Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ចម្លើយ​របស់​លោក​យ៉ូប៖ ជា​រឿយ​ៗ ឃើញ​តែ​មនុស្ស​អាក្រក់​មាន​សុភមង្គល

1 លោក​យ៉ូប​ឆ្លើយ​ឡើង​ថា៖

2 «សូម​ផ្ចង់​ចិត្ត​ស្តាប់​ពាក្យ​ខ្ញុំ​សិន ឲ្យ​ខ្ញុំ​បាន​ក្សាន្ត​ទុក្ខ​ត្រឹម​ប៉ុណ្ណេះ។

3 សូម​ទ្រាំ​ឲ្យ​ខ្ញុំ​និយាយ​ខ្លះ​ផង ក្រោយ​ដែល​ខ្ញុំ​និយាយ​ចប់​ហើយ ចាំ​ឡក‌ឡឺយ​ចុះ។

4 ចំណែក​ខ្ញុំ តើ​តម្អូញ​ខ្ញុំ​បាន​តម្រង់​ដល់​មនុស្ស​ឬ? ហេតុ​អ្វីបាន​ជា​ខ្ញុំ​មិន​អន់​ចិត្ត?

5 ចូរ​មើល​មក​ខ្ញុំ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ចុះ ហើយ​យក​ដៃ​ខ្ទប់​មាត់​ទៅ។

6 កាល​ណា​ខ្ញុំ​នឹក​ពី​សេចក្ដី​ទាំង​នេះ ខ្ញុំ​តក់‌ស្លុត​ណាស់ ហើយ​សេចក្ដី​ភ័យ​ខ្លាច​ក៏ធ្វើឲ្យ​ខ្ញុំព្រឺ។

7 ហេតុ​អ្វី​បាន​ជា​ពួក​មនុស្ស​អាក្រក់ មាន​ជីវិត​រស់​នៅ មាន​អាយុ​វែង ហើយ​មាន​អំណាច​កាន់​តែ​ខ្លាំង?

8 ពូជ​ពង្ស​របស់​គេ​បាន​រឹង​មាំ​ឡើង​ជា‌មួយគេ និង​កូន​ចៅ​របស់​គេ​នៅ​ចំពោះ​គេ​ដែរ។

9 ក្នុង​ផ្ទះ​របស់​គេមាន​តែសេចក្ដី​សុខ ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ ហើយ​ក៏​គ្មាន​ដំបង​របស់​ព្រះ​ប៉ះ‌ពាល់​គេ​ដែរ។

10 គោ​ឈ្មោល​របស់​គេ​ជាន់​មេ​ឥត​ខាន គោ​ញី​ក៏​បង្កើត​កូន​ឥត​រលូត​ដែរ។

11 គេ​ឲ្យ​កូន​តូចៗ​របស់​គេ ចេញ​ទៅ​ដូច​ជា​ហ្វូង​ចៀម ហើយ​កូន​ធំៗ​ក៏​លោត​កញ្ឆាត់‌កញ្ឆេង​ផង។

12 វា​រាល់​គ្នា​ច្រៀង​តាម​ចង្វាក់​គែន និង​ស៊ុង ហើយ​ក៏​អរ​សប្បាយ​តាម​សំឡេង​ខ្លុយ។

13 រាល់​ថ្ងៃ គេ​ចំណាយ​ពេល​ដោយ​អ្វីៗ ដែល​គេ​ពេញ​ចិត្ត ហើយ​គេ​ក៏​ចុះ​ទៅ​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​ស្រួល។

14 គេ​ទូល​ដល់​ព្រះ​ថា "ចូរ​ថយ​ចេញ​ពី​យើង​ទៅ យើង​មិន​ចូល​ចិត្ត​ផ្លូវ​ព្រះ‌អង្គ​ទេ។

15 តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ជា​អ្វី ដែល​យើង​ត្រូវ​គោរព? ហើយ​បើ​យើង​អធិ‌ស្ឋាន​ដល់​ព្រះ‌អង្គ តើ​នឹង​មាន​ប្រយោជន៍​អ្វី?"

16 តើ​មិន​មែន​ជាទ្រព្យ​សម្បត្តិ​របស់​គេ ដែល​ស្ដែង​ពី​ស្នា​ដៃ​របស់​គេ​ទេ​ឬ? គំនិត​របស់​មនុស្ស​អាក្រក់ស្ថិត​នៅ​ឆ្ងាយ​ពី​ខ្ញុំ។

17 តើ​ប៉ុន្មាន​ដង​ហើយ ដែល​ចង្កៀង​របស់​មនុស្ស​អាក្រក់​រលត់? តើ​ប៉ុន្មាន​ដង​ហើយ ដែល​មាន​សេចក្ដី​លំបាក​កើត​ដល់​គេ? តើ​ប៉ុន្មាន​ដង​ហើយ ដែល​ព្រះ​ចែក​សេចក្ដី​វេទនា ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ?

