១ ពង្សាវតារក្សត្រ 19 - អាល់គីតាបណាពីអេលីយ៉េសនៅលើភ្នំហោរែប 1 ស្តេចអហាប់រៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលអេលីយ៉េស បានប្រព្រឹត្ត និងអំពីការដែលគាត់បានសម្លាប់អ្នកបម្រើទាំងអស់របស់ព្រះបាលដោយមុខដាវ ជម្រាបម្ចាស់ក្សត្រីយេសិបិល។ 2 ម្ចាស់ក្សត្រីយេសិបិលចាត់អ្នកនាំសារឲ្យទៅជម្រាបអេលីយ៉េសថា៖ «ថ្ងៃស្អែក នៅពេលថ្មើរនេះ ប្រសិនបើខ្ញុំមិនប្រហារជីវិតអ្នក ដូចអ្នក បានប្រហារជីវិតអ្នកបម្រើទាំងនោះទេ សូមព្រះទាំងឡាយដាក់ទោសខ្ញុំយ៉ាងធ្ងន់ចុះ!»។ 3 អេលីយ៉េសភ័យខ្លាច ហើយក្រោកឡើង រត់ចេញទៅ ដើម្បីឲ្យរួចជីវិត។ គាត់ទៅដល់បៀរ-សេបា ក្នុងស្រុកយូដា គាត់ទុកអ្នកបម្រើឲ្យនៅទីនោះ។ 4 រីឯគាត់វិញ គាត់ធ្វើដំណើរកាត់វាលរហោស្ថាន ពេញមួយថ្ងៃ ហើយទៅអង្គុយក្រោមដើមដង្កោមួយ រួចអង្វរសុំស្លាប់ទាំងពោលថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! ខ្ញុំទ្រាំលែងបានទៀតហើយ! ឥឡូវនេះ សូមទ្រង់ដកជីវិតខ្ញុំចុះ! ដ្បិតខ្ញុំមិនប្រសើរជាងដូនតារបស់ខ្ញុំទេ»។ 5 បន្ទាប់មក គាត់ទំរេតខ្លួនសម្រាន្តលង់លក់ក្រោមដើមដង្កោនោះទៅ។ ពេលនោះ មានម៉ាឡាអ៊ីកាត់មួយរូបមកដាស់គាត់ ទាំងពោលថា៖ «ចូរក្រោកឡើង បរិភោគទៅ!»។ 6 អេលីយ៉េសក្រឡេកទៅឃើញមាននំបុ័ង ដែលគេទើបនឹងដុតលើថ្មក្តៅៗ និងទឹកមួយក្អម នៅលើក្បាលដំណេក គាត់ក៏ពិសានំបុ័ង និងទឹករួចសម្រាន្តលក់ជាថ្មី។ 7 ពេលនោះម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាមកដាស់គាត់ម្តងទៀត ទាំងពោលថា៖ «ចូរក្រោកឡើងបរិភោគទៅ ដ្បិតអ្នកត្រូវធ្វើដំណើរយ៉ាងឆ្ងាយ»។ 8 គាត់ក៏ក្រោកឡើង ពិសានំបុ័ង និងទឹក។ អាហារនេះធ្វើឲ្យគាត់មានកម្លាំង ដើរបានសែសិបថ្ងៃសែសិបយប់ រហូតដល់ភ្នំហោរែបជាភ្នំរបស់អុលឡោះ។ អុលឡោះតាអាឡា ប្រទានឲ្យណាពីអេលីយ៉េសមានសេចក្តីក្លាហានឡើងវិញ 9 កាលទៅដល់ភ្នំហោរែបហើយ អេលីយ៉េសចូលទៅស្នាក់ក្នុងគុហានៅពេលយប់។ ពេលនោះ អុលឡោះតាអាឡាមានបន្ទូលមកគាត់ដូចតទៅ៖ «អេលីយ៉េសអើយ អ្នកមកទីនេះធ្វើអ្វី?»។ 10 គាត់ឆ្លើយថា៖ «អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល! ខ្ញុំស្រឡាញ់ទ្រង់ខ្លាំងណាស់។ រីឯជនជាតិអ៊ីស្រអែលបានផ្តាច់សម្ពន្ធមេត្រីរបស់ទ្រង់ ពួកគេរំលំអាសនៈរបស់ទ្រង់ និងសម្លាប់ណាពីទាំងអស់របស់ទ្រង់ដោយមុខដាវ គឺនៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះ ហើយពួកគេក៏តាមប្រហារជីវិតខ្ញុំទៀត»។ 11 ទ្រង់មានបន្ទូលថា៖ «ចូរចេញទៅក្រៅ ហើយឈរលើភ្នំ នៅចំពោះអុលឡោះតាអាឡា»។ ទ្រង់កាត់តាមនោះមានខ្យល់បក់បោកយ៉ាងខ្លាំង ធ្វើឲ្យកក្រើកភ្នំ បំបែកថ្ម នៅចំពោះអុលឡោះតាអាឡា ប៉ុន្តែ អុលឡោះតាអាឡាមិននៅក្នុងខ្យល់នោះទេ។ បន្ទាប់ពីខ្យល់ មានរញ្ជួយដី ប៉ុន្តែ អុលឡោះតាអាឡាមិននៅក្នុងដីដែលរញ្ជួយនោះទេ។ 12 ក្រោយពីរញ្ជួយដី មានភ្លើង ប៉ុន្តែ អុលឡោះតាអាឡាមិននៅក្នុងភ្លើងនោះទេ។ បន្ទាប់ពីភ្លើងមានឮសូរសំឡេងស្រាលៗយ៉ាងស្រទន់។ 13 កាលអេលីយ៉េសឮសំឡេងនោះ គាត់យកអាវធំមកគ្របមុខ ហើយចេញទៅឈរនៅមាត់គុហា។ គាត់ឮសំឡេងថា៖ «អេលីយ៉េសអើយ អ្នកមកទីនេះធ្វើអ្វី?»។ 14 គាត់ឆ្លើយថា៖ «អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល! ខ្ញុំស្រឡាញ់ទ្រង់ខ្លាំងណាស់។ រីឯជនជាតិអ៊ីស្រអែលផ្តាច់សម្ពន្ធមេត្រីរបស់ទ្រង់ ពួកគេរំលំអាសនៈរបស់ទ្រង់ និងសម្លាប់ណាពីទាំងអស់របស់ទ្រង់ដោយមុខដាវ គឺនៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះ ហើយពួកគេក៏តាមប្រហារជីវិតខ្ញុំទៀត»។ 15 អុលឡោះតាអាឡាមានបន្ទូលមកកាន់គាត់ថា៖ «ចូរធ្វើដំណើរកាត់វាលរហោស្ថានឆ្ពោះទៅកាន់ក្រុងដាម៉ាសចុះ! កាលទៅដល់ហើយ ត្រូវតែងតាំងហាសែល ឲ្យធ្វើជាស្តេចលើស្រុកស៊ីរី។ 16 បន្ទាប់មក ត្រូវតែងតាំងយេហ៊ូវ ជាកូនរបស់នឹមស៊ី ឲ្យធ្វើជាស្តេចលើស្រុកអ៊ីស្រអែល រួចតែងតាំងអេលីយ៉ាសាក់ ជាកូនរបស់សាផាតនៅអេបិល-មហូឡា ឲ្យធ្វើជាណាពីជំនួសអ្នក។ 17 ពេលនោះ នរណាគេចផុតពីមុខដាវរបស់ហាសែលនឹងត្រូវយេហ៊ូវសម្លាប់ ហើយនរណាគេចផុតពីមុខដាវរបស់យេហ៊ូវ នឹងត្រូវអេលីយ៉ាសាក់សម្លាប់។ 18 ប៉ុន្តែ យើងនឹងទុកជីវិតមនុស្សប្រាំពីរពាន់នាក់នៅស្រុកអ៊ីស្រអែល គឺអស់អ្នកដែលពុំបានលុតជង្គង់ថ្វាយបង្គំព្រះបាល ហើយមិនបានថើបព្រះនេះទេ»។ ណាពីអេលីយ៉េសតែងតាំងអេលីយ៉ាសាក់ ជាណាពី 19 អេលីយ៉េសចាកចេញពីទីនោះទៅជួបនឹងអេលីយ៉ាសាក់ ជាកូនរបស់លោកសាផាតកំពុងតែភ្ជួរស្រែ។ មានអ្នកភ្ជួរទាំងអស់ដប់ពីរនាក់ អេលីយ៉ាសាក់ភ្ជួរក្រោយគេបង្អស់។ អេលីយ៉េសចូល ទៅជិតអេលីយ៉ាសាក់ រួចដោះអាវធំរបស់គាត់បោះទៅលើអេលីយ៉ាសាក់។ 20 អេលីយ៉ាសាក់ទុកគោចោល ហើយរត់ទៅតាមអេលីយ៉េសជម្រាបថា៖ «សូមអនុញ្ញាតឲ្យខ្ញុំទៅលាបិតាម្តាយរបស់ខ្ញុំសិន រួចខ្ញុំនឹងទៅតាមលោក»។ អេលីយ៉េសឆ្លើយថា៖ «ទៅវិញចុះ ខ្ញុំមិនឃាត់អ្នកទេ!»។ 21 អេលីយ៉ាសាក់ចាកចេញពីអេលីយ៉េស ត្រឡប់មកកន្លែងភ្ជួរវិញ។ គាត់យកគោទាំងពីរក្បាលទៅសម្លាប់ធ្វើជាគូរបាន យកនង្គ័លធ្វើជាអុសដុតចំអិនសាច់ ចែកអស់អ្នកដែលនៅទីនោះបរិភោគ។ បន្ទាប់មក គាត់ក្រោកឡើង ដើរតាមណាពីអេលីយ៉េស ហើយនៅបម្រើគាត់។ |
© 2014 United Bible Societies, UK.
United Bible Societies