Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


លោក​យ៉ូប​ដាក់​បណ្ដាសា​ថ្ងៃ​កំណើត​របស់​ខ្លួន

1 បន្ទាប់​មក លោក​យ៉ូប​ក៏​បើក​មាត់​ពោល​ពាក្យ ប្រទេច​ផ្ដាសា​ថ្ងៃ​កំណើត​របស់​ខ្លួន ។

2 លោក​ពោល​ពាក្យ​ថា៖

3 «សូម​ឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​កើត​មក​ត្រូវ​វិនាស​ទៅ គឺ​ជា​យប់​ដែល​គេ​ប្រកាស​ថា មាន​កូន​មក​ចាប់​ទំ​ផ្ទៃ​នោះ

4 សូម​ឲ្យ​ថ្ងៃ​នោះ​បាន​សូន្យ​ទៅ សូម​កុំ​ឲ្យ​ព្រះ​នឹក​រក​ពី​ស្ថាន​លើ​ឡើយ ក៏​កុំ​ឲ្យ​មាន​ពន្លឺ​ចាំង​មក​បំភ្លឺ​ឲ្យ​សោះ។

5 សូម​ឲ្យ​សេចក្ដី​ងងឹត និង​ម្លប់​នៃ​សេចក្ដី​ស្លាប់ មក​ទទួល​ធ្វើ​ជា​ម្ចាស់ សូម​ឲ្យ​មាន​ពពក​នៅ​ជាប់​ពី​លើ ហើយ​សូម​ឲ្យ​សូរ្យ‌គ្រាស​មក​បំភ័យ​ផង។

6 រីឯ​យប់​នោះ សូម​ឲ្យ​សេចក្ដី​ងងឹត​សូន្យ‌សុង​ចាប់​ទុក កុំ​ឲ្យ​យប់​នោះ​មាន​កន្លែង នៅ​ជា‌មួយ​ថ្ងៃ​ឯ​ទៀត​ក្នុង​ឆ្នាំ​ឡើយ ក៏​កុំ​ឲ្យ​រាប់​ក្នុង​ខែ​នោះ​ដែរ។

7 សូម​ឲ្យ​យប់​នោះ​បាន​ទៅ​ជា​អសារ​ឥត​ការ ឥត​មាន​ឮ​សូរសៀង​អរ​សប្បាយ​ឡើយ

8 សូម​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​ពេល​ថ្ងៃ បាន​ដាក់​បណ្ដាសា​ដល់​យប់​នោះ ព្រម​ទាំង​ពួក​អ្នក​ដែល​ប្រុង នឹង​ដាស់​ក្រពើ​ឡើង​ផង។

9 សូម​ឲ្យ​អស់​ទាំង​ផ្កាយ ដែល​ភ្លឺ​នៅ​ពេល​ព្រលប់​ក្នុង​យប់​នោះ បាន​ងងឹត ដោយ​រក​ពន្លឺ​មិន​ឃើញ​ឡើយ ក៏​កុំ​ឲ្យ​បាន​ឃើញ​បើក​ពន្លឺ នៅ​ពេល​បច្ចូស‌កាល​ដែរ

10 ព្រោះ​មិន​បាន​បិទ​ទ្វារ​ផ្ទៃ​ម្តាយ​ខ្ញុំ​ទេ ក៏​មិន​បាន​បិទ​បាំង​សេចក្ដី​វេទនា​ពី​ភ្នែក​ខ្ញុំ​ដែរ។

11 ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ស្លាប់ ចាប់​តាំង​ពី​ក្នុង​ផ្ទៃ ហើយ​ប្រគល់​វិញ្ញាណ​ទៅ​វិញ ក្នុង​កាល​ដែល​ម្តាយ​ខ្ញុំ​បាន​សម្រាល​មក​នោះ?

12 ម្តេច​ក៏​មាន​ភ្លៅ​ទទួល​ទ្រ​ខ្ញុំ និង​ដោះ​ឲ្យ​ខ្ញុំ​បៅ?

13 កុំ​តែ​មាន​ដូច្នោះ នោះ​ខ្ញុំ​បាន​ដេក​ទៅ​ដោយ​សុខ​ស្រួល ខ្ញុំ​នឹង​បាន​ដេក​លក់​ទៅ ដោយ​មាន​សេចក្ដី​សុខ​ហើយ

14 នៅ​ជា‌មួយ​ពួក​ស្តេច និង​ពួក​អ្នក​ប្រាជ្ញ​នៃ​លោកីយ ជា​ពួក​អ្នក​ដែល​បាន​សង់​ទី​សម្ងាត់​សម្រាប់​ខ្លួន

15 ឬ​នៅ​ជា‌មួយ​ពួក​អ្នក​ជា​ប្រធាន ដែល​មាន​មាស ហើយ​បាន​បំពេញ​ផ្ទះ​គេ​ដោយ​ប្រាក់

16 ឬ​ប្រសិន‌បើ​គ្មាន​ខ្ញុំ​សោះ ដូច​ជា​កូន​រំលូត​លាក់​កំបាំង គឺ​ជា​កូន​ដែល​មិន​បាន​ឃើញ​ពន្លឺ​ឡើយ។

17 នៅ​ទី​នោះ​ពួក​អាក្រក់​លែង​ធ្វើ​ទុក្ខ នៅ​កន្លែង​នោះ ពួក​នឿយ​ហត់​មាន​សេចក្ដី​ស្រាក‌ស្រាន្ត។

18 នៅ​ទី​នោះ ពួក​អ្នក​ទោស មាន​សេចក្ដី​សម្រាក​ព្រម​គ្នា គេ​មិន​ឮ​សូរ​កំហែង នៃ​អ្នក​នាយ​តម្រួត​ទៀត​ទេ។

19 មាន​ទាំង​អ្នក​តូច​អ្នក​ធំ​នៅ​ទី​នោះ ហើយ​ទាសករ​ក៏​បាន​រួច​ពី​ចៅ‌ហ្វាយ​ខ្លួន​ដែរ។

20 ហេតុ​អ្វី​បាន​ជា​ឲ្យ​មាន​ពន្លឺ​ភ្លឺ ដល់​មនុស្ស​រង​វេទនា ព្រម​ទាំង​ឲ្យ​ជីវិតដល់​អ្នក ដែល​មាន​សេចក្ដី​ជូរ​ចត់​ក្នុង​ចិត្ត​ដូច្នេះ?

21 គេ​ទន្ទឹង​ចាំ​តែ​ស្លាប់ តែ​សេចក្ដី​ស្លាប់​មិន​មក​ដល់​សោះ ទោះ​បើ​គេ​សង្វាត​ជីក​រក លើស​ជាង​រក​កំណប់​ក៏​ដោយ

22 គេ​មាន​សេចក្ដី​រីក‌រាយ​ក្រៃ‌លែង ហើយ​ក៏​អរ​សប្បាយ នៅ​ពេល​គេ​ប្រទះ​នឹង​ផ្នូរ។

23 ហេតុ​អ្វី​បាន​ជា​ឲ្យ​ពន្លឺ​ភ្លឺ​ដល់​មនុស្ស ដែល​រក​ផ្លូវ​ចេញ​ពុំ​រួច ជា​អ្នក​ដែល​ព្រះ​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ?

24 ព្រោះ​តម្អូញ​របស់​ខ្ញុំ ចូល​មក​ជំនួស​អាហារ ហើយ​សំឡេង​ថ្ងូរ​របស់​ខ្ញុំ​ក៏​ហូរចូល​មក​ដូច​ទឹក

25 ដ្បិត​សេចក្ដី​ដែល​ខ្ញុំ​ខ្លាច នោះ​បាន​កើត​ដល់​ខ្ញុំ សេចក្ដី​ដែល​នាំ​ឲ្យ​ខ្ញុំ​ភ័យ នោះ​ក៏​មក​ដល់​ខ្ញុំ​ហើយ។

26 ខ្ញុំ​គ្មាន​សេចក្ដី​សុខ គ្មាន​សេចក្ដី​ក្សេម‌ក្សាន្ត ក៏​គ្មាន​សេចក្ដី​សម្រាក​ឡើយ គឺ​មាន​តែ​ទុក្ខ​ព្រួយ​ប៉ុណ្ណោះ»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម