Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សុភា‌សិត 11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ជញ្ជីង​មិន​ត្រឹម​ត្រូវ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​កូន​ជញ្ជីង​គ្រប់​ទម្ងន់ ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ។

2 កាល​ណា​កើត​មាន​សេចក្ដី​អំនួត នោះ​ក៏​កើត​មាន​សេចក្ដី​ខ្មាស​ដែរ តែ​ប្រាជ្ញា តែង​នៅ​នឹង​មនុស្ស​សុភាព។

3 សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់ នឹង​នាំ​ផ្លូវ​របស់​គេ តែ​សេចក្ដី​វៀច​របស់​មនុស្ស​ប្រទូស្ត នឹង​នាំ​ឲ្យ​វិនាស​វិញ។

4 ឯ​ទ្រព្យ​សម្បត្តិ គ្មាន​ប្រ‌យោជន៍​ក្នុង​ថ្ងៃ​ពិរោធ​ឡើយ តែ​សេចក្ដី​សុចរិតនឹង​ជួយ​ឲ្យ​រួច​ពី​ស្លាប់​វិញ។

5 សេចក្ដី​សុចរិត​របស់​មនុស្ស​គ្រប់​លក្ខណ៍ នឹង​តម្រង់​ផ្លូវ​ខ្លួន តែ​មនុស្ស​អាក្រក់​នឹង​ដួល ដោយ‌សារ​អំពើ​អាក្រក់​របស់​ខ្លួន​វិញ។

6 ឯ​សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់ នឹង​ជួយ​ឲ្យ​ខ្លួន​រួច តែ​មនុស្ស​ប្រទូស្ត​នឹង​ត្រូវ​ជាប់ ក្នុង​ការ​ទុច្ចរិត​របស់​ខ្លួន​វិញ។

7 កាល​ណា​មនុស្ស​អាក្រក់​ស្លាប់​ទៅ នោះ​សេចក្ដី​សង្ឃឹម​របស់​គេ​ក៏​សូន្យ​ទៅ​ដែរ ហើយ​សេចក្ដី​ទុក​ចិត្ត​របស់​មនុស្ស​ទុច្ចរិត នឹង​ត្រូវ​វិនាស​ទៅ​ផង។

8 មនុស្ស​សុចរិត​រមែង​រួច​ពី​សេចក្ដី​លំបាក ឯ​មនុស្ស​អាក្រក់​ទទួល​រង​ជំនួស​វិញ។

9 មនុស្ស​ទមិឡ​ល្មើស​តែង​បំផ្លាញ​អ្នក​ជិត​ខាង ដោយ‌សារ​មាត់​ខ្លួន តែ​តម្រិះ​របស់​មនុស្ស​សុចរិត នឹង​ដោះ​ឲ្យ​ខ្លួន​រួច​វិញ។

10 គ្រា​ដែល​មនុស្ស​សុចរិត​មាន​សេចក្ដី​សុខ​ស្រួល នោះ​ទី​ក្រុង​ក៏​រីក‌រាយ​សាទរ ហើយ​កាល​ណា​មនុស្ស​អាក្រក់​វិនាស​ទៅ នោះ​ឮ​សំឡេង​ហ៊ោ​សប្បាយ។

11 ទី​ក្រុង​បាន​ថ្កុំ‌ថ្កើង​ឡើង​ដោយ‌សារ​ពរ របស់​មនុស្ស​ទៀង​ត្រង់ តែ​ដោយ‌សារ​មាត់​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​រំលំ​វិញ។

12 អ្នក​ណា​ដែល​មើល​ងាយ ចំពោះ​អ្នក​ជិត​ខាង​ខ្លួន នោះ​ឥត​មាន​ប្រាជ្ញា​ទេ តែ​អ្នក​ណា​មាន​យោបល់ រមែង​នៅ​ស្ងៀម​វិញ។

13 អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​បក​កេរ​គេ នោះ​ឈ្មោះ​ថា​បើក​ការ​អាថ៌‌កំបាំង តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ នោះ​តែង​គ្រប​បាំង​រឿង‌រ៉ាវ​វិញ។

14 ទី​ណាគ្មាន​អ្នក​ប្រាជ្ញា​នាំ​មុខ ប្រជាជន រមែង​ដួល​ចុះ តែ​បើ​មាន​អ្នក​ប្រឹក្សា​ច្រើន នោះ​មាន​សេចក្ដី​សុខ​វិញ។

15 អ្នក​ណា​ដែល​ធានា​ឲ្យ​អ្នក​ដទៃ នោះ​នឹង​ត្រូវ​ពិបាក​ណាស់ តែ​អ្នក​ណា​ដែល​មិន​ចូល​ចិត្ត​នឹង​ការ​ធានា នោះ​នឹង​បាន​សុខ​វិញ។

16 ស្ត្រី​ណា​ដែល​មាន​អធ្យា‌ស្រ័យ​ល្អ តែង​រក​បាន​កិត្តិ‌យស [រីឯ​ស្ត្រី​ណា​ដែល​ស្អប់​អំពើ​ល្អ នឹង​ត្រូវ​អាប់​មុខ។ បុរស​កំសាក​នឹង​ទៅ​ជា​ក្រតោក​យ៉ាក ] តែ​ឯ​បុរស​ស្វាហាប់​តែង​រក​បាន​ទ្រព្យ​សម្បត្តិ។

17 មនុស្ស​ដែល​មាន​ចិត្ត​មេត្តា នោះ​តែង​ធ្វើ​ល្អ​ដល់​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​សាហាវ នោះ​ធ្វើ​ទុក្ខ​ដល់​សាច់​ឈាម​ខ្លួន​វិញ។

18 មនុស្ស​អាក្រក់​បាន​កម្រៃ​ដែល​តែង​តែ​លលួង តែ​អ្នក​ណា​ដែល​ផ្សាយ​សេចក្ដី​សុចរិត នោះ​បាន​រង្វាន់​យ៉ាង​ជាប់​លាប់។

19 ចំណែក​សេចក្ដី​សុចរិត តែង​នាំ​ឲ្យ​បាន​ជីវិត តែ​អ្នក​ណា​ដែល​ដេញ​តាម​អំពើ​អាក្រក់ នោះ​រមែង​ធ្វើ​ឲ្យ​ខ្លួន​ស្លាប់​វិញ។

20 អ្នក​ណា​ដែល​មាន​ចិត្ត​វៀច នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​អ្នក​ណា ដែល​ប្រព្រឹត្ត​គ្រប់​លក្ខណ៍​ក្នុង​ផ្លូវ​ខ្លួន។

21 ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​មនុស្ស​អាក្រក់ នឹង​មិន​រួច​ពី​ទោស​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត នឹង​មាន​ជំនួយ​ជួយ​ឲ្យ​រួច។

22 ស្ត្រី​មាន​រូប​ស្រស់​ល្អ ដែល​ឥត​មាន​គំនិត​មារយាទ ប្រៀប​ដូច​ជា​ក្រវិល​មាស ដែល​ពាក់​នៅ​ច្រមុះ​ជ្រូក។

23 សេចក្ដី​ប៉ង​ប្រាថ្នា​របស់​មនុស្ស​សុចរិត នោះ​សុទ្ធ​តែ​ល្អ តែ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​ខាង​សេចក្ដី​ក្រេវ‌ក្រោធ​វិញ។

24 មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះ​តែ​ចម្រើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួង‌ហែង​ហួស​ខ្នាត តែ​គេ​ចេះ​តែ​ខ្វះ​ខាត​វិញ។

25 មនុស្ស​ដែល​មាន​ចិត្ត​សទ្ធានឹង​បាន​បរិបូរ ហើយ​អ្នក​ណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ។

26 ឯ​អ្នក​ណា​ដែល​បង្ខាំង​ទុក​អង្ករ បណ្ដា‌ជន​នឹង​ប្រទេច​ផ្ដាសា​អ្នក​នោះ តែ​នឹង​មាន​ពរ​ស្ថិត​នៅ​លើ​ក្បាល នៃ​អ្នក​ណា​ដែល​លក់​ឲ្យ​វិញ។

27 អ្នក​ណា​ដែល​ព្យាយាម​ស្វែង​រក​សេចក្ដី​ល្អ នោះ​រមែង​បាន​គេ​រាប់​អាន​ដល់​ខ្លួន​ដែរ តែ​អ្នក​ណា​ដែល​ស្វែង​រក​តាម​អាក្រក់ ការ​អាក្រក់​នឹង​កើត​ដល់​អ្នក​នោះ​ឯង។

28 អ្នក​ណា​ដែល​ទី​ពឹង​លើ​ទ្រព្យ​សម្បត្តិ​ខ្លួន នឹង​ត្រូវ​ដួល​ចុះ តែ​មនុស្ស​សុចរិត​នឹង​រីក​ចម្រើន ដូច​ជា​ស្លឹក​ឈើ​ខៀវ​ខ្ចី។

29 អ្នក​ណា​ដែល​នាំ​ឲ្យ​កើត​វឹក‌វរ​ក្នុង​ផ្ទះ​ខ្លួន នោះ​នឹង​គ្រង​បាន​ខ្យល់​ជា​មត៌ក ហើយ​មនុស្ស​ល្ងី‌ល្ងើ​នឹង​ធ្វើ​ជា​បាវ​បម្រើ ដល់​មនុស្ស​មាន​ប្រាជ្ញា។

30 ផល​របស់​មនុស្ស​សុចរិត​ជា​ដើម​ឈើ​នៃ​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​ប្រាជ្ញា រមែង​ចាប់​បាន​ព្រលឹង​មនុស្ស។

31 ប្រសិន​បើ​មនុស្ស​សុចរិត បាន​ទទួល​រង្វាន់​នៅ​ផែនដី ចំណង់បើ​មនុស្ស​អាក្រក់ និង​មនុស្ស​មាន​បាប តើ​នឹង​ទទួល​សំណង លើស​ជាង​អម្បាល‌ម៉ាន​ទៅ!

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម