Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ ពង្សាវ‌តារ‌ក្សត្រ 13 - អាល់គីតាប


ទី‌សក្ការៈ​នៅ​បេត‌អែល​ត្រូវ​វិនាស

1 មាន​អ្នក​នាំ​សារ​ម្នាក់​របស់​អុលឡោះបាន​ធ្វើ​ដំណើរ​ពី​ស្រុក​យូដា តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា គាត់​មក​ដល់​បេត‌អែល នៅ​ពេល​ស្តេច​យេរ៉ូ‌បោម​កំពុង​តែ​ឈរ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ។

2 គាត់​ស្រែក​ប្រឆាំង​នឹង​អាសនៈ ដោយ​ប្រកាស​បន្ទូល​របស់អុលឡោះ‌តាអាឡា​ដូច​ត​ទៅ៖ «អាសនៈ​អើយ! អាសនៈ! អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: នៅ​ក្នុង​ពូជ‌ពង្ស​របស់​ស្តេច​ទត​នឹង​មាន​កូន​ប្រុស​ម្នាក់​កើត​មក កូន​នោះ មាន​ឈ្មោះ​ថា យ៉ូសៀស។ យ៉ូសៀស​នឹង​យក​ពួក​បូជា‌ចារ្យ​នៃ​កន្លែង​សក្ការៈ តាម​ទួល​ខ្ពស់ៗ​មក​បូជា​នៅ​លើ​អាសនៈ គឺ​ពួក​បូជា‌ចារ្យ​ដែល​ធ្លាប់​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នេះ។ គេ​ក៏​យក​ឆ្អឹង​របស់​មនុស្ស មក​ដុត​នៅ​លើ​អាសនៈ​នេះ​ដែរ»។

3 នៅ​ថ្ងៃ​ដដែល​នោះ អ្នក​នាំ​សារ​របស់​អុលឡោះ​ក៏​ប្រកាស​ទៀត​ថា៖ «អុលឡោះ‌តាអាឡា​ប្រទាន​ទី​សំគាល់​មួយ ដើម្បី​បញ្ជាក់​ថា ទ្រង់​ពិត​ជា​មាន​បន្ទូល​មែន គឺ​អាសនៈ​នឹង​ត្រូវ​បាក់​បែក ហើយ​ផេះ​នៅ​លើ​អាសនៈ​ក៏​នឹង​ធ្លាក់​ខ្ចាត់‌ខ្ចាយ​ដែរ»។

4 ពេល​ស្តេច​យេរ៉ូ‌បោម​ឮ​ពាក្យ​ដែល​អ្នក​នាំ​សារ​របស់​អុលឡោះស្រែក​ប្រឆាំង​នឹង​អាសនៈ នៅ​បេត‌អែល ស្តេច​ក៏​លាត​ដៃ​ពី​លើ​អាសនៈ រួច​បញ្ជា​ថា៖ «ចូរ​ចាប់​ជន​នេះ​ទៅ!»។ ពេល​នោះ ដៃ​ដែល​ស្តេច​លើក​ចង្អុល​ទៅ​អ្នក​នាំ​សារ​របស់​អុលឡោះក៏​ស្ពឹក កំរើក​លែង​រួច។

5 អាសនៈ​បាក់​បែក ហើយ​ផេះ​នៅ​លើ​អាសនៈ​ក៏​ធ្លាក់ ដូច​ទី​សំគាល់​ដែល​អ្នក​នាំ​សារ​អុលឡោះ​ប្រកាស ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។

6 ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​នាំ​សារ​អុលឡោះ​ថា៖ «សូម​លោក​ជួយ​អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​លោក សូម​ទូរអា​ឲ្យ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ដៃ​របស់​ខ្ញុំ​អាច​កំរើក​វិញ​បាន»។ អ្នក​នាំ​សារ​របស់​អុលឡោះ​អង្វរ​ទ្រង់ ហើយ​ដៃ​របស់​ស្តេច​ក៏​អាច​បត់​មក​វិញ​បាន​ដូច​ដើម។

7 ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​នាំ​សារ​របស់​អុលឡោះ​ថា៖ «សូម​អញ្ជើញ​ចូល​ដំណាក់​ខ្ញុំ​ស្រស់‌ស្រូប​សិន រួច​ហើយ​ខ្ញុំ​នឹង​ជូន​រង្វាន់​លោក»។

8 អ្នក​នាំ​សារ​របស់​អុលឡោះ​ជម្រាប​ស្តេច​វិញ​ថា៖ «ទោះ​បី​ស្តេច​ប្រទាន​រាជ្យ​ទ្រព្យ​ចំនួន​ពាក់​កណ្តាល​ឲ្យ​ខ្ញុំ ក៏​ខ្ញុំ​មិន​ចូល​ក្នុង​ដំណាក់​របស់​ស្តេច​ដែរ ខ្ញុំ​ក៏​មិន​ទទួល​ទាន​អាហារ និង​ទឹក​នៅ​ទី​នេះ​ឡើយ

9 ដ្បិតអុលឡោះ‌តាអាឡា​បាន​ហាម​ខ្ញុំ​មិន​ឲ្យ​ទទួល​ទាន​អាហារ ឬ​ទឹក​ទេ ហើយ​ទ្រង់​ក៏​មិន​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដដែល​ដែរ»។

10 បន្ទាប់​មក អ្នក​នាំ​សារ​របស់​អុលឡោះ​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត គឺ​គាត់​មិន​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដែល​គាត់​មក​បេត‌អែល​នោះ​ឡើយ។


អ្នក​នាំ​សារ​របស់​អុលឡោះ​ត្រូវ​សត្វ​សឹង្ហ​សម្លាប់

11 គ្រា​នោះ មាន​ណាពី​ចាស់​ម្នាក់​រស់​នៅ​បេត‌អែល។ កូន​ប្រុស​របស់​គាត់​បាន​រៀប​រាប់​អំពី​ព្រឹត្តិ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​អ្នក​នាំ​សារ​របស់​អុលឡោះ​បាន​ធ្វើ​នៅ​បេត‌អែល និង​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ជម្រាប​ស្តេច​នៅ​ថ្ងៃ​នោះ។

12 បិតា​សួរ​កូន​ថា៖ «តើ​គាត់​ចាក​ចេញ​ទៅ​តាម​ផ្លូវ​ណា?»។ កូនៗ​ក៏​ប្រាប់​បិតា​ពី​ផ្លូវ​ដែល​អ្នក​នាំ​សារ​របស់​អុលឡោះ​ពី​ស្រុក​យូដា​វិល​ត្រឡប់​ទៅ​វិញ។

13 ពេល​នោះ បិតា​បង្គាប់​ឲ្យ​កូនៗ​ចង​កែប​លា។ កូនៗ​ក៏​ចង​កែប​លា ហើយ​បិតា​ក៏​ឡើង​ជិះ។

14 គាត់​ចេញ​ទៅ​តាម​អ្នក​នាំ​សារ​របស់​អុលឡោះ ហើយ​តាម​ទាន់​កំពុង​អង្គុយ​ក្រោម​ដើម​ជ្រៃ។ គាត់​សួរ​ថា៖ «តើ​លោក​ជា​អ្នក​នាំ​សារ​របស់​អុលឡោះ​ដែល​មក​ពី​ស្រុក​យូដា​ឬ?»។ គាត់​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។

15 គាត់​ពោល​ថា៖ «សូម​អញ្ជើញ​ទៅ​ពិសា​អាហារ នៅ​ផ្ទះ​ខ្ញុំ​សិន»។

16 គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​អាច​ត្រឡប់​ទៅ​ជា​មួយ​លោក ខ្ញុំ​មិន​អាច​ចូល​ទៅ​ផ្ទះ​លោក ហើយ​ក៏​មិន​អាច​ទទួល​ទាន​អាហារ ឬ​ទឹក​ជា​មួយ​លោក​នៅ​ទី​នោះ​បាន​ដែរ

17 ដ្បិតអុលឡោះ‌តាអាឡា​បាន​ហាម​ខ្ញុំ​ថា: “អ្នក​មិន​ត្រូវ​បរិភោគ​អាហារ ឬ​ទឹក​នៅ​ទី​នោះ​ទេ! ហើយ​ក៏​មិន​ត្រូវ​វិល​ត្រឡប់​មក​វិញ តាម​ផ្លូវ​ដែល​អ្នក​ទៅ​ឡើយ”»។

18 ណាពី​ចាស់​ពោល​ទៅ​អ្នក​នាំ​សារ​របស់​អុលឡោះ​ថា៖ «ខ្ញុំ​ក៏​ជា​ណាពី​ដែរ មាន​ម៉ាឡា‌អ៊ីកាត់​បាន​មក​ប្រាប់​ខ្ញុំ ក្នុង​នាម​របស់អុលឡោះ‌តាអាឡា​ដូច​ត​ទៅ: “ចូរ​ទៅ​នាំ​គាត់​មក​ផ្ទះ​អ្នក ដើម្បី​ឲ្យ​គាត់​បរិភោគ​អាហារ និង​ទឹក​ផង”»។ តាម​ពិត​គាត់​និយាយ​កុហក​ទេ។

19 អ្នក​នាំ​សារ​របស់​អុលឡោះ​ក៏​ត្រឡប់​ទៅ​ជា​មួយ​គាត់ ហើយ​បរិភោគ​អាហារ និង​ទឹក នៅ​ផ្ទះ​របស់​គាត់​ផង។

20 នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​អង្គុយ​រួម​តុ​ជា​មួយ​គ្នា អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ណាពី​ដែល​បាន​នាំ​អ្នក​នាំ​សារ​របស់​អុលឡោះ​មក​វិញ។

21 គាត់​ពោល​ទៅ​កាន់​អ្នក​នាំ​សារ​របស់​អុលឡោះ​ដែល​មក​ពី​ស្រុក​យូដា​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: ដោយ​អ្នក​មិន​ធ្វើ​តាម​បង្គាប់​របស់អុលឡោះ‌តាអាឡា ហើយ​មិន​កាន់​តាម​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ទេ

22 គឺ​អ្នក​វិល​មក​វិញ បរិភោគ​អាហារ និង​ទឹក​នៅ​កន្លែង​ដែល​ទ្រង់​ហាម​ប្រាម ដូច្នេះ​សព​របស់​អ្នក​នឹង​មិន​ត្រូវ​គេ​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ដូន‌តា​អ្នក​ឡើយ»។

23 ក្រោយ​ពី​បាន​បរិភោគ​អាហារ និង​ទឹក​រួច ណាពី​ចាស់​ចង​កែប​លា​ជូន​ណាពី​ដែល​គាត់​បាន​នាំ​ត្រឡប់​មក​វិញ។

24 លោក​ក៏​ចាក​ចេញ​ទៅ​ហើយ នៅ​តាម​ផ្លូវ​គាត់​បាន​ជួប​នឹង​សឹង្ហ​មួយ វា​សម្លាប់​គាត់ ទុក​សាក‌សព​ចោល​នៅ​លើ​ផ្លូវ។ សត្វ​លា និង​សត្វ​សឹង្ហ ឈរ​នៅ​ជិត​សាក‌សព។

25 មនុស្ស‌ម្នា​ដែល​ធ្វើ​ដំណើរ​កាត់​តាម​នោះ ឃើញ​សាក‌សព​របស់​គាត់​នៅ​លើ​ផ្លូវ ហើយ​ឃើញ​សឹង្ហ​ឈរ​នៅ​ក្បែរ​សព​នោះ។ ពួក​គេ​ក៏​យក​រឿង​នេះ ទៅ​និយាយ​នៅ​ក្នុង​ក្រុង​ដែល​ណាពី​ចាស់​នោះ​រស់​នៅ។

26 កាល​ណាពី​ដែល​បាន​អញ្ជើញ​អ្នក​នាំ​សារ​របស់​អុលឡោះ​មក​ផ្ទះ គាត់​ឮ​ដំណឹង​នេះ ក៏​ពោល​ថា៖ «គាត់​ជា​អ្នក​នាំ​សារ​របស់​អុលឡោះដែល​មិន​ធ្វើ​តាម​បង្គាប់​ទ្រង់។ អុលឡោះ‌តាអាឡា​បាន​ប្រគល់​គាត់​ទៅ​ក្នុង​ក្រញាំ​សឹង្ហ វា​ហែក​សម្លាប់​គាត់​ស្រប​តាម​សេចក្តី​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​គាត់»។

27 បន្ទាប់​មក ណាពី​ចាស់​នោះ ពោល​ទៅ​កាន់​កូនៗ​របស់​គាត់​ថា៖ «ចូរ​ចង​កែប​លា​ឲ្យ​ពុក!»។ កូនៗ​ក៏​ចង​កែប​លា​ជូន​គាត់។

28 ពេល​នោះ គាត់​ចេញ​ដំណើរ​ទៅ ឃើញ​សាក‌សព នៅ​កណ្តាល​ផ្លូវ។ សត្វ​លា និង​សត្វ​សឹង្ហ​ឈរ​នៅ​ក្បែរ​សព​នោះ ប៉ុន្តែ សឹង្ហ​ពុំ​បាន​ហែក​សាក‌សព​ស៊ី​ទេ ហើយ​ក៏​ពុំ​បាន​ខាំ​សត្វ​លា​ដែរ។

29 គាត់​លើក​សាក‌សព​អ្នក​នាំ​សារ​របស់​អុលឡោះដាក់​លើ​ខ្នង​លា​នាំ​ទៅ​បេត‌អែល ដើម្បី​ធ្វើ​ពិធី​កាន់​ទុក្ខ និង​បញ្ចុះ‌សព។

30 គាត់​យក​សាក‌សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ខ្លួន​ផ្ទាល់ រួច​យំ​ស្រណោះ​ថា “ប្អូន​អើយ​ម្តេច​ក៏​វេទនា​ម៉្លេះ!”។

31 ក្រោយ​ពី​បាន​បញ្ចុះ​សព​រួច​ហើយ គាត់​ផ្តាំ​កូនៗ​ថា៖ «កាល​ណា​ពុក​ស្លាប់ ចូរ​កូន​បញ្ចុះ​សព​នៅ​ក្នុង​ផ្នូរ ដែល​យើង​បញ្ចុះ​សព​អ្នក​នាំ​សារ​របស់​អុលឡោះ។ ត្រូវ​តម្កល់​ឆ្អឹង​ពុក​នៅ​ទន្ទឹម​នឹង​ឆ្អឹង​របស់​គាត់​ផង

32 ដ្បិត​បន្ទូល​ដែល​គាត់​ប្រកាស ក្នុង​នាមអុលឡោះ‌តាអាឡា​ប្រឆាំង​នឹង​អាសនៈ​នៅ​បេត‌អែល ព្រម​ទាំង​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ក្នុង​ក្រុង​នានា​នៃ​ស្រុក​សាម៉ារី មុខ​ជា​សម្រេច​ពុំ‌ខាន»។

33 ទោះ​បី​មាន​ហេតុ‌ការណ៍​កើត​ឡើង​យ៉ាង​នេះ​ក្តី ក៏​ស្តេច​យេរ៉ូ‌បោម​នៅ​តែ​ពុំ​ព្រម​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់។ ស្តេច​នៅ​តែ​បន្ត​តែង‌តាំង​មនុស្ស​ក្នុង​ចំណោម​ប្រជា‌ជន ជា​បូជា‌ចារ្យ សម្រាប់​បម្រើ​ការ​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ។ បើ​មាន​នរណា​ចង់​បម្រើ​កិច្ចការ​នេះ ស្តេច​ក៏​តែង‌តាំង​គេ​ឲ្យ​បម្រើ​ការ​ក្នុង​កន្លែង​សក្ការៈ តាម​ទួល​ខ្ពស់ៗ។

34 អំពើ​ទាំង​នេះ នាំ​ឲ្យ​រាជ‌វង្ស​របស់​ស្តេច​យេរ៉ូ‌បោម​ប្រព្រឹត្ត​អំពើ​បាប ហេតុ​នេះ​ហើយ​បាន​ជា​រាជ‌វង្ស​នេះ​ត្រូវ​រលាយ​សូន្យ​បាត់​ពី​ផែនដី។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម