អេសាយ 15 - ព្រះគម្ពីរខ្មែរសាកលទំនាយទាស់នឹងម៉ូអាប់ 1 នេះជាទំនាយស្ដីអំពីម៉ូអាប់: ដោយព្រោះអើរនៃម៉ូអាប់ត្រូវបានបំផ្លាញក្នុងមួយយប់ ម៉ូអាប់វិនាសហើយ! ដោយព្រោះគារនៃម៉ូអាប់ត្រូវបានបំផ្លាញក្នុងមួយយប់ ម៉ូអាប់វិនាសហើយ! 2 ម៉ូអាប់បានឡើងទៅវិហារ ឌីបូនបានឡើងទៅទីខ្ពស់ដើម្បីយំសោក ម៉ូអាប់ទ្រហោយំចំពោះនេបូរ និងមេឌីបា; ក្បាលពួកគេគ្រប់គ្នាទៅជាត្រងោល អស់ទាំងពុកចង្កាត្រូវបានកោរ។ 3 នៅតាមផ្លូវ គេក្រវាត់ក្រណាត់ធ្មៃ; នៅលើដំបូលផ្ទះ និងនៅកន្លែងសាធារណៈ គ្រប់គ្នាទ្រហោយំ ហើយលុតចុះយំសោកផង។ 4 ហែសបូន និងអេលាលេស្រែកយំ សំឡេងរបស់ពួកគេបានឮរហូតដល់យ៉ាហាស; ដោយហេតុនេះ ពួកប្រដាប់អាវុធរបស់ម៉ូអាប់ស្រែកឡើង ចិត្តរបស់ពួកគេញ័ររន្ធត់នៅក្នុងខ្លួនពួកគេ។ 5 ចិត្តរបស់ខ្ញុំស្រែកយំចំពោះម៉ូអាប់; ពួកអ្នករត់រួចរបស់នាងទៅដល់សូអារ និងដល់អេក្លាត-សេលីស៊ីយ៉ា ពួកគេឡើងចំណោតលូគីតទាំងយំសោក ពួកគេបញ្ចេញសម្រែកតាមផ្លូវទៅហូរ៉ូណែម ដោយសារតែការអន្តរាយ។ 6 ទឹកនៃនីមរីមក្លាយជាទីស្ងាត់ជ្រងំ ស្មៅបានក្រៀមស្វិតទៅ រុក្ខជាតិបានអស់ទៅ គ្មានអ្វីខៀវខ្ចីឡើយ។ 7 ដូច្នេះ ទ្រព្យសម្បត្តិដែលពួកគេរកបាន និងទ្រព្យសន្សំរបស់ពួកគេ នឹងត្រូវគេយកទៅខាងនាយជ្រោះដើមសូល។ 8 ដ្បិតសម្រែកបានឡោមព័ទ្ធព្រំដែនម៉ូអាប់ហើយ សម្រែកទ្រហោយំរបស់ពួកគេទៅដល់អេកឡែម សម្រែកទ្រហោយំរបស់ពួកគេទៅដល់បៀរ-អេលីម! 9 រីឯទឹកនៃឌីម៉ូនពេញដោយឈាម ប៉ុន្តែយើងនឹងនាំមកលើឌីម៉ូនថែមទៀត គឺនាំតោមកលើពួកអ្នកដែលរួចជីវិតនៃម៉ូអាប់ និងមកលើអ្នកដែលនៅសល់ក្នុងទឹកដីនោះ៕ |