ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ សាំ‌យូ‌អែល 19 - អាល់គីតាប អាល់គីតាប
២ សាំ‌យូ‌អែល 19

1 មាន​គេ​មក​ជម្រាប​លោក​យ៉ូអាប់​ថា ទត​យំ និង​អាឡោះ​អាល័យ​ស្តេច​អាប់‌សា‌ឡុម។

2 ជ័យ​ជំនះ​នៅ​ថ្ងៃ​នោះ ក្លាយ​ទៅ​ជា​ទុក្ខ​ព្រួយ ដ្បិត​កង‌ទ័ព​ទាំង​មូល​ឮ​គេ​និយាយ​ថា ទត​សោក​សង្រេង​អាឡោះ​អាល័យ​កូន។

3 នៅ​ថ្ងៃ​នោះ ពួក​គេ​ចូល​មក​ក្នុង​ក្រុង​វិញ​ដោយ​ស្ងាត់ៗ ដូច​ជា​ទាហាន​បាក់​ទ័ព​រត់​ចោល​សមរ‌ភូមិ​ទាំង​ក្តី​អាម៉ាស់។

4 រីឯ​ទត​វិញ គាត់​គ្រប​មុខ​ជិត ហើយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «អាប់‌សា‌ឡុម កូន​ឪពុក! ឱ​កូន​ឪពុក! អាប់‌សា‌ឡុម កូន​ឪពុក​អើយ!»។

5 ពេល​នោះ លោក​យ៉ូអាប់​ចូល​ជួប​ទត​នៅ​ក្នុង​បន្ទប់ ហើយ​ជម្រាប​ថា៖ «ពល​ទាហាន​ទាំង​អស់​បាន​សង្គ្រោះ​ស្តេច ព្រម​ទាំង​បុត្រា​បុត្រី និង​ស្រី​ស្នំ​ទាំង​ប៉ុន្មាន តែ​ថ្ងៃ​នេះ ស្តេច​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​អាម៉ាស់​ទៅ​វិញ។

6 ស្តេច​ស្រឡាញ់​អ្នក​ដែល​ស្អប់​ស្តេច ហើយ​ស្អប់​អ្នក​ដែល​ស្រឡាញ់​ស្តេច​ទៅ​វិញ។ នៅ​ថ្ងៃ​នេះ ស្តេច​បង្ហាញ​ថា ស្តេច​មិន​គិត​គូរ​ដល់​មេ​បញ្ជា​ការ និង​ពល​ទាហាន​ទេ។ ខ្ញុំ​ដឹង​ថា ប្រសិន​បើ​ស្តេច​អាប់‌សា‌ឡុម​នៅ​រស់ ហើយ​ខ្ញុំ​ទាំង​អស់​គ្នា​ស្លាប់ ស្តេច​មុខ​ជា​យល់​ថា​ជា​ការ​ធម្មតា។

7 ឥឡូវ​នេះ សូម​ស្តេច​ក្រោក​ឡើង ហើយ​ចេញ​ទៅ​លើក​ទឹក​ចិត្ត​ពល​ទាហាន​ផង។ ខ្ញុំ​សូម​ស្បថ ក្នុង​នាមអុលឡោះ‌តាអាឡា​ថា ប្រសិន​បើ​ស្តេច​មិន​ចេញ​ទៅ​ទេ យប់​នេះ នឹង​គ្មាន​នរណា​ម្នាក់​នៅ​បម្រើ​ស្តេច​ទៀត​ឡើយ ហើយ​ស្តេច​ត្រូវ​វេទនា​លើស​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន ដែល​ស្តេច​ធ្លាប់​ជួប​ប្រទះ​តាំង​ពី​ក្មេង​មក​ទល់​សព្វ​ថ្ងៃ»។

8 ទត​ក៏​ក្រោក​ឡើង ចេញ​មក​នៅ​មាត់​ទ្វារ​ក្រុង។ គេ​ប្រកាស​ប្រាប់​ពល​ទាហាន​ទាំង​មូល​ថា ស្តេច​នៅ​មាត់​ទ្វារ​ក្រុង។ ពល​ទាហាន​ទាំង​អស់ ក៏​នាំ​គ្នា​មក​ជួប។ ពល​ទាហាន​អ៊ីស្រ‌អែល​បាន​បាក់​ទ័ព រត់​ចូល​ជំរំ​របស់​គេ​រៀងៗ​ខ្លួន​វិញ។

