ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 14 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
អេសាយ 14

អ៊ីស្រាអែលត្រឡប់មកវិញ

1 ព្រះយេហូវ៉ា​នឹង​អាណិតមេត្តា​យ៉ាកុប ក៏​នឹង​ជ្រើសរើស​អ៊ីស្រាអែល​ម្ដងទៀត ព្រមទាំង​ដាក់​ពួកគេ​នៅ​ក្នុង​ទឹកដី​របស់ខ្លួន​វិញ នោះ​ជនបរទេស​នឹង​ចូលរួម​ជាមួយ​ពួកគេ ហើយ​នៅជាប់​នឹង​វង្សត្រកូល​យ៉ាកុប​។

2 ប្រជាជាតិ​នានា​នឹង​យក​ពួកគេ​មក ហើយ​នាំ​ទៅ​កន្លែង​របស់ពួកគេ​វិញ នោះ​វង្សត្រកូល​អ៊ីស្រាអែល​នឹង​ទទួល​ប្រជាជាតិនានា​ជាមរតក​នៅក្នុង​ទឹកដី​របស់​ព្រះយេហូវ៉ា គឺ​ទុកជា​ទាសករប្រុស និង​ជា​ទាសករស្រី​។ ពួកគេ​នឹង​ចាប់​អ្នកដែល​ចាប់​ពួកគេ​ជាឈ្លើយសឹក មកជាឈ្លើយសឹក​វិញ ក៏​នឹង​ត្រួតត្រា​លើ​ពួកអ្នកដែល​សង្កត់សង្កិន​ពួកគេ​ផង​។

ចម្រៀងចំអកស្ដេចបាប៊ីឡូន

3 នៅ​ថ្ងៃ​ដែល​ព្រះយេហូវ៉ា​បាន​ប្រទានឲ្យ​អ្នក​សម្រាក ពី​ទុក្ខព្រួយ​របស់អ្នក ពី​ភាពច្របូកច្របល់​របស់អ្នក និង​ពី​ពលកម្ម​ដ៏ធ្ងន់​ដែល​គេ​បាន​ដាក់ឲ្យ​អ្នក​ធ្វើ

4 អ្នក​នឹង​លើកយក​ពាក្យចំអក​នេះ​ដាក់​ស្ដេច​បាប៊ីឡូន​ថា​៖ “ពួក​សង្កត់សង្កិន​បាន​ឈប់​យ៉ាងណាហ្ន៎​! ការច្រឡោតខឹង​បាន​ឈប់​យ៉ាងណាហ្ន៎​!

5 ព្រះយេហូវ៉ា​បាន​បំបាក់​ដំបង​របស់​មនុស្ស​អាក្រក់ និង​ដំបងរាជ្យ​របស់​មេគ្រប់គ្រង​ហើយ

6 ជា​អ្នកដែល​វាយកម្ទេច​ប្រជាជាតិ​នានា​ក្នុង​សេចក្ដីក្ដៅក្រហាយ ដោយ​ការវាយដំ​ដែល​មិនចេះចប់ ជា​អ្នកដែល​ត្រួតត្រា​លើ​ប្រជាជាតិ​នានា​ក្នុង​កំហឹង ដោយ​ការបៀតបៀន​ដែល​មិនចេះទប់​។

7 ផែនដី​ទាំងមូល​បាន​សម្រាក ក៏​បាន​ស្ងៀមស្ងប់ គេ​បាន​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​។

8 សូម្បីតែ​ដើមស្រល់ និង​ដើមស៊ីដា​នៅ​លីបង់​ក៏​អរសប្បាយ​លើ​អ្នក ដោយនិយាយថា​: ‘តាំងពី​អ្នក​បាន​ដួលរលំ គ្មាន​អ្នក​កាប់ឈើ​ឡើងមក​ទាស់នឹង​យើង​ទៀតឡើយ​!’។

9 ស្ថានមនុស្សស្លាប់​នៅ​ខាងក្រោម​ក៏​រំភើប​ដោយសារតែ​អ្នក គឺរំភើប​នឹង​ជួប​អ្នក​ពេល​អ្នក​មកដល់ វា​ដាស់​ព្រលឹងមនុស្សស្លាប់​ជា​អ្នកដឹកនាំ​ទាំងអស់​នៅលើ​ផែនដី​ឲ្យភ្ញាក់ឡើង​ដើម្បី​ទទួល​អ្នក វា​ឲ្យ​អស់ទាំង​ស្ដេច​នៃ​ប្រជាជាតិ​នានា​ក្រោកឡើង​ពី​បល្ល័ង្ក​របស់ខ្លួន​។

10 ពួកគេ​ទាំងអស់គ្នា​ឆ្លើយតប​នឹង​អ្នក​ថា​: ‘ឯង​ក៏​បាន​ត្រឡប់ជាខ្សោយ​ដូច​ពួកយើង​ដែរ​! ឯង​ក៏​បានដូច​ពួកយើង​ដែរ​!’។

