អេសេគាល 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ការនិមិត្តឃើញរទេះចម្បាំង 1 នៅថ្ងៃទីប្រាំ ខែទីបួន ឆ្នាំទីសាមសិប ពេលខ្ញុំនៅជាមួយពួកឈ្លើយ នៅមាត់ទន្លេកេបារ ពេលនោះ មេឃបានបើកចំហ ហើយខ្ញុំឃើញនិមិត្តពីព្រះ។ 2 នៅថ្ងៃទីប្រាំ ក្នុងខែនោះ ដែលជាឆ្នាំទីប្រាំ តាំងពីស្តេចយ៉ូយ៉ាគីននៅជាប់ជាឈ្លើយ 3 ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់អេសេគាលជាកូនប៊ូស៊ី ដែលជាសង្ឃនៅស្រុកខាល់ដេក្បែរទន្លេកេបារ ហើយព្រះយេហូវ៉ាក៏ដាក់ព្រះហស្តលើលោកនៅទីនោះ។ 4 ខ្ញុំក្រឡេកមើលទៅ ឃើញមានខ្យល់ព្យុះចេញពីទិសខាងជើង មានដុំពពកយ៉ាងធំ និងមានពន្លឺភ្លឺនៅជុំវិញ ហើយនៅកណ្ដាលពពកនោះ មានចេញពន្លឺពណ៌លង្ហិន 5 ហើយនៅកណ្ដាលនោះ ក៏មានភាពដូចជាសត្វមានជីវិតបួនរូប ដែលមើលទៅបែបយ៉ាងនេះ គឺគ្រប់គ្នាមានភាពដូចជាមនុស្ស 6 គ្រប់គ្នាមានមុខបួន ហើយមានស្លាបបួន។ 7 ជើងសត្វទាំងនោះត្រង់ៗ ប្រអប់ជើងដូចជាកូនគោ ហើយភ្លឺចាំងដូចជាលង្ហិនខាត់យ៉ាងរលោង 8 នៅក្រោមស្លាបទាំងបួន មានដៃដូចមនុស្សទាំងបួនខាង ដូចមុខ និងស្លាបដែរ។ 9 ស្លាបទាំងនោះជាប់តៗគ្នា គ្រប់គ្នាហោះត្រង់ទៅខាងមុខ ឥតងាកក្រោយឡើយ 10 តួទាំងនោះ គ្រប់គ្នាមានមុខជាមនុស្ស ហើយទាំងបួនមានមុខដូចជាសិង្ហខាងស្តាំ ទាំងបួនក៏មានមុខដូចជាគោនៅខាងឆ្វេង ហើយទាំងបួនមានមុខដូចជាឥន្ទ្រីដែរ 11 ឯមុខ និងស្លាបពីរជាប់តគ្នាត្រដាងខាងលើ ហើយស្លាបពីរទៀតនៅគ្របខ្លួន 12 គ្រប់គ្នាហោះចំទៅខាងមុខ ទីណាដែលព្រះវិញ្ញាណត្រូវទៅ តួទាំងនោះក៏ទៅដែរ ឥតងាកក្រោយឡើយ។ 13 រីឯសត្វមានជីវិតទាំងនោះ មានទ្រង់ទ្រាយដូចជារងើកភ្លើង ហើយដូចជាចន្លុះឆេះ ដែលទ្រោលចុះឡើងនៅកណ្ដាលសត្វមានជីវិតទាំងនោះ ឯភ្លើងក៏ភ្លឺចាំង មានផ្លេកបន្ទោរចេញពីភ្លើងនោះមកផង។ 14 សត្វមានជីវិតទាំងនោះ ក៏ហោះទៅមក មើលទៅដូចជាផ្លេកបន្ទោរ។ 15 ពេលខ្ញុំកំពុងមើលសត្វមានជីវិតទាំងនោះ ខ្ញុំឃើញមានកង់នៅលើដី ក្បែរសត្វមានជីវិតទាំងនោះ គឺកង់មួយសម្រាប់សត្វនីមួយៗទាំងបួន។ 16 សណ្ឋានកង់ទាំងនោះ មើលទៅដូចជាត្បូងបេរីល កង់ទាំងបួនមានរាងដូចគ្នា មើលទៅដូចជាកង់មួយនៅក្នុងកង់មួយទៀត។ 17 ពេលកង់នោះវិលទៅមុខ ក៏ទៅទាំងបួនមុខ ឥតបែរទៅខាងណាឡើយ។ 18 ខ្នងកង់នោះ ខ្ពស់គួរស្ញែងខ្លាច ហើយខ្នងកង់ទាំងបួននោះ មានភ្នែកនៅជុំវិញ។ 19 កាលណាសត្វមានជីវិតទាំងបួនបានហោះទៅ កង់ទាំងនោះក៏អមទៅដែរ កាលណាសត្វមានជីវិតទាំងបួនបានលើកឡើងផុតពីដីទៅ កង់ទាំងនោះក៏បានលើកឡើងទៅដែរ 20 នៅទីណាដែលព្រះវិញ្ញាណត្រូវទៅ កង់ទាំងនោះក៏ទៅដែរ គឺវិញ្ញាណរបស់សត្វមានជីវិតនៅក្នុងកង់នោះ។ 21 ពេលណាសត្វនោះទៅមុខ កង់ក៏ទៅដែរ ពេលណាសត្វនោះឈប់ កង់ក៏ឈប់ដែរ កាលណាសត្វនោះឡើងផុតពីដី កង់ទាំងឡាយក៏បានលើកឡើងអមទៅព្រមគ្នា ដ្បិតវិញ្ញាណរបស់សត្វមានជីវិតនៅជាប់ក្នុងកង់ដែរ។ 22 នៅពីលើក្បាលសត្វមានជីវិត មានដូចជាផ្ទៃមេឃ មើលទៅដូចជាចរណៃគួរស្ញែងខ្លាច ហើយក៏លាតពីលើក្បាលតួទាំងនោះ 23 នៅក្រោមផ្ទៃមេឃនោះមានស្លាបរបស់តួទាំងឡាយ ត្រដាងទៅត្រង់តៗគ្នា គ្រប់គ្នាមានស្លាបពីរដែលបាំងខ្លួនម្ខាង ហើយស្លាបពីរ ដែលបាំងខ្លួនម្ខាងទៀត 24 កាលណាហោះទៅ ខ្ញុំឮសូរសន្ធឹកស្លាបដូចជាសូរទឹកធំ គឺដូចជាព្រះសូរសៀងនៃព្រះដ៏មានគ្រប់ព្រះចេស្តា ជាសូរគឹកកង ដូចជាសូរនៃកងទ័ព។ កាលណាតួទាំងនោះឈប់ ក៏ទម្លាក់ស្លាបចុះមកវិញ។ 25 ពេលទម្លាក់ស្លាបចុះ នៅស្ងៀមនោះ មានឮសំឡេងពីផ្ទៃមេឃ ដែលនៅពីលើក្បាលតួទាំងនោះ។ 26 នៅលើលំហអាកាស ដែលស្ថិតនៅលើក្បាលសត្វទាំងនោះ មានដូចជាបល្ល័ង្ក ដែលមើលទៅដូចជាត្បូងកណ្តៀង ហើយអង្គុយពីលើទ្រង់ទ្រាយដែលមានរាងដូចជាបល្ល័ង្កនោះ ឃើញមានដូចជាមនុស្សម្នាក់។ 27 ខ្ញុំក៏ឃើញពន្លឺពណ៌ដូចជាលង្ហិនខាត់រលោង មើលទៅដូចជាភ្លើង នៅខាងក្នុង និងនៅជុំវិញ ចាប់តាំងពីកន្លែងដែលមើលទៅដូចជាចង្កេះទៅខាងលើ ហើយចាប់តាំងពីកន្លែងដែលមើលទៅដូចជាចង្កេះ ចុះទៅខាងក្រោម ខ្ញុំមើលទៅឃើញដូចជាភ្លើង ហើយមានរស្មីភ្លឺនៅជុំវិញអង្គនោះ 28 រស្មីដែលភ្លឺនៅព័ទ្ធជុំវិញនោះ មានភាពដូចជាឥន្ទធនូដែលនៅលើពពក ក្នុងថ្ងៃដែលមានភ្លៀង នេះជាគំរូពីភាពនៃសិរីល្អរបស់ព្រះយេហូវ៉ា។ ពេលខ្ញុំបានឃើញហើយ ខ្ញុំក្រាបចុះដល់ដី ហើយខ្ញុំឮព្រះសូរសៀងមានព្រះបន្ទូលមកកាន់ខ្ញុំ។ |
© 2016 United Bible Societies
Bible Society in Cambodia