១ យ៉ូហាន 4 - Khmer Christian Bible1 បងប្អូនជាទីស្រឡាញ់អើយ! សូមកុំជឿគ្រប់វិញ្ញាណពេក ចូរពិសោធវិញ្ញាណទាំងនោះ ដើម្បីឲ្យដឹងថា មកពីព្រះជាម្ចាស់ ឬមិនមែន ពីព្រោះមានអ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើនបានចេញទៅក្នុងពិភពលោកនេះហើយ 2 យើងស្គាល់វិញ្ញាណរបស់ព្រះជាម្ចាស់បានដោយរបៀបនេះ គឺវិញ្ញាណទាំងឡាយណាដែលទទួលស្គាល់ថា ព្រះយេស៊ូគ្រិស្ដបានយាងមកក្នុងសាច់ឈាម វិញ្ញាណនោះហើយដែលមកពីព្រះជាម្ចាស់ 3 ប៉ុន្ដែវិញ្ញាណទាំងឡាយណាដែលមិនទទួលស្គាល់ព្រះយេស៊ូ វិញ្ញាណនោះមិនមែនមកពីព្រះជាម្ចាស់ទេ គឺជាវិញ្ញាណរបស់អ្នកប្រឆាំងព្រះគ្រិស្ដ ដែលអ្នករាល់គ្នាបានឮថានឹងមក ឥឡូវនេះ គេនៅក្នុងពិភពលោកនេះស្រាប់ហើយ។ 4 កូនតូចៗអើយ! អ្នករាល់គ្នាមកពីព្រះជាម្ចាស់ ហើយអ្នករាល់គ្នាក៏ឈ្នះពួកគេដែរ ព្រោះព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នាធំជាងម្នាក់ដែលនៅក្នុងលោកិយនេះ។ 5 ពួកគេមកពីលោកិយ បានជានិយាយរឿងរបស់លោកិយ ហើយលោកិយក៏ស្ដាប់ពួកគេដែរ។ 6 រីឯយើងវិញ យើងមកពីព្រះជាម្ចាស់ ហើយអ្នកណាដែលស្គាល់ព្រះជាម្ចាស់ អ្នកនោះក៏ស្ដាប់យើងដែរ ប៉ុន្ដែអ្នកណាដែលមិនមកពីព្រះជាម្ចាស់ អ្នកនោះមិនស្ដាប់យើងឡើយ ដូច្នេះហើយបានជាយើងស្គាល់វិញ្ញាណនៃសេចក្ដីពិត និងវិញ្ញាណនៃការបោកប្រាស់។ 7 បងប្អូនជាទីស្រឡាញ់អើយ! ចូរឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះជាម្ចាស់ ហើយអស់អ្នកដែលមានសេចក្ដីស្រឡាញ់ នោះកើតមកពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ព្រះជាម្ចាស់ដែរ 8 ប៉ុន្ដែអ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ នោះមិនស្គាល់ព្រះជាម្ចាស់ទេ ព្រោះព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់។ 9 ព្រះជាម្ចាស់បានបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះអង្គដល់យើងតាមរយៈការនេះ គឺព្រះអង្គបានចាត់ព្រះរាជបុត្រាតែមួយរបស់ព្រះអង្គឲ្យមកក្នុងពិភពលោកនេះ ដើម្បីឲ្យយើងមានជីវិតដោយសារព្រះរាជបុត្រានោះ។ 10 សេចក្ដីស្រឡាញ់គឺបែបនេះ គឺមិនមែនយើងទេដែលបានស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្ដែព្រះជាម្ចាស់ទេតើដែលបានស្រឡាញ់យើង ហើយបានប្រទានព្រះរាជបុត្រារបស់ព្រះអង្គ ធ្វើជាយញ្ញបូជាប្រោសលោះសម្រាប់បាបរបស់យើង។ 11 បងប្អូនជាទីស្រឡាញ់អើយ! បើព្រះជាម្ចាស់ស្រឡាញ់យើងដល់ម្ល៉េះ យើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។ 12 គ្មានអ្នកណាធ្លាប់ឃើញព្រះជាម្ចាស់ឡើយ ប៉ុន្ដែបើយើងស្រឡាញ់គ្នាទៅវិញទៅមក នោះព្រះជាម្ចាស់គង់នៅក្នុងយើង ហើយសេចក្ដីស្រឡាញ់របស់ព្រះអង្គបានគ្រប់លក្ខណ៍នៅក្នុងយើង។ 13 ដោយរបៀបនេះយើងដឹងថា យើងនៅជាប់នឹងព្រះអង្គ ហើយព្រះអង្គក៏នៅជាប់នឹងយើងដែរ ព្រោះព្រះអង្គបានប្រទានព្រះវិញ្ញាណរបស់ព្រះអង្គដល់យើង 14 ហើយយើងក៏បានឃើញ ទាំងធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រាឲ្យមកធ្វើជាព្រះអង្គសង្គ្រោះរបស់មនុស្សលោក 15 អ្នកណាដែលទទួលស្គាល់ថា ព្រះយេស៊ូជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់គង់នៅក្នុងអ្នកនោះ ហើយអ្នកនោះក៏នៅក្នុងព្រះជាម្ចាស់ដែរ។ 16 យើងបានស្គាល់ ព្រមទាំងបានជឿលើសេចក្ដីស្រឡាញ់ដែលព្រះជាម្ចាស់មានដល់យើង។ ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់ រីឯអ្នកណាដែលនៅជាប់ក្នុងសេចក្ដីស្រឡាញ់ អ្នកនោះក៏នៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏គង់នៅក្នុងអ្នកនោះដែរ 17 ដោយរបៀបនេះ សេចក្ដីស្រឡាញ់បានគ្រប់លក្ខណ៍នៅក្នុងយើង ដើម្បីឲ្យយើងមានសេចក្ដីក្លាហាននៅថ្ងៃជំនុំជម្រះ ដ្បិតដែលព្រះអង្គជាយ៉ាងណា យើងក៏ដូចជាព្រះអង្គដែរនៅក្នុងលោកិយនេះ។ 18 នៅក្នុងសេចក្ដីស្រឡាញ់ គ្មានសេចក្ដីភ័យខ្លាចឡើយ ដ្បិតសេចក្ដីស្រឡាញ់ដែលគ្រប់លក្ខណ៍កម្ចាត់សេចក្ដីភ័យខ្លាច ពីព្រោះសេចក្ដីភ័យខ្លាចជាប់មានការដាក់ទោស ដូច្នេះអ្នកណាដែលមានសេចក្ដីភ័យខ្លាច អ្នកនោះមិនទាន់គ្រប់លក្ខណ៍នៅក្នុងសេចក្ដីស្រឡាញ់ទេ។ 19 រីឯយើងវិញ យើងស្រឡាញ់ ដោយព្រោះព្រះអង្គស្រឡាញ់យើងជាមុន។ 20 បើអ្នកណានិយាយថា ខ្ញុំស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្ដែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាអ្នកកុហកហើយ ដ្បិតអ្នកដែលមិនស្រឡាញ់បងប្អូនដែលខ្លួនមើលឃើញ នោះមិនអាចស្រឡាញ់ព្រះជាម្ចាស់ដែលខ្លួនមើលមិនឃើញបានឡើយ។ 21 នេះជាបញ្ញត្ដិដែលយើងបានទទួលពីព្រះអង្គមក គឺអ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ នោះត្រូវស្រឡាញ់បងប្អូនរបស់ខ្លួនដែរ។ |
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.