ក្រោយហេតុការណ៍ទាំងនោះមក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមក្នុងនិមិត្តមួយថា៖ «អាប់រ៉ាមអើយ កុំខ្លាចអ្វីឡើយ យើងជាខែលរបស់អ្នក អ្នកនឹងបានទទួលរង្វាន់ដ៏ធំក្រៃលែង»។
ទំនុកតម្កើង 89:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតខែលរបស់យើងខ្ញុំជារបស់ព្រះយេហូវ៉ា ព្រះរាជារបស់យើងខ្ញុំជារបស់ព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែល។ ព្រះគម្ពីរខ្មែរសាកល ដ្បិតខែលរបស់យើងខ្ញុំជារបស់ព្រះយេហូវ៉ា ហើយព្រះមហាក្សត្ររបស់យើងខ្ញុំជារបស់អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល បានជ្រើសរើសព្រះរាជា ឲ្យធ្វើជាខែលការពារយើងខ្ញុំ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះយេហូវ៉ាទ្រង់ជាខែលរបស់យើងខ្ញុំ ហើយព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់ជាមហាក្សត្រនៃយើងខ្ញុំ។ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល បានជ្រើសរើសស្តេច ឲ្យធ្វើជាខែលការពារយើងខ្ញុំ ។ |
ក្រោយហេតុការណ៍ទាំងនោះមក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមក្នុងនិមិត្តមួយថា៖ «អាប់រ៉ាមអើយ កុំខ្លាចអ្វីឡើយ យើងជាខែលរបស់អ្នក អ្នកនឹងបានទទួលរង្វាន់ដ៏ធំក្រៃលែង»។
ព្រះអង្គបានលើកស្នែងឲ្យប្រជារាស្ត្រព្រះអង្គ ព្រះអង្គជាទីសរសើរដល់ អស់ទាំងពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ដល់ប្រជាអ៊ីស្រាអែល ដែលនៅជិតដិតនឹងព្រះអង្គ។ ហាលេលូយ៉ា !
៙ ឱព្រះអើយ ព្រះអង្គជាមហាក្សត្ររបស់ទូលបង្គំ ព្រះអង្គបង្គាប់ឲ្យមានការសង្គ្រោះ ដល់ពួកយ៉ាកុប!
ពួកអ្នកធំនៃប្រជាជនទាំងឡាយបានជួបជុំគ្នា រួមជាមួយប្រជារាស្ត្រនៃព្រះ របស់លោកអ័ប្រាហាំ ដ្បិតខែលទាំងប៉ុន្មាននៅលើផែនដី ជារបស់ព្រះ ព្រះអង្គបានថ្កើងឡើងយ៉ាងខ្ពង់ខ្ពស់។
ព្រះអង្គតែមួយគត់ ដែលជាថ្មដា និងព្រះសង្គ្រោះខ្ញុំ ជាបន្ទាយរបស់ខ្ញុំ ខ្ញុំនឹងមិនត្រូវរង្គើឡើយ។
៙ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គដោយពិណ ព្រោះព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ឱព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលអើយ ទូលបង្គំនឹងច្រៀងសរសើរ ដល់ព្រះអង្គដោយចាប់ស៊ុង។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
ឱហ្ន៎ ប្រទេសដ៏មានបាប ជាសាសន៍ផ្ទុកដោយអំពើទុច្ចរិត ជាពូជមនុស្សដែលប្រព្រឹត្តអាក្រក់ ជាពួកកូនចៅដែលប្រព្រឹត្តវៀចកោង គេបានបោះបង់ចោលព្រះយេហូវ៉ា គេបានប្រមាថមើលងាយដល់ព្រះ ដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេបានត្រូវព្រាត់ថយទៅក្រោយ។
ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង ហើយស្រែកហ៊ោដោយអំណរចុះ ដ្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គធំប្រសើរនៅកណ្ដាលអ្នករាល់គ្នា។
មនុស្សរាបសា នឹងមានអំណរចម្រើនឡើង ក្នុងព្រះយេហូវ៉ា ហើយពួកអ្នកក្រីក្រក្នុងបណ្ដាមនុស្ស គេនឹងរីករាយដោយសារព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែល។
ចូរលែងតាមផ្លូវនេះ ហើយបែរចេញពីផ្លូវច្រកនេះទៅ ឲ្យបំបាត់ព្រះដ៏បរិសុទ្ធនៃសាសន៍ អ៊ីស្រាអែលចេញពីមុខយើង"។
ពីព្រោះព្រះយេហូវ៉ាជាចៅក្រមនៃយើងរាល់គ្នា ព្រះយេហូវ៉ាជាអ្នកតែងច្បាប់ឲ្យយើងរាល់គ្នា ព្រះយេហូវ៉ាជាមហាក្សត្រនៃយើងរាល់គ្នា ព្រះអង្គនឹងជួយសង្គ្រោះយើង។
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នករាល់គ្នា គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា ដោយយល់ដល់អ្នករាល់គ្នា នោះយើងចាត់មនុស្សទៅឯក្រុងបាប៊ីឡូន ហើយនឹងទម្លាក់គេទាំងអស់គ្នា គេនឹងរត់រតាក់រតាយទៅ សូម្បីតែពួកខាល់ដេនៅក្នុងនាវា ដែលគេយកជាទីសប្បាយនោះដែរ។
ដ្បិតយើងនេះ គឺយេហូវ៉ា ជាព្រះរបស់អ្នក យើងជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គឺជាព្រះសង្គ្រោះរបស់អ្នក យើងបានឲ្យស្រុកអេស៊ីព្ទទុកជាថ្លៃលោះអ្នក ព្រមទាំងស្រុកអេធីយ៉ូពី និងស្រុកសេបា ជំនួសអ្នកផង។
នាងហាណាអធិស្ឋានថា៖ «ចិត្តខ្ញុំម្ចាស់រីករាយនឹងព្រះយេហូវ៉ា កម្លាំងខ្ញុំម្ចាស់បានថ្កើងឡើងក្នុងព្រះរបស់ខ្ញុំ មាត់ខ្ញុំម្ចាស់បានបង្គ្របលើគូវិវាទរបស់ខ្ញុំ ព្រោះខ្ញុំម្ចាស់មានអំណរនឹងសេចក្ដីសង្គ្រោះ របស់ព្រះអង្គ។