ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងលុបបំបាត់មនុស្សដែលយើងបានបង្កើតមក ឲ្យអស់ពីផែនដី ចាប់តាំងពីមនុស្សរហូតដល់សត្វជើងបួន សត្វលូនវារ និងសត្វហើរលើអាកាសផង ដ្បិតយើងស្តាយដែលបានបង្កើតគេមក»។
សេផានា 1:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះទាំងប្រាក់ និងមាសរបស់គេ ក៏មិនអាចនឹងជួយគេឲ្យរួចក្នុងថ្ងៃ នៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានដែរ ផែនដីទាំងមូលនឹងត្រូវឆេះអស់ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់ព្រះអង្គ ដ្បិតព្រះអង្គនឹងធ្វើឲ្យអស់អ្នក ដែលអាស្រ័យនៅផែនដីផុតទៅ អើ ព្រះអង្គនឹងធ្វើផុតទៅជាមួយរំពេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃព្រះអម្ចាស់ខ្ញាល់យ៉ាងខ្លាំង ប្រាក់ ឬមាសពុំអាចរំដោះពួកគេទេ។ ផែនដីទាំងមូលនឹងត្រូវរលាយ ដោយសារភ្លើងនៃព្រះពិរោធ។ ពេលព្រះអង្គលុបបំបាត់មនុស្សទាំងអស់ពីផែនដី ជាពេលមួយដ៏គួរឲ្យព្រឺខ្លាចបំផុត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះទាំងប្រាក់ នឹងមាសរបស់គេ ក៏មិនអាចនឹងជួយគេឲ្យរួច ក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាដែរ គឺស្រុកទាំងមូលនឹងត្រូវឆេះអស់ទៅ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់ទ្រង់ ដ្បិតទ្រង់នឹងធ្វើឲ្យផុតទៅ អើ ទ្រង់នឹងធ្វើឲ្យអស់អ្នក ដែលអាស្រ័យនៅក្នុងស្រុក បានផុតទៅជាមួយរំពេច។ អាល់គីតាប នៅថ្ងៃអុលឡោះតាអាឡាខឹងយ៉ាងខ្លាំង ប្រាក់ ឬមាសពុំអាចរំដោះពួកគេបានទេ។ ផែនដីទាំងមូលនឹងត្រូវរលាយ ដោយសារភ្លើងនៃកំហឹងរបស់អុលឡោះតាអាឡា។ ពេលទ្រង់លុបបំបាត់មនុស្សទាំងអស់ពីផែនដី ជាពេលមួយដ៏គួរឲ្យព្រឺខ្លាចបំផុត។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងលុបបំបាត់មនុស្សដែលយើងបានបង្កើតមក ឲ្យអស់ពីផែនដី ចាប់តាំងពីមនុស្សរហូតដល់សត្វជើងបួន សត្វលូនវារ និងសត្វហើរលើអាកាសផង ដ្បិតយើងស្តាយដែលបានបង្កើតគេមក»។
ពួកយូដាក៏ប្រព្រឹត្តអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយគេបណ្ដាលឲ្យទ្រង់មានសេចក្ដីប្រចណ្ឌ ដោយសារអំពើបាបដែលគេប្រព្រឹត្ត លើសជាងបុព្វបុរសរបស់គេទៅទៀត។
គឺថា មនុស្សអាក្រក់ ត្រូវបម្រុងទុកដល់ថ្ងៃអន្តរាយ គេត្រូវនាំចេញទៅឯថ្ងៃនៃសេចក្ដីឃោរឃៅ។
គេបានធ្វើឲ្យព្រះអង្គខ្ញាល់ ដោយទីខ្ពស់របស់គេ គេបណ្ដាលឲ្យព្រះអង្គប្រចណ្ឌ ដោយរូបព្រះរបស់គេ។
ឱព្រះយេហូវ៉ាអើយ តើដល់ពេលណាទៀត? តើព្រះអង្គខ្ញាល់រហូតឬ? តើព្រះហឫទ័យប្រចណ្ឌរបស់ព្រះអង្គ នៅតែឆេះដូចភ្លើងទៀតឬ?
ឯទ្រព្យសម្បត្តិ គ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ តែសេចក្ដីសុចរិតនឹងជួយឲ្យរួចពីស្លាប់វិញ។
ឯអ្នកមានវិញ ទ្រព្យសម្បត្តិរបស់គេជាទីក្រុងមាំមួន ហើយតាមគំនិតរបស់គេ ក៏យល់ថាជាកំផែងយ៉ាងខ្ពស់ដែរ។
ហេតុនោះបានជាព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដ៏មានព្រះចេស្តានៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ យើងនឹងដោះពួកតតាំង នឹងយើងចេញឲ្យធូរខ្លួនវិញ យើងនឹងសងសឹកចំពោះពួកខ្មាំងសត្រូវ។
ឯពន្លឺនៃសាសន៍អ៊ីស្រាអែល នោះនឹងបានសម្រាប់ជាភ្លើង ហើយព្រះដ៏បរិសុទ្ធរបស់គេជាអណ្ដាតភ្លើង ភ្លើងនោះនឹងឆេះឡើង បន្សុសបន្លា និងអញ្ចាញរបស់គេនៅថ្ងៃតែមួយ។
តើអ្នករាល់គ្នានឹងធ្វើដូចម្តេចក្នុងថ្ងៃពិនិត្យពិច័យ ហើយក្នុងការបំផ្លាញដែលនឹងមកពីទីឆ្ងាយ តើអ្នករាល់គ្នានឹងរត់ទៅពឹងដល់អ្នកណា តើនឹងផ្ញើសក្តិយសរបស់អ្នកទុកនៅឯណា
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍ កំហឹង និងសេចក្ដីក្រោធរបស់យើង បានចាក់មកលើទីនេះ គឺលើមនុស្ស លើសត្វ ហើយលើដើមឈើនៅចម្ការ និងលើផលដែលកើតពីដីផង កំហឹងនោះនឹងឆេះឡើងឥតរលត់ឡើយ។
នៅគ្រានោះ យើងលែងឲ្យមានសំឡេងអំណរ និងសំឡេងរីករាយ ជាសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី ពីក្រុងស្រុកយូដា ហើយពីផ្លូវក្រុងយេរូសាឡិមទៅ ពីព្រោះស្រុកនេះនឹងត្រូវវិនាសសូន្យ។
យើងនឹងធ្វើឲ្យក្រុងយេរូសាឡិមត្រឡប់ជាកងគំនរ គឺជាទីលំនៅនៃពួកចចក ហើយធ្វើឲ្យក្រុងទាំងប៉ុន្មាននៅស្រុកយូដា ត្រូវចោលស្ងាត់ ឥតមានអ្នកណានៅឡើយ។
យើងនឹងជំនុំជម្រះអ្នក ដូចជាគួរជំនុំជម្រះដល់ស្រីដែលផិតប្តី ហើយកម្ចាយឈាមផង យើងនឹងទម្លាក់ឈាមទៅលើអ្នក ដោយសេចក្ដីក្រោធ និងសេចក្ដីប្រចណ្ឌ។
យើងនឹងតាំងសេចក្ដីប្រចណ្ឌរបស់យើងទាស់នឹងអ្នក ហើយគេនឹងប្រព្រឹត្តនឹងអ្នក ដោយសេចក្ដីឃោរឃៅ គេនឹងកាត់ច្រមុះ កាត់ត្រចៀកអ្នក ហើយសំណល់របស់អ្នកនឹងដួលដោយដាវ គេនឹងចាប់យកកូនប្រុសកូនស្រីរបស់អ្នកទៅ ពួកអ្នកដែលនៅសល់ នឹងត្រូវភ្លើងស៊ីបំផ្លាញ។
អំពើឃោឃៅបានដុះឡើងជាដំបងនៃសេចក្ដីអាក្រក់ ឥតមានអ្នកណាក្នុងពួកគេនៅសេសសល់ឡើយ ក៏គ្មានភាពសម្បូណ៌ ឬទ្រព្យសម្បត្តិ ឬកិត្តិយសណានៅសេសសល់ក្នុងចំណោមពួកគេដែរ។
គេនឹងបោះចោលប្រាក់របស់គេនៅតាមផ្លូវ ហើយមាសក៏គ្មានតម្លៃ ទាំងប្រាក់ ទាំងមាសរបស់គេនឹងជួយគេមិនបានឡើយ នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ានោះ គេនឹងមិនស្កប់ចិត្ត ក៏មិនបានឆ្អែតពោះដោយរបស់នោះដែរ ព្រោះរបស់នោះ ដែលនាំឲ្យគេចំពប់ដួលទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «មានការអាក្រក់ គឺការអាក្រក់តែមួយ ការនោះកំពុងតែមកហើយ។
ម្នាលពួកអ្នកនៅម៉ាកថេសអើយ ចូរទ្រហោយំទៅ! ដ្បិតអ្នកជំនួញទាំងប៉ុន្មានលែងមានទៀតហើយ ឯអស់អ្នកដែលថ្លឹងប្រាក់ក៏ត្រូវកាត់ចេញអស់ដែរ។
ថ្ងៃនោះជាថ្ងៃនៃសេចក្ដីក្រោធ ជាថ្ងៃវេទនា ហើយឈឺចាប់ ជាថ្ងៃបំផ្លាញ ហើយរំលាង ជាថ្ងៃងងឹត ហើយស្រអាប់ ជាថ្ងៃមេឃមីរស្រទំ ហើយងងឹតយ៉ាងក្រាស់
មុនដែលត្រូវសម្រេចតាមច្បាប់ មុនដែលថ្ងៃនោះកន្លងបាត់ទៅដូចជាអង្កាម មុនដែលសេចក្ដីខ្ញាល់ដ៏សហ័ស របស់ព្រះយេហូវ៉ាធ្លាក់មកលើឯងរាល់គ្នា គឺមុនដែលថ្ងៃនៃសេចក្ដីក្រោធ របស់ព្រះយេហូវ៉ាធ្លាក់មកលើឯងរាល់គ្នា។
ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ចូររង់ចាំយើង គឺរង់ចាំថ្ងៃដែលយើងក្រោកឡើងសង្គ្រុបលើគេ។ ដ្បិតយើងសម្រេចនឹងប្រមូលអស់ទាំងសាសន៍ ដើម្បីប្រជុំអស់ទាំងនគរ ប្រយោជន៍នឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់យើង គឺជាសេចក្ដីក្រេវក្រោធដ៏សហ័សរបស់យើងទៅលើគេ ដ្បិតផែនដីទាំងមូលនឹងត្រូវឆេះ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់យើង។
ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើគេនឹងយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?
ពេលនោះ កំហឹងរបស់យើងនឹងឆួលឡើងទាស់នឹងគេនៅថ្ងៃនោះ។ យើងនឹងបោះបង់ចោលគេ ហើយគេចមុខចេញពីគេ គេនឹងត្រូវបានលេបត្របាក់អស់ទៅ។ សេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើននឹងកើតឡើងដល់គេ ដល់ម៉្លេះបានជាគេនឹងនិយាយនៅថ្ងៃនោះថា "សេចក្ដីអាក្រក់ទាំងនេះបានកើតឡើងដល់យើង តើមិនមែនដោយព្រោះតែព្រះនៃយើងមិនគង់ក្នុងចំណោមយើងទេឬ?"