18 គឺ​ជា​ច្រើន​ដង គេ​ដូច​ជា​ចំបើង​បណ្តោយ​ខ្យល់ ហើយ​ដូច​ជា​អង្កាម​ដែល​ខ្យល់​ព្យុះ​ផាត់​យក​ទៅ

19 អ្នក​ថា ព្រះ​បាន​ប្រមូល​ទុក​អំពើ​ទុច្ចរិត របស់​មនុស្ស​សម្រាប់​កូន​ចៅ​របស់​គេ តែ​សូមព្រះ​ដាក់​ទោស​ដល់ពួក​គេ​នោះ​វិញ ដើម្បី​ឲ្យ​គេ​ដឹង​ខ្លួន។

20 ត្រូវ​ឲ្យ​ភ្នែក​របស់​អ្នក​នោះ ឃើញ​សេចក្ដី​វិនាស​របស់​ខ្លួន ព្រម​ទាំង​ផឹក​ស្រូប​សេចក្ដី​ក្រោធរបស់​ព្រះ ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ផង។

21 តើ​គេ​ខ្វល់អ្វី​ដល់​ពួក​វង្ស​របស់​ខ្លួន ដែល​នៅ​ជំនាន់​ក្រោយ បើ​កាល​ណា​ចំនួន​ខែ​នៃ​ជីវិត​គេ បាន​ផុត​ទៅ​ហើយនោះ?

22 តើ​មាន​អ្នក​ណា​បង្រៀន​ចំណេះ​ដល់​ព្រះ​បាន ឃើញ​ហើយ​ថា គឺ​ព្រះ‌អង្គ​ហើយ ដែល​ជំនុំ‌ជម្រះ​ទាំង​ពួក​អ្នក​ធំៗ​ផង។

23 អ្នក​ខ្លះ​រស់​នៅ​យ៉ាង​ស្រណុក មាន​សេចក្ដី​សុខ ក៏​ស្លាប់​បាត់​ទៅ ក្នុង​កាល​ដែល​នៅ​មាន​កម្លាំង​ពេញ​ប្រាណ

24 គឺ​ក្នុង​កាល​ដែល​សាច់​គេ​នៅ​ស្រស់​ល្អ ហើយ​ខួរ​ឆ្អឹង​ក៏​នៅ​សើមៗ​នៅ​ឡើយ។

25 អ្នក​ខ្លះ​ទៀត​ស្លាប់​ទៅ​ទាំង​មាន​ចិត្ត​ជូរ​ល្វីង មិន​ដែល​ស្គាល់​ជាតិ​នៃ​សេចក្ដី​ល្អ​ឡើយ។

26 ពួក​គេ​ដេក​ទៅ​ក្នុង​ធូលី​ដី ហើយ​ក៏​មាន​ដង្កូវចោះ​ខ្មោច​គេ​ដូច​គ្នា។

27 នែ៎ ខ្ញុំ​ស្គាល់​គំនិត​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​យល់អ្វី​ដែល​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ​ដែរ។

28 ដ្បិត​អ្នក​រាល់​គ្នា​ថា "តើ​ផ្ទះ​របស់​សេដ្ឋី​នៅ​ឯ​ណា​ឥឡូវ? តើ​ទី​លំនៅ​របស់​មនុស្ស​អាក្រក់​នៅ​ឯ​ណា?"

29 តើ​អ្នក​រាល់​គ្នា​មិន​បាន​សួរ ពួក​អ្នក​ដំណើរ​ដូច្នេះ​ទេ​ឬ? តើ​មិន​បាន​ស្គាល់​គោល​គំនិត​របស់​គេ​ដែរ​ទេ​ឬ?

30 គឺ​ថា មនុស្ស​អាក្រក់ ត្រូវ​បម្រុង​ទុក​ដល់​ថ្ងៃ​អន្តរាយ គេ​ត្រូវ​នាំ​ចេញ​ទៅ​ឯ​ថ្ងៃ​នៃ​សេចក្ដី​ឃោរ‌ឃៅ។

31 តើ​អ្នក​ណា​នឹង​ប្រាប់​ផ្ទាល់​រូប​គេ​ពី​ផ្លូវ​របស់​គេ តើ​អ្នក​ណា​នឹង​សង​គេ តាម​ការ​ដែល​គេ​បាន​ប្រព្រឹត្ត?

32 ប៉ុន្តែ នឹង​ត្រូវ​សែង​គេ​នាំ​យក​ទៅ​ឯ​ទី​បញ្ចុះ​សព ហើយ​នឹង​មាន​មនុស្ស​ចាំ​យាម​ផ្នូរ​ដែរ។

33 គំនរ​ដុំ​ដី​នៅ​ច្រក​ភ្នំ​នឹង​បាន​ស្រួល​ដល់​គេ ហើយ​មនុស្ស​ទាំង​អស់​នឹង​ទៅ​តាម​គេ ដូច​ជា​មាន​មនុស្ស​ឥត​គណនា បាន​ទៅ​មុខ​គេ​ដែរ

34 តើ​អ្នក​រាល់​គ្នា​យក​សេចក្ដី​ឥត​ប្រយោជន៍ មក​កម្សាន្ត​ចិត្ត​ខ្ញុំ​ធ្វើ​អី? ចម្លើយ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​កុហក»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម