ទំនុកតម្កើង 148 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យសរសើរតម្កើងដល់ព្រះដ៏មានសិរីល្អលើសកលលោក 1 ចូរសរសើរតម្កើងព្រះយេហូវ៉ា ! ចូរសរសើរតម្កើងព្រះយេហូវ៉ាពីលើអាកាស ចូរសរសើរតម្កើងព្រះអង្គនៅតាមទីខ្ពស់! 2 អស់ទាំងពួកទេវតារបស់ព្រះអង្គអើយ ចូរសរសើរតម្កើងព្រះអង្គ អស់ទាំងពួកពលបរិវាររបស់ព្រះអង្គអើយ ចូរសរសើរតម្កើងព្រះអង្គ! 3 ៙ ព្រះអាទិត្យ និងព្រះចន្ទអើយ ចូរសរសើរតម្កើងព្រះអង្គ អស់ទាំងផ្កាយដ៏ភ្លឺអើយ ចូរសរសើរតម្កើងព្រះអង្គ! 4 ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយ ចូរសរសើរតម្កើងព្រះអង្គ ហើយឯងដែរ អស់ទាំងទឹក ដែលនៅពីលើមេឃអើយ! 5 ៙ ចូរឲ្យអ្វីៗសព្វសារពើសរសើរតម្កើង ព្រះនាមព្រះយេហូវ៉ា! ដ្បិតព្រះអង្គបានចេញបង្គាប់ នោះអ្វីៗទាំងអស់ក៏បានកើតមក។ 6 ព្រះអង្គបានតាំងរបស់ទាំងនោះ ឲ្យនៅជាប់អស់កល្បជានិច្ច ព្រះអង្គបានដាក់ចេញជាច្បាប់ ហើយច្បាប់នោះមិនអាចកន្លងបាត់ឡើយ។ 7 ៙ ចូរសរសើរតម្កើងព្រះយេហូវ៉ាចេញពីផែនដី ឯងដែលជាសត្វដ៏សម្បើមនៅក្នុងសមុទ្រ និងទីជម្រៅទាំងប៉ុន្មាន 8 ភ្លើង និងព្រឹល ហិមៈ និងចំហាយទឹក ខ្យល់ព្យុះដែលសម្រេចតាម ព្រះបន្ទូលរបស់ព្រះអង្គ 9 ភ្នំធំភ្នំតូចទាំងឡាយ ដើមឈើដែលមានផ្លែ និងដើមតាត្រៅទាំងប៉ុន្មាន 10 សត្វព្រៃ និងសត្វស្រុកទាំងប៉ុន្មាន សត្វលូនវារ ព្រមទាំងសត្វហើរដែរ។ 11 ៙ ស្តេចនៅផែនដី និងប្រជារាស្ត្រទាំងឡាយ អ្នកធំ និងអ្នកគ្រប់គ្រងនៅផែនដី 12 យុវជន និងយុវនារី មនុស្សចាស់ ព្រមទាំងកូនក្មេងដែរ! 13 ៙ ចូរឲ្យទាំងអស់សរសើរតម្កើង ព្រះនាមព្រះយេហូវ៉ា ដ្បិតមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ ត្រូវលើកតម្កើង តេជានុភាពរបស់ព្រះអង្គ ខ្ពស់ជាងផែនដី និងផ្ទៃមេឃ។ 14 ព្រះអង្គបានលើកស្នែងឲ្យប្រជារាស្ត្រព្រះអង្គ ព្រះអង្គជាទីសរសើរដល់ អស់ទាំងពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ដល់ប្រជាអ៊ីស្រាអែល ដែលនៅជិតដិតនឹងព្រះអង្គ។ ហាលេលូយ៉ា ! |
© 2016 United Bible Societies
Bible Society in Cambodia