ណាពី​ទត​ចូល​ក្រុង​យេរូ‌សាឡឹម

9 នៅ​តាម​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​អស់ ប្រជា‌ជន​ទាំង​មូល​ពិភាក្សា​គ្នា​ថា៖ «ស្តេច​ទត​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ ជា​ពិសេស រំដោះ​យើង​ឲ្យ​រួច​ពី​ពួក​ភីលី‌ស្ទីន តែ​ឥឡូវ​នេះ គាត់​បាន​ភៀស​ខ្លួន​ចេញ​ពី​ស្រុក ព្រោះ​តែ​ស្តេច​អាប់‌សា‌ឡុម។

10 រីឯ​ស្តេច​អាប់‌សា‌ឡុម​ដែល​យើង​បាន​តែង​តាំង​ជា​ស្តេច​នោះ បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​ទៅ​ហើយ។ ដូច្នេះ តើ​ពួក​យើង​នៅ​រង់​ចាំ​អ្វី​ទៀត ម្តេច​មិន​ទៅ​អញ្ជើញ​ស្តេច​ទត​ឲ្យ​ត្រឡប់​មក​វិញ?»។

11 រីឯ​ស្តេច​ទត គាត់​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​អ៊ីមុាំ​សាដុក និង​អ៊ីមុាំ​អបៀ‌ថើរ​ដូច​ត​ទៅ៖ «ចូរ​សាក​សួរ​អស់​លោក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​យូដា​ថា ហេតុ​អ្វី​បាន​ជា​អស់​លោក​នៅ​ដំអក់​ដូច្នេះ ម្តេច​ក៏​មិន​អញ្ជើញ​ស្តេច​ចូល​ក្នុង​ដំណាក់​វិញ? ស្តេច​បាន​ជ្រាប​ពី​គោល​បំណង​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​ហើយ។

12 អស់​លោក​ជា​បង‌ប្អូន និង​ជា​សាច់​ញាតិ​របស់​ស្តេច។ ដូច្នេះ កុំ​បង្អង់​នៅ​ចាំ​ក្រោយ​គេ ក្នុង​ការ​អញ្ជើញ​ស្តេច​មក​វិញ​នោះ​ឡើយ។

13 បន្ទាប់​មក សូម​អ្នក​ទាំង​ពីរ​ទៅ​ប្រាប់​លោក​អម៉ា‌សា​ផង​ថា “លោក​ជា​សាច់​ញាតិ​របស់​យើង ដូច្នេះ យើង​សូម​សន្យា​ថា បើ​យើង​មិន​តែង‌តាំង​លោក​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព ជំនួស​លោក​យ៉ូអាប់​រហូត​ទេ​នោះ សូម​អុលឡោះ​ដាក់​ទោស​យើង​ចុះ”»។

14 ស្តេច​ទត​ធ្វើ​ឲ្យ​អ្នក​ស្រុក​យូដា​ទាំង​មូល​ទន់​ចិត្ត ហើយ​ពួក​គេ​ព្រម​ព្រៀង​គ្នា ចាត់​មនុស្ស​ឲ្យ​ទៅ​ជម្រាប​គាត់​ថា៖ «សូម​ស្តេច​មក​វិញ ជា​មួយ​កង‌ទ័ព​ទាំង​មូល​របស់​ស្តេច​ចុះ»។

15 ដូច្នេះ ទត​ត្រឡប់​មក​វិញ។ ពេល​គាត់​មក​ដល់​មាត់​ទន្លេ​យ័រ‌ដាន់ អ្នក​ស្រុក​យូដា​ទាំង​មូល​នាំ​គ្នា​ទទួល​ស្តេច​នៅ​គីល‌កាល់ ដើម្បី​ជួយ​ចម្លង​ស្តេច​ឆ្លង​ទន្លេ​យ័រ‌ដាន់។

ណាពី​ទត​លើក​លែង​ទោស​លោក​ស៊ីម៉ាយ

16 លោក​ស៊ី‌ម៉ាយ​ជា​កូន​របស់​លោក​កេរ៉ា ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​នៅ​បាហ៊ូ‌រីម ក៏​ប្រញាប់‌ប្រញាល់​ចុះ​មក​ជា​មួយ​ពួក​យូដា​ដែរ ដើម្បី​គោរព​ស្តេច​ទត។

17 លោក​នាំ​ពួក​ពុន‌យ៉ាមីន​ចំនួន​មួយ​ពាន់​នាក់ ព្រម​ទាំង​ស៊ីបា ជា​អ្នក​បម្រើ​នៃ​ញាតិ​វង្ស​របស់​ស្តេច​សូល កូន​ប្រុស​ទាំង​ដប់​ប្រាំ​នាក់ និង​អ្នក​បម្រើ​របស់​គាត់​ចំនួន​ម្ភៃ​នាក់ មក​ជា​មួយ​ផង។ ពួក​គេ​ប្រញាប់‌ប្រញាល់​ឆ្លង​ទន្លេ​យ័រ‌ដាន់​ទៅ​ទទួល​ទត

18 ដើម្បី​ជួយ​ចម្លង​រាជ‌វង្ស​ឆ្លង​កាត់​ទន្លេ ហើយ​ចាំ​ទទួល​បញ្ជា​ពី​ទត។ ពេល​ទត​ឆ្លង​មក​ដល់​ត្រើយ​ម្ខាង ហើយ​លោក​ស៊ីម៉ាយ​ក្រាប​គោរព​អោន​មុខ​ដល់​ដី។

19 គាត់​និយាយ​ថា៖ «សូម​ជម្រាប​ស្តេច! សូម​កុំ​ប្រកាន់​ទោស​ខ្ញុំ! សូម​មេត្តា​បំភ្លេច​កំហុស ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច នៅ​ថ្ងៃ​ស្តេច​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម សូម​កុំ​ចង​គំនុំ​នឹង​ខ្ញុំ​ឡើយ។

20 ខ្ញុំ​សូម​សារ‌ភាព​ថា ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន ប៉ុន្តែ ថ្ងៃ​នេះ សូម​ស្តេច​មើល​ចុះ ក្នុង​ចំណោម​ពូជ‌ពង្ស​យូសុះ​ទាំង​មូល ខ្ញុំ​ចុះ​មក​ទទួល​ស្តេច​មុន​គេ»។

21 លោក​អប៊ី‌សាយ ជា​កូន​អ្នក​ស្រី​សេរូ‌យ៉ា ជម្រាប​ទត​ថា៖ «ស៊ីម៉ាយ​ត្រូវ​តែ​ស្លាប់ ព្រោះ​គាត់​បាន​ដាក់​បណ្តាសា​ស្តេច​ដែលអុលឡោះ‌តាអាឡា​បាន​តែង​តាំង!»។

22 ប៉ុន្តែ ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​លោក​អប៊ី‌សាយ និង​លោក​យ៉ូអាប់​ជា​បង​ថា៖ «កូន​អ្នក​ស្រី​សេរូ‌យ៉ា​អើយ កុំ​លូក​ដៃ​ក្នុង​រឿង​នេះ​ឲ្យ​សោះ! ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​ជំទាស់​នឹង​ខ្ញុំ​នៅ​ពេល​នេះ​ដូច្នេះ? មិន​ត្រូវ​សម្លាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ណា​ម្នាក់​ក្នុង​ថ្ងៃ​នេះ​ឡើយ ដ្បិត​ខ្ញុំ​ដឹង​ច្បាស់​ថា ខ្ញុំ​ពិត​ជា​ស្តេច​លើ​ប្រជា‌ជន​អ៊ីស្រ‌អែល​វិញ​ហើយ!»។

23 បន្ទាប់​មក ទត​មាន​ប្រសាសន៍​ស្បថ​នឹង​លោក​ស៊ីម៉ាយ​ថា៖ «អ្នក​មិន​ត្រូវ​ស្លាប់​ទេ!»។

ណាពី​ទត​លើក​លែង​ទោស​លោក​មេភី‌បូសែត

24 លោក​មេភី‌បូសែត ជា​ចៅ​របស់​ស្តេច​សូល​បាន​មក​ទទួល​ស្តេច​ទត​ដែរ។ តាំង​ពី​ពេល​គាត់​ចាក​ចេញ​ទៅ រហូត​ដល់​ថ្ងៃ​គាត់​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត លោក​មេភី‌បូសែត​ពុំ​បាន​លាង​ជើង​កោរ​ពុក​ចង្កា ឬ​បោក​សម្លៀក‌បំពាក់​ទេ។

25 នៅ​ពេល​គាត់​ចូល​ទៅ​ជួប​ទត​នៅ​ក្រុង​យេរូ‌សាឡឹម ទត​សួរ​គាត់​ថា៖ «មេភី‌បូសែត​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ទៅ​ជា​មួយ​យើង?»។

26 គាត់​ជម្រាប​ទត​ថា៖ «សូម​ជម្រាប​ស្តេច​ជា​អម្ចាស់! អ្នក​បម្រើ​របស់​ខ្ញុំ​បាន​បញ្ឆោត​ខ្ញុំ។ ខ្ញុំ​មាន​បំណង​ឲ្យ​គេ​ចង​កែប​លា ដើម្បី​ជិះ​ទៅ​តាម​ស្តេច ព្រោះ​ខ្ញុំ​ជា​មនុស្ស​ខ្វិន

27 តែ​អ្នក​បម្រើ​របស់​ខ្ញុំ​បាន​ទៅ​ប្រាប់​មួល​បង្កាច់​ពី​ខ្ញុំ ជូន​ស្តេច។ ស្តេច​ប្រៀប​ដូច​ជា​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ ដូច្នេះ សូម​ស្តេច​សម្រេច​តាម​ចិត្ត​ចុះ។

28 ទោះ​បី​ស្តេច​យល់​ឃើញ​ថា ពូជ‌ពង្ស​ទាំង​អស់​របស់​ស្តេច​សូល ជា​ជីតា​ខ្ញុំ ត្រូវ​តែ​ស្លាប់​ក៏​ដោយ ក៏​ស្តេច​បាន​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ចូល​រួម ក្នុង​ចំណោម​អស់​អ្នក​ដែល​បរិភោគ​ជា​មួយ​ស្តេច​ដែរ។ ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​សូម​អ្វី​ពី​ស្តេច​ទៀត​ឡើយ»។

29 ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «ឈប់​និយាយ​ទៅ! យើង​សម្រេច​ឲ្យ​អ្នក និង​ស៊ីបា​បែង​ចែក​ដី​ស្រែ​ចម្ការ​របស់​ស្តេច​សូល»។

30 លោក​មេភី‌បូសែត​ជម្រាប​ថា៖ «ឲ្យ​គេ​យក​ទាំង​អស់​ចុះ! ស្តេច​វិល​ត្រឡប់​មក​វិញ ដោយ​សុខ‌សាន្ត​ដូច្នេះ ខ្ញុំ​ស្កប់​ចិត្ត​ហើយ!»។

ណាពី​ទត​លើក​ទឹក​ចិត្ត​លោក​បាស៊ី‌ឡៃ

31 លោក​បាស៊ី‌ឡៃ​ជា​អ្នក​ស្រុក​កាឡាដ បាន​ធ្វើ​ដំណើរ​ពី​ភូមិ​រ៉ូគី‌លីម​មក​ទន្លេ​យ័រ‌ដាន់​ដែរ ដើម្បី​ជូន​ដំណើរ​ទត​ឆ្លង​ទៅ​ត្រើយ​ម្ខាង។

32 គាត់​មាន​វ័យ​ចាស់​ជរា​ហើយ គឺ​អាយុ​ប៉ែត‌សិប​ឆ្នាំ។ ពេល​ស្តេច​ទត​នៅ​ក្រុង​ម៉ាហា‌ណែម គាត់​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់​ដែល​ស្តេច​ទត​ត្រូវ​ការ ដ្បិត​គាត់​ជា​អ្នក​មាន​ស្តុក‌ស្តម្ភ។

33 ទត​មាន​ប្រសាសន៍​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ខ្ញុំ ខ្ញុំ​នឹង​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់​ដែល​លោក​ត្រូវ​ការ»។

34 លោក​បាស៊ី‌ឡៃ​ជម្រាប​ទត​ថា៖ «សូម​ជម្រាប​ស្តេច! តើ​ឲ្យ​ខ្ញុំ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ជា​មួយ​ស្តេច​ធ្វើ​អ្វី ខ្ញុំ​រស់​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ទៀត​ទេ!

35 ពេល​នេះ ខ្ញុំ​មាន​អាយុ​ប៉ែត‌សិប​ឆ្នាំ​ហើយ ខ្ញុំ​លែង​ដឹង​រស​ជាតិ​ឆ្ងាញ់ ឬ​មិន​ឆ្ងាញ់ ខ្ញុំ​លែង​ដឹង​រស​ជាតិ​អាហារ និង​ស្រា​ដែល​ខ្ញុំ​ទទួល​ទាន​ហើយ ខ្ញុំ​ក៏​ស្តាប់​សំឡេង​អ្នក​ចំរៀង​ប្រុស​ស្រី​លែង​ឮ​ដែរ។ ដូច្នេះ មិន​បាច់​ឲ្យ​ខ្ញុំ​ទៅ​នាំ​តែ​អំពល់​ទុក្ខ​ស្តេច​ឡើយ។

36 ខ្ញុំ​មក​នេះ គឺ​គ្រាន់​តែ ជូន​ដំណើរ​ស្តេច​ឆ្លង​ទន្លេ​យ័រ‌ដាន់​ប៉ុណ្ណោះ។ ម៉្យាង​ទៀត ខ្ញុំ​មិន​សម​នឹង​ទទួល​រង្វាន់​នេះ​ពី​ស្តេច​ទេ!

37 សូម​ស្តេច​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​កាន់​ទី‌ក្រុង​របស់​ខ្ញុំ​វិញ​ចុះ។ ខ្ញុំ​នឹង​ស្លាប់​នៅ​ទី​នោះ ក្បែរ​ផ្នូរ​ឪពុក‌ម្តាយ​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​សូម​ផ្ញើ​គីម‌ហាំ ជា​កូន​ប្រុស​របស់​ខ្ញុំ ឲ្យ​តាម​ដង្ហែ​ស្តេច សូម​មេត្តា​ប្រោស​ដល់​វា​តាម​ចិត្ត​របស់​ស្តេច​ផង»។

38 ទត​មាន​ប្រសាសន៍​ថា៖ «ឲ្យ​គីម‌ហាំ​ទៅ​ជា​មួយ​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ប្រព្រឹត្ត​ចំពោះ​គាត់ តាម​បំណង​របស់​លោក។ អ្វីៗ​ដែល​លោក​ចង់​បាន ខ្ញុំ​នឹង​បំពេញ​ជូន​ទាំង​អស់»។

39 ពេល​ប្រជា‌ជន​ទាំង​មូល​ឆ្លង​ទន្លេ​យ័រ‌ដាន់​ហើយ ទត​ក៏​ឆ្លង​ទៅ​ដែរ។ ស្តេច​ទត​ឱប​លោក​បាស៊ី‌ឡៃ ព្រម​ទាំង​ប្រទាន​ពរ​ដល់​គាត់​ផង។ បន្ទាប់​មក គាត់​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​វិញ។

40 ស្តេច​ទត​បាន​បន្ត​ដំណើរ​ទៅ​ដល់​គីល‌កាល់ ដោយ​មាន​លោក​គីម‌ហាំ​ដង្ហែ​ទៅ​ជា​មួយ​ផង។ ជន‌ជាតិ​យូដា​ទាំង​អស់ ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រ‌អែល​ចំនួន​ពាក់​កណ្តាល នាំ​គ្នា​ដង្ហែ​គាត់​ឆ្លង​ទន្លេ​យ័រ‌ដាន់។

ទំនាស់​រវាង​ជន‌ជាតិ​យូដា​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល

41 អ្នក​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល ចូល​ទៅ​ជួប​ទត ហើយ​សួរ​ថា៖ «ហេតុ​អ្វី​ស្តេច​ទុក​ឲ្យ​តែ​បង‌ប្អូន​ជន‌ជាតិ​យូដា​ដង្ហែ​ស្តេច ដោយ​នាំ​ស្តេច និង​រាជ​វង្សា‌នុវង្ស​ឆ្លង​ទន្លេ​យ័រ‌ដាន់​ដូច្នេះ ដ្បិត​យើង​ខ្ញុំ​ក៏​ជា​ប្រជា‌រាស្ត្រ​របស់​ស្តេច​ដែរ?»។

42 ជន‌ជាតិ​យូដា​ទាំង​អស់​តប​ទៅ​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ​ថា៖ «ពួក​យើង​ជាប់​សាច់​ញាតិ​នឹង​ស្តេច ជិត​ជាង​អ្នក​រាល់​គ្នា។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ខឹង​សម្បារ​ដូច្នេះ? ពួក​យើង​មិន​មែន​រស់​ដោយ‌សារ​ស្តេច​ទេ ហើយ​ពួក​យើង​ក៏​មិន​បាន​ទទួល​អំណោយ​អ្វី​ពី​ស្តេច​ដែរ»។

43 ពេល​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​តប​ទៅ​ជន‌ជាតិ​យូដា​វិញ​ថា៖ «យើង​មាន​សិទ្ធិ​ដប់​ដង​លើស​អ្នក​រាល់​គ្នា ក្នុង​ការ​ទទួល​ទត​ជា​ស្តេច​របស់​យើង ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មើល​ងាយ​ពួក​យើង​ដូច្នេះ? គឺ​ពួក​យើង​ទេ​តើ​ដែល​បាន​ផ្តើម​គំនិត​អញ្ជើញ​ស្តេច​របស់​យើង ឲ្យ​វិល​មក​វិញ​មុន​គេ!»។ ប៉ុន្តែ ជន‌ជាតិ​យូដា​និយាយ​ម៉ឺង‌ម៉ាត់​ជាង​ជន‌ជាតិ​អ៊ីស្រ‌អែល។

© 2014 United Bible Societies, UK.

United Bible Societies