនចៅអ៊ីស្រាអែលចេញពីអស់ទាំងសាសន៍ដែលគេបានទៅនោះ ហើយប្រមូលមកពីគ្រប់ទិស នាំចូលទៅក្នុងស្រុករបស់ផងខ្លួន។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ឥឡូវនេះ យើងនឹងនាំពួកយ៉ាកុបដែលនៅជាឈ្លើយឲ្យមកវិញ ហើយនឹងមានសេចក្ដីអាណិតមេត្តាដល់ពួកវង្សអ៊ីស្រាអែលទាំងមូល ហើយនឹងមានសេចក្ដីប្រចណ្ឌ ដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់យើង
ដូច្នេះ ដោយព្រោះអ្នករាល់គ្នាជាន់ឈ្លីមនុស្សក្រីក្រ ហើយរឹបអូសយកស្រូវពីគេ អ្នករាល់គ្នាបានសង់ផ្ទះដោយថ្មដាប់ តែមិនបានរស់នៅក្នុងផ្ទះនោះទេ អ្នករាល់គ្នាបានដាំចម្ការទំពាំងបាយជូរជាទីគាប់ចិត្ត តែមិនបានផឹកស្រាទំពាំងបាយជូរពីចម្ការនោះឡើយ។
ទ្រព្យសម្បត្តិរបស់គេនឹងត្រូវរឹបអូស ហើយផ្ទះរបស់គេនឹងត្រូវចោលស្ងាត់។ គេនឹងសង់ផ្ទះ តែមិនបានអាស្រ័យនៅទេ គេនឹងធ្វើចម្ការទំពាំងបាយជូរ តែមិនបានផឹកពីផលទំពាំងបាយជូរឡើយ។
ស្រុកតាមឆ្នេរសមុទ្រនឹងក្លាយជាកេរអាករ នៃសំណល់ពូជពង្សយូដា គេនឹងឃ្វាលហ្វូងសត្វរបស់គេនៅទីនោះ នៅពេលយប់ គេនឹងដេកក្នុងផ្ទះ នៅក្នុងក្រុងអាសកាឡូន ដ្បិតព្រះយេហូវ៉ា ជាព្រះរបស់គេ ព្រះអង្គនឹងប្រោសគេ ហើយស្ដារស្ថានភាពរបស់គេឡើងវិញ។