១ ពង្សាវតារក្សត្រ 13:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ហោរាវ័យចំណាស់ មានប្រសាសទៅគាត់ថា៖ «ខ្ញុំក៏ជាហោរាដូចអ្នកដែរ ហើយមានទេវតាប្រាប់ខ្ញុំដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា "ចូរទៅនាំអ្នកនោះមកឯផ្ទះជាមួយឯងវិញ ដើម្បីឲ្យបានបរិភោគភោជន៍"»។ គឺគាត់កុហកដល់អ្នកនោះទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្យាការីចាស់ពោលទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «ខ្ញុំក៏ជាព្យាការីដែរ មានទេវតាបានមកប្រាប់ខ្ញុំ ក្នុងនាមរបស់ព្រះអម្ចាស់ដូចតទៅ: “ចូរទៅនាំគាត់មកផ្ទះអ្នក ដើម្បីឲ្យគាត់បរិភោគអាហារ និងទឹកផង”»។ តាមពិត គាត់និយាយកុហកទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគាត់និយាយថា ខ្ញុំក៏ជាហោរាដូចអ្នកដែរ ហើយមានទេវតាប្រាប់ខ្ញុំដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា ចូរទៅនាំអ្នកនោះមកឯផ្ទះជាមួយនឹងឯងវិញ ដើម្បីឲ្យបានបរិភោគភោជន៍ គឺគាត់កុហកដល់អ្នកនោះទេ អាល់គីតាប ណាពីចាស់ពោលទៅអ្នកនាំសាររបស់អុលឡោះថា៖ «ខ្ញុំក៏ជាណាពីដែរ មានម៉ាឡាអ៊ីកាត់បានមកប្រាប់ខ្ញុំ ក្នុងនាមរបស់អុលឡោះតាអាឡាដូចតទៅ: “ចូរទៅនាំគាត់មកផ្ទះអ្នក ដើម្បីឲ្យគាត់បរិភោគអាហារ និងទឹកផង”»។ តាមពិតគាត់និយាយកុហកទេ។ |
ពេលនោះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលទៅកាន់ស្ត្រីថា៖ «ម្ដេចបានជានាងធ្វើដូច្នេះ?»។ ស្ត្រីឆ្លើយថា៖ «ពស់បានបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ទទួលទានទៅ»។
បន្ទាប់មក មានម្នាក់ជាសិស្ស ពួកហោរា គាត់និយាយទៅគូកន ដោយព្រះបន្ទូលព្រះយេហូវ៉ាថា៖ «សូមឲ្យវាយខ្ញុំចុះ» តែអ្នកនោះមិនព្រមវាយទេ។
ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា នឹងធ្វើយ៉ាងណាទៅ វិញ្ញាណនោះទូលថា ទូលបង្គំនឹងចេញទៅធ្វើជាវិញ្ញាណភូតកុហក នៅក្នុងមាត់នៃពួកហោរាទាំងប៉ុន្មានរបស់ស្តេច ព្រះយេហូវ៉ាមានព្រះបន្ទូលថា "ចូរចេញទៅធ្វើដូច្នោះចុះ ឯងនឹងបបួលវាឲ្យសម្រេចបាន"។
បបូរមាត់ដែលបញ្ចេញសេចក្ដីពិត នោះនឹងបានតាំងជាប់នៅជានិច្ច តែអណ្ដាតភូតភរ នោះនៅតែមួយភ្លែតទេ។
បបូរមាត់ដែលពោលពាក្យភូតភរ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែពួកអ្នកដែលប្រព្រឹត្តដោយពិតត្រង់ នោះជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ។
សាក្សីភូតភរនឹងមិនរួចចាកទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហក ក៏គេចមិនរួចដែរ។
តើយើងបានឡើងមកច្បាំងបំផ្លាញស្រុកនេះ ដោយឥតព្រះយេហូវ៉ាឬ? គឺព្រះយេហូវ៉ាទេតើ ដែលព្រះអង្គបានមានព្រះបន្ទូលបង្គាប់យើងថា ចូរឡើងទៅច្បាំងបំផ្លាញស្រុកនេះចុះ»។
ឯក្បាល គឺជាពួកអ្នកចាស់ទុំ និងពួកមានកិត្តិយស ហើយកន្ទុយ គឺជាពួកហោរា ដែលបង្រៀនសេចក្ដីភូតភរ។
ឯក្នុងពួកហោរានៅក្រុងយេរូសាឡិម យើងក៏ឃើញមានសេចក្ដីគួរស្បើមណាស់ដែរ គេប្រព្រឹត្តអំពើកំផិត ហើយដើរតាមតែពាក្យកុហកឥតប្រយោជន៍ គេចម្រើនកម្លាំងដៃនៃពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ ដូច្នេះ បានជាគ្មានអ្នកណាមួយ វិលត្រឡប់ពីអំពើអាក្រក់របស់ខ្លួនឡើយ គេបានត្រឡប់ដូចជាក្រុងសូដុមទាំងអស់គ្នា ពួកអ្នកនៅក្រុងនេះ ក៏ដូចជាក្រុងកូម៉ូរ៉ាដែរ នៅចំពោះយើង។
គេចេះតែប្រាប់ដល់ពួកអ្នកដែលមើលងាយយើងថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា អ្នករាល់គ្នានឹងមានសន្តិសុខទេ ហើយក៏ប្រាប់ដល់ពួកអ្នកដែលប្រព្រឹត្តតាមតែសេចក្ដីរឹងចចេសនៅក្នុងចិត្តថា នឹងគ្មានសេចក្ដីអាក្រក់ណាកើតដល់អ្នករាល់គ្នាឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងទាស់នឹងពួកអ្នកដែលថ្លែងទំនាយកុហកតាមយល់សប្តិ ព្រមទាំងផ្សាយប្រាប់សប្តិនោះ ហើយនាំឲ្យប្រជារាស្ត្ររបស់យើងវង្វេងចេញដោយសារពាក្យកុហករបស់គេ ហើយដោយសារសេចក្ដីអំនួតឥតប្រយោជន៍របស់គេដែរ តែព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងមិនបានចាត់គេ ឬបង្គាប់គេឡើយ គេក៏គ្មានប្រយោជន៍អ្វីដល់ជនជាតិនេះដែរ។
ចូរផ្ញើទៅប្រាប់ដល់ពួកអ្នកដែលនៅជាឈ្លើយថា ព្រះយេហូវ៉ាមានព្រះបន្ទូលពីដំណើរសេម៉ាយ៉ាជាអ្នកដែលមកពីស្រុកនេហេលេមថា ដោយព្រោះសេម៉ាយ៉ា ជាអ្នកដែលយើងមិនបានចាត់ប្រើឡើយ បានថ្លែងទំនាយដល់អ្នករាល់គ្នា ហើយបាននាំអ្នករាល់គ្នាឲ្យទុកចិត្តលើពាក្យកុហក
ហេតុនេះហើយបានជាព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា មើល៍! យើងនឹងធ្វើទោសសេម៉ាយ៉ា ជាអ្នកស្រុកនេហេលេម ព្រមទាំងពូជពង្សរបស់គេដែរ។ គ្មានអ្នកណាម្នាក់រស់នៅក្នុងចំណោមប្រជាជននេះឡើយ ក៏មិនឃើញការល្អដែលយើងនឹងប្រោសដល់ប្រជារាស្ត្ររបស់យើងដែរ ព្រោះគេបានប្រកាសបះបោរទាស់នឹងព្រះយេហូវ៉ា នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
គេនិយាយមិនត្រឹមត្រូវអំពីព្រះយេហូវ៉ា ដោយពាក្យថា៖ ព្រះអង្គមិនធ្វើអ្វីនោះទេ ក៏គ្មានសេចក្ដីអាក្រក់ណាធ្លាក់មកលើយើងរាល់គ្នា យើងនឹងមិនត្រូវឃើញដាវ ឬគ្រាអំណត់ឡើយ។
គឺពួកហោរាបានថ្លែងទំនាយកុហក ពួកសង្ឃក៏គ្រប់គ្រងដោយកម្លាំងដៃខ្លួន ឯប្រជារាស្ត្រយើងក៏ឃើញយ៉ាងនោះដែរ ដូច្នេះ ដល់ចុងបំផុត តើអ្នករាល់គ្នាធ្វើដូចម្តេច?
ដោយព្រោះអ្នករាល់គ្នាបានបញ្ឈឺចិត្តពួកសុចរិត ដោយភូតកុហក ជាពួកអ្នកដែលយើងមិនបានឲ្យព្រួយចិត្តសោះ ហើយអ្នកបានចម្រើនកម្លាំងដៃនៃមនុស្សអាក្រក់ ដើម្បីមិនឲ្យគេលះចោលផ្លូវអាក្រក់របស់ខ្លួន ឲ្យបានសង្គ្រោះរួចជីវិតវិញឡើយ។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអ្នករាល់គ្នាបញ្ចេញសេចក្ដីកំភូត ហើយឃើញពាក្យកុហកដូច្នេះ បានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា មើល៍ យើងទាស់នឹងអ្នករាល់គ្នាហើយ។
ទេវតារបស់ព្រះយេហូវ៉ាពោលទៅកាន់បាឡាមថា៖ «ចូរទៅជាមួយអ្នកទាំងនេះចុះ ប៉ុន្តែ ត្រូវនិយាយតែពាក្យណាដែលខ្ញុំប្រាប់អ្នកប៉ុណ្ណោះ»។ ដូច្នេះ បាឡាមក៏បន្ដដំណើរជាមួយពួកមន្រ្តីរបស់បាឡាកទៅ។
ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយលេចមក ហើយសម្តែងទីសម្គាល់ និងការអស្ចារ្យយ៉ាងធំ ដើម្បីនាំមនុស្សឲ្យវង្វេង សូម្បីតែពួករើសតាំងផង ប្រសិនបើគេអាចធ្វើបាន។
«ចូរប្រយ័ត្ននឹងពួកហោរាក្លែងក្លាយ ដែលពាក់រោមចៀមមករកអ្នករាល់គ្នា តែខាងក្នុងរបស់គេជាឆ្កែចចកដ៏ស្រេកឃ្លាន។
ដ្បិតមនុស្សបែបនោះ មិនបម្រើព្រះគ្រីស្ទ ជាព្រះអម្ចាស់របស់យើងទេ គឺគេបម្រើតែក្រពះរបស់ខ្លួនគេប៉ុណ្ណោះ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ និងពាក្យបញ្ចើចបញ្ចើ។
ប៉ុន្តែ ខ្ញុំខ្លាចក្រែងគំនិតរបស់អ្នករាល់គ្នា បានវង្វេងចេញពីចិត្តស្មោះត្រង់ និងចិត្តបរិសុទ្ធចំពោះព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលរបស់វានោះដែរ។
ប៉ុន្តែ ប្រសិនបើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ ប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អដែលយើងបានប្រកាសប្រាប់អ្នករាល់គ្នា សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ។
ព្រះវិញ្ញាណមានព្រះបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយ អ្នកខ្លះនឹងងាកចេញពីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្ដីបង្រៀនរបស់អារក្ស
ពីដើមក៏មានហោរាក្លែងក្លាយកើតឡើងក្នុងចំណោមប្រជារាស្ត្ររបស់ព្រះ ដូចជាគ្រូក្លែងក្លាយដែលនឹងកើតមានក្នុងចំណោមអ្នករាល់គ្នាដែរ គេនឹងនាំលទ្ធិខុសឆ្គង ដែលនាំឲ្យវិនាសចូលមកដោយសម្ងាត់ គេបដិសេធមិនព្រមទទួលស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេនោះឡើយ គេនាំសេចក្ដីវិនាសយ៉ាងទាន់ហន់មកលើខ្លួនគេ។
ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ គឺត្រូវល្បងមើលឲ្យស្គាល់វិញ្ញាណទាំងនោះវិញ ដើម្បីឲ្យដឹងថា វិញ្ញាណនេះមកពីព្រះឬយ៉ាងណា ដ្បិតមានហោរាក្លែងក្លាយជាច្រើនបានចេញមកក្នុងលោកីយ៍នេះហើយ។
សត្វនោះក៏ត្រូវចាប់បាន ព្រមទាំងហោរាក្លែងក្លាយ ដែលនៅជាមួយផង ជាអ្នកដែលធ្វើទីសម្គាល់នៅមុខវា ដើម្បីបញ្ឆោតអស់អ្នក ដែលទទួលទីសម្គាល់របស់សត្វនោះ និងអស់អ្នកដែលថ្វាយបង្គំរូបរបស់វា ហើយទាំងពីរត្រូវបោះទាំងរស់ ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។
ទេវតានៃព្រះយេហូវ៉ាបានលេចមកឲ្យប្រពន្ធគាត់ឃើញ ហើយប្រាប់ថា៖ «មើល៍ នាងជាស្ត្រីអារ គ្មានកូនសោះ តែនាងនឹងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ។