ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 1:5 - Khmer Christian Bible

ព្រម​ទាំង​ពី​ព្រះយេស៊ូ​គ្រិស្ដ​ ជា​សាក្សី​ដ៏​ស្មោះត្រង់​ ជា​កូន​ច្បង​នៃ​ពួក​មនុស្ស​ស្លាប់​ និង​ជា​អ្នក​គ្រប់គ្រង​លើ​អស់​ទាំង​ស្ដេច​នៅ​ផែនដី។​ សូម​ឲ្យ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង​ ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប​ដោយសារ​ឈាម​របស់​ព្រះអង្គ​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រមទាំង​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​សាក្សី​ស្មោះត្រង់ ជា​អ្នកដែលរស់ឡើងវិញមុនគេបង្អស់​ពីចំណោម​មនុស្សស្លាប់ និង​ជា​មេគ្រប់គ្រង​លើ​បណ្ដា​ស្ដេច​នៃ​ផែនដី! ចំពោះ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង ហើយ​រំដោះ​យើង​ពី​បាប​របស់យើង​ដោយ​ព្រះលោហិត​របស់​ព្រះអង្គ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

និង​ពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ស្មរ​បន្ទាល់​ស្មោះ​ត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុន​គេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី។ ព្រះ‌អង្គ​ស្រឡាញ់​យើង ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

និង​ព្រះ‌យេស៊ូ​គ្រិស្ត ប្រណី‌សន្ដោស ព្រម​ទាំង​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន​ដែរ! ព្រះ‌យេស៊ូ​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ហើយ​ព្រះអង្គ​ជា​អធិបតី​លើ​ស្ដេច​ទាំង​អស់​នៅ​ផែនដី។ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង និង​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះអង្គ​ផ្ទាល់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​អំពី​ព្រះ‌យេស៊ូវ​គ្រីស្ទ​ជា​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុន​គេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី រីឯ​ព្រះ‌អង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង​រាល់​គ្នា ហើយ​បាន​លាង​យើង​ដោយ​ព្រះ‌លោហិត​ទ្រង់ ឲ្យ​បាន​រួច​ពី​បាប

សូមមើលជំពូក

អាល់គីតាប

និង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ប្រណី‌សន្ដោស ព្រម​ទាំង​ប្រទាន​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន​ដែរ! អ៊ីសា​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ គាត់​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ហើយ​គាត់​ជា​អធិបតី​លើ​ស្ដេច​ទាំង​អស់​នៅ​ផែនដី។ អ៊ីសា​ស្រឡាញ់​យើង និង​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ‌សារ​ឈាម​របស់​គាត់​ផ្ទាល់។

សូមមើលជំពូក



វិវរណៈ 1:5
53 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​មនុស្ស​ក៏​ដូច្នេះ​ដែរ​ គឺ​មិន​បាន​មក​ឲ្យ​គេ​បម្រើ​ទេ​ ប៉ុន្ដែ​មក​បម្រើ​គេ​វិញ​ ទាំង​ប្រគល់​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​ដល់​មនុស្ស​ជា​ច្រើន​ផង»។​


នោះ​ព្រះយេស៊ូ​ក៏​យាង​មក​ជិត​ពួកគេ​ មាន​បន្ទូល​ថា៖​ «ខ្ញុំ​បាន​ទទួល​សិទ្ធិ​អំណាច​ទាំងអស់​ ទាំង​នៅ​ស្ថានសួគ៌​ និង​នៅ​ផែនដី​


នៅ​មុន​ថ្ងៃ​បុណ្យ​រំលង​ ព្រះយេស៊ូ​បាន​ជ្រាប​ថា​ ពេល​កំណត់​ដែល​ព្រះអង្គ​ត្រូវ​យាង​ចេញ​ពី​ពិភពលោក​នេះ​ទៅ​ឯ​ព្រះ​វរ​បិតា​បាន​មក​ដល់​ហើយ។​ ព្រះអង្គ​ស្រឡាញ់​អស់​អ្នក​ដែល​នៅ​ជាមួយ​ព្រះ​អង្គ​នៅ​ក្នុង​ពិភពលោក​នេះ​ណាស់​ ហើយ​ព្រះអង្គ​ក៏​ស្រឡាញ់​ពួកគេ​ដល់​ចុង​បំផុត​ដែរ។​


ខ្ញុំ​ឲ្យ​បញ្ញត្តិ​ថ្មី​មួយ​ដល់​អ្នក​រាល់គ្នា​ គឺ​ឲ្យ​អ្នក​រាល់គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ ចូរ​ស្រឡាញ់​គ្នា​ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់គ្នា​ដែរ។​


ព្រះវរបិតា​បាន​ស្រឡាញ់​ខ្ញុំ​យ៉ាងណា​ ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​រាល់គ្នា​យ៉ាងនោះ​ដែរ​ ដូច្នេះ​ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ​


លោក​ពីឡាត់​ក៏​សួរ​ព្រះអង្គ​ថា៖​ «​ដូច្នេះ​អ្នក​ជា​ស្តេច​ឬ?»​ ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «លោក​ទេ​តើ​និយាយ​ថា​ ខ្ញុំ​ជា​ស្តេច​ ខ្ញុំ​បាន​កើត​មក​ក្នុង​លោកិយ​នេះ​ សម្រាប់​ការ​នេះ​ គឺ​ឲ្យ​ខ្ញុំ​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត​ ហើយ​អស់​អ្នក​ដែល​កើត​ពី​សេចក្ដី​ពិត ​អ្នក​នោះ​ឮ​សំឡេង​របស់​ខ្ញុំ​»។​


ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ យើង​ប្រាប់​ពី​ការ​ដែល​យើង​បាន​ដឹង​ ហើយ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ទទួល​យក​សេចក្ដី​បន្ទាល់​របស់​យើង​ទេ​


ដ្បិត​ព្រះជា​ម្ចាស់ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ព្រះ​អង្គ​ប្រទាន​ព្រះ​រាជ​បុត្រា​តែ​មួយ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ​រាជ​បុត្រា​នោះ មិន​​ត្រូវ​​វិនាស​ឡើយ គឺ​ឲ្យមាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ​


ព្រះអង្គធ្វើ​បន្ទាល់​អំពីអ្វី​ដែល​ព្រះអង្គ​បាន​ឃើញ និង​បាន​ឮ ប៉ុន្ដែ​គ្មាន​អ្នកណាទទួលយកសេចក្ដីបន្ទាល់របស់ព្រះអង្គទេ


ចូរ​អ្នក​រាល់គ្នា​រក្សា​ខ្លួន​ និង​ហ្វូង​ចៀម​ទាំង​អស់​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់គ្នា​មើល​ខុសត្រូវ​ ដើម្បី​ថែទាំ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ទិញ​ដោយ​ឈាម​របស់​ព្រះ​អង្គ​ផ្ទាល់។​


គឺ​ព្រះគ្រិស្ដ​ត្រូវ​រង​ទុក្ខ​វេទនា ហើយ​ដោយសារ​ការ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​មុន​គេ​បង្អស់​ ព្រះអង្គ​នឹង​ប្រកាស​ប្រាប់​ប្រជារាស្ដ្រ​នេះ​ ព្រមទាំង​សាសន៍​ដទៃ​អំពី​ពន្លឺ​នោះ»។​


គឺ​ព្រះជាម្ចាស់​បាន​ប្រគល់​ព្រះយេស៊ូ​ទុកជា​យញ្ញបូជា​ប្រោសលោះ​ដោយសារ​ឈាម​របស់​ព្រះអង្គ​តាមរយៈ​ជំនឿ​ ដើម្បី​បង្ហាញ​ពី​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់។​ ព្រះជាម្ចាស់​មិន​បាន​ដាក់​ទោស​បាប​ដែល​មនុស្ស​បាន​ប្រព្រឹត្ដ​កាល​ពី​មុន​ទេ​


ប៉ុន្ដែ​ទោះបី​នៅ​ក្នុង​សេចក្ដី​ទាំង​នេះ​ក៏ដោយ​ ក៏​យើង​មាន​ជ័យជម្នះ​លើស​ពី​អ្នក​មាន​ជ័យជម្នះ​ទៅ​ទៀត​តាមរយៈ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង។​


ហើយ​បងប្អូន​ខ្លះ​ក៏​ធ្លាប់​ជា​មនុស្ស​បែប​នោះ​ដែរ​ ប៉ុន្ដែ​ត្រូវ​បាន​លាង​សំអាត​ និង​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ ព្រមទាំង​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ និង​ដោយសារ​ព្រះវិញ្ញាណ​នៃ​ព្រះជាម្ចាស់​របស់​យើង​


ដូច្នេះ​ មិន​មែន​ខ្ញុំ​ទេ​ដែល​រស់នៅ​ គឺ​ព្រះគ្រិស្ដ​វិញ​ ដែល​រស់នៅ​ក្នុង​ខ្ញុំ​ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់នៅ​ក្នុង​សាច់ឈាម​នា​ពេល​ឥឡូវ​នេះ​ ខ្ញុំ​រស់​ដោយសារ​ជំនឿ​លើ​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដែល​បាន​ស្រឡាញ់​ខ្ញុំ​ និង​បាន​ប្រគល់​អង្គ​ទ្រង់​សម្រាប់​ខ្ញុំ​


ប៉ុន្ដែ​ព្រះជាម្ចាស់​ដែល​មាន​សេចក្ដី​មេត្តា​ករុណា​ដ៏​បរិបូរ​ ព្រះអង្គ​ស្រឡាញ់​យើង​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​របស់​ព្រះអង្គ​


ហើយ​រស់នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ដូច​ដែល​ព្រះគ្រិស្ដ​បាន​ស្រឡាញ់​យើង​ ហើយ​ប្រគល់​អង្គ​ទ្រង់​សម្រាប់​យើង​ទុក​ជា​តង្វាយ​ និង​យញ្ញ​បូជា​ដែល​មាន​ក្លិន​ពិដោរ​ដ៏​ក្រអូប​ថ្វាយ​ដល់​ព្រះជាម្ចាស់។​


ព្រះអង្គ​ជា​ព្រះសិរ​របស់​រូបកាយ​ដែល​ជា​ក្រុមជំនុំ​ ហើយ​ព្រះអង្គ​ជា​ដើម​ដំបូង​ ជា​កូន​ច្បង​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ ដើម្បី​ឲ្យ​ព្រះអង្គ​ត្រលប់​ជា​មេ​លើ​អ្វីៗ​ទាំង​អស់​


នៅ​ចំពោះ​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ជីវិត​ដល់​អ្វីៗ​ទាំង​អស់​ និង​នៅ​ចំពោះ​ព្រះគ្រិស្ដ​យេស៊ូ​ដែល​បាន​ធ្វើ​បន្ទាល់​ដោយ​សេចក្ដី​ប្រកាស​ដ៏​ល្អ​នៅ​ចំពោះ​មុខ​លោក​ប៉ុនទាសពីឡាត់​ ខ្ញុំ​បង្គាប់​អ្នក​ថា​


ដែល​ព្រះជាម្ចាស់​នឹង​បង្ហាញ​ឲ្យ​ឃើញ​នៅ​ពេល​កំណត់។​ ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​មាន​ពរ​ ហើយ​ជា​ព្រះ​តែ​មួយ​គត់​មាន​សិទ្ធិ​អំណាច​ធំ​ ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច​ ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់​


ចុះ​ទម្រាំ​អ្នក​ដែល​ជាន់​ឈ្លី​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ហើយ​ចាត់​ទុក​ឈាម​នៃ​កិច្ច​ព្រមព្រៀង​ដែល​បាន​ញែក​ខ្លួន​គេ​ជា​បរិសុទ្ធ​ជា​របស់​មិន​ស្អាត​ ព្រមទាំង​មើលងាយ​ព្រះវិញ្ញាណ​នៃ​ព្រះគុណ​វិញ​ តើ​អ្នក​រាល់គ្នា​គិត​ថា​ គេ​សម​នឹង​ទទួល​ទោស​ធ្ងន់ធ្ងរ​យ៉ាង​ណា​ទៅ?​


នោះ​ឈាម​របស់​ព្រះគ្រិស្ដ​ដែល​បាន​ថ្វាយ​អង្គ​ទ្រង់​ទុក​ជា​តង្វាយ​ដ៏​ឥត​សៅហ្មង​ដល់​ព្រះ​ជាម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​ដ៏​អស់កល្ប​ជានិច្ច​វិញ​ កាន់​តែ​ធ្វើ​ឲ្យ​មនសិការ​របស់​យើង​ស្អាត​ពី​កិច្ចការ​ខាង‍ឯ​សេចក្ដី​ស្លាប់​ទៅ​ទៀត​ ដើម្បី​ឲ្យ​បម្រើ​ព្រះ​ជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​


គឺ​បាន​លោះ​ដោយ​សារ​ឈាម​ដ៏​វិសេស​របស់​ព្រះគ្រិស្ដ​ ដែល​ជា​កូនចៀម​ដ៏​ល្អ​ឥតខ្ចោះ​ ឥត​ស្លាកស្នាម​


ប៉ុន្ដែ​បើ​យើង​ដើរ​ក្នុង​ពន្លឺ​ដូច​ដែល​ព្រះអង្គ​គង់​នៅ​ក្នុង​ពន្លឺ​ដែរ​ នោះ​យើង​មាន​សេចក្ដី​ប្រកប​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ឈាម​របស់​ព្រះយេស៊ូ​ ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ក៏​សំអាត​យើង​ពី​បាប​ទាំង​អស់​ផង។​


សេចក្ដី​ស្រឡាញ់​គឺ​បែប​នេះ គឺ​មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ព្រះជាម្ចាស់​ ប៉ុន្ដែ​ព្រះជាម្ចាស់​ទេ​តើ​ដែល​បាន​ស្រឡាញ់​យើង​ ហើយ​បាន​ប្រទាន​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ធ្វើ​ជា​យញ្ញ​បូជា​ប្រោស​លោះ​សម្រាប់​បាប​របស់​យើង។​


បន្ទាប់​មក​ទេវតា​ទីប្រាំពីរ​ផ្លុំ​ត្រែ​ឡើង​ នោះ​មាន​សំឡេង​យ៉ាង​ខ្លាំង​នៅ​ស្ថានសួគ៌​បន្លឺ​ឡើង​ថា៖​ «នគរ​របស់​លោកិយ​នេះ​បាន​ត្រលប់​ជា​នគរ​របស់​ព្រះអម្ចាស់​នៃ​យើង​ និង​របស់​ព្រះគ្រិស្ដ​របស់​ព្រះអង្គ​ ហើយ​ព្រះអង្គ​នឹង​សោយរាជ្យ​រហូត​អស់កល្ប​ជានិច្ច»។​


យើង​នឹង​ឲ្យ​អំណាច​ដល់​សាក្សី​ពីរ​នាក់​របស់​យើង​ ហើយ​ពួកគេ​នឹង​ថ្លែង​ព្រះបន្ទូល​អស់​រយៈ​ពេល​មួយពាន់​ពីររយ​ហុកសិប​ថ្ងៃ​ ទាំង​ស្លៀក​សំពត់​ធ្មៃ»។​


ស្ដេច​ទាំង​នោះ​នឹង​ច្បាំង​ជាមួយ​កូនចៀម​ ប៉ុន្ដែ​កូនចៀម​នឹង​ឈ្នះ​ពួកគេ​ ពី​ព្រោះ​កូនចៀម​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់​ និង​ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច​ ហើយ​អស់​អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ​ គឺ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ បាន​ជ្រើសរើស​ និង​ជា​អ្នក​ស្មោះត្រង់»។​


ខ្ញុំ​ក៏​បាន​ឃើញ​មេឃ​បើក​ចំហ​ ហើយ​មើល៍​ មាន​សេះ​ស​មួយ​ ព្រះអង្គ​ដែល​គង់​លើ​វា​មាន​ព្រះនាម​ថា​ ស្មោះត្រង់​ ហើយ​ពិត​ត្រង់។​ ព្រះអង្គ​ជំនុំ​ជម្រះ​ និង​ច្បាំង​ដោយ​សុចរិត។​


ព្រះអង្គ​មាន​ព្រះនាម​សរសេរ​នៅ​លើ​អាវ​ និង​នៅ​លើ​ភ្លៅ​របស់​ព្រះអង្គ​ថា​ «ស្ដេច​លើ​អស់​ទាំង​ស្ដេច​ ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់»។​


យើង​ស្គាល់​កន្លែង​ដែល​អ្នក​រស់​នៅឋហើយ​ គឺឋជា​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង​ ប៉ុន្ដែ​អ្នក​នៅ​តែ​ស្មោះស្ម័គ្រ​នឹង​ឈ្មោះ​របស់​យើង ហើយ​មិន​បាន​លះបង់​ចោល​ជំនឿ​លើ​យើង​ឡើយ​ ទោះបី​ជា​ក្នុង​ពេល​ដែល​អាន់ទីប៉ាស​ ជា​សាក្សី​ដ៏​ស្មោះត្រង់​របស់​យើង​ត្រូវ​គេ​សម្លាប់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ជា​កន្លែង​ដែល​អារក្ស​សាតាំង​នៅ​នោះ​ក៏​ដោយ​


«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ឡៅឌីសេ​ថា​ ព្រះ​អង្គ​ដ៏​ជា​អាម៉ែន​ ជា​សាក្សី​ដ៏​ស្មោះត្រង់​ និង​ដ៏​ពិត​ ហើយ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​ មាន​បន្ទូល​ដូច្នេះ​ថា​


នោះ​ខ្ញុំ​ក៏​ប្រាប់​គាត់​ថា៖​ «លោក​ម្ចាស់​អើយ!​ លោក​ដឹង​ស្រាប់​ហើយ»។​ គាត់​ក៏​ប្រាប់​ខ្ញុំ​ថា៖​ «អ្នក​ទាំង​នោះ​ជា​ពួកអ្នក​ដែល​បាន​ឆ្លង​កាត់​សេចក្ដី​វេទនា​ជា​ខ្លាំង​ ពួកគេ​បាន​បោកគក់​អាវ​វែង​របស់​ខ្លួន​ និង​បាន​ធ្វើ​ឲ្យ​ស​ដោយសារ​ឈាម​របស់​កូនចៀម។​