11 ភាពឧត្ដុង្គឧត្ដម​របស់អ្នក និង​សំឡេង​ពិណ​របស់អ្នក ត្រូវបាន​នាំចុះមក​ស្ថានមនុស្សស្លាប់ ដង្កូវគំរង់​ត្រូវបាន​ក្រាល​នៅក្រោម​អ្នក ដង្កូវស៊ីសាកសព​គ្របដណ្ដប់​អ្នក​។

12 ផ្កាយព្រឹក ជា​កូន​នៃ​អរុណ​អើយ អ្នក​បាន​ធ្លាក់​ពី​លើមេឃ​យ៉ាងណាហ្ន៎​! អ្នកដែល​បង្ក្រាប​ប្រជាជាតិ​នានា​អើយ អ្នក​ត្រូវបាន​កាប់រំលំ​ដល់​ដី​យ៉ាងណាហ្ន៎​!

13 អ្នក​បាន​និយាយ​ក្នុងចិត្ត​ថា​: ‘អញ​នឹង​ឡើងទៅ​លើមេឃ​; អញ​នឹង​លើក​បល្ល័ង្ក​របស់អញ​ឡើង​លើ​ផ្កាយ​ទាំងឡាយ​របស់​ព្រះ​; អញ​នឹង​អង្គុយ​លើ​ភ្នំ​នៃ​ទីជំនួប នៅ​ទិសខាងជើង​បំផុត​;

14 អញ​នឹង​ឡើងទៅ​លើ​កន្លែងខ្ពស់​នៃ​ពពក អញ​នឹង​ប្រដូច​ខ្លួន​ទៅនឹង​ព្រះ​ដ៏ខ្ពស់បំផុត’។

15 យ៉ាងណាមិញ អ្នក​នឹង​ត្រូវបាន​ទម្លាក់​ទៅ​ស្ថានមនុស្សស្លាប់​វិញ គឺ​ត្រូវបាន​ទម្លាក់​ទៅ​ចុងបំផុត​នៃ​រណ្ដៅមរណៈ​!

16 ពួកដែល​ឃើញ​អ្នក នឹង​សម្លឹងមើល​ទៅ​អ្នក ហើយ​រិះគិត​អំពី​អ្នក​ថា​: ‘តើ​មនុស្ស​នេះ​ឬ ដែល​ធ្វើឲ្យ​ផែនដី​ភ័យញ័រ ដែល​ធ្វើឲ្យ​អាណាចក្រ​ទាំងឡាយ​រញ្ជួយ​នោះ​?

17 តើមនុស្សនេះឬ ដែល​ធ្វើឲ្យ​ពិភពលោក​បាន​ដូចជា​ទីរហោស្ថាន ហើយ​រំលំ​ទីក្រុង​នានា​របស់វា ដែល​មិន​លែង​ពួក​អ្នកទោស​ឲ្យ​ទៅ​ផ្ទះ​វិញ​នោះ​?’។

18 អស់ទាំង​ស្ដេច​នៃ​ប្រជាជាតិ​នានា ពួកគេ​ទាំងអស់គ្នា​បាន​ដេកលក់​នៅក្នុង​សិរីរុងរឿង គឺ​ក្នុង​ផ្នូរ​របស់ពួកគេ​រៀងៗខ្លួន

19 រីឯ​អ្នក​វិញ អ្នក​ត្រូវបាន​បោះចោល​ចេញពី​ផ្នូរ​របស់អ្នក​ដូច​មែក​ដែល​គួរឲ្យខ្ពើម ក៏ត្រូវបាន​គ្របបាំង​ដោយ​អ្នកដែល​ត្រូវគេ​សម្លាប់ ជា​អ្នកដែល​ត្រូវគេ​ចាក់​ដោយ​ដាវ ដែល​ធ្លាក់ទៅ​ក្នុង​រណ្ដៅ​សម្បូរ​ថ្ម គឺ​ដូចជា​សាកសព​ដែល​ត្រូវគេ​ជាន់ឈ្លី​។

20 អ្នក​នឹង​ចូលរួម​ជាមួយ​ពួកគេ​នៅក្នុង​ការបញ្ចុះសព មិនបានទេ ពីព្រោះ​អ្នក​បាន​បំផ្លាញ​ទឹកដី​របស់អ្នក ហើយ​សម្លាប់​ប្រជាជន​របស់អ្នក​ផង​។ ពូជពង្ស​របស់​មនុស្ស​ធ្វើអាក្រក់ នឹង​មិន​ត្រូវបាន​ចេញឈ្មោះ​ជារៀងរហូត​!

21 ចូរ​ត្រៀម​ការសម្លាប់​សម្រាប់​កូនចៅ​របស់គាត់ ដោយសារតែ​អំពើទុច្ចរិត​របស់​ដូនតា​ពួកគេ ក្រែងលោ​ពួកគេ​ក្រោកឡើង​កាន់កាប់​ផែនដី ហើយ​ធ្វើឲ្យ​ផ្ទៃ​ផែនដី​ពេញ​ដោយ​ទីក្រុង”។

22 នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៖ “យើង​នឹង​ក្រោកឡើង​ទាស់នឹង​ពួកគេ ហើយ​កាត់​ឈ្មោះ និង​សំណល់ ព្រមទាំង​កូនចៅ និង​ពូជពង្ស ចេញ​ពី​បាប៊ីឡូន”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។

23 “យើង​នឹង​ធ្វើឲ្យ​បាប៊ីឡូន​ទៅជា​កម្មសិទ្ធិ​របស់​កាំប្រមា និង​ជា​វាលភក់ យើង​នឹង​បោស​វា​ដោយ​អំបោស​នៃ​ការ​បំផ្លាញ”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។

អាស្ស៊ីរីនឹងត្រូវបានបំផ្លាញ

24 ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ស្បថ​ថា​៖ “ដូចដែល​យើង​បាន​គិត​យ៉ាងណា នឹង​កើតមាន​យ៉ាងនោះ​ជាប្រាកដ ដូចដែល​យើង​បាន​គ្រោងទុក​យ៉ាងណា វា​នឹង​សម្រេច​យ៉ាងនោះដែរ

25 គឺ​យើង​នឹង​កម្ទេច​អាស្ស៊ីរី​នៅក្នុង​ទឹកដី​របស់យើង ក៏​នឹង​ជាន់ឈ្លី​អាស្ស៊ីរី​នៅលើ​តំបន់ភ្នំ​របស់យើង​; នឹម​របស់គេ​នឹង​ចាកចេញ​ពី​លើ​អ៊ីស្រាអែល បន្ទុក​របស់គេ​នឹង​ចាកចេញ​ពី​លើ​ស្មា​របស់ពួកគេ”។

26 នេះ​ជា​ផែនការ​ដែល​ត្រូវបាន​គ្រោងទុក​សម្រាប់​ផែនដី​ទាំងមូល នេះ​ជា​ព្រះហស្ត​ដែល​លាត​ទៅលើ​ប្រជាជាតិ​ទាំងអស់​។

27 ជាការពិត ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​គ្រោងទុក តើ​នរណា​អាច​បញ្ឈប់​បាន​? ព្រះហស្ត​របស់ព្រះអង្គ​បាន​លាត​ទៅហើយ តើ​នរណា​អាច​ធ្វើឲ្យ​ត្រឡប់មកវិញ​បាន​?

ទំនាយទាស់នឹងភីលីស្ទីន

28 នៅ​ឆ្នាំ​ដែល​ព្រះបាទ​អ័ហាស​សោយទិវង្គត មាន​ទំនាយ​នេះ​បានមកដល់​:

29 ភីលីស្ទីន​អើយ កុំ​ឲ្យ​អ្នកទាំងអស់គ្នា​អរសប្បាយ ដោយព្រោះ​រំពាត់​ដែល​ធ្លាប់​វាយ​អ្នក​ត្រូវបាន​បំបាក់​នោះ​ឡើយ​! ដ្បិត​ពស់ពិស​នឹង​កើតចេញ​ពី​ឫស​នៃ​សត្វពស់ ហើយ​ផលផ្លែ​របស់វា​នឹងទៅជា​ពស់ភ្លើង​ហោះ​។

30 សូម្បីតែ​កូនច្បង​របស់​អ្នកក្រខ្សត់​នឹង​មានអាហារហូប ហើយ​មនុស្ស​ខ្វះខាត​ក៏​នឹង​ដេកសម្រាក​ដោយ​សុវត្ថិភាព​ដែរ ប៉ុន្តែ​យើង​នឹង​សម្លាប់​ឫស​របស់អ្នក​ដោយ​ទុរ្ភិក្ស ហើយ​ទុរ្ភិក្សនោះ​នឹង​សម្លាប់​អ្នកដែលនៅសល់​របស់អ្នក​។

31 ទ្វារក្រុង​អើយ ចូរ​ទ្រហោយំ​! ទីក្រុង​អើយ ចូរ​ស្រែកយំ​! ភីលីស្ទីន​ទាំងមូល​អើយ ចូរ​រលាយ​បាត់ទៅ​! ដ្បិត​ផ្សែង​នឹង​ចេញ​ពី​ទិសខាងជើង​មក គ្មានអ្នកណា​ដើររ៉ែរ៉​ក្នុង​ជួរទ័ព​គេ​ឡើយ​។

32 តើ​ត្រូវ​ឆ្លើយ​នឹង​អ្នកនាំសារ​នៃ​ប្រជាជាតិ​នោះ​ដូចម្ដេច​? ត្រូវឆ្លើយ​ថា​៖ “ព្រះយេហូវ៉ា​បាន​តាំង​ស៊ីយ៉ូន​ឡើង ហើយ​មនុស្ស​រងទុក្ខ​ក្នុង​ប្រជារាស្ត្រ​របស់ព្រះអង្គ​នឹង​ជ្រកកោន​ក្នុង​ទីក្រុងនោះ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative