៙ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំផង សូមប្រមូលយើងខ្ញុំពីកណ្ដាល ជាតិសាសន៍ដទៃមកវិញ ដើម្បីឲ្យយើងខ្ញុំបានអរព្រះគុណ ដល់ព្រះនាមដ៏បរិសុទ្ធរបស់ព្រះអង្គ ហើយបានខ្ពស់មុខ ដោយសរសើរតម្កើងព្រះអង្គ។
យេរេមា 32:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! យើងនឹងប្រមូលគេចេញពីអស់ទាំងស្រុក ដែលយើងបានបណ្តេញគេទៅនោះ ដោយកំហឹង សេចក្ដីឃោរឃៅ និងសេចក្ដីគ្នាន់ក្នាញ់ជាខ្លាំងរបស់យើង ក៏នឹងនាំគេមកទីនេះវិញ ព្រមទាំងឲ្យគេនៅដោយសុខសាន្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាដែលយើងខឹងសម្បារ យើងបានកម្ចាត់កម្ចាយប្រជាជននេះឲ្យទៅនៅគ្រប់ប្រទេស តែយើងនឹងប្រមូលពួកគេ ហើយនាំពួកគេវិលមកកន្លែងនេះវិញ ឲ្យរស់នៅយ៉ាងសុខសាន្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល អញនឹងប្រមូលគេចេញពីអស់ទាំងស្រុក ដែលអញបានបណ្តេញគេទៅនោះ ដោយសេចក្ដីកំហឹង សេចក្ដីឃោរឃៅ ហើយនឹងសេចក្ដីគ្នាន់ក្នាញ់ដ៏ជាខ្លាំងរបស់អញ ក៏នឹងនាំគេមកឯទីនេះវិញ ព្រមទាំងឲ្យគេនៅដោយសុខសាន្ត អាល់គីតាប នៅគ្រាដែលយើងខឹងសម្បារ យើងបានកំចាត់កំចាយប្រជាជននេះឲ្យទៅនៅគ្រប់ប្រទេស តែយើងនឹងប្រមូលពួកគេ ហើយនាំពួកគេវិលមកកន្លែងនេះវិញ ឲ្យរស់នៅយ៉ាងសុខសាន្ត។ |
៙ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំផង សូមប្រមូលយើងខ្ញុំពីកណ្ដាល ជាតិសាសន៍ដទៃមកវិញ ដើម្បីឲ្យយើងខ្ញុំបានអរព្រះគុណ ដល់ព្រះនាមដ៏បរិសុទ្ធរបស់ព្រះអង្គ ហើយបានខ្ពស់មុខ ដោយសរសើរតម្កើងព្រះអង្គ។
ព្រះយេហូវ៉ាមានព្រះបន្ទូលទាស់នឹងអស់អ្នកជិតខាងដ៏អាក្រក់របស់ខ្ញុំថា៖ ពួកអ្នកដែលប៉ះពាល់មត៌កដែលយើងបានចែកឲ្យពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង នោះមើល៍ យើងនឹងដករំលើងគេចេញពីស្រុកទៅ ហើយនឹងដករំលើងពួកវង្សយូដាចេញពីកណ្ដាលគេដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍! នឹងមានគ្រាមកដល់ដែលគេលែងស្បថថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ជាព្រះដែលបាននាំពួកកូនចៅអ៊ីស្រាអែលឡើងរួចពីស្រុកអេស៊ីព្ទមក
គេនឹងស្បថយ៉ាងនេះវិញថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ដែលព្រះអង្គបាននាំពួកកូនចៅអ៊ីស្រាអែល ចេញពីស្រុកខាងជើងមក ហើយពីអស់ទាំងប្រទេស ដែលព្រះអង្គបានបណ្តេញគេនោះផង យើងនឹងនាំគេឲ្យវិលមកក្នុងស្រុករបស់គេ ជាស្រុកដែលយើងបានឲ្យដល់បុព្វបុរសគេ។
ហើយខ្លួនយើងក៏ច្បាំងតនឹងអ្នករាល់គ្នា ដោយដៃលូកចេញ និងដើមដៃខ្លាំងពូកែ គឺដោយកំហឹង សេចក្ដីក្រោធ និងសេចក្ដីគ្នាន់ក្នាញ់ជាខ្លាំង។
បន្ទាប់មក យើងនឹងប្រមូលសំណល់នៃហ្វូងរបស់យើង ចេញពីគ្រប់ស្រុក ដែលយើងបានបណ្តេញគេទៅនោះ ហើយនាំវិលត្រឡប់មកក្រោលគេវិញ នោះគេនឹងបង្កើតផល ហើយចម្រើនឡើង។
នៅគ្រារបស់ស្ដេចនោះ ពួកយូដានឹងបានសង្គ្រោះ ហើយពួកអ៊ីស្រាអែលនឹងនៅដោយសន្តិសុខ ឯព្រះនាមដែលគេនឹងហៅទ្រង់ នោះគឺ "ព្រះយេហូវ៉ាដ៏ជាសេចក្ដីសុចរិតនៃយើងរាល់គ្នា"។
គឺគេនឹងថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ដែលព្រះអង្គបាននាំពូជពង្សនៃអ៊ីស្រាអែល ហើយនាំគេចេញពីស្រុកខាងជើង និងពីគ្រប់ទាំងស្រុកដែលព្រះអង្គបានបណ្តេញគេនោះវិញ។ ពេលនោះ គេនឹងនៅក្នុងស្រុករបស់ខ្លួន។
ដ្បិតយើងនឹងតាមមើលគេ ឲ្យបានសេចក្ដីល្អ ហើយនឹងនាំគេមកក្នុងស្រុកនេះវិញ យើងនឹងស្អាងគេឡើង មិនរុះវិញឡើយ ក៏ដាំគេចុះ ឥតរំលើងចេញដែរ។
យើងនឹងឲ្យអ្នករាល់គ្នារកយើងឃើញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា យើងនឹងដោះអ្នករាល់គ្នាឲ្យរួចពីសណ្ឋានជាឈ្លើយ ហើយប្រមូលអ្នកពីគ្រប់សាសន៍ និងពីគ្រប់កន្លែងដែលយើងបានបណ្តេញអ្នក នាំវិលត្រឡប់មកកន្លែងដែលយើងបានឲ្យគេចាប់ទៅជាឈ្លើយនោះវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងនាំពួកឈ្លើយ ដែលចាប់ពីត្រសាលរបស់យ៉ាកុបឲ្យត្រឡប់មកវិញ យើងនឹងមានសេចក្ដីអាសូរដល់ទីលំនៅរបស់គេ ហើយទីក្រុងនឹងបានសង់ឡើងវិញនៅលើគំនរចាស់ ហើយដំណាក់នឹងមាននៅដូចពីដើម។
ឱសាសន៍ដទៃទាំងប៉ុន្មានអើយ ចូរអ្នករាល់គ្នាស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ហើយថ្លែងប្រាប់ដល់ពួកកោះដែលនៅឆ្ងាយថា៖ ព្រះដែលបានកម្ចាត់កម្ចាយសាសន៍អ៊ីស្រាអែល ព្រះអង្គនឹងប្រមូលគេមកវិញ ហើយនឹងរក្សាគេ ដូចជាគង្វាលឃ្វាលហ្វូងចៀមរបស់ខ្លួន។
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ នឹងមានគេទិញទាំងផ្ទះ និងចម្ការ ហើយនឹងដំណាំទំពាំងបាយជូរនៅក្នុងស្រុកនេះទៀត។
នៅគ្រានោះ ពួកយូដានឹងបានសង្គ្រោះ ហើយក្រុងយេរូសាឡិមនឹងនៅដោយសុខសាន្ត លំពង់នោះ គេនឹងហៅថា «ព្រះយេហូវ៉ាដ៏ជាសេចក្ដីសុចរិតនៃយើងរាល់គ្នា»
យើងនឹងធ្វើឲ្យពួកយូដា និងពួកអ៊ីស្រាអែល ដែលជាឈ្លើយវិលមកវិញ ហើយនឹងសង់គេឡើងដូចកាលដើម
ហេតុនោះ ចូរប្រាប់ថា "ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងនឹងប្រមូលអ្នករាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនឹងប្រជុំអ្នកពីគ្រប់ទាំងប្រទេស ដែលអ្នកត្រូវខ្ចាត់ខ្ចាយទៅនោះ ឲ្យមូលគ្នាវិញ រួចយើងនឹងប្រគល់ស្រុកអ៊ីស្រាអែលឲ្យដល់អ្នករាល់គ្នា"។
យើងនឹងនាំអ្នករាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនឹងប្រមូលអ្នករាល់គ្នាមកពីស្រុកទាំងប៉ុន្មានដែលអ្នកត្រូវខ្ចាត់ខ្ចាយទៅនោះ ដោយដៃខ្លាំងពូកែ ហើយលើកសម្រេច ព្រមទាំងចាក់សេចក្ដីក្រោធចេញផង។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «កាលណាយើងបានប្រមូលពួកវង្សអ៊ីស្រាអែល មកពីគ្រប់សាសន៍ ដែលគេត្រូវខ្ចាត់ខ្ចាយទៅនោះ ហើយយើងបានញែកជាបរិសុទ្ធនៅក្នុងពួកគេ ចំពោះភ្នែកនៃសាសន៍ដទៃ នោះគេនឹងអាស្រ័យនៅក្នុងស្រុករបស់ខ្លួន ដែលយើងបានឲ្យដល់យ៉ាកុប ជាអ្នកបម្រើយើង។
គេក៏នៅក្នុងស្រុកនោះដោយសុខសាន្ត គេនឹងសង់ផ្ទះ ព្រមទាំងដាំដំណាំទំពាំងបាយជូរ និងអាស្រ័យនៅដោយសុខសាន្តផង ក្នុងកាលដែលយើងសម្រេចសេចក្ដីយុត្តិធម៌ដល់ពួកអ្នកនៅជុំវិញដែលបានប្រព្រឹត្តនឹងគេដោយសេចក្ដីមើលងាយ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេពិត»។
ដ្បិតយើងនឹងយកអ្នករាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយប្រមូលអ្នកពីគ្រប់ស្រុក នាំមកក្នុងស្រុកជារបស់អ្នករាល់គ្នាវិញ។
ពេលនោះ កូនចៅយូដា និងកូនចៅអ៊ីស្រាអែលនឹងមកជួបជុំគ្នា ហើយគេនឹងតាំងឲ្យមានមេដឹកនាំតែមួយគ្រប់គ្រងលើគេ គេនឹងឡើងចេញពីស្រុកនោះ ដ្បិតថ្ងៃរបស់យេសរាល នឹងបានជាថ្ងៃមួយដ៏ធំ។
ក្រោយមក ពួកកូនចៅអ៊ីស្រាអែលនឹងវិលមកវិញ ហើយស្វែងរកព្រះយេហូវ៉ា ជាព្រះរបស់គេ ហើយដាវីឌ ជាស្តេចរបស់គេ។ នៅគ្រាចុងក្រោយ គេនឹងចូលមករកព្រះយេហូវ៉ាទាំងញាប់ញ័រ ហើយមកទទួលសេចក្ដីសប្បុរសរបស់ព្រះអង្គ។
នៅគ្រានោះ យើងនឹងនាំឯងរាល់គ្នាចូលមក នៅគ្រានោះ យើងនឹងប្រមូលផ្ដុំឯងរាល់គ្នា ដ្បិតយើងនឹងធ្វើឲ្យឯងរាល់គ្នាមានកេរ្ដិ៍ឈ្មោះ ហើយឲ្យបានជាទីសរសើរក្នុងចំណោម អស់ទាំងសាសន៍នៅលើផែនដី នៅពេលដែលយើងស្ដារស្ថានភាពរបស់អ្នកឡើងវិញ នៅចំពោះភ្នែកឯងរាល់គ្នា នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។:៚
នៅថ្ងៃនោះ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា ឯងរាល់គ្នានឹងអញ្ជើញអ្នកជិតខាងរបស់អ្នកមក នៅក្រោមដើមទំពាំងបាយជូរ និងក្រោមដើមល្វារៀងខ្លួន»។