Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 115 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


រូប​សំណាក​ដែល​ឥត​បាន​ការ និង​ភាព​ធំ​អស្ចារ្យ​របស់​ព្រះ

1 មិន​មែន​យើង​ខ្ញុំ​ទេ ឱ​ព្រះ‌យេហូវ៉ា​អើយ មិន​មែន​យើង​ខ្ញុំ​ទេ តែ​ព្រះ​នាម​ព្រះ‌អង្គ​វិញ ដែល​ទទួល​ការ​លើក​តម្កើង ដោយ​យល់​ដល់​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​សេចក្ដី​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ។

2 ហេតុ​អ្វី​បាន​ជា​សាសន៍នានា​ពោល​ថា «តើ​ព្រះ​របស់​ពួកគេ​នៅ​ឯ​ណា?»

3 ៙ ព្រះ​នៃ​យើង​ខ្ញុំ​ព្រះ‌អង្គ​គង់​នៅ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​ធ្វើ​គ្រប់​កិច្ច​ការ ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ។

4 ព្រះ​របស់​គេ​សុទ្ធ​តែ​ជា​រូបសំណាក ធ្វើ​ពី​ប្រាក់ និង​មាស ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ។

5 រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ

6 មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ មាន​ច្រមុះ តែ​ធុំ​ក្លិន​មិន​បាន

7 មាន​ដៃ តែ​ចាប់​កាន់​មិន​បាន មាន​ជើង តែ​មិន​ចេះ​ដើរ រូប​ទាំង​នោះ​មិន​ចេះ​បញ្ចេញ​សំឡេង តាម​បំពង់​កឡើយ។

8 អស់​អ្នក​ដែល​ធ្វើ អស់​អ្នក​ដែល​ទុក​ចិត្ត នឹង​រូប​ទាំង​នោះ នឹង​បាន​ដូច​ជា​រូប​ទាំង​នោះ​ដែរ។

9 ៙ ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ចុះ! ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ខែល​របស់អ្នករាល់​គ្នា។

10 ឱ​ពួក​វង្ស​អើរ៉ុន​អើយ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ាចុះ! ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ខែល​របស់​អ្នក​រាល់​គ្នា។

11 ឱ​អ្នករាល់​គ្នា​ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​អើយ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ចុះ! ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ខែល​របស់​អ្នក​រាល់​គ្នា។

12 ៙ ព្រះ‌យេហូវ៉ា​បាន​នឹក​ចាំ​ពី​យើង ព្រះ‌អង្គ​នឹង​ប្រទាន​ពរយើង ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ពួក​វង្ស​អ៊ីស្រា‌អែល ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ពួក​វង្ស​អើរ៉ុន

13 ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ទាំង​អ្នក​តូច ទាំងអ្នក​ធំ។

14 ៙ សូម​ព្រះ‌យេហូវ៉ាប្រទាន​ពរ ឲ្យ​អ្នក​រាល់​គ្នាបាន​ចម្រើន​ឡើង គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា!

15 អ្នក​រាល់​គ្នា​បាន​ពរ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បានបង្កើត​ផ្ទៃ​មេឃ និង​ផែនដី!

16 ៙ ស្ថាន‌សួគ៌ គឺ​ជា​ស្ថាន​របស់​ព្រះ‌យេហូវ៉ា ចំណែក​ផែនដី​វិញ ព្រះ‌អង្គ​បាន​ប្រទានដល់ពួក​កូន​មនុស្ស។

17 មនុស្ស​ស្លាប់​មិន​ចេះ​សរសើរ​តម្កើង ព្រះ‌យេហូវ៉ា​ទេ ហើយ​អ្នក​ណា​ដែល​ចុះ​ទៅ​ស្ថាន​ស្ងាត់​ឈឹង ក៏​មិន​ចេះ​សរសើរ​តម្កើងព្រះ‌អង្គ​ដែរ។

18 តែ​ឯ​យើង​វិញ យើង​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ! ហាលេលូយ៉ា!

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម