ឯស្រុកកាណានទាំងអស់ដែលអ្នកស្នាក់នៅ យើងនឹងប្រគល់ឲ្យអ្នក និងពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរអាករអស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះរបស់គេ»។
និក្ខមនំ 29:45 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងស្ថិតនៅកណ្ដាលកូនចៅអ៊ីស្រាអែល ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងស្ថិតនៅជាមួយកូនចៅអ៊ីស្រាអែល យើងនឹងធ្វើជាព្រះរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះអញនឹងនៅកណ្តាលពួកកូនចៅអ៊ីស្រាអែល ហើយនឹងធ្វើជាព្រះឲ្យគេ អាល់គីតាប យើងនឹងស្ថិតនៅជាមួយកូនចៅអ៊ីស្រអែល យើងនឹងធ្វើជាម្ចាស់របស់ពួកគេ។ |
ឯស្រុកកាណានទាំងអស់ដែលអ្នកស្នាក់នៅ យើងនឹងប្រគល់ឲ្យអ្នក និងពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរអាករអស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះរបស់គេ»។
ហើយយើងនឹងស្ថិតនៅកណ្ដាលពួកកូនចៅអ៊ីស្រាអែល ឥតបោះបង់ចោលប្រជារាស្ត្ររបស់យើងឡើយ»។
តើព្រះនឹងគង់នៅជាមួយមនុស្ស នៅលើផែនដីជាប្រាកដឬ? មើល៍ ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ មិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ានទៅទៀត
ព្រះអង្គបានយាងឡើងទៅទីខ្ពស់ ទាំងនាំពួកឈ្លើយទៅជាមួយ ហើយទទួលសួយអាករពីប្រជាជន សូម្បីតែពីក្នុងចំណោមមនុស្សបះបោរ ដើម្បីឲ្យព្រះយេហូវ៉ា ដ៏ជាព្រះបានគង់នៅទីនោះ។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គនឹងនាំគេចូលទៅដាំនៅលើភ្នំ ជាមត៌ករបស់ព្រះអង្គ ជាកន្លែងដែលព្រះអង្គរៀបចំទុក ជាទីលំនៅរបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ គឺជាទីបរិសុទ្ធ ដែលព្រះហស្តព្រះអង្គបានសាង។
យើងនឹងញែកត្រសាលជំនុំ និងអាសនាចេញជាបរិសុទ្ធ ព្រមទាំងញែកអើរ៉ុន និងកូនៗរបស់គាត់ចេញជាបរិសុទ្ធដែរ ដើម្បីឲ្យពួកគេបំពេញមុខងារជាសង្ឃបម្រើយើង។
យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងដឹងថា យើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ដែលនាំអ្នករាល់គ្នាចេញពីបន្ទុករបស់សាសន៍អេស៊ីព្ទ។
ហេតុអ្វីបានជាព្រះអង្គត្រូវដូចជាមនុស្សស្រឡាំងកាំង គឺដូចជាមនុស្សខ្លាំងពូកែ ដែលពុំអាចនឹងជួយសង្គ្រោះបាន? ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គគង់កណ្ដាលយើងខ្ញុំរាល់គ្នា ហើយយើងខ្ញុំក៏បានហៅតាមព្រះនាមព្រះអង្គដែរ សូមកុំលះចោលយើងខ្ញុំឡើយ។
យើងនេះ គឺយេហូវ៉ានឹងធ្វើជាព្រះរបស់វារាល់គ្នា ហើយដាវីឌ ជាអ្នកបម្រើរបស់យើង និងធ្វើជាចៅហ្វាយលើវា គឺយើងនេះ ជាព្រះយេហូវ៉ា យើងបានចេញវាចាហើយ។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ នេះជាទីកន្លែងនៃបល្ល័ង្កយើង ហើយជាទីសម្រាប់បាតជើងយើង គឺជាកន្លែងដែលយើងនឹងនៅកណ្ដាលពួកកូនចៅអ៊ីស្រាអែលជារៀងរហូតតទៅ ហើយពួកវង្សអ៊ីស្រាអែលនឹងមិនដែលបង្អាប់ឈ្មោះបរិសុទ្ធរបស់យើងទៀត ទោះទាំងខ្លួនគេ និងពួកស្តេចគេផង ដោយការកំផិតរបស់គេ ឬដោយសាកសពនៃស្តេចគេដែលបានតម្កល់ទុក
ឥឡូវនេះ ត្រូវឲ្យគេលះចោលការកំផិត និងសាកសពនៃស្តេចគេចេញឆ្ងាយពីយើងទៅ នោះយើងនឹងនៅកណ្ដាលពួកគេជារៀងរហូតតទៅ។
សេចក្ដីដែលព្រះករុណាបង្គាប់នេះ ពិបាកខ្លាំងណាស់ គ្មានអ្នកណាអាចបង្ហាញដំណើរនេះដល់ព្រះករុណាបានទេ លើកលែងតែពួកព្រះប៉ុណ្ណោះ តែពួកព្រះទាំងនោះមិនរស់នៅជាមួយមនុស្សខាងសាច់ឈាមទេ»។
យើងនឹងតាំងទីលំនៅរបស់យើងនៅកណ្ដាលអ្នករាល់គ្នា ឥតដែលមានស្អប់ខ្ពើមដល់អ្នករាល់គ្នាឡើយ។
យើងនឹងដើរនៅកណ្ដាលពួកអ្នក ព្រមទាំងធ្វើជាព្រះដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជារាស្ត្ររបស់យើង។
គឺជាពាក្យដែលយើងតាំងសញ្ញានឹងឯងរាល់គ្នា ក្នុងកាលដែលអ្នកឡើងចេញពីស្រុកអេស៊ីព្ទមក ឯវិញ្ញាណរបស់យើងក៏ស្ថិតនៅជាមួយឯងរាល់គ្នាដែរ កុំខ្លាចអ្វីឡើយ។
ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀង ហើយមានចិត្តអរសប្បាយឡើង ដ្បិត មើល៍! យើងមក ហើយយើងនឹងនៅកណ្ដាលឯងរាល់គ្នា នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា
យើងបានវិលមកក្រុងស៊ីយ៉ូន ហើយអាស្រ័យនៅកណ្ដាលក្រុងយេរូសាឡិម នោះក្រុងយេរូសាឡិមនឹងបានហៅថា ជាទីក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងបានហៅថាជាភ្នំបរិសុទ្ធ»។
អ្នកទាំងនោះលើកគ្នាទាស់នឹងលោកម៉ូសេ ព្រមទាំងអើរ៉ុន ដោយពោលទៅកាន់លោកទាំងពីរថា៖ «ពួកលោកធ្វើជ្រុលពេកហើយ! ក្រុមជំនុំទាំងមូលសុទ្ធតែបរិសុទ្ធ ហើយព្រះយេហូវ៉ាគង់នៅជាមួយពួកគេ ហេតុអ្វីបានជាពួកលោកលើកកម្ពស់ខ្លួនត្រួតលើក្រុមជំនុំរបស់ព្រះយេហូវ៉ាដូច្នេះ?»
មិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នារស់នៅ ហើយដែលយើងក៏ស្ថិតនៅកណ្ដាលនោះដែរ ទៅជាសៅហ្មងឡើយ ដ្បិតយើងជាព្រះយេហូវ៉ាដែលនៅកណ្ដាលកូនចៅអ៊ីស្រាអែល»។
ត្រូវឲ្យគេចេញទៅខាងក្រៅជំរំ ទាំងប្រុស ទាំងស្រី គេមិនត្រូវធ្វើឲ្យជំរំរបស់គេ ជាទីដែលយើងស្នាក់នៅក្នុងចំណោមគេ ទៅជាសៅហ្មងឡើយ»។
គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលលោកីយ៍ទទួលមិនបាន ព្រោះមិនឃើញ ក៏មិនស្គាល់ព្រះអង្គផង តែអ្នករាល់គ្នាស្គាល់ ដ្បិតព្រះអង្គគង់ជាមួយ ហើយសណ្ឋិតនៅក្នុងអ្នករាល់គ្នា។
នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតារបស់ខ្ញុំ អ្នករាល់គ្នានៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នា។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ ព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ ក៏នឹងតាំងទីលំនៅជាមួយអ្នកនោះដែរ។
តើព្រះវិហាររបស់ព្រះ និងរូបព្រះ ត្រូវគ្នាបានឬ? ដ្បិតយើងជាវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចព្រះទ្រង់មានព្រះបន្ទូលថា «យើងនឹងនៅក្នុងគេ ហើយដើរជាមួយគេ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង» ។
ហើយអ្នករាល់គ្នាក៏ត្រូវបានសង់ឡើងក្នុងព្រះអង្គដែរ សម្រាប់ជាដំណាក់របស់ព្រះ ក្នុងព្រះវិញ្ញាណ។
នោះត្រូវនាំយកអស់ទាំងតង្វាយដែលខ្ញុំបង្គាប់ឲ្យអ្នកយកទៅថ្វាយ នៅកន្លែងណាដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គចុះ គឺអស់ទាំងតង្វាយដុត តង្វាយយញ្ញបូជា តង្វាយមួយភាគក្នុងដប់ តង្វាយលើកចុះឡើង និងគ្រប់ទាំងផលជ្រើសរើស ដែលអ្នករាល់គ្នាបានបន់ថ្វាយព្រះយេហូវ៉ា។
មិនត្រូវភ័យខ្លាចពួកគេឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលគង់នៅជាមួយអ្នក ព្រះអង្គជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច។
ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា៖ «មើល៍! រោងឧបោសថរបស់ព្រះស្ថិតនៅជាមួយមនុស្សហើយ ព្រះអង្គនឹងគង់នៅជាមួយគេ គេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គផ្ទាល់គង់នៅជាព្រះដល់គេ។