អេសាយ 33:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្មានអ្នកណាដែលនៅក្នុងក្រុងនិយាយថា "ខ្ញុំមានជំងឺ" ទៀតឡើយ ព្រះនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់ប្រជាជន។ ព្រះគម្ពីរខ្មែរសាកល គ្មានអ្នកស្រុកនិយាយថា៖ “ខ្ញុំមានជំងឺ” ទៀតឡើយ ប្រជាជនដែលរស់នៅទីនោះនឹងត្រូវបានលើកលែងទោសចំពោះអំពើទុច្ចរិត៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្រុងយេរូសាឡឹម គ្មាននរណាម្នាក់ពោលថា «ខ្ញុំមានជំងឺ» ទៀតឡើយ ព្រោះព្រះអម្ចាស់បានលើកលែងទោសឲ្យ ប្រជាជននៅក្នុងទីក្រុងរួចពីបាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលនៅក្នុងក្រុង គេនឹងមិនថាខ្ញុំឈឺទៀតឡើយ ព្រះទ្រង់នឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់ប្រជាជនផង។ អាល់គីតាប នៅក្រុងយេរូសាឡឹម គ្មាននរណាម្នាក់ពោលថា «ខ្ញុំមានជំងឺ» ទៀតឡើយ ព្រោះអុលឡោះបានលើកលែងទោសឲ្យ ប្រជាជននៅក្នុងទីក្រុងរួចពីបាប។ |
ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់តាមព្រះសូរសៀងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយធ្វើការត្រឹមត្រូវនៅព្រះនេត្រព្រះអង្គ ព្រមទាំងផ្ទៀងត្រចៀកស្តាប់តាមបទបញ្ជាព្រះអង្គ ក៏កាន់តាមច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតមានជំងឺរោគាណាមួយ ដូចយើងបានធ្វើឲ្យកើតឡើងដល់សាសន៍អេស៊ីព្ទឡើយ ដ្បិតយើងជាយេហូវ៉ា ជាព្រះដែលប្រោសអ្នករាល់គ្នាឲ្យជា»។
ហេតុអ្វីអ្នករាល់គ្នាចង់ត្រូវរំពាត់? ហេតុអ្វីចេះតែបះបោរកាន់តែច្រើនឡើងដូច្នេះ? ក្បាលរបស់អ្នករាល់គ្នាក៏ឈឺ ហើយគ្រប់គ្នាមានចិត្តល្វើយហើយ។
មួយទៀតពន្លឺនៃព្រះចន្ទនឹងបានដូចជាពន្លឺព្រះអាទិត្យ ហើយពន្លឺនៃព្រះអាទិត្យនឹងភ្លឺជាងធម្មតាមួយជាប្រាំពី គឺដូចជាពន្លឺនៃថ្ងៃប្រាំពីររួមមកតែមួយ។ នៅគ្រាដែលព្រះយេហូវ៉ាបានរុំកន្លែងបាក់បែកនៃប្រជារាស្ត្រព្រះអង្គ ហើយប្រោសឲ្យកន្លែងដែលគេត្រូវវាយបានជាវិញ។
ចូរលួងលោមចិត្តដល់ក្រុងយេរូសាឡិម ហើយស្រែកប្រាប់ក្រុងនោះថា គ្រាធ្វើសឹកសង្គ្រាមរបស់គេបានចប់សព្វគ្រប់ហើយ អំពើទុច្ចរិតរបស់គេក៏ទទួលបានការអត់ទោស ហើយគេបានទទួលមួយជាពីរពីព្រះហស្តនៃព្រះយេហូវ៉ា ស្នងនឹងអំពើបាបរបស់គេដែរ»។
យើងបានលុបអំពើរំលងរបស់អ្នកចេញ ដូចជាពពកយ៉ាងក្រាស់ និងអំពើបាបអ្នកដូចជាពពកផង ចូរវិលមកឯយើងវិញ ពីព្រោះយើងបានលោះអ្នកហើយ។
ពេលនោះ ទើបពន្លឺរបស់អ្នក នឹងលេចមកដូចជាអរុណរស្មី ហើយសេចក្ដីសុខស្រួលរបស់អ្នក នឹងលេចឡើងជាយ៉ាងឆាប់ ឯសេចក្ដីសុចរិតរបស់អ្នក នឹងនាំមុខអ្នក ហើយសិរីល្អនៃព្រះយេហូវ៉ានឹងការពារអ្នក។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងមើលអ្នកឲ្យជា ហើយនឹងធ្វើឲ្យរបួសអ្នកបានសះ ពីព្រោះគេបានហៅអ្នកជាពួកបំបរបង់ ដោយពាក្យថា នេះជាក្រុងស៊ីយ៉ូន គ្មានអ្នកណារាប់រកសោះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅគ្រានោះ គេនឹងរកអំពើទុច្ចរិតរបស់ពួកអ៊ីស្រាអែល តែរកមិនឃើញទេ ហើយរកអំពើបាបរបស់ពួកយូដា តែមិនឃើញឡើយ ពីព្រោះយើងនឹងអត់ទោសដល់ពួកអ្នកដែលយើងទុកឲ្យនៅសល់»។
ដើម្បីឲ្យអ្នកបាននឹកចាំ ហើយត្រូវជ្រប់មុខឥតដែលហើបមាត់អ្នកទៀតឡើយ ដោយអ្នកអៀនខ្មាស ក្នុងកាលដែលយើងបានអត់ទោសដល់អ្នក ចំពោះគ្រប់ទាំងអំពើដែលអ្នកបានប្រព្រឹត្តនោះ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងការពារពួកអ្នកនៅក្រុងយេរូសាឡិម ហើយនៅថ្ងៃនោះ អ្នកណាក្នុងពួកគេដែលខ្សោយ នឹងបានដូចជាដាវីឌ ហើយពួកវង្សរបស់ដាវីឌនឹងបានដូចជាព្រះ គឺដូចជាទេវតានៃព្រះយេហូវ៉ា នៅមុខពួកគេ។
ព្រះយេហូវ៉ានឹងវាយអ្នក ដោយបូសដែលកើតនៅស្រុកអេស៊ីព្ទ និងឫសដូងបាត កមរមាស់ ដែលមើលមិនជា។
ព្រះយេហូវ៉ានឹងដកអស់ទាំងជំងឺចេញពីអ្នក ហើយព្រះអង្គមិនឲ្យជំងឺដ៏អាក្រក់ទាំងប៉ុន្មានរបស់ស្រុកអេស៊ីព្ទដែលអ្នកធ្លាប់ស្គាល់កើតមកលើអ្នកឡើយ គឺនឹងដាក់ជំងឺទាំងនោះទៅលើអស់អ្នកដែលស្អប់អ្នកវិញ។
ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាឈឺឬទេ? ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំមក ហើយឲ្យលោកទាំងនោះអធិស្ឋានឲ្យ ព្រមទាំងលាបប្រេងក្នុងព្រះនាមព្រះអម្ចាស់ផង។
ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែក ចេញពីភ្នែករបស់គេ សេចក្ដីស្លាប់នឹងលែងមានទៀតហើយ ការកាន់ទុក្ខ ការយំសោក ឬការឈឺចាប់ ក៏នឹងលែងមានទៀតដែរ ដ្បិតអ្វីៗពីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ»។
កាត់តាមកណ្ដាលផ្លូវក្រុង ហើយនៅមាត់ទន្លេទាំងសងខាង មានដើមឈើជីវិតដែលមានផ្លែដប់ពីរដង គឺមួយខែម្តងៗ ឯស្លឹកឈើនោះជាថ្នាំសម្រាប់ព្យាបាលជាតិសាសន៍នានាឲ្យជា ។