សាការី 3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦និមិត្តទីបួន អំពីលោកយេសួរ និងសាតាំង 1 បន្ទាប់មកទៀត ទេវតាបានបង្ហាញឲ្យខ្ញុំឃើញយេសួរ ជាសម្ដេចសង្ឃ ឈរនៅចំពោះទេវតានៃព្រះយេហូវ៉ា មានអារក្សសាតាំង ឈរនៅខាងស្តាំលោក ដើម្បីតវ៉ានឹងលោក។ 2 ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅសាតាំង ថា៖ «ម្នាលសាតាំង ព្រះយេហូវ៉ាបន្ទោសអ្នក ព្រះយេហូវ៉ាដែលបានរើសក្រុងយេរូសាឡិម ស្ដីបន្ទោសដល់អ្នក តើមិនមែនជាកន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើងទេឬ?» 3 រីឯយេសួរកំពុងឈរនៅចំពោះទេវតាទាំងស្លៀកពាក់កខ្វក់ 4 ទេវតាក៏ពោលទៅពួកអ្នកដែលឈរនៅចំពោះមុខថា៖ «ចូរដោះសម្លៀកបំពាក់កខ្វក់ចេញពីលោក» រួចទេវតាពោលទៅលោកថា៖ «មើល៍! ខ្ញុំបានដកអំពើទុច្ចរិតចេញពីអ្នកហើយ ខ្ញុំនឹងបំពាក់សម្លៀកបំពាក់ដ៏រុងរឿងវិញ»។ 5 ពេលនោះ ខ្ញុំក៏ពោលថា៖ «សូមឲ្យគេបំពាក់ក្បាំងស្អាតនៅលើក្បាលលោកផង»។ ដូច្នេះ គេក៏បំពាក់ក្បាំងស្អាតនៅលើក្បាលលោក និងសម្លៀកបំពាក់ មានទាំងទេវតានៃព្រះយេហូវ៉ាឈរនៅទីនោះដែរ។ 6 ទេវតានៃព្រះយេហូវ៉ាធ្វើបន្ទាល់យ៉ាងមុតមាំនឹងយេសួរថា 7 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ «បើអ្នកដើរតាមផ្លូវរបស់យើង ហើយរក្សាបញ្ញើររបស់យើង នោះអ្នកនឹងជាអ្នកគ្រប់គ្រងលើវិហាររបស់យើង ព្រមទាំងរក្សាទីលានរបស់យើង យើងនឹងឲ្យអ្នកបានចូលក្នុងពួកដែលនៅទីនេះដែរ។ 8 ឱយេសួរជាសម្ដេចសង្ឃអើយ ចូរស្តាប់ឥឡូវ ព្រមទាំងពួកអ្នកដែលអង្គុយជាមួយអ្នកផង ព្រោះគេជាពួកអស្ចារ្យ ដ្បិតយើងនឹងឲ្យអ្នកបម្រើរបស់យើង "លំពង់" ចេញមក។ 9 មើល៍! ថ្មដែលយើងបានដាក់នៅមុខយេសួរ ថ្មតែមួយនោះមានភ្នែកប្រាំពីរ យើងនឹងចារឹកលើថ្មនោះ ហើយយើងនឹងដកអំពើទុច្ចរិតចេញពីស្រុកក្នុងមួយថ្ងៃ។ 10 នៅថ្ងៃនោះ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា ឯងរាល់គ្នានឹងអញ្ជើញអ្នកជិតខាងរបស់អ្នកមក នៅក្រោមដើមទំពាំងបាយជូរ និងក្រោមដើមល្វារៀងខ្លួន»។ |
© 2016 United Bible Societies
Bible Society in Cambodia