២ សាំយូអែល 18 - អាល់គីតាបបរាជ័យរបស់កងទ័ពស្តេចអាប់សាឡុម 1 ស្តេចទតដើរត្រួតពិនិត្យកងទ័ពដែលមកជាមួយ ហើយតែងតាំងមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច ឲ្យត្រួតលើពួកគេ។ 2 គាត់ចែកពលទ័ពជាបីកង: កងទីមួយឲ្យនៅក្រោមបញ្ជារបស់លោកយ៉ូអាប់ កងទីពីរនៅក្រោមបញ្ជារបស់លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាប្អូនរបស់លោកយ៉ូអាប់ ហើយកងទីបីនៅក្រោមបញ្ជារបស់លោកអ៊ីតតាយ ជាជនជាតិកាថ។ ស្តេចទតមានប្រសាសន៍ទៅកាន់ពលទ័ពថា៖ «យើងចង់ចេញទៅច្បាំងរួមជាមួយអ្នករាល់គ្នាដែរ»។ 3 ពលទ័ពជម្រាបថា៖ «ស្តេចមិនត្រូវទៅទេ។ ប្រសិនបើយើងខ្ញុំបាក់ទ័ពរត់ គ្មាននរណាចាប់អារម្មណ៍នឹងយើងខ្ញុំទេ ហើយប្រសិនបើយើងខ្ញុំត្រូវស្លាប់អស់ពាក់កណ្តាល ក៏គ្មាននរណាចាប់អារម្មណ៍ដែរ។ រីឯស្តេច មានតម្លៃស្មើនឹងពួកយើងមួយម៉ឺននាក់ឯណោះ ហេតុនេះ គួរតែស្តេចនៅក្នុងទីក្រុងចាំជួយយើងខ្ញុំវិញ»។ 4 ស្តេចទតមានប្រសាសន៍ថា៖ «យើងនឹងធ្វើតាមយោបល់របស់អ្នករាល់គ្នា»។ ពេលនោះ គាត់នៅត្រង់មាត់ទ្វារក្រុង ហើយពលទ័ពក៏ចេញទៅ តាមកង តាមក្រុមរបស់ខ្លួន។ 5 ស្តេចទតមានប្រសាសន៍ទៅកាន់លោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអ៊ីតតាយថា៖ «បើអស់លោកស្រឡាញ់យើង ចូរកុំធ្វើបាបអាប់សាឡុម ជាកូនរបស់យើងឡើយ!»។ ពលទ័ពទាំងមូលបានឮពាក្យ ដែលស្តេចទតផ្តែផ្តាំមេទ័ពទាំងអស់ ស្តីអំពីស្តេចអាប់សាឡុម។ 6 ពលទ័ពរបស់ស្តេចទតចេញទៅច្បាំងនឹងកងទ័ពអ៊ីស្រអែល ហើយការប្រយុទ្ធផ្ទុះឡើង រវាងកងទ័ពទាំងពីរនៅក្នុងព្រៃអេប្រាអ៊ីម 7 កងទ័ពអ៊ីស្រអែលចាញ់កងទ័ពរបស់ស្តេចទត នៅថ្ងៃនោះ គេត្រូវបរាជ័យយ៉ាងធ្ងន់ គឺមានទាហានស្លាប់អស់ចំនួនពីរម៉ឺននាក់។ 8 ការប្រយុទ្ធបានរាលដាលពេញស្រុកទាំងមូល ហើយអ្នកដែលបាត់បង់ជីវិតនៅក្នុងព្រៃ មានចំនួនច្រើនជាងអ្នកដែលស្លាប់ដោយមុខដាវទៅទៀត។ លោកយ៉ូអាប់សម្លាប់ស្តេចអាប់សាឡុម 9 ពេលកំពុងជិះលា ស្តេចអាប់សាឡុមបានជួបប្រទះនឹងកងទ័ពរបស់ស្តេចទត។ លាដើរកាត់ក្រោមដើមឈើធំមួយ ដែលមានមែកសាខា ស្រាប់តែសក់របស់ស្តេចអាប់សាឡុម ទាក់ជាប់នឹងមែកឈើ លាដើរទៅមុខទៀត ទុកឲ្យស្តេចអាប់សាឡុមនៅព្យួរ ផុតជើងពីដី។ 10 ពលទាហានម្នាក់ឃើញដូច្នេះ ក៏នាំដំណឹងទៅជម្រាបលោកយ៉ូអាប់ថា៖ «ខ្ញុំឃើញស្តេចអាប់សាឡុមនៅព្យួរជាប់នឹងមែកឈើ»។ 11 លោកយ៉ូអាប់និយាយថា៖ «ឯងបានឃើញអាប់សាឡុមឬ! ហេតុអ្វីបានជាឯងមិនប្រហារឲ្យស្លាប់នៅនឹងកន្លែងទៅ? នោះខ្ញុំនឹងឲ្យប្រាក់ដប់ស្លឹង និងខ្សែក្រវាត់មួយជារង្វាន់ដល់ឯង»។ 12 ទាហាននោះតបទៅលោកយ៉ូអាប់ថា៖ «ទោះបីលោកឲ្យប្រាក់ខ្ញុំមួយពាន់ស្លឹងក្តី ក៏ខ្ញុំមិនធ្វើឃាតបុត្ររបស់ស្តេចដែរ ព្រោះយើងទាំងអស់គ្នាបានឮស្តេចមានប្រសាសន៍ផ្តែផ្តាំលោក ព្រមទាំងលោកអប៊ីសាយ និងលោកអ៊ីតតាយថា “សូមប្រណីដល់អាប់សាឡុមផង!”។ 13 ប្រសិនបើខ្ញុំសម្លាប់បុត្ររបស់ស្តេច នោះខ្ញុំពុំអាចលាក់រឿងនេះ មិនឲ្យស្តេចជ្រាបបានទេ ហើយលោកផ្ទាល់ក៏មិនការពារខ្ញុំដែរ»។ 14 លោកយ៉ូអាប់និយាយថា៖ «យើងមិនចង់ខាតពេលវេលាជាមួយឯងទេ!»។ គាត់ចាប់យកជន្លួញបីដើម មកចាក់ទម្លុះត្រង់បេះដូងស្តេចអាប់សាឡុម ដែលនៅរស់ ហើយទាក់ជាប់នឹងមែកឈើ។ 15 ពលទាហានកំលោះៗចំនួនដប់នាក់ ដែលកាន់អាវុធរបស់លោកយ៉ូអាប់ នាំគ្នាឡោមព័ទ្ធស្តេចអាប់សាឡុម ហើយវាយប្រហារឲ្យស្លាប់ទៅ។ 16 បន្ទាប់មក លោកយ៉ូអាប់បញ្ជាឲ្យគេផ្លុំត្រែបញ្ឈប់ការប្រយុទ្ធ។ ដូច្នេះ ពលទាហានរបស់ស្តេចទតក៏ឈប់ដេញតាមកងទ័ពអ៊ីស្រអែល។ 17 គេយកសពស្តេចអាប់សាឡុម ទៅបោះចោលក្នុងរណ្តៅមួយដ៏ធំ នៅកណ្តាលព្រៃ ហើយយកថ្មយ៉ាងច្រើនមកគរពីលើផង។ ពេលនោះ ពលទាហានអ៊ីស្រអែលរត់ទៅជំរំរបស់គេរៀងៗខ្លួនវិញ។ 18 កាលនៅមានជីវិតនៅឡើយ ស្តេចអាប់សាឡុមបានឲ្យគេកសាងបង្គោលថ្មមួយនៅជ្រលងភ្នំស្តេច ដ្បិតគិតថា៖ «យើងគ្មានកូនប្រុសបន្តវង្សត្រកូលទេ»។ ដូច្នេះ ស្តេចក៏ដាក់ឈ្មោះខ្លួនផ្ទាល់លើបង្គោលថ្មនោះ។ ហេតុនេះហើយបានជាគេហៅបង្គោលនោះថា «ស្តូបអាប់សាឡុម» រហូតដល់សព្វថ្ងៃ។ ណាពីទតជ្រាបពីការស្លាប់របស់សម្តេចអាប់សាឡុម 19 លោកអហ៊ីម៉ាស់ជាកូនរបស់អ៊ីមុាំសាដុក ពោលទៅកាន់លោកយ៉ូអាប់ថា៖ «សូមទុកឲ្យខ្ញុំរត់ទៅជម្រាបស្តេចអំពីដំណឹងល្អថា អុលឡោះតាអាឡាបានរកយុត្តិធម៌ឲ្យស្តេច ដោយរំដោះស្តេចពីកណ្តាប់ដៃរបស់សត្រូវ»។ 20 លោកយ៉ូអាប់និយាយថា៖ «ទេ! ចាំថ្ងៃក្រោយសឹមអ្នកនាំដំណឹងទៅ ថ្ងៃនេះ អ្នកមិនមែននាំដំណឹងល្អទេ ពីព្រោះបុត្ររបស់ស្តេចស្លាប់»។ 21 លោកយ៉ូអាប់បង្គាប់ទៅជនជាតិអេត្យូពីម្នាក់ថា៖ «ចូរទៅជម្រាបស្តេចទតតាមហេតុការណ៍ដែលអ្នកបានឃើញចុះ!»។ ជនជាតិអេត្យូពីនោះ ក្រាបសំពះលាលោកយ៉ូអាប់ ហើយរត់ចេញទៅ។ 22 ពេលនោះ លោកអហ៊ីម៉ាស់ ជាកូនរបស់អ៊ីមុាំសាដុក ទទូចសុំលោកយ៉ូអាប់ម្តងទៀតថា៖ «ទោះបីមានរឿងអ្វីក៏ដោយ ទុកឲ្យខ្ញុំរត់ទៅតាមជនជាតិអេត្យូពីនេះផង»។ លោកយ៉ូអាប់សួរថា៖ «កូនអើយ ហេតុអ្វីបានជាអ្នកចង់រត់ទៅដូច្នេះ? ដំណឹងនេះមិនផ្តល់រង្វាន់អ្វីដល់អ្នកទេ!»។ 23 លោកអហ៊ីម៉ាស់តបថា៖ «ទោះមានរឿងអ្វីក៏ដោយ ខ្ញុំនឹងរត់ទៅ!»។ លោកយ៉ូអាប់និយាយថា៖ «រត់ទៅចុះ!»។ លោកអហ៊ីម៉ាស់រត់ចេញទៅតាមផ្លូវវាលទំនាបទន្លេយ័រដាន់ ហើយរត់ទៅមុនជនជាតិអេត្យូពី។ 24 ពេលនោះ ស្តេចទតនៅត្រង់ចន្លោះទ្វារខាងក្រៅ និងទ្វារខាងក្នុងនៃកំពែងក្រុង។ អ្នកយាមម្នាក់ឡើងទៅលើកំពែងក្រុង ហើយសម្លឹងមើលទៅឃើញមនុស្សម្នាក់កំពុងរត់តម្រង់មក។ 25 គេស្រែកជម្រាបស្តេច ហើយស្តេចមានប្រសាសន៍ថា៖ «ប្រសិនបើគេមកតែម្នាក់ឯង គេមុខជានាំដំណឹងល្អមកហើយ»។ អ្នកនោះរត់ចូលមកកាន់តែជិត។ 26 អ្នកយាមក្រឡេកទៅឃើញមនុស្សម្នាក់ទៀតរត់តម្រង់មក គេក៏ស្រែកប្រាប់អ្នកយាមទ្វារថា៖ «មានម្នាក់ទៀតរត់តម្រង់មកដែរ»។ ស្តេចទតមានប្រសាសន៍ថា៖ «អ្នកនោះក៏នាំដំណឹងល្អមកដែរ»។ 27 អ្នកយាមជម្រាបថា៖ «តាមមើលរបៀបរត់នេះខ្ញុំស្គាល់ច្បាស់ថា អ្នកដែលរត់មកមុន គឺលោកអហ៊ីម៉ាស់ ជាកូនរបស់អ៊ីមុាំសាដុក»។ ទតមានប្រសាសន៍ថា៖ «គាត់ជាមនុស្សល្អ គាត់ពិតជានាំដំណឹងល្អមកហើយ»។ 28 ពេលមកដល់ លោកអហ៊ីម៉ាស់ស្រែកថា៖ «សាឡាមចំពោះស្តេច!»។ គាត់គោរពស្តេចទតដល់ដី ហើយជម្រាបថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចដែលបានប្រគល់ពួកបះបោរមកក្នុងកណ្តាប់ដៃរបស់ស្តេច!»។ 29 ទតសួរថា៖ «ចុះអាប់សាឡុមសុខសប្បាយទេ?»។ លោកអហ៊ីម៉ាសជម្រាបថា៖ «ពេលលោកយ៉ូអាប់ចាត់ខ្ញុំ និងអ្នកបម្រើម្នាក់ទៀតមកនោះ ខ្ញុំសង្កេតឃើញមានការជ្រួលច្របល់យ៉ាងខ្លាំង ប៉ុន្តែ ខ្ញុំមិនដឹងថាមានហេតុការណ៍អ្វីកើតឡើងទេ»។ 30 ស្តេចទតប្រាប់ថា៖ «ចូរថយទៅឈរនៅជិតនោះចុះ»។ លោកអហ៊ីម៉ាស់ក៏ដកខ្លួន ហើយឈរចាំ។ 31 រំពេចនោះ ជនជាតិអេត្យូពីមកដល់ ជម្រាបស្តេចថា៖ «សូមជម្រាបស្តេច! ខ្ញុំនាំដំណឹងល្អមកជូនស្តេច។ ថ្ងៃនេះ អុលឡោះតាអាឡាបានរកយុត្តិធម៌ឲ្យស្តេចហើយ ទ្រង់បានរំដោះស្តេច ឲ្យរួចផុតពីកណ្តាប់ដៃរបស់ពួកបះបោរទាំងប៉ុន្មាន»។ 32 ទតសួរថា៖ «ចុះអាប់សាឡុមសុខសប្បាយឬទេ?»។ ជនជាតិអេត្យូពីនិយាយថា៖ «សូមជម្រាបស្តេច! សូមឲ្យខ្មាំងសត្រូវ និងពួកបះបោរប្រឆាំងនឹងស្តេចត្រូវវិនាស ដូចយុវជននោះចុះ!»។ ការឈឺចាប់ខ្លោចផ្សារបស់ណាពីទត 33 ពេលនោះ ស្តេចទតក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង គាត់ឡើងទៅបន្ទប់ខាងលើខ្លោងទ្វារក្រុង ហើយគាត់យំ។ គាត់ឡើងទៅទាំងរៀបរាប់ថា៖ «អាប់សាឡុមកូនឪពុក! ឱកូនឪពុក! អាប់សាឡុម កូនឪពុកអើយ! គួរតែឲ្យឪពុកស្លាប់ជំនួសកូនវិញ! អាប់សាឡុម កូនឪពុក ឱកូនឪពុកអើយ!»។ |
© 2014 United Bible Societies, UK.
United Bible Societies