Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 23:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 បន្ទាប់​មក យើង​នឹង​ប្រមូល​សំណល់​នៃ​ហ្វូង​របស់​យើង ចេញ​ពី​គ្រប់​ស្រុក ដែល​យើង​បាន​បណ្តេញ​គេ​ទៅ​នោះ ហើយ​នាំ​វិល​ត្រឡប់​មក​ក្រោល​គេ​វិញ នោះ​គេ​នឹង​បង្កើត​ផល ហើយ​ចម្រើន​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 «យើង​នឹង​ប្រមូល​កូន​ចៀម​របស់​យើង ដែល​នៅ​សេស‌សល់​ពី​គ្រប់​ស្រុក ដែល​យើង​បាន​កម្ចាត់‌កម្ចាយ​ទៅ នោះ​ឲ្យ​ត្រឡប់​មក​វិញ។ យើង​នឹង​កៀង​ពួក​គេ​ចូល​វាល​ស្មៅ​របស់​ខ្លួន ហើយ​ឲ្យ​ពួក​គេ​បង្កើត​កូន​ចៅ និង​កើន​ចំនួន​ឡើង​ជា​ច្រើន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 រួច​អញ​នឹង​ប្រមូល​សំណល់​នៃ​ហ្វូង​របស់​អញ ចេញ​ពី​គ្រប់​ទាំង​ស្រុក ដែល​អញ​បាន​បណ្តេញ​គេ​ទៅ​នោះ ហើយ​នាំ​វិល​ត្រឡប់​មក​ឯ​ក្រោល​គេ​វិញ នោះ​គេ​នឹង​បង្កើត​ផល ហើយ​ចំរើន​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 «យើង​នឹង​ប្រមូល​កូន​ចៀម​របស់​យើង ដែល​នៅ​សេស‌សល់​ពី​គ្រប់​ស្រុក ដែល​យើង​បាន​កំចាត់‌កំចាយ​ទៅ នោះ​ឲ្យ​ត្រឡប់​មក​វិញ។ យើង​នឹង​កៀង​ពួក​គេ​ចូល​វាល​ស្មៅ​របស់​ខ្លួន ហើយ​ឲ្យ​ពួក​គេ​បង្កើត​កូន​ចៅ និង​កើន​ចំនួន​ឡើង​ជា​ច្រើន

សូមមើលជំពូក ចម្លង




យេរេមា 23:3
28 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង សូម​ប្រមូល​យើង​ខ្ញុំ​ពី​កណ្ដាល ជាតិ​សាសន៍​ដទៃ​មកវិញ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បានអរ​ព្រះគុណ ដល់​ព្រះ‌នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយបាន​ខ្ពស់​មុខ ដោយ​សរសើរ​តម្កើង​ព្រះ‌អង្គ។


គេ​នឹង​ស្បថ​យ៉ាង​នេះ​វិញ​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់ ដែល​ព្រះ‌អង្គ​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចេញ​ពី​ស្រុក​ខាង​ជើង​មក ហើយ​ពី​អស់​ទាំង​ប្រទេស ដែល​ព្រះ‌អង្គ​បាន​បណ្តេញ​គេ​នោះ​ផង យើង​នឹង​នាំ​គេ​ឲ្យ​វិល​មក​ក្នុង​ស្រុក​របស់​គេ ជា​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​គេ។


យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​យើង​ឃើញ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា យើង​នឹង​ដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ ហើយ​ប្រមូល​អ្នក​ពី​គ្រប់​សាសន៍ និង​ពី​គ្រប់​កន្លែង​ដែល​យើង​បាន​បណ្តេញ​អ្នក នាំ​វិល​ត្រឡប់​មក​កន្លែង​ដែល​យើង​បាន​ឲ្យ​គេ​ចាប់​ទៅ​ជា​ឈ្លើយ​នោះ​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ឱ​យ៉ាកុប ជា​អ្នក​បម្រើ​យើង​អើយ កុំ​ខ្លាច​ឡើយ ឱ​អ៊ីស្រា‌អែល​អើយ កុំ​ស្រយុត​ចិត្ត​ដែរ ដ្បិត​យើង​នឹង​ជួយ​សង្គ្រោះ​អ្នក​មក​ពី​ឆ្ងាយ និង​ពូជ‌ពង្ស​អ្នក​មក​ពី​ស្រុក​ដែល​គេ​នៅ​ជា​ឈ្លើយ នោះ​ពួក​យ៉ាកុប​នឹង​វិល​ត្រឡប់​មក​វិញ ហើយ​នៅ​ដោយ​សុខ​សាន្ត និង​ស្ងប់‌ស្ងាត់ ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​នាំ​ប្រជា‌រាស្ត្រ​យើង ជា​ពួក​ឈ្លើយ គឺ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា ត្រឡប់​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា យើង​នឹង​ធ្វើ​ឲ្យ​គេ​វិល​ទៅ​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​គេ ហើយ​គេ​នឹង​បាន​ស្រុក​នោះ​ជា​របស់​ខ្លួន។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ច្រៀង​ដោយ​ចិត្ត​អរ​សប្បាយ ព្រោះ​ពួក​យ៉ាកុប ហើយ​ស្រែក​ឡើង​ដោយ​អំណរ ដោយ​ព្រោះ​មេ​ប្រធាន​នៃ​អស់​ទាំង​សាសន៍ ចូរ​ប្រកាស​ប្រាប់​ចុះ ចូរ​លើក​សរសើរ ដោយ​ពាក្យ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជួយ​សង្គ្រោះ​សំណល់​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង។


មើល៍! យើង​នឹង​នាំ​គេ​មក​ស្រុក​ខាង​ជើង ហើយ​ប្រមូល​គេ​ពី​ចុង​ផែនដី​បំផុត មាន​ទាំង​ពួក​ខ្វាក់ ពួក​ខ្វិន ស្រី​មាន​ទម្ងន់ និង​ស្រី​ដែលហៀប​សម្រាល​កូន​ផង ជា​ក្រុម​មនុស្ស​យ៉ាង​ធំ ដែល​នឹង​វិល​មក​នៅ​ទី​នេះ​វិញ។


មើល៍! យើង​នឹង​ប្រមូល​គេ​ចេញ​ពី​អស់​ទាំង​ស្រុក ដែល​យើង​បាន​បណ្តេញ​គេ​ទៅ​នោះ ដោយ​កំហឹង សេចក្ដី​ឃោរ‌ឃៅ និង​សេចក្ដី​គ្នាន់‌ក្នាញ់​ជា​ខ្លាំង​របស់​យើង ក៏​នឹង​នាំ​គេ​មក​ទី​នេះ​វិញ ព្រម​ទាំង​ឲ្យ​គេ​នៅ​ដោយ​សុខ‌សាន្ត។


ប៉ុន្តែ ឱ​យ៉ាកុប ជា​អ្នក​បម្រើ​របស់​យើង​អើយ កុំ​ខ្លាច​ឲ្យ​សោះ ឱ​អ៊ីស្រា‌អែល​អើយ កុំ​ស្រយុត​ចិត្ត​ឡើយ ដ្បិត​មើល៍ យើង​នឹង​ជួយ​សង្គ្រោះ​អ្នក ឲ្យ​បាន​រួច​ពី​ទី​ឆ្ងាយ ហើយ​ពូជ​អ្នក​ចេញ​ពី​ស្រុក ដែល​គេ​នៅ​ជា​ឈ្លើយ នោះ​ពួក​យ៉ាកុប​នឹង​វិល​មក​វិញ ហើយ​នឹង​នៅ​ដោយ​សុខ​ស្រួល​នឹង​សេចក្ដី​ស្ងប់‌ស្ងាត់ ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ។


យើង​នឹង​នាំ​អ៊ីស្រា‌អែល​វិល​មក​ឯ​ក្រោល​របស់​ខ្លួន​វិញ នោះ​គេ​នឹង​រក​ស៊ី​នៅ​លើ​ភ្នំ​កើមែល ហើយ​នៅ​ស្រុក​បាសាន ឯ​ព្រលឹង​គេ​នឹង​បាន​ស្កប់‌ស្កល់ នៅ​លើ​ភ្នំ​អេប្រាអិម ហើយ​នៅ​ស្រុក​កាឡាត»។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ មាន​ព្រះ‌បន្ទូល​ថា៖ អស់​អ្នក​ណា​ដែល​សល់​អំពី​គ្រួសារ​អាក្រក់​នេះ គឺ​ដែល​នៅ​គ្រប់​ទី​កន្លែង​ដែល​យើង​បណ្តេញ​គេ នោះ​នឹង​ស៊ូ​ស្លាប់​ជា​ជាង​រស់​នៅ។


ហេតុ​នោះ ចូរ​ប្រាប់​ថា "ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រជុំ​អ្នក​ពី​គ្រប់​ទាំង​ប្រទេស ដែល​អ្នក​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​នោះ ឲ្យ​មូល​គ្នា​វិញ រួច​យើង​នឹង​ប្រគល់​ស្រុក​អ៊ីស្រា‌អែល​ឲ្យ​ដល់​អ្នក​រាល់​គ្នា"។


យើង​នឹង​ធ្វើ​ឲ្យ​ទាំង​មនុស្ស និង​សត្វ​បាន​ចម្រើន​ឡើង​នៅ​ក្នុង​អ្នក គេ​នឹង​ចម្រើន​ឡើង ហើយ​សាយ‌គ្រាយ​ចេញ​ទៅ យើង​នឹង​ឲ្យ​មាន​មនុស្ស​អាស្រ័យ​នៅ​ក្នុង​អ្នក​ដូច​ពី​ដើម ហើយ​ប្រព្រឹត្ត​នឹង​អ្នក​ដោយ​ល្អ​ជាង​ជាន់​ដើម​ទៅ​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


ដ្បិត​យើង​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍ ហើយ​ប្រមូល​អ្នក​ពី​គ្រប់​ស្រុក នាំ​មក​ក្នុង​ស្រុក​ជា​របស់​អ្នក​រាល់​គ្នា​វិញ។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា មួយ​ទៀត យើង​នឹង​បើក​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល បាន​សួរ​យើង​ពី​ដំណើរ​នោះ ដើម្បី​ឲ្យ​យើង​បាន​សម្រេច​ការ​នោះ​ដល់​គេ គឺ​យើង​នឹង​ឲ្យ​គេ​ចម្រើន​គ្នា​ជា​ច្រើន​ដូច​ជា​ហ្វូង​ចៀម។


យើង​នឹង​ជួយ​ទំនុក‌បម្រុង​អ្នក​រាល់​គ្នា ឲ្យ​បាន​បង្កើត​កូន​ចម្រើន​ជា​ច្រើន​ឡើង ហើយ​យើង​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​អ្នក​រាល់​គ្នា​ដែរ


ឱ​យ៉ាកុប​អើយ យើង​នឹង​កៀរ​ប្រមូល​ឯង​រាល់​គ្នា​មក​វិញ យើង​នឹង​នាំ​សំណល់​ពួក​អ៊ីស្រា‌អែល​មក​ប្រជុំ​គ្នា យើង​នឹង​ដាក់​គេ​ឲ្យ​នៅ​ជា‌មួយ​គ្នា ដូច​ជា​ហ្វូង​ចៀម​ពី​ស្រុក​បុសរ៉ា គឺ​ដូច​ជា​សត្វ​មួយ​ហ្វូង​នៅ​កណ្ដាល​វាល​ស្មៅ គេ​នឹង​បព្ចោញ​សូរ​អ៊ូអរ​ជា​ខ្លាំង​ដោយ​មាន​គ្នា​ច្រើន។


នៅ​គ្រា​នោះ នឹង​មាន​គេ​មក​ឯ​ឯង​ពី​ស្រុក​អាស‌ស៊ើរ នឹង​ពី​គ្រប់​ទាំង​ទី​ក្រុង​អេស៊ីព្ទ ហើយ​ចាប់​តាំង​ពី​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទន្លេ​ធំ និង​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ភ្នំ​មួយ​ទៅ​ដល់​ភ្នំ​មួយ​ទៀត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម