អេសាយ 45:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះយេហូវ៉ាដែលបានបង្កើតផ្ទៃមេឃ ជាព្រះដែលព្រះអង្គសូនធ្វើ ហើយប្រតិស្ឋានផែនដីឲ្យមានឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «គឺយើងនេះជាយេហូវ៉ា ឥតមានព្រះឯណាទៀតឡើយ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះយេហូវ៉ាជាព្រះអាទិករនៃផ្ទៃមេឃ ——ព្រះអង្គជាព្រះដែលសូន និងធ្វើផែនដី; ព្រះអង្គបានតាំងវាឡើង មិនមែននិម្មិតបង្កើតវាឲ្យនៅទទេឡើយ គឺសូនវាដើម្បីឲ្យគេរស់នៅ—— ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ ព្រមទាំងសូនផែនដី ព្រះអង្គបានពង្រឹងផែនដីឲ្យរឹងមាំ ព្រះអង្គមិនបានបង្កើតផែនដីមក ដើម្បីឲ្យនៅទទេឡើយ គឺព្រះអង្គបានបង្កើតផែនដី ឲ្យសត្វលោកស្នាក់អាស្រ័យនៅ។ ព្រះអង្គមានព្រះបន្ទូលថា: “គឺយើងនេះហើយជាព្រះអម្ចាស់ ក្រៅពីយើង គ្មានព្រះអម្ចាស់ឯណាទៀតទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះយេហូវ៉ាដែលបានបង្កើតផ្ទៃមេឃ ជាព្រះដែលទ្រង់សូនធ្វើ ហើយប្រតិស្ឋានផែនដី ក៏តាំងឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ ទ្រង់មានបន្ទូលដូច្នេះថា គឺអញនេះជាយេហូវ៉ា ឥតមានព្រះឯណាទៀតឡើយ អាល់គីតាប អុលឡោះតាអាឡាបានបង្កើតផ្ទៃមេឃ ព្រមទាំងបានសូនផែនដី ទ្រង់បានពង្រឹងផែនដីឲ្យរឹងមាំ ទ្រង់មិនបានបង្កើតផែនដីមក ដើម្បីឲ្យនៅទទេឡើយ គឺទ្រង់បានបង្កើតផែនដី ឲ្យសត្វលោកស្នាក់អាស្រ័យនៅ។ ទ្រង់មានបន្ទូលថា: “គឺយើងនេះហើយជាអុលឡោះតាអាឡា ក្រៅពីយើង គ្មានម្ចាស់ឯណាទៀតទេ។ |
ផែនដីគ្មានរូបរាង នៅទទេ មានតែភាពងងឹតនៅគ្របលើជម្រៅទឹក ហើយព្រះវិញ្ញាណ របស់ព្រះក៏រេរាពីលើផ្ទៃទឹក។
ព្រះមានព្រះបន្ទូលថា៖ «ចូរយើងបង្កើតមនុស្ស ឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង ហើយចូរឲ្យគេមានអំណាចលើត្រីសមុទ្រ លើសត្វហើរលើអាកាស លើសត្វជើងបួន និងលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារ ដែលវារនៅលើផែនដីផង»។
ព្រះបានប្រទានពរគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកម្រើកនៅលើផែនដីផង»។
ព្រះទ្រង់ប្រទានពរដល់លោកណូអេ និងកូនប្រុសរបស់លោក ព្រមទាំងមានព្រះបន្ទូលទៅពួកគេថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ហើយឲ្យបានពាសពេញលើផែនដីទៅ
៙ ស្ថានសួគ៌ គឺជាស្ថានរបស់ព្រះយេហូវ៉ា ចំណែកផែនដីវិញ ព្រះអង្គបានប្រទានដល់ពួកកូនមនុស្ស។
តើអ្នកណាបានឡើងទៅឯស្ថានសួគ៌ រួចត្រឡប់ចុះមកវិញ? តើអ្នកណាបានកើបប្រមូលខ្យល់ក្តាប់នៅដៃអាវ? តើអ្នកណាបានដក់ក្របួចអស់ទាំងទឹក នៅក្នុងថ្នក់អាវរបស់ខ្លួន? តើអ្នកណាបានប្រតិស្ឋានចុងផែនដីទាំងប៉ុន្មាន? តើព្រះអង្គនោះមានព្រះនាមជាអ្វី? ហើយព្រះរាជបុត្រារបស់ព្រះអង្គ តើមានព្រះនាមជាអ្វី? បើឯងដឹង ចូរប្រាប់មក។
ឯព្រះដ៏ជាព្រះយេហូវ៉ា ជាព្រះដែលបានបង្កើត និងលាតអស់ទាំងជាន់ផ្ទៃមេឃ គឺជាព្រះដែលបានក្រាលផែនដី និងរបស់សព្វសារពើដែលចេញពីនោះមក គឺព្រះអង្គដែលប្រទានឲ្យប្រជាជាតិទាំងប៉ុន្មាន នៅផែនដីមានដង្ហើម ព្រមទាំងឲ្យមនុស្សទាំងឡាយដែលដើរក្នុងលោក មានវិញ្ញាណ ព្រះអង្គមានព្រះបន្ទូលថា
ព្រះយេហូវ៉ា ជាព្រះដែលប្រោសលោះអ្នក គឺជាព្រះដែលជបសូនអ្នក តាំងពីនៅក្នុងផ្ទៃម្តាយ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងជាយេហូវ៉ា ជាព្រះដែលបង្កើតរបស់សព្វសារពើ យើងលាតសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានក្រាលផែនដីដោយខ្លួនយើង
យើងបានរៀបចំផែនដី ហើយបង្កើតមនុស្សឲ្យអាស្រ័យនៅ គឺដៃយើងដែលបានលាតផ្ទៃមេឃ ហើយយើងបានបង្គាប់ដល់អស់ទាំងពលបរិវារ ដែលនៅលើស្ថាននោះដែរ។
ដៃយើងបានដាក់ឫសនៃផែនដី ហើយដៃស្តាំរបស់យើងបានលាតផ្ទៃមេឃ កាលណាយើងហៅ នោះទាំងពីរក៏ឈរឡើងជាមួយគ្នា។
អ្នកបានភ្លេចព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ដែលព្រះអង្គបានលាតផ្ទៃមេឃ ក៏ដាក់ឫសផែនដីផង ហើយរាល់ថ្ងៃអ្នកខ្លាចចំពោះសេចក្ដីក្រោធ របស់អ្នកដែលសង្កត់សង្កិន ហាក់ដូចជាគេរៀបនឹងបំផ្លាញអ្នក តែសេចក្ដីក្រោធរបស់គេនោះ តើនៅឯណា?
ព្រះបានបង្កើតផែនដី ដោយឫទ្ធិតេជះរបស់ព្រះអង្គ ព្រះអង្គបានតាំងលោកិយ៍ឡើង ដោយសារប្រាជ្ញារបស់ព្រះអង្គ ហើយបានលាតផ្ទៃមេឃ ដោយសារយោបល់។
គឺព្រះអង្គដែលបានបង្កើតផែនដី ដោយសារព្រះចេស្តា ព្រះអង្គក៏បានតាំងលោកីយ៍ឡើង ដោយប្រាជ្ញារបស់ព្រះអង្គ ក៏បានលាតផ្ទៃមេឃ ដោយយោបល់ព្រះអង្គ។