១ ពង្សាវតារក្សត្រ 19:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរឯងចេញទៅឈរលើភ្នំនៅចំពោះព្រះយេហូវ៉ាចុះ»។ ព្រះយេហូវ៉ាយាងទៅតាមទីនោះ ហើយមានខ្យល់ព្យុះបក់គំហុកយ៉ាងខ្លាំង បក់មកប៉ះភ្នំបំបែកថ្មខ្ទេចខ្ទីនៅចំពោះព្រះយេហូវ៉ា តែព្រះយេហូវ៉ាមិនគង់នៅក្នុងខ្យល់នោះទេ ក្រោយខ្យល់នោះមក មានកក្រើកដី តែព្រះយេហូវ៉ាមិនគង់នៅក្នុងការកក្រើកដីនោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរចេញទៅក្រៅ ហើយឈរលើភ្នំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់»។ ព្រះអង្គយាងកាត់តាមនោះ មានខ្យល់បក់បោកយ៉ាងខ្លាំង ធ្វើឲ្យកក្រើកភ្នំ បំបែកថ្ម នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងខ្យល់នោះទេ។ បន្ទាប់ពីខ្យល់ មានរញ្ជួយដី ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងដីដែលរញ្ជួយនោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលទៅថា ចូរឯងចេញទៅឈរលើភ្នំនៅចំពោះព្រះយេហូវ៉ាចុះ នោះមើល ព្រះយេហូវ៉ាទ្រង់យាងទៅតាមទីនោះ ហើយកើតមានខ្យល់ព្យុះគំហុកជាខ្លាំង បក់មកប៉ះបំបាក់ភ្នំបំបែកថ្មខ្ទេចខ្ទីនៅចំពោះព្រះយេហូវ៉ា តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងខ្យល់នោះទេ ក្រោយខ្យល់នោះមក ក៏មានកក្រើកដី តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងការកក្រើកដីនោះទេ អាល់គីតាប ទ្រង់មានបន្ទូលថា៖ «ចូរចេញទៅក្រៅ ហើយឈរលើភ្នំ នៅចំពោះអុលឡោះតាអាឡា»។ ទ្រង់កាត់តាមនោះមានខ្យល់បក់បោកយ៉ាងខ្លាំង ធ្វើឲ្យកក្រើកភ្នំ បំបែកថ្ម នៅចំពោះអុលឡោះតាអាឡា ប៉ុន្តែ អុលឡោះតាអាឡាមិននៅក្នុងខ្យល់នោះទេ។ បន្ទាប់ពីខ្យល់ មានរញ្ជួយដី ប៉ុន្តែ អុលឡោះតាអាឡាមិននៅក្នុងដីដែលរញ្ជួយនោះទេ។ |
ព្រះនៃយើងខ្ញុំទ្រង់យាងមក ទ្រង់មិននៅស្ងៀមទេ មានភ្លើងឆេះនៅចំពោះព្រះអង្គ ហើយនៅព័ទ្ធជុំវិញព្រះអង្គ មានព្យុះសង្ឃរា។
នោះផែនដីរញ្ជួយ ហើយមេឃក៏បង្អុរភ្លៀង នៅចំពោះព្រះ គឺព្រះនៃភ្នំស៊ីណាយ នៅចំពោះព្រះ ជាព្រះនៃសាសន៍អ៊ីស្រាអែល។
ឱព្រះអើយ ព្រះអង្គបានបង្អុរភ្លៀងជាបរិបូរ ព្រះអង្គបានធ្វើឲ្យប្រជារាស្រ្តរបស់ព្រះអង្គ ដែលខ្សោះល្វើយ បានស្រស់បស់ឡើងវិញ
នៅព្រឹកថ្ងៃទីបី មានឮសូរផ្គរលាន់ មានផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ព្រមទាំងឮសូរផ្លុំស្នែងកងរំពងយ៉ាងខ្លាំង រួចប្រជាជនទាំងអស់ដែលនៅក្នុងជំរំក៏ញ័ររន្ធត់។
ព្រះយេហូវ៉ាទ្រង់យាងចុះមកលើកំពូលភ្នំស៊ីណាយ ព្រះអង្គមានព្រះបន្ទូលហៅលោកម៉ូសេពីលើកំពូលភ្នំ ហើយលោកម៉ូសេក៏ឡើងទៅ។
ពេលមនុស្សទាំងអស់បានឮផ្គរលាន់ និងសូរផ្លុំស្នែង ហើយឃើញផ្លេកបន្ទោរ និងភ្នំហុយផ្សែងឡើងដូច្នេះ គេក៏ញ័ររន្ធត់ ហើយថយទៅឈរពីចម្ងាយ
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងមកឯយើងនៅលើភ្នំ ហើយរង់ចាំនៅទីនោះសិន យើងនឹងប្រគល់ក្រឹត្យវិន័យ និងបទបញ្ជាទាំងប៉ុន្មានដែលយើងបានចារឹកទុកលើបន្ទះថ្មឲ្យអ្នក សម្រាប់យកទៅបង្រៀនប្រជាជន»។
លោកម៉ូសេក៏ចូលទៅក្នុងពពក ហើយឡើងទៅលើភ្នំ។ លោកម៉ូសេនៅលើភ្នំអស់រយៈពេលសែសិបថ្ងៃ សែសិបយប់។
ចូររៀបចំជាស្រេចឲ្យទាន់ពេលព្រលឹម រួចឡើងមកលើភ្នំស៊ីណាយនៅពេលព្រឹក ហើយឈរនៅចំពោះយើង នៅលើកំពូលភ្នំ។
ព្រះយេហូវ៉ាយាងកាត់នៅមុខលោក ហើយប្រកាសថា៖ «យេហូវ៉ា យេហូវ៉ា ជាព្រះប្រកបដោយព្រះហឫទ័យមេត្តាករុណា ប្រណីសន្តោស ព្រះអង្គយឺតនឹងខ្ញាល់ មានព្រះហឫទ័យសប្បុរស ហើយស្មោះត្រង់ជានិច្ច។
ឯព្រះយេហូវ៉ានឹងបន្លឺព្រះសូរសៀងដ៏រុងរឿងឧត្តមរបស់ព្រះអង្គឲ្យឮ ហើយនឹងបង្ហាញព្រះពាហុដែលធ្វើទោស ដោយសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីក្រោធព្រះអង្គ និងអណ្ដាតភ្លើងដ៏ឆេះបន្សុស ព្រមទាំងសន្ទុះខ្យល់ព្យុះសង្ឃរា និងដុំព្រឹលផង។
ខ្ញុំក្រឡេកមើលទៅ ឃើញមានខ្យល់ព្យុះចេញពីទិសខាងជើង មានដុំពពកយ៉ាងធំ និងមានពន្លឺភ្លឺនៅជុំវិញ ហើយនៅកណ្ដាលពពកនោះ មានចេញពន្លឺពណ៌លង្ហិន
ដូច្នេះ ខ្ញុំក៏ថ្លែងទំនាយដូចជាព្រះអង្គបង្គាប់ ហើយកំពុងដែលខ្ញុំថ្លែងនោះ មានឮសូរក្រិកៗ ឆ្អឹងទាំងនោះបានកម្រើក ក៏ផ្គុំជាប់គ្នា ឆ្អឹងមួយភ្ជាប់ត្រង់កន្លែងរបស់ខ្លួន។
ព្រះយេហូវ៉ាយឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងខ្លាំង ព្រះអង្គមិនលើកលែងទោសដល់មនុស្សឡើយ។ ផ្លូវរបស់ព្រះយេហូវ៉ា នៅក្នុងខ្យល់កួច ហើយក្នុងព្យុះសង្ឃរា ពពកទាំងឡាយជាធូលីហុយពីព្រះបាទរបស់ព្រះអង្គ។
ពេលនោះ ឯងរាល់គ្នានឹងរត់ទៅតាមចន្លោះភ្នំរបស់យើង ដ្បិតចន្លោះភ្នំនោះ នឹងរហូតទៅដល់អាសែល។ អ្នកឯងរាល់គ្នានឹងរត់ ដូចបានរត់ពីការកក្រើកដីនៅក្នុងរាជ្យអូសៀស ជាស្តេចយូដា។ ព្រះយេហូវ៉ាជាព្រះនៃខ្ញុំនឹងយាងមក មានទាំងពួកបរិសុទ្ធទាំងអស់មកជាមួយដែរ។
ពេលនោះ ទេវតាប្រាប់មកខ្ញុំថា៖ «នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់សូរ៉ូបាបិល គឺព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់យើង។
ដ្បិតសាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ នគរមួយទាស់នឹងនគរមួយ ហើយនឹងកើតមានអំណត់ [ជំងឺអាសន្នរោគ] និងរញ្ជួយផែនដីនៅកន្លែងផ្សេងៗ
ពេលនោះ ស្រាប់តែផែនដីរញ្ជួយយ៉ាងខ្លាំង ដ្បិតមានទេវតាមួយរូបរបស់ព្រះអម្ចាស់ ចុះពីស្ថានសួគ៌ មកប្រមៀលថ្មចេញពីផ្នូរ ហើយអង្គុយលើថ្មនោះ។
នៅពេលនោះ ព្រះសូរសៀងរបស់ព្រះអង្គបានធ្វើឲ្យផែនដីកក្រើក តែឥឡូវនេះ ព្រះអង្គបានសន្យាថា «យើងនឹងធ្វើឲ្យកក្រើកម្តងទៀត មិនត្រឹមតែផែនដីប៉ុណ្ណោះ គឺទាំងផ្ទៃមេឃថែមទៀតផង» ។
ពេលនោះ ព្រះវិហាររបស់ព្រះនៅស្ថានសួគ៌ ក៏បើកចំហ ហើយឃើញមានហិបនៃសេចក្ដីសញ្ញារបស់ព្រះអង្គ នៅក្នុងព្រះវិហារនោះ ហើយក៏មានផ្លេកបន្ទោរ មានសូរសំឡេង មានផ្គរលាន់ មានរញ្ជួយផែនដី និងមានធ្លាក់ព្រឹលយ៉ាងខ្លាំង។
មានផ្លេកបន្ទោរ មានសូរសំឡេង មានផ្គរលាន់ និងមានរញ្ជួយផែនដីជាខ្លាំង តាំងពីមានមនុស្សនៅផែនដីមក មិនដែលមានរញ្ជួយផែនដីយ៉ាងខ្លាំងដូច្នេះឡើយ។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសមួយយ៉ាងធំ និងព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃ ក៏រត់ចេញពីព្រះវត្តមានរបស់ព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។
នោះក៏មានការញាប់ញ័រកើតឡើង ក្នុងទីបោះទ័ពដែលនៅវាល និងនៅក្នុងពួកបណ្ដាទ័ពទាំងប៉ុន្មាន ឯពួកអ្នកនៅក្នុងបន្ទាយ និងពួកទ័ពបំផ្លាញ គេក៏ញ័ររន្ធត់ដែរ ហើយផែនដីក៏កក្រើកឡើង ដូច្នេះ គេមានសេចក្ដីញ័ររន្ធត់ជាខ្លាំងក្រៃលែង។